មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកព្រំដែនបាននិយាយថា តំបន់ដាក់ដាំនៅតែជាតំបន់ ប្រទាញប្រទង់ មិនមែនជារបស់វៀតណាម ដូចដែលក្រសួងការបរទេសវៀតណាមអះអាងនោះទេ។ នេះជាប្រតិកម្មរបស់លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនដែលបានឆ្លើយតបនឹងការអះអាងរបស់វៀតណាម ដែលថា តំបន់ដាក់ដាំនៅខេត្តមណ្ឌលគីរីជារបស់ខ្លួននោះ។
មួយថ្ងៃក្រោយពីមន្ត្រីវៀតណាមបានអះអាងថា តំបន់ដាក់ដាំនៅខេត្តមណ្ឌលគីរីថាជារបស់ខ្លួននោះ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាគឺលោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាបានច្រានចោលការលើកឡើងនេះ ហើយអះអាងថា ដីនៅតំបន់ដាក់ដាំគឺស្ថិតនៅជាតំបន់ ដែលមានការប្រទាញប្រទង់គ្នា។
លោកថា តំបន់នោះត្រូវបន្តជជែកគ្នា ដោយលោកបន្ថែមថា កម្ពុជានៅតែមានជំហរដដែល គឺដូចការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងប្រទេសបារាំងកាលពីសប្តាហ៍កន្លងទៅ។
«អ្វីដែលសម្តេចលោកបានបញ្ជាក់គឺសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅក្នុងឆ្នាំ១៩១៤ហ្នឹងគឺថា នៅដដែល អត់មានអ្វីប្រែប្រួលទេ។ សេចក្តីសម្រេចនោះគឺដាក់ថា ខ្សែបន្ទាត់ព្រំដែនដើរតាមព្រែកដាក់ហ៊ូត»។
លោក វ៉ា គឹមហុង បានបន្ថែមថា កម្ពុជាមានការបញ្ជាក់ពីបារាំងដែលជាច្បាប់៖
«ទេ អាហ្នឹងវាអញ្ចឹងហើយ។ សន្ធិសញ្ញាបំពេញបន្ថែមមានការនិយាយច្បាស់។មានវាក្យខណ្ឌមួយនិយាយថា ភាគីទាំងពីរបន្តការចរចារកដំណោះស្រាយនៅតំបន់នោះ ព្រោះគេទទួលដឹងដែរថា នៅឆ្នាំ២០០៥ សន្ធិសញ្ញាបំពេញបន្ថែមនិយាយច្បាស់។ ដូច្នេះអ្វីដែលជាអំណះអំណាងខាងវៀតណាម វាធម្មតាទេ គេចង់បាន គេចេះតែមានអំណះអំណាងទៅ។ យើងក៏យើងយកអំណះអំណាងយើងគឺសេចក្តីសម្រេចអគ្គទេសាភិបាលបារាំងដែលជំនាន់នោះជាច្បាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេរាយការណ៍មកថា លោកបានបដិសេធសំណើវៀតណាម ដែលសុំឲ្យចែកដីតំបន់ដាក់ដាំ និងដាក់ហ៊ូតនោះជាមួយកម្ពុជា គឺ៦០ភាគរយទៅវៀតណាម និង៤០ភាគរយមកកម្ពុជា តែលោក ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃ២៥ ខែតុលានៅប្រទេសបារាំងថា លោកមិនបានយល់ព្រមទេ។ ទោះជាយ៉ាងណាក្តី គ្មានការបញ្ជាក់ជាផ្លួវការ និងគ្មានឯកសារត្រូវគេបង្ហាញថា វៀតណាមបានស្នើសុំមែន ឬយ៉ាងណានោះទេ។
សារព័ត៌មានវៀតណាមមួយ The Hanio Time បានដកស្រង់សម្តីអ្នកនាំពាក្យរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh មកបញ្ជាក់ថា៖
«ក្រសួងការបរទេសវៀតណាមកំពុងបញ្ជាក់ពីព័ត៌មាន ដែលបានលើកឡើងខាងលើនោះ ហើយវៀតណាមពិតជាមានដែនអធិបតេយ្យលើតំបន់ព្រំដែនដាក់ដាំ ក្នុងខេត្តដាក់ណុង ភាគកណ្តាល ដែលជាប់នឹងខេត្តមណ្ឌលគីរី។ ប្រទេសវៀតណាមមានមូលដ្ឋានប្រវត្តិសាស្ត្រ និងផ្លូវច្បាប់គ្រប់គ្រាន់ ហើយនឹងមានការគ្រប់គ្រងជាក់ស្តែងដើម្បីបញ្ជាក់ពីអធិបតេយ្យពិតប្រាកដរបស់ខ្លួនចំពោះតំបន់ព្រំដែនដាក់ដាំ ក្នុងខេត្តដាក់ណុង (Dak Nong)»។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចុះទៅមើលតំបន់ដាក់ដាំនោះ បាននិយាយថា ការលើកឡើងរបស់វៀតណាមអំពីតំបន់ដាក់ដាំ ដែលភាគីទាំងពីរកំពុងបន្តចរចាគ្នានោះ គឺជាការរំលោភអធិបតេយ្យភាពកម្ពុជា។
លោកបានថ្លែងថា លោកធ្លាប់បានស្នើសុំឲ្យមានការពន្យល់ពីរដ្ឋាភិបាលកម្ពុជាដែរ ហើយរដ្ឋាភិបាលទទួលស្គាល់ថា វៀតណាមបានរំលោភលើទឹកដីកម្ពុជាមែនក្នុងការធ្វើផ្លូវក្នុងទឹកដីកម្ពុជានៅពេលភាគីទាំងពីរកំពុងបន្តចរចាគ្នានោះ។
«តែពេលនោះ ខ្ញុំបានធ្វើលិខិតទៅប្រមុខរដ្ឋាភិបាល ហើយគណៈកម្មាធិការព្រំដែន បានឆ្លើយតបនឹងខ្ញុំ ដោយទទួលស្គាល់ថា វៀតណាមបានរំលោភបំពានទឹកដីកម្ពុជាមែន ហើយរដ្ឋាភិបាលកំពុងបន្តការចរចារឿងហ្នឹង។ ហើយបើចរចាទៅបានលទ្ធផលយ៉ាងណា បើលទ្ធផលបានមកខ្មែរ នោះវៀតណាមគេប្រគល់ឲ្យតែម្តង អាការធ្វើថ្នល់បំពានចូលមកក្នុងទឹកដីយើងនេះ»។
ប្រទេសវៀតណាមបានធ្វើថ្នល់ ជីកស្រះ និងសង់ប៉ុស្តិ៍យោធាតាមព្រំដែនខ្លះ ដែលធ្វើឲ្យភាគីកម្ពុជាតវ៉ាតាមរយៈកំណត់ការទូតជាដើម អំពីសកម្មភាពវៀតណាមតាមព្រំដែននោះ។
ប្រទេសទាំងពីរមានការតានតឹងខ្លះៗឡើងវិញជាង១ឆ្នាំចុងក្រោយនេះ បន្ថែមលើបញ្ហាស្មុគស្មាញរឿងព្រំដែនដោះស្រាយមិនចេញរាប់សិបទសវត្សរ៍ ហើយមានអ្នកនយោបាយ និងសកម្មជនគណបក្សជំទាស់ខ្លះត្រូវចាប់ដាក់គុក ដោយសារការបញ្ចេញមតិ និងតវ៉ាអំពីរឿងនេះ៕