រដ្ឋាភិបាល​ប្រកាស​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី២

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ​២០២១ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពីថ្ងៃ​ចន្ទ​ បាន​ថ្លែង​កោត​សរសើរ​ដៃគូ​អភិវឌ្ឍន៍​ និង​សង្គម​ស៊ីវិល​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​បាន​ប្រកាស​ឱ្យ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​ទម្រង់​ដដែលសម្រាប់​ដំណាក់​កាល​ទី​២ ចាប់​ពី​ឆ្នាំ​២០២១​ ដល់​ឆ្នាំ​២០៣០។ ​

ការ​ចាប់​ផ្តើម​កម្មវិធី​ជាតិ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី​២នេះ​ កើត​មាន​ឡើង​ក្រោយ​ការ​បញ្ចប់​នៃ​កម្មវិធី​នេះ​ដែល​មាន​រយៈ​ពេល​១០​ឆ្នាំ​ដូច​គ្នា​ក្នុង​ដំណាក់​កាល​ទី១​ កាល​ពីចុង​ឆ្នាំ​២០២០​កន្លង​ទៅ​ និង​បន្ទាប់​ពីការ​ចុះកិច្ច​ព្រមព្រៀង​រវាង​ស្ថានទូត​ជប៉ុន​ និងអង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​នៅ​កម្ពុជា (​UNDP)​ សម្រាប់​ការ​ពង្រឹង​តម្លាភាព​ និង​គណនេយ្យភាព​នៅ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​ កាលពី​ថ្ងៃទី​២០ ខែ​មីនា​ ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Fumio Kishida ​និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន។​

កម្មវិធី​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី​២នេះ​ នឹង​ធ្វើឡើង​នៅ​ក្រោម​ការ​សម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​(គ.ជ.អ.ប.)។

នៅ​អំឡុង​ពេល​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ​ដំណាក់​កាល​ទី​២នោះ លោក ហ៊ុន សែន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​បំពេញ​តួនាទី​ដឹកនាំ​ និង​សម្របសម្រួល​កិច្ច​ការ​ជា​ទូទៅនៃ​កម្មវិធី​កែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​សម្រេច​បាន​លទ្ធផល​ជា​ទី​មោទនៈ។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ​ហ៊ុន សែន។​

ក្នុង​ពិធី​ប្រកាស​ខាង​លើ​នោះ​ លោក​នាយក​មន្ត្រី ហ៊ុន​ សែន ​ថ្លែង​នៅ​ចំពោះ​មុខក្រុម​មន្ត្រី​កម្ពុជា​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​សូម​វាយតម្លៃ​ចំពោះ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​ស្ថាប័ននិង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដៃ​គូអភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ចូលរួម​អនុវត្ត​ការ​កែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ និង​ការ​កែទម្រង់​សំខាន់ៗ​ដទៃ​ទៀត​របស់​រាជរដ្ឋាភិបាល​ សម្រេចបាន​ជោគ​ជ័យ​ជា​បន្តបន្ទាប់»។​

លោក​នាយករដ្ឋមន្ត្រី​បន្ថែមថា៖​«ការ​កែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ គឺ​ជា​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​ ក្នុង​រយៈ​ពេល​ជាង​៣អាណត្តិ​កន្លង​មក​ ដើម្បី​រៀប​ចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​ឈរ​លើ​គោលការណ៍​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ»។

បើតាម​លោក​នាយករដ្ឋមន្ត្រី​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺ​ជា​នីតិបុគ្គល​នៃ​នីតិសាធារណៈ​ ដែល​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​អំណាច​ ធានាដោយ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​ប្រជា​ជន​ ក្នុងមូលដ្ឋាន​ប្រកប​ដោយ​តម្លាភាព​ ​សុច្ចរិតភាព នីតិរដ្ឋ​ និង​សមធម៌​សង្គម។

ដោយឡែកសេចក្តីប្រកាសរួម​របស់ស្ថានទូត​ជប៉ុន​ និងអង្គ​ការ​UNDP ​ចេញផ្សាយកាល​ពីថ្ងៃទី​២១ ខែ​មីនា​ ឲ្យ​ដឹង​ថា​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ មាន​បំណង​«ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​បែបប្រជាធិបតេយ្យ​ដែល​ស្មើ​ភាព​ ត្រឹមត្រូវ​ មាន​សមធម៌​ និង​រាប់បញ្ចូល​គ្រប់​ភាគី​តាម​រយៈ​ការ​ធ្វើ​ទំនើបកម្ម​អភិបាលកិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ភាព​ប្រសើរ​ឡើង​នៃ​ការ​ទទួល​បាន​ការ​ផ្តល់​ជូន​សេវា​សាធារណៈ​ដែល​មាន​គុណភាព»។ ការណ៍​នេះនឹង​រួមចំណែក​ដល់​ការ​កាត់បន្ថយ​ភាពក្រីក្រ​ និង​គុណភាព​រស់​នៅ​ដែល​ប្រសើរ​ឡើង​ចំពោះ​រាល់​ពលរដ្ឋ។

អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ លោក ​ឱក​ សេរីសោភក្តិ៍ យល់​ថា​កម្មវិធី​ជាតិ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​បាន​បំពេញ​សេចក្តីត្រូវ​ការ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ដែល​ទទួល​បាន​សេវា​រដ្ឋបាល​សាធារណៈ​ប្រសើរ​ជាងមុន​។​ ​លោក​ប្រាប់​វីអូអេ​បន្ថែម​ថា ​នៅ​ក្នុងការ​អនុវត្ត​កម្មវិធី​ខាង​លើ​សម្រាប់​ដំណាក់​កាល​ទី២​ កង្វះ​ខាត​ថវិកា​ អាច​ជា​បញ្ហា​ប្រឈម​មួយ បន្ថែម​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយចំនួន​ ដែល​តោង​ឱ្យ​រដ្ឋាភិបាល​ត្រូវបន្ត​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខូចខាត​ប្រយោជន៍​សាធារណៈ​មួយ​នេះ។​

លោក​ថ្លែង​ថា៖ «យើង​និយាយ​ឱ្យ​ចំ​ទៅ​បញ្ហា​ពុក​រលួយ ​គឺ​នៅ​មាន​ នៅ​ឡើយ​ហើយ​ត្រូវ​តែ​បន្ត​ បន្ត​ប្រយុទ្ធ​ប្រឆាំង​ ហើយ​គ្មាន​វិធី​អី​ក្រៅ​តែ​ពី​ធ្វើសកម្មភាព​ហ្នឹង​ឱ្យកាន់​តែ​តម្លាភាព​ទៅ។ ហើយ​ការ​បង្ហាញ​ផ្សព្វផ្សាយ​ព័ត៌មាន ពី​រឿង​សេវា ពីរឿង​តម្លៃ​ ពីរឿង​ពេលវេលា​ដែល​អតិថិជន​គាត់​មក​ទាំង​អស់​ហ្នឹង​ គឺ​ឱ្យ​ ឱ្យកាន់​តែ​សុក្រឹត»។ ​

បើតាម​លោក ​ឱក​ សេរីសោភក្តិ៍ ក្នុង​ដំណាក់កាលទី១​នៃការ​អនុវត្តកម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ មាន​ភាព​ជឿនលឿន​ទៅមុខ​ជាច្រើន​នៅ​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក្នុង​នោះ​មាន​ការ​បង្កើត​ច្រក​ចេញចូល​តែមួយ​ និងការ​ធ្វើឱ្យ​មាន​គណនេយ្យភាព​សង្គម​ជាដើម។​

នៅ​ក្នុង​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្តកម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​ដំណាក់កាល​ទី​២​កាល​ពីថ្ងៃ​ចន្ទ​ដដែល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុម​មន្ត្រី​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ការងារ តាម​រយៈ​ការ​រៀប​ចំឡើង​វិញ​នូវ​មុខងារ​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​គ្រប់គ្រង​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ ក្នុង​ការ​ផ្ដល់​សេវាទាន់ពេល​វេលាជូនប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ផ្អែក​លើ​សក្តានុ​ពល​នៃ​មូលដ្ឋាន​នីមួយៗ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ តម្លាភាព ​និង​ការប្រកួតប្រជែង។​ នេះបើតាម​ទំព័រហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្ត្រី​បាន​ចង្អុល​បង្ហាញ​ទៅគ្រប់​ស្ថាប័ន​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​កាត់​បន្ថយ​ចំណាយដែល​ពុំមានតម្រូវ​ការចាំបាច់​រួម​ទាំង​គម្រោង​វិនិយោគ​សាធារណៈ​ដែល​ពុំទាន់​ចាំបាច់​ ដើម្បី​ធានា​ស្ថិរភាព​ថវិកាជាតិ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដោយសារ​ជំងឺកូវីដ១៩។ លោក​បន្ត​ថាត្រូវ​បន្ត​ជំរុញ​ការ​រៀប​ចំ ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​និង​ប្រព័ន្ធ​អភិបាល​កិច្ច​ឌីជីថល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​ផ្ទៃ​ក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយប្រជាពលរដ្ឋ។​

លើស​ពីនេះលោក ​ហ៊ុន សែន​ ក៏​ស្នើ​រដ្ឋបាល​រាជធានីភ្នំពេញ​ត្រូវ​រៀប​ចំ​ឱ្យ​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​និង​មុខងារ​ស្រប​តាម​ចរិត​លក្ខណៈ​ជាទីក្រុង​ធំ​ដែល​ហៅ​ជា​សកល​ថា «ទី​ក្រុង​មេត្រូប៉ូលីតែន» ​ដើម្បី​ធានា​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​ជា​តម្រូវ​ការ​សមស្រប​តាម​កំណើន​ប្រជាជន ​និង​សេវា​ទីក្រុង។

អ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ​លោក​ ម៉េត មាសភក្តី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារ​ថា៖ ​«ការ​អនុវត្ត​ភារកិច្ច​ឬ​អនុ​សាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ជា​កិច្ចការ​ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​តែ​ប្តេជ្ញា​អនុវត្ត​ឱ្យ​បាន​ជោគជ័យ»៕