មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានបដិសេធ មិនទទួលយកការស្នើសុំរបស់ក្រុមអ្នកបញ្ជាទិញផលិតផលកាត់ដេរពីប្រទេសកម្ពុជា ដែលបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងបន្តកែសម្រួលលក្ខខណ្ឌផ្សេងទៀត ដើម្បីលើកកម្ពស់សិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរ។
កាលពីថ្ងៃទី២២ ខែមករា ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង ២០បានស្នើចំៗក្នុងលិខិតផ្លូវការមួយផ្ញើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឬហៅកាត់ថា (LANGO)។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញ បាននិយាយថា ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល បង្កឲ្យមានបរិយាកាសនៃការយាយី និងការគាបសង្កត់លើអង្គការសង្គមស៊ីវិល។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា គ្មានការលុបចោលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះទេ ព្រោះកម្ពុជាត្រូវការច្បាប់នេះ ដើម្បីកសាងប្រទេសឲ្យមានរបៀបរៀបរយ និងសន្តិសុខពេញលេញ។
«បើចង់ឲ្យប្រទេសអត់ច្បាប់ ទាល់តែរស់នៅឋានសួគ៌ទៅ អត់មានច្បាប់ទេ។ បើថានៅមានប្រទេស គឺមានច្បាប់ហ្នឹងហើយ សុំឲ្យលុបច្បាប់ អីចោលគឺមិនអាច។ សូម្បីនៅសហរដ្ឋអាមេរិក ក៏គេមានច្បាប់ដែរ ច្បាប់សមាគមហ្នឹង ប្រទេសណាក៏មានដែរ ទាមទារហួសហេតុទៅមិនរួចទេ ទៅរស់នៅលើឋានសួគ៌ម្នាក់ឯងចុះ»។
តំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញ ដែលរួមមានក្រុមហ៊ុនផលិតផលសម្ភារៈកីឡា Adidas និង Puma ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា «ធ្វើជាបន្ទាន់នូវវិសោធនកម្មច្បាប់ស្តីសហជីព» ដោយសារតែវិសោធនកម្មដែលបានធ្វើឡើងនៅដើមខែមករានេះ «មិនស្របតាមបទដ្ឋានសិទ្ធិការងារអន្តរជាតិ»។
ពួកគេក៏បានស្នើឲ្យទម្លាក់ចោល«បទឧក្រិដ្ឋដែលនៅមានប្រឆាំងមេដឹកនាំសហជីព» ហើយត្រូវ «គោរព និងលើកតម្កើងតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានប្រកែកនឹងការទាមទារបស់ក្រុមតំណាងអ្នកបញ្ជាទិញ ហើយថា រដ្ឋាភិបាលបានកែសម្រួលជាច្រើនហើយ ដើម្បីឆ្លើយតបនឹងក្តីកង្វល់ដែលបានលើកឡើងកន្លងមក។ ចំណែកបទចោទឧក្រិដ្ឋប្រឆាំងនឹងមេដឹកនាំសហជីពនោះ ក្រុមការងារក្រសួងយុត្តិធម៌ និងក្រសួងការងារបានរួមគ្នា ផ្តល់សេវាផ្លូវច្បាប់ដល់មេដឹកនាំសហជីពទាំងនោះ ហើយករណីជាច្រើនត្រូវបានដោះស្រាយជាបន្តបន្ទាប់។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា ការទាមទាររបស់ក្រុមអ្នកបញ្ជាទិញទាំងនោះ គ្រាន់តែជា«សំឡេងរំខាន»ដល់ភាពចម្រើនទៅមុខនៃវិស័យការងារកម្ពុជាប៉ុណ្ណោះ។
«អ្វីដែលជាការសម្តែងមតិមកនេះ ដូចខ្ញុំបានបញ្ជាក់ជាច្រើនលើកហើយថា វាជាសំឡេងរំខានច្រើនជាង សំឡេងស្ថាបនា ពីព្រោះអ្វីដែលក្រសួងបានផ្តល់ជូនកន្លងមកនេះ វាបានបញ្ជាក់នូវគ្រប់ចំណុចដែលគេបានលើកឡើងមកនោះអស់ហើយ»។
លិខិតរបស់ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញកើតមានឡើង នៅពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាលើការបន្តផ្តល់ឲ្យប្រទេសកម្ពុជានូវប្រព័ន្ធឋាន:អនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងសព្វាវុធ» ឬហៅថា Everything But Arms (EBA) ដោយសារតែដំណើរមិនប្រក្រតីនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននានា។ សមាជិកសភាសហរដ្ឋអាមេរិកជាច្រើននាក់ក៏បានស្នើច្បាប់ដើម្បីសុំឲ្យរដ្ឋាភិបាលអាមេរិកពិនិត្យឡើងវិញប្រព័ន្ធឋាន:អនុគ្រោះពន្ធទូទៅ ឬហៅថា GSP សម្រាប់ប្រទេសកម្ពុជាផងដែរ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោកមិនទាន់បានឃើញលិខិតរបស់ក្រុមអ្នកបញ្ជាទិញនោះទេ។ នៅក្នុងបញ្ហា EBA លោកថា មិនមានការពិភាក្សាបន្ថែមទៀតទេរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ដោយត្រូវរង់ចាំសេចក្តីសម្រេចចិត្តរបស់ភាគីសហភាពអឺរ៉ុប។
«ដំណាក់កាលនេះ យើងអត់មានត្រូវជជែកអី រឿងពាក់ព័ន្ធ EBA តទៅទៀតទេ អារឿងហ្នឹង ដំណាក់កាលនេះ គឺយើងគ្រាន់តែ ដំណាក់កាលរង់ចាំមើលការសម្រេចរបស់គាត់តើ»។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយថានឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBA ទៀតឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ:ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនៃស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតរបស់ក្រុមតំណាងអ្នកបញ្ជាទិញបានបញ្ជាក់ឲ្យដឹងទៀតថា វិស័យផលិតសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ពួកគេបានថ្លែងដោយសង្កត់ធ្ងន់ថា៖ «យើងមានការបារម្ភថា ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា កំពុងបង្កឲ្យមានហានិភ័យនៃការបាត់បង់ឋាន:អនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា»។
ក្រុមតំណាងអ្នកបញ្ជាទិញ បានអំពាវនាវឲ្យ «រដ្ឋាភិបាលកម្ពុជាបង្ហាញជាសាធារណៈនូវផែនទីបង្ហាញផ្លូវឲ្យមានយន្តការត្រីភាគីកម្រិតថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ ហើយអនុវត្តជំហានដែលទាន់ពេល ជាក់លាក់ និងមាំទាំ ដើម្បីនាំយកកម្ពុជាឲ្យមកត្រូវតាមបន្ទាត់នៃបទដ្ឋានអន្តរជាតិដូចដែលបានលើកឡើងខាងលើ»។
មួយសប្តាហ៍ក្រោយការចេញលិខិតរបស់ក្រុមតំណាងអ្នកបញ្ជាទិញនោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា (GMAC) បានប្រតិកម្មខ្លាំងៗថា ការកត់សម្គាល់របស់ក្រុមអ្នកបញ្ជាទិញអំពីចំណុចអវិជ្ជមាននៃការអនុវត្តច្បាប់ស្តីពីសហជីព ប្រាសចាកការណ៍ពិតនៅកម្ពុជា។
លិខិតរបស់ GMAC ចុះថ្ងៃទី២៨ ខែមករា បានសរសេរក្នុងន័យដើមថា៖ «ជាទូទៅ យើងឃើញថាលិខិតនេះបង្កឲ្យមានការខកចិត្ត និងមិនបង្ហាញពីការណ៍ពិតនោះទេ»។
GMAC បានថ្លែងបន្ថែមថា៖ «ជាការណ៍ពិតសិទ្ធិសហជីពត្រូវបានគោរពដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហើយសិទ្ធិទាំងនោះត្រូវបានស្ថាបនាឡើងយ៉ាងល្អផងដែរ»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអះអាងថា ការអនុវត្តសិទ្ធិសហជីពមិនត្រូវបានបើកទូលាយតាមច្បាប់ស្តីពីសហជីពនោះទេ។ លោកថា គួរមានការកែប្រែលក្ខខណ្ឌមួយចំនួនដើម្បីអនុញ្ញាតឲ្យកម្មករអាចចងក្រងសហជីពដោយគ្មានការគំរាមកំហែង។
លោកពន្យល់ថា៖ «ទីមួយសហជីពត្រូវមានសិទ្ធិនៅក្នុងការតាក់តែងលក្ខន្តិកៈ ហើយបង្កើតសហជីពហ្នឹង គឺថាដោយស្រួល ដោយមិនមានការ គំរាមកំហែងបិទអង្គភាពសហជីព ឬក៏លក្ខខណ្ឌស្មុគស្មាញ។ ហើយទីពីរនៅពេលដែលបង្កើតហើយ សហជីពត្រូវតែធ្វើជាតំណាងឲ្យកម្មករ ដោយមិនថា កម្មករមិនទាន់មានសហជីព ឬក៏មានសហជីពទេ ពួកគេអាចធ្វើតំណាងឲ្យកម្មករក្នុងការដោះស្រាយវិវាទបាន»។
ដោយឡែក លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល នឹងមានការពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ ដើម្បីពិនិត្យលើចន្លោះប្រហោងនៃការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះយល់ថា ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ មិនទាន់ស្របនឹងស្ថានភាពប្រទេសកម្ពុជា ដែលប្រព័ន្ធប្រជាធិបតេយ្យនៅទន់ខ្សោយនៅឡើយ។
«ពីព្រោះដំណើរការរបស់យើង មិនទាន់បានមានគេហៅ គណបក្សនយោបាយពហុបក្សទេ ហើយប្រជាធិបតេយ្យយើងហ្នឹងក៏មិនទាន់បានរឹងមាំ ឲ្យបានល្អប្រសើរដែរ។ ចំណុចមួយទៀត ការប្រជាពលរដ្ឋ អាដេញការអនុវត្តនៅថ្នាក់មូលដ្ឋានហ្នឹង ក៏មិនទាន់បាន គោរពទៅតាមគោលការណ៍នៃច្បាប់ឲ្យបានជាក់លាក់ដែរ»។
លោកកន សាវាង្ស បានបន្ថែមថា នៅកម្ពុជា អាជ្ញាធររមែងងាកទៅស្តាប់តាមបទបញ្ជាថ្នាក់លើ ជាងការដើរតាមបន្ទាត់របស់ច្បាប់។
VOA មិនទាន់អាចទទួលបានការអត្ថាធិប្បាយពីតំណាងម៉ាកយីហោល្បីៗ ដូចជាក្រុមហ៊ុន Adidas និង H&M បានទេ រហូតមកដល់ល្ងាចថ្ងៃពុធនេះ។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញដែលបានផ្ញើលិខិតជូនលោកហ៊ុន សែន បានអះអាងថា ការងាររបស់ពួកគេជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា បានរួមចំណែកផ្តល់ទឹកប្រាក់ ៩,៥ពាន់លានដុលា្លរអាមេរិកលើទំនិញកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរដែលបាននាំចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុននេះ៕