រដ្ឋាភិបាល​ នឹង​ពង្រឹង​គណនេយ្យ​ភាព​សង្គម​ ដោយ​ប្រើ​ថវិកា​១៣​លាន​ដុល្លារ សម្រាប់​រយៈ​ពេល​៣ឆ្នាំ

រូបឯកសារ៖ ប្រអប់​សំបុត្រ «គណនេយ្យភាព» ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​សម្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ប្រជាជន​កម្ពុជា​ជាង​៥លាន​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា​​​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ផែនការ​គណនេយ្យ​ភាព​សង្គម​ ដែល​មាន​ថវិកា​ចំនួន​១៣លាន​ដុល្លារ​អាមេរិក ​និង​មាន​រយៈពេល​៣ឆ្នាំ​នេះ។

ក្រសួង​មហាផ្ទៃ​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥​រួមមាន​ អង្គការ​ស្តារ​កម្ពុជា​ អង្គការ​ World Vision​ និង​អង្គការ ​Care​ ជា​ដើម នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ស្ដីពី​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ជា​អ្នក​ទទួល​សេវា​ និង​មន្ត្រី​រដ្ឋាភិបាលមូលដ្ឋាន ​ដែល​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ។ ​

តំណាង​មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​ ទម្លាប់​ពឹង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​ដឹកនាំ ឬ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​ការ​មិន​ផ្ដល់​អាទិភាព​ហិរញ្ញ​វត្ថុ​ដល់​ផ្នែក​សេវា​សាធារណៈ ​គឺ​ជា​បញ្ហា​ចម្បងៗជុំ​វិញ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា។

លោក​ សឿង សារឿន​ ​នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ថា៖

«ដោយសារ​ទម្លាប់​មន្ត្រី​មូលដ្ឋាន​គាត់​ពឹង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ពី​អ្នក​ខាង​លើ។ ​ជា​ធម្មតា​ឲ្យ​មាន​តួនាទី​ មាន​សកម្មភាព​ក៏​ត្រូវ​ការ​កញ្ចប់​ថវិកា​ដែរ ហើយ​យើង​ឃើញ​កញ្ចប់​ថវិកា​ នៅ​មាន​ការ​ផ្គត់ផ្គង់​រឿង​យឺតយ៉ាវ​ ឬ​មិន​គ្រប់ជ្រុងជ្រោយ។ ភាគ​ច្រើន​ថវិកា​ផ្ដល់​ជូន​ឃុំ​ ហ្នឹង​ផ្ដោត​សំខាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ជាង​សេវា​សង្គម»។

​លោក​ សឿង សារឿន ឲ្យ​ដឹងថា​ផែនការ​គណនេយ្យ​ភាពនេះ​ នឹង​ជួយ​លើកកម្ពស់អំណាច​របស់​ពលរដ្ឋ​ដោយ​បង្កើន​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​អំពី​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​ និង​សេវា​កម្ម​នានា​ព្រម​ទាំងជំរុញ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​មាន​ឯករាជ្យ​ភាព​ចំពោះ​ការ​សម្រេចចិត្តលើសកម្មភាព​របស់​ពួកគេ​ក្នុងការ​ផ្ដល់​សេវា​សាធារណៈ។​

លោក​បន្ថែម​ថា ​ផែនការ​គណនេយ្យ​ភាព​នេះ ក៏​នឹង​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ ផ្ដល់​សេវាដែល​មានគុណភាព​ ព្រម​ទាំង​ផ្សព្វផ្សាយ​អំពី​តម្លាភាព​ថវិកា​នៅ​កម្រិត​មូលដ្ឋាន​ថែម​ទៀត​ផង។

លោក​ សឿង​ សារឿន​ ពន្យល់​ថា​ ដើម្បី​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នូវ​គណនេយ្យ​ភាព​ក្នុង​សង្គម​ ការ​ឃ្លាំមើល​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​សេវា​ គឺ​ជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ ក៏ប៉ុន្តែ លោក​ កត់​សម្គាល់​ឃើញ​ថា​ ការ​ចូលរួម​ពី​ពលរដ្ឋ​កម្ពុជា​នៅ​មាន​តិចតួច​នៅឡើយ។

​«កិច្ច​ការ​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​ពលរដ្ឋ។ ការ​ចូលរួម​ពី​ពលរដ្ឋ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មូលដ្ឋាន​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ផង។ ហើយ​ទី​២ជំរុញ​ឲ្យ​គាត់​ទទួល​បាន​យោបល់​ច្រើន​ពី​ពលរដ្ឋ​ក្នុង​ការ​ធានា​នូវ​ការ​បំពេញ​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រសើរ​ក៏ដូចជា​សេវាកម្ម​ទាំង​សុខាភិបាល​ អប់រំ​ គឺ​វា​ឆ្លើយតប​ដល់​ពលរដ្ឋ»។

សកម្មភាព​សំខាន់ៗ​របស់​ផែនការ​គណនេយ្យ​ភាព​នេះ​រួមមាន​ ការ​បណ្ដុះបណ្ដាល​ដល់​តំណាង​ប្រជាពលរដ្ឋ​ មន្ត្រី​មូលដ្ឋាន​ និង​អ្នក​ចូលរួម​ផ្ដល់​សេវា​នានា និង​ការ​ផ្សព្វផ្សាយ​ ហើយ​និង​ធ្វើ​ប័ណ្ណ​ព័ត៌មាន​ពន្យល់​ពលរដ្ឋ​ពី​សេវា​សាធារណៈ​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន។

គម្រោង​នេះ​ ក៏​នឹង​រៀបចំកិច្ច​ពិភាក្សា​រៀង​រាល់​៣ខែ​ម្ដង​រវាង​អ្នក​ផ្ដល់​សេវា​ និង​អ្នក​ទទួល​សេវា​អំពី​បញ្ហា​ប្រឈម​និង​ដំណោះ​ស្រាយនានា​ ព្រម​ទាំង​ការ​បង្កើតគណៈកម្មាធិការ​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​ផែនការ​គណនេយ្យ​ភាព​នេះ​ផង​ដែរ។​

​លោក​ សឿង​ សារឿន​ ដែលជា​អនុ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​បញ្ជាក់​ពី​សកម្មភាព​តាម​ដាន​ផែន​ការ​នេះ​យ៉ាង​ដូច្នេះ៖

«មួយ​ឆ្នាំ កន្លង​មក​នេះ​ យើង​មាន​សង្គម​ស៊ី​វិល​ដែល​នៅ​មូលដ្ឋាន​ចុះ​ទៅ​តាម​ដាន​ការ​អនុវត្តផែន​ការ​គណនេយ្យ​ភាព​ហ្នឹង។ ជា​រួម​ឃើញ​សេវា​ដែល​ផ្ដល់​ដោយ​រដ្ឋ​មាន​ភាព​ប្រសើរ​ឡើង។ ឧទាហរណ៍​មាន​បុគ្គលិក​មណ្ឌល​សុខភាព ស្នាក់​នៅ​មណ្ឌល​២៤​ម៉ោង​ដូច​កំណត់​ក្នុង​គោលការណ៍​អញ្ចឹង។​ ហើយ​ទី២​ ពលរដ្ឋ​ដឹង​ពី​តម្លៃ​សេវា​ ដូច​ជា​សេវា​នៅ​មណ្ឌល​សុខភាព»។​

ថ្លែង​នៅ​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នា​ព្រឹក​នេះ លោក​ ងី ច័ន្ទ្រផល​ រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ លើក​ឡើង​ថា​ការ​កែលំអ​ឥរិយាបថ​របស់​អ្នក​ផ្ដល់​សេវា​ និង​ការ​រៀបចំ​ឲ្យ​មាន​សំឡេង​ចូលរួម​ពី​ពលរដ្ឋ គឺផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល។​

លោក ​ ងី​ ច័ន្ទ្រ​ផល​ ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ផង​នោះ​ បន្តថា​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​នេះ​ គឺ​ដើម្បី​ពង្រឹង​សុខមាលភាព​ជីវភាព​រស់​នៅ​ និង​ធានា​ការ​ផ្ដល់​សេវា​សាធារណៈ​ជូនពលរដ្ឋ​កម្ពុជា​ រួមមាន​ជា​អាទិ៍ ​សេវា​អប់រំ​នៅ​សាលារៀន​ សេវាសុខភាព​ និង​សេវា​ឃុំ​ដូច​ជា​ការ​ធ្វើ​លិខិត​បញ្ជាក់​កំណើត​ ឬ​លិខិត​បញ្ជាក់​នានា​ជា​ដើម។

«គណនេយ្យ​ភាព​សង្គម​នេះ​គឺ​ជា​ ដំណើរការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រជាពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។​ យើង​ទទួលស្គាល់​ការ​ចូលរួម​របស់​ពលរដ្ឋ​ គឺ​ជា​សិទ្ធិ​កាតព្វកិច្ច​ និង​ករណីយកិច្ច​មួយ​ដ៏​សំខាន់​ក្នុង​សង្គមមិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ជំរុញ​ការ​ឈាន​ឡើង​នៃ​ការ​ភាព​គ្រប់ជ្រុងជ្រោយ​នៃ​ការ​អភិវឌ្ឍ»។

ប្រជាជន​កម្ពុជា​ជាង​៥លាន​នាក់ រួម​ទាំង​ស្ត្រី កុមារ​ ជនជាតិ​ភាគ​តិច និង​ប្រជាជន​ក្រីក្រ​ មកពី​១៩​ខេត្ត​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ផែនការដែល​មាន​ថវិកា​ចំនួន​១៣លាន​ដុល្លារ​អាមេរិក និង​មាន​រយៈពេល​៣ឆ្នាំ​រាប់​ចាប់​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

កន្លង​មក​ ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​កម្ពុជា​ បាន​រង​ការ​រិះ​គន់​ថា​មាន​អំពើ​ពុក​រលួយ​ និង​មាន​ភាព​យឺត​យ៉ាវ​ ដោយមន្ត្រី​ថ្នាក់​មូលដ្ឋាន​មិន​បាន​បំពេញ​តួនាទី​ខ្លួន​ឯង​ឲ្យ​បាន​ពេញ​លេញ​ជា​ដើម៕