រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដែលតម្រូវឲ្យម្ចាស់គ្រឹះស្ថានជំនួញ ដែលស្ថិតក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ ផ្តល់ប្រាក់បំណាច់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ។ ការអនុវត្តន៍នេះ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យ។
ប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី២១ ខែកញ្ញា និងមានហត្ថលេខារបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ប្រាក់បំណាច់អតីតភាពការងារ ដូចមានចែងក្នុងមាត្រា៨៩នៃច្បាប់ស្តីពីការងារត្រូវអនុវត្តទៅលើតែកម្មករនិយោជិតមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់តែប៉ុណ្ណោះ។
ក្រសួងការងារបានបញ្ជាក់ពីដំណើរនៃការផ្តល់ប្រាក់បំណាច់ក្នុងប្រកាសរបស់ខ្លួនថា ការផ្តល់ប្រាក់បំណាច់អតីតភាពការងារ២ (ពីរ) ដងក្នុងមួយឆ្នាំ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ ដោយនិយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន១៥ ថ្ងៃ ក្នុង១ (មួយ)ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន ៧,៥ (ប្រាំពីរកន្លះ)ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និងចំនួន៧,៥(ប្រាំពីរកន្លះ) ថ្ងៃនៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។
ប្រកាសដដែលបានសរសេរបន្តថា ចំពោះកម្មករនិយោជិត ដែលចូលធ្វើការនៅក្នុងឆ្នាំដំបូង ហើយដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី១ (មួយ) ខែ ទៅដល់៦ (ប្រាំមួយ)ខែ និយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន ៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ។
ពាក់ព័ន្ធនឹងកម្មករនិយោជិតមានកិច្ចសន្យាមានកំណត់ថិរវេលានោះ ក្រសួងការងារបានតម្រូវឲ្យ«និយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យានោះ ដែលសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់នេះ មានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ៥% (ប្រាំភាគរយ) នៃប្រាក់ឈ្នួល ដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានដែរនៅថ្ងៃច័ន្ទនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការសម្រេចរបស់ក្រសួងការងារ ទៅលើប្រាក់បំណាច់អតីតភាពការងារនេះ បានធ្វើឡើង ក្រោយពីមានការធ្វើវិសោធនកម្មមាត្រា៨៩នៃច្បាប់ការងារ ដោយកែប្រែខ្លឹមសារមួយចំនួនពីការបណ្តេញចេញមកជាការទទួលបានប្រាក់បំណាច់ការងារនេះ។
លោកថ្លែងអំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់បំណាច់អតីតភាពការងារនេះថា៖
«ចំណុចល្អលុយនេះ គឺ ទោះបីយើងមិនត្រូវបានគេបញ្ឈប់ យើងនៅមានអតីតភាពការងារ ជាកិច្ចសន្យាមិនកំណត់ហ្នឹង យើងបើកលុយហ្នឹងបាន តែនៅពេលដែលគេបញ្ឈប់ដោយកំហុសនិយោជក នៅយើងទារបានបួនចំណុចផ្សេងទៀត ដូចជាលុយប្រាក់ខែមិនទាន់បើកតាមមាត្រា១១៦ បំណាច់ឆ្នាំ តាមមាត្រា១៦០ លុយជំងឺចិត្ត តាមមាត្រា៩១ ហើយនិងលុយជូនដំណឹងតាមមាត្រា៧៥ ចឹងមានមាត្រា៨៩ ត្រូវបានគេដោះស្រាយឲ្យហ្នឹង គឺដូរពីបណ្តេញចេញមកអតីតភាពការងារ»។
អ្នកការពារសិទ្ធិកម្មកររូបនេះអះអាងថា ប្រកាសថ្មីនេះ ក៏ផ្តល់ផលអវិជ្ជមានមួយចំនួនផងដែរ ពោលគឺ ការបើកប្រាក់បំណាច់នេះ នឹងមិនរាប់បញ្ចូលប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗមកគណនា ក្នុងករណីដែលកម្មករឈប់មុនកិច្ចសន្យា ឬក៏ត្រូវបានគេបណ្តេញចេញដោយមានកំហុងធ្ងន់ធ្ងរណាមួយនោះ។
ប្រកាសរបស់ក្រសួងការងារស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារ ក៏បានរាប់បញ្ចូល ការបើករំឮកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ របស់កម្មករនិយោជិត ដែលបាននឹងកំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថានផងដែរ។
ការចេញប្រកាសថ្មីរបស់ក្រសួងការងារស្តីពីការបើកប្រាក់បំណាច់អតីតភាពការងាររបស់កម្មករនេះ បានធ្វើឡើង ក្រោយការប្តេជ្ញារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ បានប្រកាសថា បន្តដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករក្នុងវិស័យឯកជន និងមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម បានអះអាងនាពេលឃោសនានោះថា ប្រសិនបើគណបក្សលោក បានទទួលការគាំទ្រឲ្យដឹកនាំប្រទេសបន្ត ហើយលោកនៅតែបន្តជានាយករដ្ឋមន្ត្រីទៀតនោះ លោកនឹងជំរុញឲ្យមានការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនក្នុងរយៈពេលពីរសប្ដាហ៍ម្ដង ហើយការធ្វើបែបនេះ ក៏នឹងត្រូវអនុវត្តក្នុងវិស័យឯកជនផងដែរ៕