រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃចន្ទនេះ ប្រកាសពីវិធានការពង្រឹងលទ្ធិប្រជាធិបតេយ្យដោយមានទាំងការស្វែងរកវិធានផ្លូវច្បាប់ ដើម្បីលើកលែងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង១១៨នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ចេញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដោយក្រសួងការបរទេសបញ្ជាក់ថា រដ្ឋសភាជាតិកំពុងពិនិត្យលើបទបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ។
សេចក្តីថ្លែងការណ៍នោះត្រូវបានសរសេរក្នុងន័យដើមថា៖
«ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋបន្ថែមទៀត រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយអាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ»។
សេចក្តីថ្លែងការណ៍ដដែលនេះក៏បានលើកឡើងពីការបើកទូលាយនូវសេរីភាពរបស់អង្គការសង្គមស៊ីវិល សហជីពនិងការអនុញ្ញាតឲ្យស្ថាប័នព័ត៌មានដែលបានបិទ ដូចជាវិទ្យុអាស៊ីសេរី និងកាសែតដឹខេមបូឌាដេលីជាដើម អាចបើកការិយាល័យនៅកម្ពុជាឡើងវិញផងដែរ។
ភ្លាមៗក្រោយការចេញសេចក្តីថ្លែងការណ៍នោះ រដ្ឋសភាជាតិក៏បានចេញសេចក្តីជូនដំណឹងមួយ ស្តីអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទថាបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងថ្ងៃជាមួយគ្នានោះ តុលាការកំពូលក៏បានព្យួរសិទ្ធិរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ទាំងអ្នកដែលកំពុងស្ថិតនៅក្នុង និងក្រៅប្រទេស មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
ចំណែកប្រធានគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនដោយរងពីបទចោទដូចគ្នា។ បច្ចុប្បន្ន លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំឃាំងនៅក្នុងផ្ទះ ដោយមានការឃ្លាំមើលពីតុលាការ ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ។
លោក ផែង ហេង មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA នាល្ងាចថ្ងៃចន្ទនេះថា ក្រុមមេធាវីនឹងប្រាប់លោក កឹម សុខា អំពីសេចក្តីថ្លែងការណ៍នេះ។
ការចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការបើកចំហលំហរសេរីភាពសង្គមស៊ីវិល សារព័ត៌មាននិងគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាង៣ទសវត្សរ៍មកហើយនោះ កំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ ខណៈកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងពីស្ថាប័ននិងប្រទេសលទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន។
ក្រោយការបោះឆ្នោតថ្នាក់ជាតិមួយដែលមិនមានការចូលរួមពីគណបក្សប្រឆាំង និងការដែលកម្ពុជាកំពុងត្រូវបានដឹកនាំដោយរដ្ឋាភិបាលឯកបក្ស ស្ថាប័នអន្តរជាតិ និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន បានរិះគន់ និងត្រៀមដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនប្រធានគណបក្សនេះដាក់ពន្ធនាគារ ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ និងការបង្ក្រាបលើសង្គមស៊ីវិលតាមរយៈការហាមឃាត់ការជួបជុំ ព្រមទាំងការបិទស្ថាប័នដែលធ្វើការជំរុញលទ្ធិប្រជាធិបតេយ្យជាដើម។
សហភាពអឺរ៉ុបនៅដើមខែតុលានេះ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយឯកបក្សថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះដែលផ្ដល់ផលចំណេញឲ្យកម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃចន្ទនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងដើម្បីបំពេញលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ជាថ្នូរនឹងការទទួលបានការអនុគ្រោះពន្ធនាំចូលទំនិញទៅអឺរ៉ុប។ លោកបន្ថែមថា ការធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យណាមួយដោយមិនមានការដោះលែងលោក កឹម សុខា នឹងមិនអាចធ្វើកម្ពុជារួចផុតពីការរិះគន់របស់អន្តរជាតិនោះទេ។លោកបញ្ជាក់ថា៖
«ធ្វើអាហ្នឹងគឺដូចជាយើងចាត់វិធានការរាយរងទេ សំខាន់គឺរឿងដោះលែង កឹម សុខា»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពី លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ។
កន្លងមកមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បានប្រកាសថា ការបង្ក្រាបគណបក្សប្រឆាំង ការបង្រ្កាបសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួននៅមុនការបោះឆ្នោតឆ្នាំ២០១៨ គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋ។ យ៉ាងណាក្តី ការបើកឲ្យសង្គមស៊ីវិលអាចធ្វើសកម្មភាពការងារបានដោយសេរីនាពេលថ្មីៗនេះ ត្រូវបានមន្រ្តីរដ្ឋាភិបាលអះអាងថា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ៕