ក្រសួងមហាផ្ទៃទើបតែបញ្ចប់សេចក្តីព្រាងអនុក្រឹត្យថ្មីមួយពាក់ព័ន្ធនឹងការបង្ការ និងពន្លត់អគ្គីភ័យ បន្ថែមពីលើច្បាប់ដែលមានស្រាប់។ ទន្ទឹមនឹងការបញ្ចប់សេចក្តីព្រាងនោះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍អំពីករណីជម្រិតទារប្រាក់ពីពលរដ្ឋក្នុងពេលកំពុងបាញ់ពន្លត់អគ្គីភ័យដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការ។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា ការផ្តល់សេវាពន្លត់អគ្គីភ័យនៅមានភាពខ្វះខាតច្រើន ដែលចាំបាច់ត្រូវបង្កើនយន្តការជាក់លាក់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។
ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ពីករណីសមត្ថកិច្ចអគ្គីភ័យខ្វះការទទួលខុសត្រូវ ដែលបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬករណីសមត្ថកិច្ចអគ្គីភ័យជម្រិតទារប្រាក់ពីប្រជាពលរដ្ឋក្នុងពេលកំពុងពន្លត់អគ្គីភ័យ។
លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ ក្នុងគោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក នេត វន្ថា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សេចក្តីព្រាងអនុក្រឹត្យនេះនឹងជួយទប់ស្កាត់ និងកាត់បន្ថយការកើតមានឡើងនូវគ្រោះអគ្គីភ័យ បានប្រសើរជាងមុន។ លោកបន្ថែមថា បច្ចុប្បន្នមានម្ចាស់ទីតាំងដែលប្រកបអាជីវកម្មស្ថានីយ៍ប្រេង ឃ្លាំងស្ដុកប្រេង កន្លែងដែលផលិតនូវឧបករណ៍ងាយបង្កឲ្យទៅជាគ្រោះអគ្គីភ័យជាច្រើន នៅមានការខ្វះខាតក្នុងការត្រៀមខ្លួនបង្ការ ទប់ស្កាត់ និងពន្លត់អគ្គីភ័យនៅឡើយ។ ដូច្នេះលោកថា អនុក្រឹត្យ ដែលមាន២៧មាត្រានេះ នឹងចាប់បង្ខំឲ្យម្ចាស់ទីតាំងទាំងនោះកែតម្រូវ និងរៀបចំប្រព័ន្ធគ្រប់គ្រងអគ្គីភ័យឲ្យបានគ្រប់គ្រាន់។
លោកបញ្ជាក់ថា៖
«ក្នុងនាមជំនាញអគ្គីភ័យ យើងតម្រូវឲ្យមានបំពេញបន្ថែមត្រួតពិនិត្យអាហ្នឹង។ អីចឹងក្រោយពេលចូលជាធរមានទៅ ប្រសិនជាប្រជាពលរដ្ឋ ម្ចាស់សំណង់ ម្ចាស់អាផាតមិន សណ្ឋាគារណាមិនអនុវត្តគឺយើងមានលក្ខខណ្ឌបីសំខាន់ ដូចជាទី១គឺត្រូវព្រមានគាត់ជាលាយលក្ខណ៍អក្សរ ទីពីរគឺព្រមានគាត់ផាកពិន័យ ទីបីនឹងបញ្ជូនទៅតុលាការ។ អាហ្នឹងគឺដើម្បីចាប់បង្ខំឲ្យគាត់ត្រូវតែមាន ប្រព័ន្ធក្នុងការពន្លត់អគ្គីភ័យនេះ ក្នុងចំណុចគោលដៅដែលអាចថា មានហានិភ័យខ្ពស់លើអគ្គីភ័យ»។
ជំពូកទី៥ ដែលចែងពីទោសបញ្ញត្តិក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ ចែងថា ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្ម ឬសេវាកម្មដែលងាយបង្កឲ្យទៅជាគ្រោះអគ្គីភ័យ ហើយដែលមិនគោរពតាមអនុក្រឹត្យនេះ នឹងត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរ រងការពិន័យជាប្រាក់ពី១លានទៅ១០លានរៀល និងត្រូវប្រឈមការផ្អាកធ្វើអាជីវកម្មជាដើម។ ជំពូកនេះក៏បានចែងក្នុងករណីដែលនីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលប្រព្រឹត្តបទល្មើសទាក់ទងនឹងការបង្កឲ្យមានអគ្គីភ័យ នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់។
កន្លងមកប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីការអនុវត្តការងាររបស់មន្រ្តីពន្លត់អគ្គីភ័យដែលខ្វះការទទួលខុសត្រូវ និងមិនយកចិត្តទុកដាក់ ព្រមទាំងទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យជាដើម។
ពាក់ព័ន្ធនឹងចំណុចនេះ លោក នេត វន្ថា បញ្ជាក់ថា ការបាញ់ពន្លត់អគ្គីភ័យមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នោះទេ។ ហេតុនេះ លោកថា ប្រសិនជាមានករណីមន្រ្តីអគ្គីភ័យរូបណាទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យ ប្រជាពលរដ្ឋត្រូវរាយការណ៍ ឬប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការ។
លោកមានប្រសាសន៍ថា៖
«មន្រ្តីអគ្គីភ័យក៏ជាមន្រ្តីរាជការសាធារណៈ មិនមែនជាមន្រ្តីឯកជនទេ អីចឹង ដូច្នេះប្រជាពលរដ្ឋរូបណាក៏ដោយមិនមានជាប់កាតព្វកិច្ចត្រូវបង់ថ្លៃសេវា នៅពេលដែលភ្លើងឆេះទេ។ ហើយមន្រ្តីអគ្គីភ័យក៏មិនត្រូវទាមទារលុយដែរ។ សូមបញ្ជាក់ឲ្យច្បាស់តែម្តង។ បើមានយន្តការបែបហ្នឹង សូមឲ្យប្រើប្រាស់យន្តការដែលខ្ញុំបានរៀបរាប់ខាងលើ គឺប្តឹងមក ឲ្យបានទាន់ពេលវេលា ដើម្បីបកអាក្រាតជនដែលខិលខូច តែងតែបង្ក ឬមួយក៏ធ្វើឲ្យខូចខាតដល់ឥទ្ធិពលកងកម្លាំងនគរបាលជាតិនេះ»។
មាត្រា២៧នៃច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៣ ចែងថា មន្រ្តីសមត្ថកិច្ចអគ្គីភ័យដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬបំពេញភារកិច្ចដោយមិនត្រឹមត្រូវក្នុងការពន្លត់អគ្គីភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សាទរចំពោះការបង្កើតអនុក្រឹត្យបន្ថែម និងការប្រកាសឲ្យប្រជាពលរដ្ឋរាយការណ៍អំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការពន្លត់អគ្គីភ័យ។ ទោះជាយ៉ាងណា លោកថា ការផ្តល់សេវាពន្លត់អគ្គីភ័យហាក់មានភាពខ្វះខាតច្រើន ទាំងធនធាន និងបច្ចេកទេស ជាពិសេសការអនុវត្តច្បាប់មិនទាន់រឹងមាំ។ លោកអះអាងថា រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនយន្តការជាក់លាក់ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការផ្តល់សេវាពន្លត់អគ្គីភ័យ។
លោកបញ្ជាក់ថា៖
«ប្រជាពលរដ្ឋនៅតែលើកឡើងអំពីភាពមិនប្រក្រតីហ្នឹង បានន័យថា ទោះបីជាមិនមានការទារលុយក៏មានហេតុផលផ្សេងៗ ដូចជាថា រថយន្តមិនអាចចូលបាន ឬក៏រថយន្តទៅយឺត ទៅដល់ហើយមិនទាន់បាញ់ ដោយសារតែខ្វះមធ្យោបាយទាញទុយោ ទាញអីហ្នឹង នាំឲ្យមានការយឺតយ៉ាវ ហើយទីបញ្ចប់ផ្ទះឆេះអស់។ វាជារូបភាពថ្មីមួយក្រៅតែពីការទារលុយដោយត្រង់ៗ ដែលវាជាបាតុភាពចាស់។ អីចឹង ភាពអសកម្មហ្នឹងមានរូបភាពច្រើនណាស់។ អីចឹងទាល់តែមានយន្តការ ធ្វើម៉េចឲ្យសេវាហ្នឹងសកម្ម»។
បើតាមប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យដែលមាន៧ជំពូក និង២៧មាត្រា ហើយដែលទើបតែបញ្ចប់នេះ នឹងត្រូវបញ្ជូនទៅរាជរដ្ឋាភិបាលដើម្បីចុះហត្ថលេខា និងប្រកាសឲ្យប្រើប្រាស់នាពេលខាងមុខ៕