រដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ស្របតាមច្បាប់ស្តីពីការរៀបចំបោះឆ្នោត។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការសម្រេចយកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខសម្រាប់ការបោះឆ្នោតជាតិកើតមានឡើងនៅគ្រាដែលបរិយាកាសនយោបាយក្នុងប្រទេសត្រូវក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មើលឃើញថាកំពុងស្ថិតក្នុងភាពអាប់អួរ ដោយសារការធ្វើវិសោធនកម្មលើកទីពីរនៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា ការសម្រេចរបស់រដ្ឋាភិបាលគឺស្របតាមច្បាប់ស្តីពីការបោះឆ្នោត ដែលកំណត់ថា រដ្ឋាភិបាលត្រូវកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត យ៉ាងហោចណាស់ ៩ខែមុនថ្ងៃបោះឆ្នោត។
«ច្បាប់ចែងថា យ៉ាងហោច៩ខែហ្នឹង រដ្ឋាភិបាល ត្រូវប្រកាសនូវ កាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតបាទ»។
អ្នកនាំពាក្យ គ.ជ.ប. បានឲ្យដឹងបន្តថា កាលបរិច្ឆេទកំណត់ដោយរដ្ឋាភិបាលនេះនឹងបើកផ្លូវឲ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះមានពេលគ្រប់គ្រាន់ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ការលុបចោលឈ្មោះអ្នកបោះឆ្នោតដែលបានបាត់បង់ជីវិត ការចុះឈ្មោះអ្នកដែលមានវ័យ១៨ឆ្នាំ និងរៀបចំឈ្មោះអ្នកបោះឆ្នោតដែលបានផ្លាស់ប្តូរទីលំនៅ។
ការបោះឆ្នោតជាតិឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យទី ២៨ ខែកក្កដា។ បរិយាកាសមុនការបោះឆ្នោតនៅគ្រានោះត្រូវអ្នកសង្កេតការណ៍ការបោះឆ្នោតនិងនយោបាយក្នុងស្រុកមើលឃើញថា មានភាពតានតឹង ដោយហេតុអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលព្យាយាមបង្ខាំងមិនឲ្យចូលប្រទេស គ្រាដែលអ្នកនយោបាយរូបនេះ ប្រឈមនឹងការចាប់ដាក់ក្នុងពន្ធនាគារ ទាន់ទិនសំណុំរឿងដកបង្គោលព្រំដែនកម្ពុជាវៀតណាម។ កំដៅនយោបាយបានកើនឡើងកាន់តែខ្លាំង ក្នុងពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះអាសនៈជិតពាក់កណ្តាល នៅរដ្ឋសភាដែលមានអាសនៈចំនួន ១២៣។ គណបក្សប្រឆាំងបានដឹកនាំ មហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបានធ្វើដំណើរការនយោបាយតាមបែបប្រជាធិបតេយ្យជាប់គាំងជិតមួយឆ្នាំ។ តែក្រោយការព្រមព្រៀងនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ដែលមានការផ្តល់តំណែងកំពូលក្នុងសភានិងបែងចែកគណៈកម្មការជំនាញក្នុងសភា ការជាប់គាំងនយោបាយនោះក៏បានបញ្ចប់ទៅ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់និងអង្កេតនៃអង្គការខុមហ្វ្រែល បានប្រាប់ VOA នៅថ្ងៃអាទិត្យថា ការធ្វើវិសោធនកម្មច្បាប់នយោបាយលើកទីពីរនេះជាការរឹតដ្បិតផ្លូវដើររបស់ក្រុមអ្នកនយោបាយគណបក្សប្រឆាំងដែលអាចនឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
«វិសោធនកម្មទៅលើ ច្បាប់ស្តីពីគណបក្សនយោបាយហ្នឹង ហាក់ដូចជា កំណត់ផ្លូវតូចចង្អៀតនិងមានបញ្ហាប្រឈម ហើយពួកគាត់ខ្វះសេរីភាព ក្នុងការធ្វើកិច្ចការរបស់គាត់ ក្នុងការធ្វើសកម្មភាពរបស់គាត់ ហើយសកម្មភាពរបស់គាត់ក៏ត្រូវតែធ្វើក្នុងប្រយ័ត្នប្រយែង ឬក៏ធ្វើស្ថិតនៅក្នុងគំនាប គិតគ្រប់ជំហាន ហើយការធ្វើបែបនេះ គឺថាជា ការធ្វើឲ្យគាត់រួញតូចទៅនូវសិទ្ធិសេរីភាព ក្នុងការចូលរួមរបស់គាត់ សិទ្ធិសេរីភាពក្នុងការបង្កើតគណបក្សនយោបាយ ឬក៏ធ្វើសកម្មភាពនយោបាយឲ្យស្មើភាពគ្នារវាងគណបក្សទាំងឡាយ នៅក្នុងការប្រកួតប្រជែងក្នុងសង្វៀនប្រជាធិបតេយ្យ»។
ស្របគ្នានោះដែរលោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា (និចហ្វិច) លើកឡើងថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនទាន់បង្កផលប៉ះពាល់ខ្លាំងដល់បរិយាកាសនយោបាយក្នុងប្រទេសនោះទេ តែវាក៏ជាសញ្ញាអវិជ្ជមាននៃការធ្លាក់ចុះការអនុវត្តសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរ។
«វាៗ វាប៉ះពាល់ អាចប៉ះពាល់ តែគណបក្សនយោបាយណ៎ាបាទ ប៉ុន្តែមិនទាន់មានអីធ្ងន់ធ្ងរនៅឡើយទេ គឺគ្រាន់តែថា គឺផ្នែកអវិជ្ជមានមួយដែលទាក់ទិននឹងសេរីភាពក្នុងការចូលរួមក្នុងវិស័យនយោបាយ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បមានប្រសាសន៍បន្ថែមថា បរិយាកាសនយោបាយល្អ ឬអាក្រក់ មិនអាចបង្អាក់ដំណើរការ រៀបចំការបោះឆ្នោតនៅក្នុងប្រទេសបានទេ។
«ការឆ្លើយឆ្លង ឬក៏វោហាសាស្ត្រ នោះគឺជា រឿងរបស់អ្នកនយោបាយ ដែលជាទូទៅ អ្នកនយោបាយតែងតែឌឺដងដាក់ឲ្យគ្នា មិនថា នៅប្រទេសទេ នៅប្រទេសផ្សេងៗក៏មានដូចគ្នាដែរបាទ។ អញ្ចឹងសម្រាប់ គ.ជ.ប គឺជាស្ថាប័នមួយ អនុវត្តន៍ការងារបច្ចេកទេស ហើយជាស្ថាប័នមួយស្ថិតនៅជាកណ្តាលរវាងគណបក្សនយោបាយបាទ»។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានទាមទារឲ្យគ.ជ.បបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមប្រទេសនានាដែលពលករខ្មែរកំពុងធ្វើការនៅទីនោះ តែគ.ជ.បជារឿយៗបានប្រកែកថា ខ្លួនគ្មានសិទ្ធិក្នុងការបង្កើតការិយាល័យយ៉ាងដូច្នោះទេហើយបានពន្យល់ថា ការបើកការិយាល័យនេះ អាចធ្វើទៅបានដរាបណាមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំបោះឆ្នោតជាតិ៕