លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្ដីបន្ទោសអភិបាលខេត្តរតនគិរីលោក ថង សាវុន ថាបានគេចវេះមិនជួបរដ្ឋមន្ត្រីបីរូបដែលបានចុះទៅធ្វើបេសកកម្មនៅក្នុងខេត្តនេះ ដោយបានភូតកុហកថាជាប់រវល់ប្រជុំជាមួយលោក។
ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាលដែលចូលរួមក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តច្បាប់ចរាចរផ្លូវគោកប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីព្រឹកចន្ទ លោកស ខេង បានលើកឡើងថា រដ្ឋមន្ត្រីបីរូបបានចុះទៅបំពេញបេសកកម្មការងារនៅខេត្តរតនគិរី រួមមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ប៉ុន្តែបែរជាលោក ថង សាវុន មិនបានទទួលជួបរដ្ឋមន្ត្រីទាំងបីរូបនោះទេ។
លោក ស ខេង បានបន្តថា លោកអភិបាលខេត្ត ថង សាវុន បានកុហករដ្ឋមន្ត្រីទាំងបីថា លោកទៅជួបប្រជុំជាមួយរូបលោក តែលោកថាមិនដែលបានជួបប្រជុំជាមួយលោកអភិបាលខេត្តនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនោះទេ។
លោក ស ខេង មានប្រសាសន៍ថា៖
«ប៉ុន្តែគ្រាន់ទៅដល់រតនគិរីនោះ ចៅហ្វាយហ្នឹងថា មិនដឹងថាចៅហ្វាយខេត្ត ឬអ្នកបន្ទាប់មករាយការណ៍ថាមកប្រជុំជាមួយសម្ដេចក្រឡាហោមហើយ។ ហើយខ្ញុំវាមិនដែលឃើញនោះមកប្រជុំជាមួយខ្ញុំប៉ុន្មានថ្ងៃហ្នឹង ខ្ញុំអត់មានប្រជុំផង»។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកអភិបាលខេត្ត ថង សាវុន បានបំពានច្បាប់មន្ត្រីរាជការ និងខកខានមិនបានបំពេញតួនាទីឲ្យបានត្រឹមត្រូវក្នុងនាមជាតំណាងមួយរូបរបស់រដ្ឋាភិបាល។
លោក ថង សាវុន បដិសេធមិនធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះ។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកនៅខេត្តរតនគិរី ប្រាប់ VOA ថា លោក ថង សាវុន ជាអភិបាលខេត្តមួយរូបដែលមានភាពហ្មត់ចត់នៅក្នុងការបំពេញការងាររបស់លោក។
លោកថា អភិបាលខេត្តរូបនេះបាននាំមកនូវទំនើបកម្មនៅក្នុងខេត្តដែលមានប្រជាជនជាជនជាតិដើមភាគតិចជាច្រើនបានរស់នៅ ហើយថា លោកអភិបាលខេត្តក៏បានទប់ស្កាត់មិនឲ្យមានជម្លោះដីធ្លីផងដែរ។
ពាក់ព័ន្ធនឹងការស្ដីបន្ទោសពីលោករដ្ឋមន្ត្រី ស ខេង ទៅលើលោក ថង សាវុន លោក ឆាយ ធី ថ្លែងថា លោកមិនដឹងថាមានបញ្ហាផ្ទៃក្នុងឬយ៉ាងណាទេ រវាងលោកអភិបាលខេត្តនិងរដ្ឋមន្ត្រីទាំងបី។
ប៉ុន្តែ លោក ឆាយ ធី បានបន្ថែមថា ប្រសិនបើលោកអភិបាលខេត្ត ថង សាវុន ពិតជាបានធ្វើខុសដូចការអះអាងរបស់លោក ស ខេង នោះវាជាការបង្ហាញថា លោកមានកម្សោយក្នុងកិច្ចការរដ្ឋបាល ហើយសមនឹងទទួលការស្ដីបន្ទោស។
«ពេលដែលរវល់ហើយ មិនចាត់មន្ត្រីជាតំណាងឬក៏គាត់មិនរវល់ទេ គាត់ថារវល់។ អាហ្នឹងជាការគេចវេះមួយ អាហ្នឹងត្រូវតែទទួលការស្ដីបន្ទោស។ ហើយជាក់ស្ដែង ឧទាហរណ៍ យើងឃើញសារព័ត៌មាន ដែលបានចុះផ្សាយព្រឹកមិញ សម្ដេច ស ខេង គាត់បានស្ដីបន្ទោសហើយ នេះជាការអប់រំមួយដែរទៅដល់មន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្តណា៎ បាទហើយ កុំឲ្យធ្វេសប្រហែសនឹងការងារ។ ឲ្យចេះទទួលខុសត្រូវការងារ ហើយចេះសម្របសម្រួលរវាងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ»។
កាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅ លោក ស ខេង ក៏ធ្លាប់បានស្ដីបន្ទោសអភិបាលខេត្តតាកែវគឺលោក ឡាយ វណ្ណៈ ជាសាធារណៈផងដែរ ដោយលោក ស ខេង អះអាងថា លោក ឡាយ វណ្ណៈ បានរារាំងការហែក្បួនមួយដើម្បីទៅចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំនោះ ដោយមិនមានបញ្ជាពីថ្នាក់លើ។
លោក ថង សាវុន បានឡើងកាន់តំណែងជាអភិបាលខេត្តរតនគិរីជំនួសលោក ប៉ាវ ហមផាន ដែលត្រូវបានផ្លាស់ប្ដូរទៅបម្រើការងារនៅក្រសួងមហាផ្ទៃតាំងពីខែឧសភា ឆ្នាំ២០១៥។
លោក ថង សាវុន ត្រូវគេដឹងថាគឺជាកូនប្រុសលោក ប៊ូ ថង សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជានិងជាក្មួយប្រុសរបស់លោក ប៊ូ ឡាំ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តរតនគិរីផងដែរ៕