មួយខែក្រោយពីរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR) បន្តវត្តមាននៅប្រទេសកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់សារជាថ្មីដល់តំណាងការិយាល័យនេះ ថាមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួបមួយជាមួយលោកស្រី Wan-Hea Lee តំណាងការិយាល័យ OHCHR ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនៅក្រសួងការបរទេសកាលពីថ្ងៃអង្គារកន្លងទៅនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ប្រាក់ សុខុន បានជម្រាបលោកស្រី Wan-Hea Lee ឲ្យគោរពអធិបតេយ្យភាពរបស់កម្ពុជា។
«ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរសុំឲ្យការិយាល័យឧត្ដមសិទ្ធិមនុស្សនៅកម្ពុជា យកចិត្តទុកដាក់ចំពោះការគោរពឲ្យបានត្រឹមត្រូវចំពោះអធិបតេយ្យភាពរបស់កម្ពុជា ហើយនិងជៀសវាង ការជ្រែកជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
កម្ពុជានៅតែជាប្រទេសមួយដែលពឹងផ្អែកលើជំនួយបរទេសនៅឡើយ។
កាលពីខែធ្នូ ឆ្នាំ២០១៦ ប្រទេសកម្ពុជាដែលមិនសប្បាយចិត្តនឹងការិយាល័យអង្គការសហប្រជាជាតិ (អ.ស.ប) ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយព្រមានបិទទ្វារការិយាល័យនេះផងនោះ បានផ្ដល់ការអនុញ្ញាតជាថ្មី ដើម្បីឲ្យការិយាល័យនេះបន្តធ្វើការផ្នែកសិទ្ធិមនុស្សរបស់ខ្លួននៅក្នុងប្រទេសនេះ តទៅទៀត ក្រោយពេលកិច្ចចរចាគ្នាបានធ្វើឡើងអស់រយៈពេលជាច្រើនសប្ដាហ៍។
ភាគីកម្ពុជានិងអ.ស.ប បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាមួយ ដើម្បីបន្តសុពលភាពកាលពីថ្ងៃច័ន្ទទី១៩ ខែធ្នូ ឆ្នាំ២០១៦។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីជំហរប្ដេជ្ញាក្នុងការលើកកម្ពស់ការការពារសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យជាមួយអ.ស.ប ដោយឈរលើភាពជាដៃគូស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ហើយនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក សំ ចន្ទគា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងប្រាប់VOA ថា រដ្ឋាភិបាលកម្ពុជាត្រូវបែងចែកឲ្យច្បាស់អំពីបញ្ហាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងប្រទេស។
លោកថា តំណាងការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅតែមានសិទ្ធិនៅក្នុងការតាមឃ្លាំមើល និងសួរនាំរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សនានា ឬក៏ការផ្ដល់អនុសាសន៍ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដែលមិនមែនជាការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជានោះឡើយ។
«បើការសួរនាំការផ្ដល់អនុសាសន៍ មិនបានដដែល ស្មើនឹងមិនមានការិយាល័យសិទ្ធិមនុស្សនៅកម្ពុជានេះទេ»។
នៅគ្រាដែលស្ថានភាពសិទ្ធិមនុស្សកម្ពុជា ត្រូវគេមើលថាកំពុងស្ថិតក្នុងសភាពយ៉ាប់យឺននៅឡើយនោះ លោក សំ ច័ន្ទគា ថ្លែងបញ្ជាក់ថា តំណាងការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា មិនអាចទន់ជ្រាយ ក្នុងការផ្ដល់យោបល់អំពីបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសនេះឡើយ។
«បើសិនជាខាង UN លោកបន្ទន់ជំហរដោយមិនអើពើ ទុកឲ្យរដ្ឋាភិបាលធ្វើអ្វីតាមអំពើចិត្តនោះ បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហ្នឹង នឹងធ្លាក់ឱនភាពចុះជាមិនខានទេ។ អញ្ចឹងមានតែ UN ហ្នឹងហើយ ដែលជាអ្នកជួយទ្រទ្រង់ ជាអ្នកជួយផ្ដល់អនុសាសន៍ទៅដល់រដ្ឋាភិបាល ឲ្យពង្រឹងការអនុវត្ត គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាហ្នឹង»។
លោកស្រី Wan-Hea Lee តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ email ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នឹងបន្តធ្វើការងារ ដោយផ្អែកទៅតាមធម្មនុញ្ញរបស់អ.ស.ប។
«ការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នឹងបន្តចូលរួមដោះស្រាយនៅក្នុងស្មារតីស្ថាបនា ដែលមានបំណងធ្វើឲ្យកាន់តែស្របជាមួយសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្ស ដែលសន្ធិសញ្ញាជាច្រើនត្រូវបានប្រទេសកម្ពុជាផ្ដល់សច្ចានុមតិ។ ហេតុដូច្នេះ ប្រទេសនេះ យល់ព្រមធ្វើទៅតាមសន្ធិសញ្ញាទាំងនោះ។ ផ្ដើមចេញពីការយល់ឃើញរបស់ អ.ស.ប សន្ធិសញ្ញាទាំងនោះ បញ្ជាក់ច្បាស់ថា ការងារដែលបានធ្វើដើម្បីអនុវត្តកិច្ចការសិទ្ធិមនុស្សនេះ មិននាំឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអនុលោមទៅតាមធម្មនុញ្ញរបស់អ.ស.បនោះឡើយ»។
ទោះបីជាការយល់ឃើញយល់ឃើញខុសគ្នារវាងទស្សនៈរបស់រដ្ឋាភិបាល និង ទស្សនៈរបស់អ.ស.ប ក៏លោកស្រី ជឿជាក់ថា រដ្ឋាភិបាលកម្ពុជា និង អ.ស.ប នៅតែអាចធ្វើការជាមួយគ្នាបានដដែល។ លោកបញ្ជាក់បន្ថែមក្នុងន័យដើមថា៖
«គម្លាតអាចត្រូវបានធ្វើឲ្យរួមតូច ជាមួយនឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលខ្ញុំបានយល់ស្របជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ថា នឹងរក្សាឲ្យបាន។ អ្វីដែលសំខាន់បំផុតនោះ គឺថា សិទ្ធិមនុស្ស គឺនិយាយអំពីទំនាក់ទំនងរវាងរដ្ឋ និងប្រជាជនរបស់ខ្លួន។ ដោយបានដឹងថា មិនមែនរាល់គ្នា មានការយល់ដឹងដូចគ្នានោះឡើយ យើងមុខជាប្រឈមនឹងកិច្ចការលំបាកជាច្រើន ដែលកើតមកពីការមិនយល់ស្របគ្នា និងប្រហែលជាត្រូវរកមធ្យោបាយដោះស្រាយបញ្ហាដែលកើតមានពីព្រឹត្តិការណ៍ថ្មីៗ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ សមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតចំហដ៏កម្រមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញពីការព្រួយបារម្ភ និងការរំខានចិត្តរបស់ពួកគេទៅលើបញ្ហារំលោភសិទ្ធិមនុស្ស និងការរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋ ហើយនិងការយាយីសកម្មជនសិទ្ធិមនុស្សនិងបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។
មួយឆ្នាំក្រោយពីសមាជិកព្រឹទ្ធសភាអាមេរិកាំងមួយក្រុមនេះ បានផ្ញើលិខិតនេះទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក្រុមអ្នកតាមដានការវិវត្តន៍ក្នុងប្រទេសកម្ពុជា មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ កាន់តែធ្លាក់ដុនដាបកាន់តែខ្លាំងឡើង។
ថ្មីៗនេះ លោក ហ៊ុន សែន បានប្ដឹងលោក គឹម សុខ អ្នកវិភាគនយោបាយម្នាក់ ដោយទារលុយចំនួនប្រាំសែនដុល្លារ ក្រោយពីអ្នកវិភាគរូបនេះ ធ្វើការអធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយអំពីការបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញ កាលពីខែកក្កដា ឆ្នាំ ២០១៦ ដោយលើកពីឈ្មោះគណបក្សប្រជាជនកម្ពុជា។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចាត់ទុកថា ការវាយប្រហារខាងផ្លូវច្បាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងលោក គឹម សុខ អ្នកវិភាគនយោបាយរូបនេះ គឺជាយុទ្ធសាស្ត្របំបិទមាត់អ្នកបញ្ចេញមតិរិះគន់នៅក្នុងប្រទេសដ៏ក្រីក្រនេះ។
លោកសង្កត់ធ្ងន់ថា លោក ហ៊ុន សែន បានធ្វើឲ្យក្រុមអ្នកជំទាស់នឹងរដ្ឋាភិបាលទាំងអស់មានការភ័យខ្លាច មិនហ៊ានរិះគន់រដ្ឋាភិបាលរបស់លោក ដោយការប្រើប្រព័ន្ធតុលាការ៕