រដ្ឋាភិបាល​ពិភាក្សា​ប្រកាស​អំពី​បម្រាម​ការងារ​លើ​ជន​បរទេស នៅ​ខែក្រោយ

រូបឯកសារ៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ថ្លែង​បើក​ការប្រជុំ​ត្រី​ភាគី​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

រដ្ឋាភិបាល​រំពឹង​ថា ក្រុម​ការងារ​អន្តរ​ក្រសួង​នឹង​ចាប់​ផ្តើម​ពិភាក្សា​អំពី​ប្រកាស​ស្តីពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ជន​បរទេស​ប្រកប​ការងារ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​សីហា​ខាង​មុខ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​​​មាន​ទស្សនៈ​ចម្រុះ​ចំពោះ​គោលការណ៍​របស់​រដ្ឋាភិបាល​នេះ។

ជន​បរទេស​នឹងមិន​អាច​រត់​តាក់ស៊ី ​មិន​អាច​រត់រ៉ឺម៉ក​កង់​បី​ ឬ​ទុកទុក​ (tuk tuk)​ មិន​អាចលក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ​ឬក៏​ការ​ប្រកបអាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន។​

ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈគ្រោង​នឹង​ដាក់​ប្រកាស​ស្តីពី​ការ​កំណត់​មុខ​របរ​លើ​ជន​បរទេស​នេះ​សម្រាប់ពិភាក្សា​ជាមួយ​អន្តរ​ក្រសួង​នៅ​ដើមខែ​សីហា​ខាង​មុខ​នេះ។ ​នេះ​បើ​យោង​តាម​លោក​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ ​VOA តាមបណ្តាញ​ទំនាក់​ទំនង​សង្គម​ WhatsApp​ ​លោក​ហេង សួរ​ឲ្យ​ដឹង​ថា​ ​ប្រកាសនេះ​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេសប្រកប​របរ​រក​ស៊ី​ប្រមាណ​ជា​១០​ប្រភេទ។​

លោក​បញ្ជាក់​បន្ថែម​ថា​ ក្នុង​ពេល​នេះ​ ក្រសួង​ការងារ​កំពុង​ព្រាង​ប្រកាស​នោះ។​ ហើយប្រកាស​នេះ​អាច​នឹង​ឆ្លង​អន្តរ​ក្រសួង​នៅ​សប្តាហ៍​ទី១ខែ​សីហា​ ​មុន​នឹងឆ្លង​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ដែល​រួមមាន​វិស័យ​ឯកជន​ផង​ដែរ នៅ​សប្តាហ៍​ទី​២​ខែនោះ។

លោក​ហេង សួរមិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​នោះ​ទេ។​ ប៉ុន្តែ​បណ្តាញ​ផ្សព្វ​ផ្សាយ​នានា​បាន​ស្រង់​សម្តីលោក​ថា​ ​ ប្រកាស​ដែល​នឹង​ចេញ​ឲ្យប្រើ​ប្រាស់​ក្នុង​ពេល​ខាង​មុខ​ក៏​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេស​កាន់​មុខ​តំណែងជា​អ្នក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស ​ឬ​ផ្នែក​រដ្ឋ​បាល​នៅ​តាម​សហ​គ្រាស ​ឬ​ក្រុម​ហ៊ុន​ឯកជន​នោះ​ទេ។​

មាន​ជន​បរទេស​ចំនួន​ជាង​១៦​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា។​ ពួក​គេ​មក​ពី​ប្រទេស​ចំនួន​៩៣។​ ក្នុង​ចំណោម​ជន​បរទេស​ទាំង​នេះ​មាន​ជនជាតិ​ចិន​ជាង​១០​ម៉ឺន​នាក់។ ​ក្រៅពី​នោះ​មាន​វៀតណាម​ ហ្វីលីពីន ​ថៃ​ ឥណ្ឌូណេស៊ី ​តៃវ៉ាន់​ ម៉ាឡេស៊ី ​កូរ៉េ​ខាងត្បូង ​ឥណ្ឌា​និង​ជនជាតិ​អង់គ្លេស​ជាដើម។​

លោក​ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​យល់​ថា​ រដ្ឋាភិបាល​កម្ពុជាគួរ​ផ្តោត​ការ​យកចិត្ត​ទុកដាក់លើ​ការ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ជាងហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ដណ្តើម​ការងារ​ និង​មុខរបរ​តូច​តាច​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«ការ​ហាម​ឃាត់​ប្រភេទ​មុខ​របរ​ហ្នឹង​ វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។​ ដំណោះ​ស្រាយ​ដែល​សំខាន់​ហ្នឹង​ថា​ តើ​ជន​បរទេស​ដែល​មក​ស្រុក​ខ្មែរ​ហ្នឹង​ គាត់​អាច​មាន​នូវ​ក្រប​ខណ្ឌ​គតិ​យុត្ត​ផ្លូវ​ច្បាប់​ដែល​មក​ស្រុក​ខ្មែរ​ហ្នឹង​ ​ធ្វើ​ការងារ​ ហើយ​ឲ្យ​មាន​ការ​ធានា​ថា​ រាល់​គ្រប់​ជន​បរទេស​ទាំង​អស់​ ដែល​គាត់​មក​ធ្វើ​ការងារ​ហ្នឹងត្រូវ​មាន​កាតព្វ​កិច្ច​នៅ​ក្នុង​ការ​បង់​ពន្ធ​អី​ចឹង»។​

លោក​ វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​ថា ​IDEA ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​ធ្វើ​ជា​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេស​ដណ្តើម​ការងារ​ ​និង​មុខ​របរ​តូច​តាច​របស់​ពលរដ្ឋ​កម្ពុជា​ ដូច​អ្វី​ដែល​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី​បាន​ធ្វើ​នោះ។​

«នៅ​ម៉ាឡេ​អី​ គេ​មាន​ច្បាប់​គេគឺ​ជន​បរទេសមិន​អាច​ប្រកប​មុខ​របរ​ ឧទាហរណ៍​ថា​ គេ​មាន​កិច្ច​សន្យា​ធ្វើ​ការ​រោងចក្រ​ គឺ​ធ្វើ​ការ​រោង​ចក្រ​ ទៅ​ធ្វើ​ការ​តាម​ផ្ទះគឺ​ធ្វើ​ការ​តាម​ផ្ទះ​ មិន​អាច​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ​ណា​ ប្រកប​មុខ​របរ​លក់​ដូរ ​ដូច​ជា​ជន​ជាតិ​ម៉ាឡេ​បាន​ទេ»។​

នៅ​ក្រសួង​មហា​ផ្ទៃ ក្នុង​ការ​ប្រកាស​លទ្ធផល​ស្តីពី​ការ​គ្រប់គ្រង​ឯកសារ​ស្នាក់​នៅ ​និង​រស់​នៅ​របស់​ជន​អន្តោប្រវេសន៍​ កាលពី​ថ្ងៃ​ពុធ​ លោកនាយ​ឧត្តម​សេនីយ៍គៀត ច័ន្ទថារិទ្ធ​ អគ្គនាយក​ ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែងថា​ ក្រសួង​មិន​ទាន់​បាន​តម្រូវឲ្យ​ធ្វើ​បណ្ណការងារ​របស់​ជន​បរទេសអន្តោប្រវេសន៍​នៅ​ឡើយ​ទេ​នៅ​ក្នុង​ពេល​នេះ ដោយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ការ​គ្រប់​គ្រងការ​ស្នាក់​នៅ​របស់​ពួក​គេ​ជា​មុន​សិន៕