រដ្ឋាភិបាល​បង្ហាញ​ភាព​វិជ្ជមាន​ក្នុង​ដោះស្រាយ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​​ក្រុមហ៊ុន​ផលិត​ស្ករស​ក្នុង​ស្រុក

រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹង​ថា​ វិវាទ​ដីធ្លី​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​ ​ខណៈ វិវាទ​ខ្លះ​ត្រូវ​បាន​ទាត់​ចោល​ដោយសារ​គ្មាន លក្ខខណ្ឌ​គ្រប់គ្រាន់។​​ ទំនាស់​ដីធ្លី​បាន​ធ្វើ​ឲ្យការ​នាំ​ស្ករ​ស​ចេញ​​ធ្លាក់​ចុះ​យ៉ាង​គំហុក។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ភាព​វិជ្ជមាន​របស់​ខ្លួន​ប្រាប់​មេ​ដឹកនាំ​ស្ថាន​បេសក​កម្ម​ការទូត​របស់​សហភាព​អឺរ៉ុប​ ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជាច្រើន​ ​ដែល​ផ្តើម​ឡើង​ពី​ដំណាំ​អំពៅ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ ​រួម​មាន​ខេត្ត​កោះកុង​ ​កំពង់ស្ពឺ​ ព្រះវិហារ​ និង​ខេត្ត​ឧត្តរ​មានជ័យ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​ និង​សំណង់​ ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពីថ្ងៃ​អង្គារ​ និង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​តំណាង​ប្រជា​ពល​រដ្ឋ។

ការ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការ​បញ្ចប់​ទំនាស់​ដីធ្លី​នានា​នេះ​បាន​កើត​មាន​ឡើង​ ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​របស់អង្គការ​សមធម៌​កម្ពុជា ដែល​ធ្វើការតស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ដីធ្លី។​ ​ការ​ផ្អាក​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ឡើង​ ​ដោយ​យោង​តាម​បណ្តឹង​របស់​ពល​រដ្ឋ​មួយ​ក្រុម​ ​ដែល​ចោទ​ថា​ ​អង្គការ​នេះ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ច្បាប់។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី ​ចុះថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​ ២០១៧​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​វិវាទ​រវាង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ ​ហេង ហ៊ុយ​ ​ក្រុមហ៊ុន​ Koh Kong Plantation Co., Ltd. ​និង​ក្រុមហ៊ុន​ Koh Kong Sugar Industry Co., Ltd.​ ក្នុង​ខេត្ត​កោះកុង ​ ​វិវាទ​ប្រជាជន​ចំនួន ​១៧​គ្រួសារ​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ ​ហេង ហ៊ុយ​ ត្រូវ​បាន​ដោះស្រាយ​ និង​បន្ត​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៩គ្រួសារ​ដែល​នៅ​សល់។​ ក្នុង​ខេត្ត​នេះ​ ​រដ្ឋាភិបាលនឹង​ធ្វើការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​ពលរដ្ឋ ១៧១​គ្រួសារ​ ដែល​បាន​ប្តឹង​ទៅ​សហគមន៍​អឺរ៉ុប។​ ​រដ្ឋាភិបាល​ក៏​នឹង​បន្ត​យក​វិវាទ​ទាក់ទង​ពលរដ្ឋជាង​១០០​គ្រួសារ​ផ្សេង​ទៀត​មក​ពិនិត្យ​ និង​ស្វែង​រក​ដំណោះ​ស្រាយ។​

សម្រាប់​ខេត្ត​ចំនួន​បី​ទៀត​ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ដោះស្រាយ​វិវាទ​ជូន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ផង​ដែរ​ ក្នុង​នោះ​នៅ​ខេត្ត​ឧត្តរ​មានជ័យ។​ នៅ​អំឡុង​ឆ្នាំ​ ២០០៨​ ដល់២០០៩​ ​ប្រជាពល​រដ្ឋ​ចំនួន​១.៥៣៣​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​ដំណាំ​អំពៅ​ ទទួល​បាន​ការ​ដោះស្រាយ​រួច​ ដោយ​ពួកគេ​ទទួល​បាន​ដី​សរុប​ទំហំ ២.៧៨៣​ហិកតា​ ​ហើយ​បាន​ចូល​រស់​ និង​អាស្រ័យ​ផល​រហូត​មក។

ក្រៅពីការ​ស្វែងរក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទដីធ្លី ​រដ្ឋាភិបាល​ក៏​បាន​ច្រាន​ចោល​វិវាទ​ទាក់ទង​ពលរដ្ឋជាង​២០០​គ្រួសារ​នៅ​ខេត្ត​កោះកុង ​ ដោយសារ​មិន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ ​ហើយរដ្ឋាភិបាល​ក៏​បាន​ច្រាន​ចោល​វិវាទ​ទាក់ទង​ពលរដ្ឋជាង​២០០​គ្រួសារ​ផ្សេង​ទៀត​នៅ​ខេត្ត​ព្រះ​វិហារ​ ដោយមិន​មានការ​បញ្ជាក់​ពី​ហេតុផល។

ក្នុង​សេចក្តី​សន្និដ្ឋាន​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ក្រសួង​រៀបចំ​ដែន​ដី​ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​ ​បាន​សរសេរ​ថា៖

«សហគមន៍​អឺរ៉ុប​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ អបអរ​សាទរ​ និង​បន្ត​សហការ​ដោះស្រាយ​បញ្ចប់​ទាំង​ស្រុង​នូវ​វិវាទ​រវាង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ដំណាំ​អំពៅ​ផលិត​ស្ករ​នាំ​ចេញ​ ដែល​នៅ​សេស​សល់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៣​ ​គឺ​ខេត្ត​កោះកុង​ ​ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​ព្រះវិហារ»។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​ក្រសួង​រៀបចំ​ដែន​ដី​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ ​George Edgar ​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​ ​បាន​អនុញ្ញាត​ ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ បាន​ដឹង​អំពី​ដំណើរ​ការ​ស្វែងរក​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា​នានា​ ​ដែល​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ស្ករស​ពី​កម្ពុជា​ធ្លាក់​ចុះ។​ ​លោក​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ការ​នាំចេញ​ស្ករ​ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ៦៤.៨០០​តោន​នៅ​ឆ្នាំ​ ​២០១៣​ មក​នៅ​ត្រឹម​ ៣.៤០០​តោន​នៅ​ឆ្នាំ​ ២០១៥។​

«ខ្ញុំ​គិត​ថា​ ​ការ​ធ្លាក់​ចុះ​នេះគឺ ​ដោយសារ​តែ​ភាគី​អ្នក​ទិញ​មាន​ក្តី​បារម្ភ​ជា​ច្រើន​អំពី​បញ្ហា​ជាក់​លាក់​ជា​ច្រើន​ដែល​ពួក​យើង​កំពុង​ព្យាយាម​ដោះ​ស្រាយ​នៅ​ទីនេះ»។

លោក​ ​George Edgar​ ​បាន​បញ្ជាក់​ VOA​ ​បន្ថែម​តាម​សារ​អេឡិចត្រូនិក​ ឬ​ ​email​ ​ថា​ ​សហ​ភាព​អឺរ៉ុប​ស្វាគមន៍​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង​សំណង់ ​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ពិភាក្សា​ និង​បាន​ពន្យល់​អំពី​ដំណើរការ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​ទាំង​នោះ។​

លោក​ ​George Edgar​ ​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​សហភាព​អឺរ៉ុប​បាន​យក​មក​ពិចារណា​ និង​បន្ត​តាមដាន​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។​ យើង​សង្ឃឹម​ថា​ ដំណើរ​ការ​បច្ចុប្បន្ន​អាច​នាំ​មក​នូវ​លទ្ធផល​មួយ​ដែល​អាច​ទទួល​យក​បាន ​សម្រាប់​អ្នក​ពាក់​ព័ន្ធ​នានា​ ជា​ពិសេស​បំផុត​នោះ​គឺ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​តែ​ម្តង»។​

លោក ​George Edgar​ បាន​មើល​ឃើញ​ពី​សារៈ​សំខាន់​នៃ​តួនាទី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ ក្នុង​នោះ​មាន​អង្គការ​សមធម៌​កម្ពុជា​ ដែល​បាន​ចួលរួម​ធ្វើការ​លើ​បញ្ហា​ទំនាស់​ដីធ្លី​នេះ។ ​យ៉ាង​ណា​មិញ​ លោក​ឯក​អគ្គរដ្ឋទូត​មិន​ធ្វើការ​អធិប្បាយ​លើ​ការ​ផ្អាកប្រតិបត្តិការ​របស់អង្គការ​សមធម៌​នោះ​ទេ។​

ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ដាំ​ដំណាំ​អំពៅ​ និង​ផលិត​ស្ករស​ បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ ដោយសារ​ក្រុមហ៊ុន​ ដែល​ពលរដ្ឋ​ចោទ​ថា បំពាន​សិទ្ធិ​ដី​ធ្លី​របស់​ពួកគាត់​ មិន​ព្រម​ស្វែង​រក​ដំណោះស្រាយ​ ឬ​ផ្តល់​សំណង​មិនសម​ទៅ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។​ ជារឿយៗ​ ​គេ​ក៏​បាន​ឃើញ​ប្រជា​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ហើយ​ប្រឈម​ជាមួយ​នឹង​អាជ្ញាធរ។

លោក​អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ នៅ​ខេត្តកោះ​កុង​ បាន​ប្រាប់​ VOA ​ថា​ នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​នេះ​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ផលិត​ស្ករ​ ហាក់​មាន​ភាព​សកម្ម​ជាង​គ្រា​មុន​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។ ​មន្ត្រី​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​បារម្ភ​អំពី​ការ​ធ្លាក់​ចុះប្រជា​ប្រិយភាពរបស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ ទើប​ក្រុម​មន្ត្រីស្វះស្វែង​ ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​ដោះស្រាយ​នៅ​តាម​មូលដ្ឋាន​នានា។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ អ៊ិន គង់ជិត​ មាន​ប្រសាសន៍​ថា​ ក្រុម​ប្រជា​ពល​រដ្ឋ​នៅ​តាម​ឃ្លាំ​មើល​សកម្ម​ភាព​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ ហើយ​ថា​ ទំនាស់​អាច​បញ្ចប់​បាន​ប្រសិន​បើ​ពលរដ្ឋ​ពិត​ជា​បាន​ដី​ ដោយ​មាន​ភ្ជាប់​លិខិត​កម្មសិទ្ធិ​ដីធ្លី​ត្រឹមត្រូវ។​

«ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០០៨​ ​ ការបោះឆ្នោត​នៅ​ ២០១៣​ ​ យើង​មិន​ឃើញ​មាន​ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ របស់​ក្រសួង​ចុះទៅ​សស្រាក់​សស្រាំ​ក្នុង​ការ​ដោះ​ស្រាយ​ ដូច​នេះ​ទេ។ ​ដោយឡែក​នៅ​ក្នុង​ការ​ដែល​រៀបចំ​បោះឆ្នោត​ នៅ​ក្នុង​អាណត្តិ​ខាង​មុខ​នេះ​ ២០១៨​នេះ​ ​ យើង​ឃើញ​ក្រសួង​ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ​ បាន​ខំ​ប្រឹងប្រែង​ បង្កើត​គណៈ​កម្មការ​ក្រុម​ការងារ​ដើម្បី​ចុះ​ ដោះស្រាយ​បញ្ហា​ដី​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ យើង​អត់​ឃើញ​មាន​អ្វី​ជា​លទ្ធផល​ ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ​ បាទ។ ​ អីចឹង​ប្រហែល​ជា​ដើម្បីការ​ពារ​ប្រជា​ប្រិយភាព​របស់​ខ្លួន ​ដើម្បី​ស្វែង​រក​ប្រជា​ប្រិយភាព​របស់​ខ្លួន​ហ្នឹង​ គឺ​រដ្ឋាភិបាល​ និង​ក្រសួង​ចាប់​ផ្តើម​មមាញឹក​ដើម្បី​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន ទាក់​ទាញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​គាំទ្រ​វិញ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ ​នៅ​ថ្ងៃ​ពុធ​នេះ។​

អ្នកស្រី​ ផាវ ញើង​ តំណាង​ពល​រដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង​ ដែល​បាន​តស៊ូ​ជាច្រើន​ឆ្នាំ​ប្រឆាំង​នឹងការ​រំលោភ​បំពាន​ដីធ្លី​ ពី​អ្នក​មាន​លុយ​ម្នាក់​គឺ​លោក​ ហេង ហុយ​ បាន​ប្រាប់​ VOA ​ថា​ ដី​លំនៅ​ដ្ឋាន​របស់​អ្នកស្រី​ និង​ពលរដ្ឋ​ចំនួន​ជាង​១០គ្រួសារ​ទៀត​ នៅ​ស្រុក​ស្រែ​អំបិល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ដោយ​មាន​ការ​ព្រម​ព្រាង​ពី​លោក​ ហេង​ ហុយ។ យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​និយាយ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​នៅ​កំពុង​រង់​ចាំ​ការ​ចេញ​ប្លង់​ដី​ និង​បណ្ណ​កម្ម​សិទ្ធិដែល​បញ្ជាក់​ថា​ ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​កន្លង​មក​ត្រូវ​បាន​ដោះ​ស្រាយ​ទាំងស្រុង។ ​អ្នកស្រី​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ទម្រាំ​ទទួល​បាន​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​ ក្រុម​ប្រជា​ពលរដ្ឋ​ និង​អ្នកស្រី​បាន​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវច្បាប់​របស់​តុលាការ​ និង​ការ​គំរាម​កំហែង​នានា។

«អីចឹង​៨​ឆ្នាំ​កន្លង​ផុត​ទៅ​ មក​ដល់​ឆ្នាំ​នេះ​ គឺ​ខ្ញុំ​ទទួល​រង​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ ដូច​ជា​ ជីវភាព​គ្រួសារ​ធ្លាក់​ដុនដាប​ ក្រីក្រ​ ហើយ​កូន​មិន​បាន​ចូល​សាលា​បាន​ពេញលេញ។​ ទី​បំផុត​ ពួក​យើង​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​ដី​ ​ហើយ​ថែម​ទាំង​បឹ្តង​យើង​ពី​បទ​ព្រហ្មទណ្ឌ​ ក៏​ដូច​ជា​អ្នក​ផ្សេងៗ​ គេ​ប្តឹង​អំពី​ឲ្យ​រុះផ្ទះ​ រុះ​សម្បែង​អីចឹង។​ ពួកខ្ញុំ​វេទនា​ណាស់​ទម្រាំ​ទទួល​បាន​ដំណោះ​ស្រាយ​ដី​ជាមួយ​ឧកញ៉ា​ហេង ហុយ​នេះ»។​

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​ដែនដី​នា​ថ្ងៃ​អង្គារ​កន្លង​ទៅមាន​ការ​ចូល​រួម​ពី​មន្ត្រី​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ តំណាង​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត។

លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​គម្រោង​អនុគ្រោះ​ ដែល​មាន​ឈ្មោះ​ថា​ ​«អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ»​ ឬ Everything But Arms (EBA) នោះ​ ​មិន​មាន​ការ​កំណត់​កូតា​ ឬ​ការ​រឹត​បន្តឹង​ខាង​ពន្ធ​ សម្រាប់​ការ​នាំ​ស្ករស​ចេញ​ពី​កម្ពុជា​ទេ។​ គម្រោង​នេះ​អនុញ្ញាត​ឲ្យ​កម្ពុជា​ និង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ មាន​លទ្ធភាព​នាំ​ទំនិញ​គ្រប់យ៉ាង​ចូល​ក្នុង​សហភាព​អឺរ៉ុប​ លើក​លែង​តែ​អាវុធ​ និង​គ្រឿង​ផ្ទុះ៕