មន្រ្តី​ខ្មែរ​ថា ​កម្ពុជា​មិន​អាច​ប្រឈម​ស្ថានការណ៍​ដូច​ការ​តវ៉ា​នៅ​ប្រទេស​ថៃ​ទេ

ក្រុមនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់បដារូបសកម្មជនថៃម្នាក់ដែលបានបាត់ខ្លួន ក្នុងពេលធ្វើបាតុកម្ម នៅសាកលវិទ្យាល័យ Thammasat នៅខេត្ត Pathum Thani ប្រទេសថៃ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​កម្ពុជា​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​ ការ​តវ៉ា​នៅ​ប្រទេស​ថៃ​ដែល​រីកធំ​ជាង​ពេល​ណាៗ​ទាំង​អស់ ​គិត​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​ កាល​ពី​ឆ្នាំ ​២០១៤ ​មក​នោះ​ មិន​អាច​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដែរ។​

ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ដំបូង​នៅ​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម ​តាំង​ពី​ថ្ងៃ​ទី ​១៨ ​ខែ​កក្កដា​ ហើយ​បាន​បន្ត​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ ដោយ​ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​សិស្ស​និង​និស្សិត ​មាន​គោល​បំណង​ទាញ​យក​មក​វិញ​នូវ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ ខណៈ​ប្រទេស​ថៃ​នៅ​ពេល​នេះ​ត្រូវ​រដ្ឋាភិបាល​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ស្ថានភាព​មាន​អាសន្ន​ ក្នុង​ពេល​មានការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ១៩។​

ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ឆ្នាំ​ ២០១៤ ប្រទេស​ថៃ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ​ ចាន់​អូចា​ (Prayuth Chan-ocha) ​ដែល​ជា​ឧត្តម​សេនីយ៍​យោធា​ចូល​និវត្តន៍​មួយ​រូប។​

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​វីអូអេ​ថា ​កម្ពុជា​មិន​ជ្រៀត​ជ្រែក​អធិបតេយ្យ​ភាព​របស់​ប្រទេស​ ក្នុង​ក្របខណ្ឌ​សមាគម​អាស៊ាន​នោះ​ទេ។​

«យើង​នៅ​អាស៊ាន​ យើង​មិន​លូកដៃ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផង​គ្នា​ទេ»។​

រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ​យល់​ថា​ ស្ថាន​ការណ៍​នៅ​ប្រទេស​ថៃ​ស្ថិត​ក្នុង​បរិបទ​ផ្សេង​គ្នា​ពី​កម្ពុជា។​

«ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​គឺ​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​អធិបតេយ្យ​ភាព​និង​គោល​ការណ៍​នីតិរដ្ឋ​បាន​ន័យ​ថា​ យើង​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គេ ​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង​ដែរ។ ​ហើយ​យើង​ប្រកាន់​ភ្ជាប់​នូវ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ​គឺ​បាន​ន័យ​ថា​ ឲ្យ​តែ​អ្នក​ណា​ដែល​បំពាន​ច្បាប់​ ទោះ​បី​ប្រឆាំង​មិន​ប្រឆាំង​ក៏​ដោយ ​គឺ​ឲ្យ​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ បង្កើត​បាន​ទៅ​ជា​បទល្មើស​ អាហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

លោក​ ជិន ម៉ាលីន ​ដែល​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​នោះ ​និយាយ​ថា​ មាន​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំនួន ​ក្នុង​ប្រទេស​កម្ពុជា​តែង​តែ​ចង់​បង្ក​ចលនា​តវ៉ា​ក្នុង​ប្រទេស ​តាម​រយៈ​ការ​ញុះញង់។

«ចំណែក​ឯ​ការ​ញុះញង់​បំផុស​បំផុល​ឲ្យ​អ្នក​នៅ​ខាង​ក្នុង​ធ្វើ​សកម្មភាព​ប្រឆាំង​បះបោរ ​ពី​សំណាក់​ក្រុម​ប្រឆាំង​ និង​អង្គការ​ចាត់​តាំង​ខុសច្បាប់​នៅក្រៅ​ស្រុក​ហ្នឹង ​ប្រហែល​ជា​មិន​មាន​ឥទ្ធិពល​អី​ទេ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន ​គឺ​គេ​បាន​ដឹង​ពី​ល្បិច​កិច្ច​កល់​របស់​ពួកអស់​ហ្នឹង​ហើយ​ ហើយ​គេ​អាច​ទទួល​យក​បាន​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍ ​ដែល​គេ​កំពុង​តែ​មាន​នៅ​ពេល​បច្ចុប្បន្ន»។​

នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ក្រុម​យុវជន​សកម្មជន​និង​សាច់​ញាតិ​នៃ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ចេញ​មក​តវ៉ា​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យដោះ​លែង​អតីត​សកម្មជន​គណបក្ស​ជំទាស់​យ៉ាងតិច ​១៥​ នាក់ ​ដែល​កំពុង​ជាប់​ឃុំ។​ ហើយ​ចុង​ក្រោយ ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មេ​ដឹកនាំ​សហជីព​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​គឺ​លោក ​រ៉ុង ឈុន​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន។​

នៅ​ឯ​ក្រៅ​ប្រទេស​ឯ​ណោះ​ លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ប្រកាស​ជា​ញឹក​ញាប់​ឲ្យ​ពលរដ្ឋ​កម្មករ​និង​យោធា​ក្រោក​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។ ​លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​ និង​ក្រុម​មន្ត្រី​របស់​លោក​ជាច្រើន​ទៀត​ បាន​ចោទ​ថា រដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។​

លោក​ សុខ ឥសាន ​សមាជិក​ព្រឹទ្ធ​សភា​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ​មិន​ជឿ​ថា​ ព្រឹត្ត​ការណ៍​នៅ​ប្រទេស​ថៃ​អាច​ផុស​ឡើង​នៅ​កម្ពុជា​ទេ​ ដោយហេតុ​ថា ​សម្តី​ញុះញង់​របស់​មេ​ដឹកនាំ​បក្ស​ជំទាស់​គឺ​លោក ​សម រង្ស៊ី​ ពី​ក្រៅ​ប្រទេស​លែង​ប្រៃ​ដូច​មុន​ហើយ។​

«វាអត់​ផ្លូវ​ទេ​រឿង​ហ្នុង​នោះ​ ពីព្រោះ​ទណ្ឌិត​ហ្នឹង​បំផុស​ពីក្រៅ​...​មក​ខ្លួន​ឯង​មិន​ហ៊ាន​ចូល​មក។​ បំផុស​ញុះញង់​ដុត​កំហឹង​អ្នក​នៅ​ក្នុង​ស្រុក ​ឲ្យ​ងើប​បះបោរ​ ហើយ​មិន​មែន​ត្រឹម​តែ​ដុត​កំហឹង​ប្រជាជន​ទូទៅ​ទេ​ ដុត​កំហឹង​ទីមួយ​កងទ័ព​ឲ្យ​បែរ​កាណុង​មក​ប្រឆាំង​រាជ​រដ្ឋាភិបាល។​ ទីពីរ​បំផុស​កំហឹង​កម្មករ​និយោជិត​ ដែល​កំពុង​បាត់បង់​ការងារ​មួយ​ចំនួន​ហ្នឹង​ ឲ្យ​ងើប​បះបោរ។​ សួរ​ថា​តាំង​ពី​ហ្នុង​មក​ហើយ​ ជាពិសេស​តាំង​ពី​កើត​កូវីដ​មក​ហើយ​ ដែល​រោងចក្រ​មួយ​ចំនួន​បិទ​ ហើយ​កម្មករ​មួយ​ចំនួន​អត់​ការងារ​ធ្វើ​ហ្នឹង​ តើ​កម្មករ​ងើប​បះបោរ​ប៉ុន្មាន​ហើយ? ​អត់​មាន​ទេ!»​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ក៏​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​លោក​បក​ស្រាយ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​ ៨០ ​ភាគ​រយ​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៨ ដោយ​មិន​ខ្វល់​អំពី​ការ​អំពាវនាវ​របស់​លោក ​សម រង្ស៊ី​ មិន​ឲ្យ​ទៅ​បោះឆ្នោត​នោះ​ទេ។​

ក្រុមនិស្សិតគាំទ្រលទ្ធិប្រជាធិតេយ្យនៅប្រទេសថៃ ធ្វើបាតុកម្មដុតរូបនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha នៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។

នៅ​ប្រទេស​ថៃ​បាតុកម្ម​ដំបូង​បាន​ចាប់​ផ្តើម​ កាល​ពី​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ថៃ​រំលាយ​គណ​បក្ស​អនាគត​ថ្មី​ កាលពី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ​និង​បាន​ហាម​ឃាត់​មិន​ឲ្យ​មេ​ដឹកនាំ​របស់​គណបក្ស​នេះ​ គឺ​លោក​ Thanathorn Juangroongruangki​ ធ្វើ​នយោបាយ​ រយៈ​ពេល​ ១០ ​ឆ្នាំ។​

គណបក្ស​អនាគត​ថ្មី​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លំដាប់​ទី​បី ​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​ឆ្នាំ ​២០១៩​ ដែល​ភាគ​ច្រើន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង។​ ទោះ​ជា​យ៉ាង​ណា​ក្ដី​ បាតុកម្ម​នានា​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​ ក៏ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​បាតុកម្ម​បាន​បន្ត​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តវ៉ា​ជាច្រើន​នាក់ ដែល​មិន​ធ្លាប់​ចូល​រួម​ការ​ប្រមូល​ផ្តុំ​តវ៉ា​ខាង​នយោបាយ។​

បើ​តាម​កាសែត​ The New York Times​ របស់​សហ​រដ្ឋ​អាមេរិក​ ​មាន​បាតុករ​ចំនួន​ប្រមាណ​ ១​ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​ជា​អ្នក​ចូលរួម​ដំបូង​ក្នុង​ការ​ប្រមូល​ផ្តុំ​ខាង​នយោបាយ​នោះ​ បាន​មក​ជួប​ជុំ​គ្នា​នៅក្នុង​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​ «ការ​ផ្លាស់​ប្តូរ»​ នៅ​ក្នុង​ប្រទេស​ដែល​យោធា​បាន​ប្រើ​ឥទ្ធិពល​សព្វាវុធ​របស់​ខ្លួន​ មក​ចាត់​ចែង​នយោបាយ ​ជា​ជាង​ការ​ប្រើប្រាស់​ហិប​ឆ្នោត។​ កាសែត​នេះ​បាន​ដកស្រង់​សម្តី​របស់​សិស្ស​អាយុ​ ១៥ ​ឆ្នាំ​មួយ​រូប ​ដែល​ច្រៀង​នៅ​លើ​ឆាក ​តាម​លំនាំ​បទ​កុមារ​មួយ​ថា៖​ «ពួក​យើង​មិន​ស្អប់​ប្រទេស​យើង​ទេ ​ប៉ុន្តែ​ពួក​យើង​ស្អប់​លោក ​Prayuth Chan-ocha។​ យើង​មិន​ចង់​បាន​របប​ផ្តាច់​ការ​ទេ»។​

បាតុកម្ម​មិន​បាន​កើត​ឡើង​តែ​នៅ​ក្នុង​ទីក្រុង​បាងកក​ទេ ​តែ​វា​បាន​រីករាល​ដាល​នៅ​ទូទាំង​ប្រទេស​ថៃ​ដែល​ស្តេច​របស់​ប្រទេស​នេះ ​មិន​អាច​នរណា​រិះគន់​បាន​ឡើយ។​ រហូតមក​ទល់​ពេល​នេះ ​អ្នក​ដឹកនាំ​និង​ចូលរួម​បាតុកម្ម​យ៉ាង​តិច ​៥ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ តែ​មាន​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​វិញ។​ ហើយ​មាន​អ្នក​តវ៉ា​ប្រមាណ ​៣០​ នាក់​ទៀត​កំពុង​ប្រឈម​ការ​ចាប់​ខ្លួន។​

នៅ​កម្ពុជា​វិញ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​ ២០១៧​ពោល​គឺ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​ការ​គាំទ្រ​ពី​សហ​រដ្ឋ​អាមេរិក។ ការ​រំលាយ​នេះ​ធ្វើឡើង​ ក្រោយ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក​ កឹម សុខា។​

លោក ​មាជ សុវណ្ណារ៉ា​ អតីត​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ ​មាន​ប្រសាសន៍​ថា ការ​តវ៉ា​នៅ​ប្រទេស​ថៃ​បាន​កើត​ឡើង​ ដោយសារ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ថៃ​មាន​កម្រិត​ខ្ពស់​ ជាង​ពលរដ្ឋ​កម្ពុជា។​ លោក​បន្ត​ថា ​បាតុករ​ថៃ​មិន​បាន​រង​សម្ពាធ​ខាង​នយោបាយ​ និង​ផ្លូវ​តុលាការ​ទេ​ ពោល​គឺ​បាតុករ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​ ប៉ុន្តែ​ក្រុម​បាតុករ​មិន​អាច​ប្រមាថ​ព្រះ​មហាក្សត្រ​បាន​ឡើយ។

«អ៊ីចឹង​ហើយ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​ថៃ​ហ្នឹង ​គឺ​ជា​ការ​ធ្វើ​បាតុកម្ម​ស្រប​ច្បាប់​មួយ ​ដែល​ទាំង​ប្រជា​ពលរដ្ឋ​និស្សិត​បញ្ញវន្ត​ ឬ​គណបក្ស​នយោបាយ​ហ្នឹង​ គេ​ងើប​ធ្វើ​បាតុកម្ម​អហិង្សា​ ​ប៉ុន្តែ​ហាម​ប៉ះពាល់​សិទ្ធិ​របស់​ព្រះ​មហា​ក្សត្រ។ ​អ៊ីចឹង​គឺ​ថា​ សម្ពាធ​នយោបាយ​មិន​អាច​ដាក់​សម្ពាធ​ទៅ​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​ថៃ​ទេ​ ដោយ​សារ​ការ​ចេះ​ដឹង​របស់​ប្រជា​ពលរដ្ឋ​គេ»។​

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ ស​(Human Rights Watch) ​ ប្រចាំ​នៅ​តំបន់​អាស៊ី​ពន្យល់​ថា ​អ្នក​តវ៉ា​នៅ​ប្រទេស​ថៃ​ចង់​ឲ្យ​បញ្ចប់​ការ​យាយី​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ពួក​គេ​ក៏​ចង់​បាន​ការ​បោះឆ្នោត​ថ្មី​មួយ​ និង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ ​ដែល​ជំនួស​រដ្ឋ​ធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​យោធា​បាន​ពង្រាង​ឡើង។

​លោក​បន្ត​ថា ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ក៏​កំពុង​អំពាវនាវ​ឲ្យពិ​និត្យ​ឡើង​វិញ​តួនាទី​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ ក្នុង​ប្រព័ន្ធ​នយោបាយ​ថៃ​ ដែល​នឹង​ឈាន​ដល់​ការ​កែ​ទម្រង់​ ដើម្បី​ធានា​ថា​ ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ជា​ស្ថាប័ន​ថ្មី​មួយ ​ដែល​គ្មាន​តួនាទី​នៅ​ក្នុង​ការ​កាន់​អំណាច ​ឬ​ក៏​នយោបាយ។​

លោក​ Phil Robertson ​មិន​ប្រាកដ​ថា​ ការ​តវ៉ា​នៅ​ប្រទេស​ថៃ​អាច​នឹង​ជះ​ឥទ្ធិពល​ត្រឹម​កម្រិត​ណា​មក​លើ​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​លោក​ថា ​យុវជន​និង​និស្សិត​នៅ​កម្ពុជា​ទំនង​ជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ នៅ​តាម​វិទ្យាល័យ​និង​សាកល​វិទ្យាល័យ​នៅ​ប្រទេស​ថៃ។​

លោក​បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា៖​ «ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ និស្សិត​នៅ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​លំបាក​និង​គ្រោះ​ថ្នាក់​ច្រើន​ ដោយមាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ជា​មេ​ដឹកនាំ​ផ្តាច់ការ​ចាក់​ឫស​ដោយមាន​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​ក្រាញ​មិន​ចោល​អំណាច​របស់​គាត់»។​

លោក​បន្ថែម​ថា៖​ «នៅ​ប្រទេស​ថៃ​ មាន​បញ្ហា​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​ នៅ​ចំពោះ​មុខ​ជាច្រើន​ ដែល​ត្រូវ​ដោះស្រាយ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​បែបផែន​នៃ​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ទាំង​ស្រុង ដូច​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ទេ»។​

លោក​បន្ថែម​ថា តួនាទី​របស់​ប្រទេស​ចិន​ក៏​ជា​ «ជន្ទល់»​ សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។​

លោក​បណ្ឌិត​ មាស នី ​អ្នក​នយោបាយ​កម្ពុជា​ និយាយ​ថា ​ស្ថានភាព​នៅ​ថៃ​អាច​លេច​ចេញ​ជា​រូប​រាង​នៅ​កម្ពុជា​បាន ​ឬ​មិន​បាន​អាស្រ័យ​លើ​បែប​ផែន​នៃ​ការ​ដឹកនាំ​ ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​និង​ការ​ដើរ​តាម​បន្ទាត់​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។​

«បញ្ហា​ស្រុក​ខ្មែរ​វា​ដូច​ថៃ ​ឬ​មិន​ដូច វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ទេ។​ បើសិន​ជា​អត្តចរិត​របស់​រដ្ឋាភិបាល ​គាត់​មិន​មាន​ច្រក​អីផ្សេង​ទេ​ មាន​តែការ​គាប​សង្កត់​បន្ថែម​ មាន​តែ​ការ​គំរាម​អី​នោះ​ អាហ្នឹង​វា​ពិបាក​ទស្សន៍​ទាយ​ណាស់​អារឿង។​ មនុស្ស​មនុស្ស​រស់​នៅ​ជាប់​ព្រំដែន​គ្នា»៕