រដ្ឋាភិបាលខ្មែរបានរួមគ្នាជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសជាច្រើនដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងធ្វើការពន្យល់ពីការបង់ពន្ធ និងនីតិវិធីសារពើពន្ធផ្សេងទៀត។ នេះបើយោងតាមប្រកាសថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញផ្សាយដោយអង្គភាពព័ត៌មានក្នុងស្រុក Fresh News កាលពីពេលថ្មីៗនេះ។
ប្រកាសស្តីពី«ការបង្កើតក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» ចុះថ្ងៃទី៣០ ខែមករា និងមានហត្ថលេខារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា ភាគីរដ្ឋាភិបាលដែលមានអគ្គនាយកដ្ឋានពន្ធដារជាតំណាងមានសមាជិក១១នាក់ ដឹកនាំដោយលោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ហើយភាគីខាងអង្គការសង្គមស៊ីវិល មានសមាជិក១៧ដឹកនាំដោយលោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។
ប្រកាសរបស់លោកអូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា ក្រុមការងារចម្រុះនេះ មានភារកិច្ចដែលត្រូវធ្វើការចម្រុះរួមគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលមានការពាក់ព័ន្ធនឹងច្បាប់សារពើពន្ធជាធរមាន។
ផ្នែកខ្លះនៃប្រការ២របស់ប្រកាសនេះបានសរសេរក្នុងន័យដើមថា៖
«ពិនិត្យ និងបកស្រាយឲ្យបានត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងពន្ធដារដែលមានភាពមិនច្បាស់លាស់ ព្រមទាំងកែសម្រួល និងបង្កើតបទប្បញ្ញត្តិមួយចំនួនតាមការចាំបាច់ ពិនិត្យបញ្ហានានាទាក់ទងនឹងការអនុវត្តវិធាន និងនីតិវិធីសារពើពន្ធ សំដៅបង្កើតជំនឿទុកចិត្តរបស់អ្នកជាប់ពន្ធ និងធានាដល់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារឲ្យបានរលួន និងមានប្រសិទ្ធភាពខ្ពស់»។
ក្រុមការងារចម្រុះដដែលក៏ត្រូវពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈទីប្រឹក្សាច្បាប់ គណនេយ្យ សវនកម្មឯករាជ្យ និងភ្នាក់ងារផ្តល់សេវាពន្ធដារ។
ជាងនេះទៀត សហប្រធាននៃក្រុមការងារនេះត្រូវដឹកនាំកិច្ចប្រជុំរាល់បីខែម្តង ឬក្នុងពេលវេលាណាមួយតាមការចាំបាច់។ ក្នុងករណីសហប្រធានណាមួយអវត្តមាន សហប្រធាននោះអាចចាត់តាំងអនុប្រធាន ឬតំណាងរបស់ខ្លួនដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ។
លោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាមានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃសុក្រថា ក្រុមការងារចម្រុះថ្មីនេះនឹងរួមចំណែកដល់ការពន្លឿននីតិវិធីបង់ពន្ធដែលនៅមានលក្ខណៈស្មុគស្មាញ ខណៈដែលអង្គការសង្គមស៊ីវិលប្រមាណជាង៥០០តែប៉ុណ្ណោះបានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងឆ្នាំ២០១៨។
«ដោយសារយើងយល់ឃើញថា ការអនុវត្តច្បាប់សារពើពន្ធ វានៅមានបញ្ហាច្រើនជាមួយនឹងអង្គការសង្គមស៊ីវិល បានជាអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលហ្នឹងលោកពិភាក្សាគ្នាដើម្បីរកដំណោះស្រាយរួម។ អ៊ីចឹងហើយបានមានក្រុមការងារបច្ចេកទេសរវាងអង្គការសង្គមស៊ីវិល ហើយនឹងអគ្គនាយដ្ឋានពន្ធដារធ្វើការជាមួយគ្នា»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបាននៅឡើយទេ នៅថ្ងៃអង្គារនេះ។
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីក្រុមការងារចម្រុះធ្វើការលើកិច្ចការពន្ធដារនេះ ធ្វើឡើងតែមួយថ្ងៃក្រោយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន បានផ្តល់ដំបូន្មានដល់តំណាងអង្គការក្រៅរដ្ឋាបាលអន្តរជាតិប្រមាណ៣០០នាក់ ឲ្យគោរពច្បាប់នៅប្រទេសកម្ពុជាដែលកំពុងបង្កើនការអនុវត្តច្បាប់ និងលើកស្ទួយនីតិរដ្ឋ។
ទាក់ទិនបញ្ហាពន្ធដារនេះ រដ្ឋាភិបាលកម្ពុជាត្រូវគេចោទថា បានយកចំណាត់ពន្ធដារនេះមកគាបសង្កត់សារព័ត៌មានឯករាជ្យដែលមានតិចតួចនៅកម្ពុជា ដោយក្នុងនោះមានកាសែត The Cambodia Daily បានប្រកាសបិទទ្វារដោយខ្លួនឯងព្រោះចាងហ្វាងកាសែតនេះអះអាងថា ខ្លួនគ្មានលទ្ធភាពទូទាត់ពន្ធមិនត្រឹមត្រូវដែលមានចំនួនដល់ទៅជាង៦លានដុល្លារសហរដ្ឋអាមេរិក៕