គណៈរដ្ឋមន្ត្រីកម្ពុជានឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅ ថ្ងៃសុក្រនេះ បើទោះបីជាមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាហើយស្នើឱ្យពន្យាពេល និងបើកការពិភាក្សាឱ្យបានទូលំទូលាយក៏ដោយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់នេះអាចនឹងត្រូវគណៈរដ្ឋមន្ត្រីអនុម័តក្នុងកិច្ចប្រជុំលើកនេះ ហើយនឹងទៅដល់សភាយ៉ាងយូរបំផុតនៅដើមសប្តាហ៍ក្រោយ។
«ពេលគណៈរដ្ឋមន្ត្រីគាំទ្រអនុម័តច្បាប់ហ្នឹងបើតាមរដ្ឋបាលនឹងផ្ញើទៅជូនរដ្ឋសភា។ តាមរយៈអ្វី ដែលយើងមានការពិសោធន៍ បើគ្មានការកែប្រែគ្មានអ្វីទេភាគច្រើន ថ្ងៃច័ន្ទ ថ្ងៃអង្គារ ឬពុធទៅដល់រដ្ឋសភាហើយ»។
នីតិវិធីក្នុងការតាក់តែងកែលម្អសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនត្រូវបានអនុញ្ញាតឱ្យសង្គមស៊ីវិលចូលរួមបញ្ចេញយោបល់បន្ថែមទៀតទេ បើទោះបីជាមានការទទូចសុំយ៉ាងណាក៏ដោយ ដោយសារតែរដ្ឋាភិបាលលើកហេតុផលថាបានជួបពិភាក្សាជាមួយសង្គមស៊ីវិលពីរដងរួចមកហើយ និងមានជួបពិភាក្សាជាមួយនឹងស្ថានទូតមួយចំនួនផងដែរ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅតែបន្តទាមទារឱ្យបើកចំហរ ទទួលយកមតិរបស់អង្គការសង្គមស៊ីវិល បើទោះបីជាច្រកនៃការទទួលយកហាក់បានផុតទៅហើយនៅក្នុងកម្រិតរាជរដ្ឋាភិបាល។
លោកស្រី បន្ថែមថាក្រុមអង្គការសង្គមស៊ីវិលនឹងបន្តទាមទារនៅកម្រិតសភាជាតិ នៅពេលដែលច្បាប់នេះទៅដល់សភាជាតិមុននឹងមានការអនុម័តណាមួយ។
«សម្រាប់យើងគឺមានជម្រើសចុងក្រោយបន្តទៀត គឺរដ្ឋសភា ហើយយើងសង្ឃឹមថានៅកម្រិតរដ្ឋសភា ដែលបច្ចុប្បន្ននេះយើងមានគណបក្សជំទាស់នៅក្នុងនោះដែរនឹងធ្វើការយ៉ាងម៉េចធានាថា នឹងមានការបើកចំហរ និងមានការពិគ្រោះយោបល់ឱ្យបានពេញលេញ។ ខ្ញុំសង្ឃឹមថា មិនយកតាមគំរូច្បាប់ពាក់ព័ន្ធនឹងកំណែទម្រង់តុលាការ ឬច្បាប់បោះឆ្នោតដែលធ្វើការអនុម័តក្នុងពេលមួយដ៏ខ្លីរហូតដល់ច្បាប់ខ្លះមានរយៈពេលមួយម៉ោងអញ្ចឹង ខ្ញុំគិតថា វាអត់មានន័យអ្វីទេ បានន័យថា សភាទៅជាកន្លែងមួយគ្រាន់តែប្រថាប់ត្រានូវអ្វី ដែលនីតិប្រតិបត្តិគាត់បានព្រាងចេញតែប៉ុណ្ណោះ»។
ចំណុចដែលបង្កឱ្យមានជាការព្រួយបារម្ភគឺ ការកំហិតលើការចំណាយរដ្ឋបាលដែលមិនឱ្យលើសពី២៥ភាគរយ នីតិវិធីនៃការចុះឈ្មោះរបស់អង្គការ និងសមាគម និងការធ្វើរបាយការណ៍ស្តីពីហិរញ្ញវត្ថុរបស់អង្គការផងដែរ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកាបានបញ្ជាក់ប្រាប់វីអូអេថា៖
«នៅក្នុងអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិ ការជួយសង្គ្រោះ ការជួយតាមដាន និងការផ្តល់យោបល់ទាំងអស់នេះឯង គឺជាអង្គការដែលត្រូវការខាងផ្នែកធនធានមនុស្សច្រើន។ ដូច្នេះនៅពេលណាដែលមានកម្រិតនៅក្នុងការចាយលុយ ថារដ្ឋបាលមិនឱ្យលើស២៥ភាគរយ នោះនឹងប៉ះពាល់ដល់ទៅដល់សេវាអ្នក ដែលធ្វើការងារខាងផ្នែកតាមដាន និងជួយសង្គ្រោះ ពីព្រោះបើឱ្យតែ២៥ភាគរយគឺមានន័យថា យើងទាំងអស់គ្នាដើរជាអ្នកចែកអំណោយហើយ»។
សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភ និងគាំទ្រការទាមទាររបស់អង្គការសង្គមស៊ីវិល ដែលចង់ឱ្យមានការពិភាក្សាបើកចំហរ។
លោក ស្កត ប៊ឺសប៊ី ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានចំណាយពេលពីរថ្ងៃនៅប្រទេសកម្ពុជាកាលពីដើមសប្តាហ៍នេះ ដើម្បីបញ្ជាក់យ៉ាងច្បាស់ពីការព្រួយបារម្ភលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានច្រានចោលក្តីកង្វល់ ដែលភាគីពាក់ព័ន្ធនានា បានលើកឡើងក្នុងពេលកន្លងមកទាក់ទងនឹងការបាត់សិទ្ធិ និងបាត់ជំនួយអភិវឌ្ឍន៍៖
«អ្វីដែលជាទម្លាប់គឺរាជរដ្ឋាភិបាលមិនដែលធ្វើច្បាប់ណា ដែលប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯងឬប្រឆាំងនឹងផលប្រយោជន៍ ប្រជាពលរដ្ឋខ្លួនឯងទេ។ ដូច្នេះអ្វី ដែលខ្ញុំមើលឃើញដូចជាគ្មានហេតុផលណាទៅប្រឆាំងនឹងម្ចាស់ជំនួយ ដែលប្រឆាំងនឹងសកម្មភាពណាទទួលថវិកាពីម្ចាស់ជំនួយមកប្រតិបត្តិការរបស់ខ្លួនឯងទេ គឺអត់មានទេ។ មានតែរដ្ឋាភិបាលហ្នឹង ជួយពង្រឹងតម្លាភាព ជួយពង្រឹងសកម្មភាពមួយដែលម្ចាស់ជំនួយត្រូវតែដឹង»។
លោក ផៃ ស៊ីផាន បានលើកឡើងថា យោងតាមសេចក្តីព្រាងដែលលោកបានឃើញ គឺមិនមានអ្វីដូចជាការព្រួយបារម្ភដែលអង្គការ និងសហគមន៍អន្តរជាតិបានលើកឡើងទេ៖
«ដូចសម្តេចតេជោលោកបានមានប្រសាសន៍ ហើយថាគួរកុំព្រួយបារម្ភពេក រៀនទុកចិត្តគ្នាឯងផងហើយចាំមើលៗថាច្បាប់ហ្នឹងវាយ៉ាងម៉េចដែរ? ខ្ញុំជឿថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះទៅដល់រដ្ឋសភា អ្នកដែលព្រួយបារម្ភអាចនឹងក្លាយទៅជាសប្បាយរីករាយ ហើយយើងទាំងអស់គ្នារួមធ្វើការកសាងជាតិទាំងអស់គ្នា»។
អង្គការសង្គមស៊ីវិលបានរៀបចំយុទ្ធនាការដែលមានឈ្មោះថា«ឈប់ និងពិគ្រោះយោបល់» ឬ (Stop and Consult) ទាំងនៅឆាកជាតិ និងអន្តរជាតិ ដោយសារគេព្រួយបារម្ភថា គម្រោងអភិវឌ្ឍន៍ជាង៤០០០ នឹងរងផលប៉ះពាល់ ហើយអ្នកទទួលផលពីគម្រោងជាងមួយលាននឹងបាត់ប្រយោជន៍ផងដែរ៕