ឆ្នាំ២០១៦កន្លងមកនេះជាឆ្នាំដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បង្កើនការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយមកលើគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គម និងបញ្ញវ័ន្តខ្មែរ ដោយសារតែសង្ស័យថាពួកគេប្រឆាំងនឹងរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស។ នេះបើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
អង្គការ Human Rights Watch ក៏បានបញ្ជាក់បន្ថែមថា៖
«ការរំលោភបំពានទាំងនេះកើតឡើងទំនងជា ដោយសារតែដើម្បីរារាំងមិនឱ្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ឬក៏ដើម្បីបង្កើតនូវលេស ដើម្បីបដិសេធចោលជ័យជម្នះរបស់បក្សប្រឆាំង»។
របាយការណ៍សង្ខេបដែលមាន៥ទំព័រនេះបានលើកឡើងពីករណីសម្លាប់អ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី ដែលជាអ្នករិះគន់រដ្ឋាភិបាល ហើយមិនមានកិច្ចខិតខំប្រឹងប្រែងពិតប្រាកដ ក្នុងការស្វែងរកអ្នកបញ្ជាឃាតករសម្លាប់ឡើយ ហើយក៏បានចាត់ទុកថា ការចោទប្រកាន់មកលើលោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតប្រធានសមាគមគ្រូបង្រៀន និងសមាជិកសហជីពល្បីៗចំនួន១២នាក់ផ្សេងទៀតថា គ្មានមូលដ្ឋានអ្វីពិតប្រាកដទេដោយសារតែកម្មករបានធ្វើបាតុកម្មទាមទារប្រាក់ខែប៉ុណ្ណោះ។
រីឯលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានរារាំងឱ្យនៅនិរទេសខ្លួនក្រៅប្រទេសដោយរដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ និងការគំរាមចាប់ដាក់ពន្ធនាគារ ព្រោះតែការចោទប្រកាន់នានាដែលគេបង្កើតឡើង។ ហើយលោកកឹម សុខា អនុប្រធានគណបក្សបានត្រូវកាត់ទោសក្នុងសំណុំរឿង ដែលគេបង្កើតឡើងទាំងលោកនៅមានអភ័យឯកសិទ្ធិសភា។ នេះបើតាមការលើកឡើងរបស់អង្គការ Human Rights Watch។
របាយការណ៍នេះបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមិនបានស៊ើបអង្កេតករណីពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលទេ បែរជាមកស៊ើបអង្កេតលើសំណុំរឿងនយោបាយដែលធ្វើបាបបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សទៅវិញ។ រីឯអ្នកប្រព្រឹត្តល្មើស ដូចជាមន្ត្រីបីនាក់នៃអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវាយអ្នកតំណាងរាស្ត្រយ៉ាងឃោរឃៅបែរជាជាប់ទោសតែមួយឆ្នាំ ហើយព្យួរទោសទៅវិញដែលនេះ នាំឱ្យមាននិទណ្ឌភាពក្នុងប្រទេសកម្ពុជា។
ប្រទេសម្ចាស់ជំនួយដល់កម្ពុជា ដូចជាសហគមន៍អឺរ៉ុប ជប៉ុន និងចិនជាដើម មិនបានចាត់វិធានការណាជាក់លាក់ក្នុងការដោះស្រាយស្ថានភាពសិទ្ធិមនុស្ស ដែលកាន់តែធ្លាក់ចុះនោះទេ។ នេះបើតាមការសង្កេតរបស់អង្គការ Human Rights Watch៕