ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញបញ្ជាឲ្យអាជ្ញាធរខេត្ត ក្រុងរាជធានី ចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់និងម្ចាស់សំណង់ណា ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។
នៅក្នុងលិខិតមួយនៅថ្ងៃអង្គារនេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រាប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥នៅទូទាំងប្រទេសកម្ពុជា ឲ្យចាត់វិធានការផ្លូវច្បាប់បែបនេះដើម្បីធានាដល់ការងារសំណង់ ធានាដល់ការប្រើប្រាស់សំណង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនិងបទដ្ឋានបច្ចេកទេសសំណង់។ ជាងនេះទៅទៀត ចំណាត់ការនេះគឺដើម្បីធានាដល់គុណភាពនិងសុវត្ថិភាពសំណង់ សុខុមាលភាពម្ចាស់សំណង់ និងអ្នកប្រើប្រាស់ រួមទាំងសាធារណជនផងដែរ។
លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា ក្នុងករណីរកឃើញថា ក្រុមហ៊ុនសំណង់ណាមួយដែលធ្វើការសាងសង់ដោយមិនមានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ ក្រុមហ៊ុន និងម្ចាស់សំណង់នឹងត្រូវទទួលទោសតាមច្បាប់។
«យើងបានស្នើឲ្យអភិបាលរាជធានីខេត្តចាត់វិធានការតាមផ្លូវច្បាប់។ វិធានការ បើចំពោះក្រុមហ៊ុនដែលមិនមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់នោះគឺក្រុមហ៊ុននោះគ្មានសិទ្ធិទទួលការសាងសង់ អ៊ីចឹងគឺត្រូវតែបញ្ឈប់»។
បទបញ្ជារបស់ក្រសួងដែនដីធ្វើឡើងក្រោយពីអគារកម្ពស់ប្រាំពីរជាន់ដែលកំពុងសាងសង់បានបាក់រលំកាលពីខែមុន។ ការបាក់រលំអគារដែលវិនិយោគដោយក្រុមហ៊ុនចិននេះបានសម្លាប់កម្មករដែលស្នាក់នៅក្នុងអគារនោះចំនួន២៨នាក់និងរបួស២៦នាក់។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅតែអះអាងថា ការស៊ើបអង្កេតពីមូលហេតុនៃសោកនាដកម្មនេះកំពុងតែបន្តនៅឡើយ។
លោកសេង ឡូត បានប្រាប់ VOA ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ក្នុងពេលនេះដោយយកខេត្តព្រះសីហនុ ជាគោលដៅចាប់ផ្តើម មូលហេតុដោយសារការវិនិយោគលើវិស័យសាងសង់នៅទីនោះកំពុងរីកដុះដាលយ៉ាងគំហុក។
យោងតាមមន្ត្រីនាំពាក្យដដែល រហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រអនុញ្ញាតឲ្យធ្វើអាជីវកម្មគឺមានជាង១ពាន់ក្រុមហ៊ុន។
កាលពីដើមខែកក្កដា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកជា សុផារ៉ា បានបើកកិច្ចប្រជុំស្តីពី «ការងារសិក្សាគម្រោងប្លង់និងសាងសង់» ជាមួយក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងក្រុមជាងសំណង់ផ្សេងៗ។
នៅក្នុងកិច្ចប្រជុំនោះ លោកជា សុផារ៉ា បានស្នើឲ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ស្ថាបត្យករ និងវិស្វករ គោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង ក៏បានចេញលិខិតស្នើឲ្យអភិបាលរាជធានីខេត្តជំរុញ ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសំណង់នៅតាមរាជធានីខេត្ត ដោយសារក្រសួងបានរកឃើញសំណង់មួយចំនួនត្រូវបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតនិងគ្មានបច្ចេកទេសត្រឹមត្រូវផងដែរ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលអគារកម្ពស់ប្រាំពីរជាន់បានបាក់រលំនោះ មិនឆ្លើយតបនឹងសំណួរ VOA ទាក់ទងទៅនឹងការចេញលិខិតរបស់ក្រសួងរៀបចំដែនដីនេះទេ។
លោកបង្វែរសំណួរទៅឲ្យអ្នកនាំពាក្យខេត្ត។ វីអូអេ បានព្យាយាមទាក់ទងអ្នកនាំពាក្យរូបនោះ ប៉ុន្តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕