រដ្ឋាភិបាលកម្ពុជានិងក្រុមជំនាញការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប.)បង្ហាញការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងបន្ថែមនៃជំងឺកូវីដ១៩ ដែលកំពុងវាយប្រហារប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក។
កាលពីថ្ងៃច័ន្ទ ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សអ.ស.ប. បានផ្តល់សញ្ញានៃកង្វល់យ៉ាងខ្លាំងអំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩ដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពីព្រោះវាបានប៉ះពាល់សិទ្ធិមនុស្សជាមូលដ្ឋានរួមទាំង «សេរីភាពដើរហើរ» «សិទ្ធិជួបប្រជុំដោយសន្តិវិធី» និង«សិទ្ធិការងារ»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប.ទាំងនោះ គឺមានលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញ៣នាក់ទៀត ដែលជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំដោយសន្តិវិធីនិងសិទ្ធិសមាគម អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិឯកជន និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនគ្រប់រូបក្នុងការទទួលបានកម្រិតជីវភាពរស់នៅខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការរឹតត្បិតលើសេរីភាព និងសិទ្ធិជាមូលដ្ឋានដោយផ្អែកលើសុខភាពសាធារណៈមិនត្រូវរំលោភសិទ្ធិសេរីភាពដែលបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិឡើយ»។
ពួកគេបន្ថែមថា៖ «យើងមានកង្វល់ថាវិធានការរដ្ឋបាលនិងវិធានការព្រហ្មទណ្ឌរួមទាំងការដាក់ពន្ធនាគាររយៈពេលវែងហួសហេតុនិងការពិន័យជាប្រាក់ដែលមានចែងក្នុងច្បាប់នេះ ទំនងជាមិនមានសមាមាត្រនិងមិនចាំបាច់ឡើយ។ វិធានការដែលបានចាត់ឡើងសំដៅប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល រួមទាំងទោសទណ្ឌដែលអាចមាន គួរតែធ្វើក្នុងករណីចាំបាច់ ហើយមិនត្រូវប្រើប្រាស់ហួសហេតុឡើយ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថាវិធានការរបស់រដ្ឋាភិបាលគឺនៅស្រាលនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ដែលលោកមិនបញ្ចេញឈ្មោះ។
លោកមានប្រសាសន៍ថា៖ «ហើយរឿងការដាក់ទោសទណ្ឌជារឿងធម្មតាទេ ច្បាប់ត្រូវតែកំណត់ពីទោសទណ្ឌហើយ ដើម្បីអាចមានអំណាចក្នុងការចាប់បង្ខំ ក៏ប៉ុន្តែការសម្រេចហ្នឹងគឺទៅលើតុលាការជាអ្នកសម្រេច ដោយផ្អែកទៅលើអង្គហេតុ ហើយផ្អែកទៅលើស្ថានទម្ងន់នៃបទល្មើស និងផលបច្ច័យដែលប៉ះពាល់កើតចេញពីបទល្មើសនោះ»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តធម៌រូបនេះណែនាំឲ្យក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប. មើលទៅបណ្តាប្រទេសផ្សេងទៀតផង មុននឹងមកវាយតម្លៃពីស្ថានភាពរបស់កម្ពុជា។
លោកបន្ថែមថា៖ «មុនគាត់រិះគន់កម្ពុជា គាត់ក្រឡេកមើលទៅលើបណ្តាប្រទេសទៅលើពិភពលោកផងថាតើ គេបានធ្វើអីខ្លះគេបានដាក់ចេញវិធានការអ្វីខ្លះ ហើយផលប៉ះពាល់ដែលកើតចេញពីកូវីដហ្នឹងមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណាដែរ មុននឹងធ្វើការរិះគន់ពីកម្ពុជាជាករណីដោយឡែក»។
កាលពីចុងខែមីនា តុលាការរាជធានីភ្នំពេញបានចោទប្រកាន់បុរសម្នាក់ ដោយប្រើប្រាស់ច្បាប់បង្ការជំងឺកូវីដ១៩លើកដំបូង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គម កុំឲ្យកម្មកររោងចក្រ ចាក់វ៉ាក់សាំងរបស់ចិន។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។
ដំណាលគ្នានឹងការអនុវត្តច្បាប់នេះ អាជ្ញាធរមូលដ្ឋានចាប់ផ្តើមរឹតត្បិតការជួបជុំ វិធានការបម្រាមគោចរ និងការធ្វើអាជីវកម្មទាំងក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនិងក្រុមមន្ត្រីរបស់អ.ស.ប. កំពុងបង្ហាញជំហរផ្ទុយគ្នាទៅនឹងអ្វីដែលជាយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩របស់រដ្ឋាភិបាល ដែលចាប់បង្ខំឲ្យពលរដ្ឋគោរពតាមវិធានការសុខាភិបាល និងច្បាប់ផ្សេងៗឈានដល់ការកាត់បន្ថយនៃករណីឆ្លងជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «កន្លងមកយើងជាសង្គមស៊ីវិលហ្នឹង គឺយើងឃើញថាចំណុចទាំងអស់ហ្នឹង ក៏វារាងធ្ងន់ធ្ងរ ហើយសូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋហ្នឹងបានយល់បានដឹង ទទួលព័ត៌មានគ្រប់គ្រាន់អំពីច្បាប់និងអនុក្រឹត្យហ្នឹង ដើម្បីកុំឲ្យក្លាយទៅជាប្រឈមមុខចំពោះមុខច្បាប់ដោយគាត់មិនបានយល់ដឹង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថាការណ៍នេះ នាំឲ្យការមិនយល់រវាងក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប. និងរដ្ឋាភិបាល។
លោកបញ្ជាក់យ៉ាងដូច្នេ៖«អីចឹងចំណុចពីរនេះគឺខុសគ្នា ដោយវិធានការរបស់រដ្ឋាភិបាលថាអានេះ ជាច្បាប់កម្ពុជា ហើយនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩ តែអ្នកជំនាញរបស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ គេថាវិធានការនេះហាក់ដូចជាធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហ្នឹងជាគំនិតខ្វែងគ្នារវាងអ្នកជំនាញសិទ្ធិមនុស្សដែលគេយកបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សហ្នឹងមកធ្វើការវាស់វែងជាមួយវិធានការនៃការទប់ស្កាត់»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR និយាយថា គួរពិចារណាបន្ធូរបន្ថយនូវកម្រិតទោសទណ្ឌទៅតាមអ្វីដែលជាការវាយតម្លៃរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប. ដើម្បីអនុញ្ញាតឲ្យសាធារណជនខ្មែរបានចូលរួម ដោយមិនបារម្ភអំពីការខាតបង់ខាងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ បន្ថែមទៀតទៅលើការពិន័យ ក្នុងពេលរងសម្ពាធធ្ងន់ធ្ងរខាងជីវភាពរួចទៅហើយ ដោយផលប៉ះពាល់នៃជំងឺកូវីដ១៩។
លោកស្រីប្រាប់វីអូអេថា៖«រដ្ឋាភិបាល លោកមានចេតនាល្អនៅក្នុងការទប់ស្កាត់ជំងឺរាតត្បាតហ្នឹងហើយ ប៉ុន្តែការបង្កនូវបរិយាកាសអំណោយផលសម្រាប់ពលរដ្ឋ គាត់ចូលរួមសហការនោះ ក៏រឹតតែចាំចាច់ដែរ... អីចឹងមិនអាចថាដោយសារហេតុផលនៃសុខភាពសាធារណៈ យើងច្រានចោលនូវគោលការណ៍សិទ្ធិមនុស្សក៏អត់ដែរ វារឹតតែចាំបាច់ទៅទៀតនៅក្នុងកាលៈទេសៈនេះ»។
លោកស្រីបន្ថែមថា៖«យើងទទូចឲ្យរដ្ឋាភិបាលលោកយកចិត្តទុកដាក់ពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទៅដល់ពលរដ្ឋដែលគាត់នៅក្រៅប្រព័ន្ធសេដ្ឋកិច្ចអីជាដើមហ្នឹង ដើម្បីឲ្យគាត់អាចឆ្លងផុតទាំងពីជំងឺរាតត្បាត ហើយអាចនៅរស់រានមានជីវិត ដូចថាមិនត្រូវបានរងគ្រោះធ្ងន់ធ្ងរហួសហេតុ រហូតដែលមិនអាចទប់ស្កាត់ពីជំងឺរាតត្បាតហ្នឹង ប៉ុន្តែផលជះលើសេដ្ឋកិច្ចហ្នឹង វាធ្ងន់ធ្ងរថែមទៀត»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប. មិនស្តីបន្ទោសទាំងស្រុងលើវិធានការរបស់រដ្ឋាភិបាលកម្ពុជាទេ ពោលគឺពួកគេទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ១៩។
យ៉ាងណាក្តី ក្រុមអ្នកជំនាញទាំងនោះបានបង្ហាញការខកចិត្តអំពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលធ្វើតេស្តឃើញមានជំងឺកូវីដ១៩ ដែលក្នុងនោះរួមមានឈ្មោះ ភេទ អាយុ មុខរបរ កន្លែងធ្វើការ និងអាសយដ្ឋានផងដែរ។
ក្រុមអ្នកជំនាញទាំងនោះបានឲ្យដឹងថា៖ «ទិន្នន័យសុខភាពបុគ្គលទាំងនេះ គួរតែស្ថិតក្នុងការការពារយ៉ាងតឹងរ៉ឹងនូវសិទ្ធិឯកជន ប្រឆាំងនឹងការបង្ហាញឲ្យអ្នកដែលគ្មានការអនុញ្ញាតឲ្យដឹង ក្រៅពីគោលបំណងសុខភាពសាធារណៈ។ ការលាតត្រដាងទិន្នន័យបុគ្គល រួមទាំងឈ្មោះបុគ្គលដែលឆ្លងជំងឺនេះគឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជនដែលអាចនាំឲ្យមានការរើសអើងនិងការមាក់ងាយ»៕