ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកំពុងតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាពពោះកូនជំនួស ក្រោយពីអាជ្ញាធរបានបង្ក្រាបការផ្ដល់សេវានេះកាលពីឆ្នាំមុន។
Your browser doesn’t support HTML5
ក៏ប៉ុន្តែ ពួកគេនៅមិនទាន់បញ្ជាក់បានថាតើសេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់ភាពស្របច្បាប់ដល់សេវានេះឬយ៉ាងណានោះទេ។
ការតាក់តែងច្បាប់នេះធ្វើឡើងក្រោយពីអាជ្ញាធរបានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់និងពលរដ្ឋខ្មែរ២នាក់កាលពីឆ្នាំមុន ដោយសារពួកគេបានផ្ដល់សេវានេះ ខណៈកម្ពុជានៅមិនទាន់មានច្បាប់គ្រប់គ្រងសេវាពពោះកូនជំនួសនេះនៅឡើយ។
ពួកគេទាំង៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរដោយចោទពីបទ «ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ក្រសួងកិច្ចការនារី កំពុងដឹកនាំការតាក់តែងច្បាប់គ្រប់គ្រងសេវាពពោះកូនជំនួសឲ្យគេនេះ។
ទោះយ៉ាងណា លោក ម៉ម ប៊ុនហេង មិនឆ្លើយសំណួររបស់ VOA ជាច្រើនដង ដែលសួរថាតើច្បាប់នេះ មានបំណងធ្វើឲ្យសេវាដែលប្រជាពលរដ្ឋខ្មែរពុំសូវស្គាល់នេះ មានភាពស្របច្បាប់ឬក៏យ៉ាងណានោះឡើយ។
លោក ម៉ម ប៊ុនហេង គ្រាន់តែបញ្ជាក់ថា ច្បាប់ថ្មីនេះមានបំណងទប់ស្តាត់ការជួញដូរមនុស្ស។
«សំខាន់បំផុត គឺការពារការជួញដូរហ្នឹងហើយ ធ្វើម៉េចកុំឲ្យមានការជួញដូរហ្នឹងហើយបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននៅឡើយទេនៅយប់ថ្ងៃសុក្រនេះ។
ទោះយ៉ាងណា លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដី ក្រោយជំនួបរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Lene Kroll Christiansen តំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិហៅកាត់ថា (UNFPA) កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា កំពុងធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីធ្វើឲ្យសេវាពពោះកូនជំនួសនេះស្របច្បាប់។
ក៏ប៉ុន្តែនៅពេល VOA សុំការបញ្ជាក់ឡើងវិញ នៅព្រឹកថ្ងៃសុក្រនេះ លោក ជុំ សុន្ទរី ពុំបានបញ្ជាក់ឲ្យច្បាស់ថា តើការពពោះកូននេះ នឹងត្រូវបានធ្វើឲ្យស្របច្បាប់នោះឡើយ។
«តែបញ្ហាហ្នឹង អត់មានខ្លឹមសារអីវែងទេ គ្រាន់ថាបានជម្រាបជូនតំណាងរបស់ UNFPA អំពីការត្រៀមរៀបចំ របស់បណ្ដាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើច្បាប់រៀបចំតាក់តែងច្បាប់ ស្តីអំពីការពពោះជំនួស»។
ក្រុមប្រឹក្សាភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួស ឈ្មោះថា Sensible Surrogacy ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីឆ្នាំ២០១៦ថា ភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួសនៅប្រទេសកម្ពុជានិងថៃ បានផ្លាស់ប្ដូរអាជីវកម្មរបស់ពួកគេទៅកាន់ប្រទេសឡាវ។
ក៏ប៉ុន្តែ ក្រុមប្រឹក្សាដដែលនេះ បានព្យាករណ៍ថា ប្រទេសឡាវក៏នឹងរឹតបន្តឹងសេវាពពោះកូនជំនួសនេះក្នុងពេលឆាប់ៗផងដែរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្សនិងផ្លូវភេទលើស្ត្រីនិងកុមារ ដែលចូលរួមតាក់តែងសេចក្ដីព្រាងច្បាប់នេះប្រាប់ VOA នៅថ្ងៃសុក្រនេះថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើង ដើម្បីដោះស្រាយករណីបង្ក្រាបរបស់អាជ្ញាធរទៅលើស្ត្រីអូស្ត្រាលីដែលផ្ដល់សេវាពពោះកូននេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី មិនទាន់អាចបញ្ជាក់បានថា សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់ការអនុញ្ញាតឲ្យសេវានេះដំណើរការទៅដោយស្របច្បាប់ឬយ៉ាងណានោះទេ។
«ចំពោះករណីនោះគឺ រហូតទាល់តែមានច្បាប់ចេញ ប៉ុន្តែមិនមែនមានន័យថា យើងបើកសិទ្ធិគ្រប់គ្រាន់ទូលំទូលាយ ឲ្យប្រទេសខ្មែរហ្នឹង ក្លាយទៅជាកន្លែងផ្ដល់សេវាពពោះ គេហៅជំនួសហ្នឹង ដើម្បីនាំទារកចេញនោះទេ»។
លោក ស្រី ជូ ប៊ុនអេង បញ្ជាក់បន្តទៀតថា រដ្ឋាភិបាលមិនទាន់សម្រេចថានឹងដាក់ឈ្មោះលើសេចក្ដីព្រាងច្បាប់ថ្មីនោះយ៉ាងណាឡើយ។
លោកស្រីមានប្រសាសន៍ថា ក្រសួងយុត្តិធម៌នឹងពិនិត្យពិចារណាលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។
ស្ថាបនិកគ្លីនិកព្យាបាល FertilitySolutions PGD របស់ស្ត្រីជនជាតិអូស្ត្រាលីឈ្មោះ Davis-Charles ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ បានផ្លាស់ប្ដូរអាជីវកម្មរបស់ខ្លួនពីប្រទេសថៃមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥។
ការផ្លាស់ប្ដូរនេះគឺនៅពេលដែលរដ្ឋាភិបាលយោធានៅប្រទេសថៃ បានបិទគ្លីនិកពពោះកូនជំនួសនៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់កម្ពុជានេះ។
គ្លីនិករបស់អ្នកស្រី Davis-Charles បានយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនប្រហែល ៥០.០០០ដុល្លារអាមេរិក និងបានបង់ប្រាក់ចន្លោះពី ១០.០០០ ទៅ ១២.០០០ដុល្លារអាមេរិក ដល់ស្ត្រីពពោះកូនជំនួស ដែលមានចំនួន៥នាក់។
លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងបន្ថែមថា ក្រៅពីគ្លីនិករបស់អ្នកស្រី Davis-Charles មានគ្លីនិកមួយចំនួនទៀត ក៏បានផ្ដល់សេវាពពោះកូនជំនួសនេះផងដែរ។
ទោះយ៉ាងណា លោកស្រីថា អាជ្ញាធរមិនបានចាប់ខ្លួនក្រុមណាផ្សេងទៀត ដែលផ្ដល់សេវាពពោះកូនក្រៅពីក្រុមរបស់អ្នកស្រី Davis-Charlesនោះឡើយ ដោយអ្នកស្រីបានអះអាងថា ក្រុមអន្តរការីដែលផ្ដល់សេវានេះផ្សេងទៀត បានគេចនិងលាក់ខ្លួនពីអាជ្ញាធរ ក្រោយមានការបង្ក្រាប។
លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) ជំទាស់នឹងការធ្វើឲ្យសេវានេះស្របច្បាប់ ដោយហេតុថា ស្ត្រីខ្មែរមិនយល់ច្រើនពីលក្ខខណ្ឌស្មុគស្មាញរបស់សេវានេះទេ និងមិនទទួលបានប្រយោជន៍ច្រើននោះឡើយ។
«បើយើងមើលតែភ្លាមទៅយើងឃើញថា ស្ត្រីនឹងទទួលបានផលប្រយោជន៍។ ប៉ុន្តែបើយើងវិភាគយើងមើលឲ្យជ្រៅជាងនេះ គឺគាត់ហ្នឹងអត់បានស្អីសម្រាប់ជីវិតគាត់ទេ ដោយសារថា យើងគិតឃើញ យើងមើលឃើញថា ឆ្លងទន្លេ នៅពេលគាត់សម្រាល។ ខ្មែរយើងថាឆ្លងទន្លេហ្នឹង គឺវាប្រថុយប្រថាន នឹងការស្លាប់រស់ហ្នឹង។ ហើយមួយទៀត យើងមានករណីដូចក្នុងប្រទេសថៃអញ្ចឹង។ នៅពេលដែលកូនមានពីរ ហើយមួយល្អ មួយអត់ល្អ អញ្ចឹង ឪពុកម្ដាយដែលគេជួលពពោះហ្នឹង គេយកល្អបាត់ទៅ ហើយនៅអត់ល្អហ្នឹង គឺនៅស្ត្រីហ្នឹង ជាអ្នកទទួលខុសត្រូវ។ អញ្ចឹងជាបន្ទុករបស់គាត់ហើយ»។
លោកស្រី រស់ សុភាព បន្តថា មានផលវិបាកជាច្រើនផ្សេងទៀតដែលកើតចេញពីការផ្ដល់សេវាពពោះនេះដូចជា ទំនាស់ក្នុងគ្រួសាររវាងប្ដីនិងប្រពន្ធដែលត្រូវបានគេជួលឲ្យពពោះ និងជំងឺផ្លូវចិត្តក្រោយពេលសម្រាលកូនជាដើម។
លោកស្រីបន្ថែមថា ស្ត្រីដែលត្រូវបានគេជួលឲ្យពពោះនោះ មិនទទួលបានប្រយោជន៍ច្រើនជាង អ្នកធ្វើអាជីវកម្មលើសេវានេះឡើយ៕