អភិបាល​ខេត្ត​ថា ក្រុម​កីឡាករ​​ដែល​បាត់​ខ្លួន​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​រស់​រានមាន​ជីវិត​ក្នុង​រូង​លិច​ទឹក​នៅ​ប្រទេស​ថៃ

សមាជិក​គ្រួសារ​ម្នាក់​បង្ហាញ​រូបភាព​ចុងក្រោយ​របស់​ក្មេង​ដែល​បាត់​ខ្លួន និង​ថត​បាន​ដោយ​ក្រុម​អ្នក​មុជ​ទឹក​នៅ​ខាង​ក្នុង​រូងភ្នំ Tham Luang នៅ​ពេល​ដែល​ក្រុម​អ្នក​មុជ​ទឹក​រកឃើញ​ថា ក្រុម​ក្មេងៗ​ទាំង​នេះ​នៅ​រស់​រាន​មាន​ជីវិត នៅ​ក្នុង​រូងភ្នំ នៅ​ក្នុង​ក្រុង Mae Sai ខេត្ត Chiang Rai កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​កីឡាករ​បាល់​ទាត់​យុវជន និង​គ្រូ​បង្ហាត់ម្នាក់របស់​ដែល​បាន​ជាប់នៅ​ក្នុង​រូង​លិចទឹក​នៅ​ប្រទេស​ថៃ​អស់រយៈ​ពេល​៩​ថ្ងៃ​បាន​ត្រូវ​គេ​រកឃើញ​ថា ​មាន​សុវត្ថិភាព ​នេះ​យោងតាម​លោក​អភិបាល​ខេត្ត​ឈៀងរ៉ៃ។

លោក Narongsak Osottanakorn អភិបាល​ខេត្ត​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​សាទរ​និង​ស្រែក​អបអរ​សាទរ​ថា «យើង​បាន​រក​ឃើញ​ពួកគេ​ទាំងអស់​១៣​នាក់​នៅមាន​សុវត្ថិភាព យើង​នឹង​មើល​ថែទាំ​ពួក​គេ​រហូត​ទាល់​តែ​ពួកគេ​អាច​ដើរ​បាន។ យើង​នឹង​នាំ​យក​ម្ហូប​អាហារ​ទៅ​ឲ្យ​ពួកគេហើយ​និង​វេជ្ជបណ្ឌិត​ម្នាក់​ដែល​អាច​មុជ​ទឹក​បាន។ ខ្ញុំ​មិន​ប្រាកដ​ថា ​ពួកគេ​អាច​បរិភោគ​ចំណី​អាហារ​បាន​នៅពេល​ដែល​ពួកគេ​មិន​បាន​បរិភោគ​អាហារ​មួយ​រយៈ​ហើយ​នោះ»។

ក្រុម​អ្នក​មុជ​ទឹក​ទាហាន​ម៉ារីន​ថៃ​បាន​ប្រកាស​ថា ​ពួកគេ​បាន​ទៅ​ដល់​ច្រក​សំខាន់​មួយ​នៅ​ក្នុងរូង​លិចទឹក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។ មិនមាន​ដំណឹង​មក​ពី​ក្រុមកីឡាករ​បាល់ទាត់​យុវជន​១២​នាក់​ដែល​មាន​អាយុ​ពី​១១​ឆ្នាំ​ទៅ​១៦ឆ្នាំ ​ហើយ​និង​គ្រូ​បង្វឹក​អាយុ​២៥ឆ្នាំ​របស់​ពួកគេ​ ចាប់​តាំង​ពួកគេ​បាន​បាត់​ខ្លួនកាល​ពី​៩​ថ្ងៃ​មុន​មក។

​ពួកមន្ត្រី​និយាយថា ​ពួក​អ្នក​មុជ​ទឹក​បាន​ទៅ​ដល់​កន្លែង​ប្រសព្វ​គ្នា​នៅ​ខាង​ក្នុង​រូង Tham Luang ​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​ភាគ​ខាង​ជើង​ដែល​នៅ​ទី​នោះ​ជា​ច្រក​ផ្លូវ​បំ​បែក​ជា២។

ក្រុម​នោះ​បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ​ខែ​មិថុនា​មក ​នៅពេល​ដែល​ពួកគេ​មិន​បាន​វិលត្រឡប់​មកពី​ការ​ហាត់​បាល់ទាត់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ។ ស្នាម​ពួកគេ​ជិះកង់ ​និង​ស្បែកជើង​បាន​ត្រូវ​គេ​ឃើញ​នៅ​ខាង​ក្រៅ​បរិវេណ​នោះ ​ហើយ​និង​ស្នាមដៃ​នៅ​តាម​ជញ្ជាំងរូង​ភ្នំ។ ទឹកជំនន់​យ៉ាង​ខ្លាំង​មក​ពី​ការ​ធ្លាក់​ភ្លៀងយ៉ាង​ធំ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ខំប្រឹងប្រែង​របស់​ពួក​អ្នក​មុជទឹក​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​ក្រុម​កីឡាករ​បាល់​ទាត់​យុវជន​ទាំង​នោះ៕