ប្រាក់​ខែ​អប្បបរិមា​របស់​កម្មករ​កាត់ដេរ​ឡើង​ដល់​ទៅ​១៤០​ដុល្លារ

  • នៅ វណ្ណារិន

រដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ខែអប្បបរិមាចំនួន១៤០ដុល្លារជូនដល់កម្មកររោងចក្រឧស្សាហកម្មកាត់ដេរនិងស្បែកជើងនៅឆ្នាំ២០១៦នេះ បន្ទាប់ពីមានកិច្ចចរចា រវាងសហជីពតំណាងរោងចក្រឧស្សាហកម្មកាត់ដេរ និងក្រុមជំនាញនៃក្រសួងការងារអស់រយៈពេលជាច្រើនថ្ងៃ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០១៥។ (ឡេង ឡែន/VOA Khmer

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ឲ្យ​កម្មករ​កាត់ដេរ​ដល់​១៤០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​បន្ទាប់​ពី​ការ​ជជែក​គ្នា​រវាង​តំណាង​សហជីព​ ​និយោជក និង​រដ្ឋាភិបាល​អស់​រយៈពេល​៧​ថ្ងៃ​រួចមក។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ឲ្យ​កម្មករ​កាត់ដេរ​ដល់​១៤០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​បន្ទាប់​ពី​ការ​ជជែក​គ្នា​រវាង​តំណាង​សហជីព​ ​និយោជក និង​រដ្ឋាភិបាល​អស់​រយៈពេល​៧​ថ្ងៃ​រួចមក។​ ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​តំណាង​សហជីព និង​និយោជក​មាន​ការ​អាក់​អន់ចិត្ត​យ៉ាង​ខ្លាំង។​

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​សម្រាប់​កម្មករ​ឧស្សាហកម្ម​កាត់ដេរ​ និង​ស្បែក​ជើងពី​១២៨​ដល់​១៤០​ដុល្លារអាមេរិក​ក្នុង​មួយ​ខែ​ ​ដោយ​មិន​រួម​បញ្ចូល​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ទេ។​

ក៏​ប៉ុន្តែ​តំណាង​សហជីព និង​តំណាងរោងចក្រ​កាត់ដេរ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ថ្មី​នេះ​ ​ដោយ​សហជីព​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​ទៅ​១៦០​ដុល្លារ​អាមេរិក ​ខណៈ​ពេល​ដែល​តំណាង​រោងចក្រ​កាត់ដេរ​គំរាម​ពី​ផល​ប៉ះពាល់​ និង​ការ​បិទ​រោងចក្រ​ ​ទាក់ទិន​និង​ការ​ដំ​ឡើង​ប្រាក់​ខែ​កម្មករ​នោះ។​

បន្ទាប់​ពី​ការ​ប្រជុំ​បច្ចេកទេស​ដ៏​ចម្រូង​ចម្រាស​អស់​រយៈពេល​៧ថ្ងៃ ​ក្នុង​ក្រសួង​ការងារ​ រវាង​តំណាង​រដ្ឋាភិបាល​ សហជីព​ និង​រោងចក្រ​កាត់​ដេរ​ ​គណៈ​កម្មការ​ប្រឹក្សាការងារ​បាន​សម្រេច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​យក​ប្រាក់​ឈ្នួល​អប្បបរិមា​ថ្មី​ ​ដែល​ស្នើ​ដោយ​តំណាង​ភាគី​ទាំង​បី​គឺ​ចំនួន​១៣៣​ដុល្លារ​ ​១៣៥ដុល្លារ​ ​និង​១៦០​ដុល្លារ។ ក្នុង​នោះ​សំឡេង​ភាគ​ច្រើ​បាន​គាំ​ទ្រ​យក​ប្រាក់ឈ្នួល​អប្បបរិមា​ថ្មី​ត្រឹម​១៣៥​ដុល្លារ​អាមេរិក។​

ក្រោយ​ពីការ​បោះ​ឆ្នោត​សម្រេច​ ​លោក ​អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​ប្រកាស​ក្នុង​អង្គ​ប្រជុំ​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​សម្រេច​ឲ្យ​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយសេចក្តី​សម្រេច​នេះចូល​ជាធរមាន​ចាប់ពី​ខែ​មករា ​ឆ្នាំ​២០១៦​ទៅ។​ ​លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា​ ការ​សម្រេច​នេះ​គឺ​វា​សមស្រប​ ​ហើយអាច​ទទួល​យក​បាន​ បើ​ទោះជា​ភាគី​និយោជក និង​និយោជិក​មិន​សប្បាយ​ចិត្ត​ក៏​ដោយ។

«បន្ថែម​ពី​លើ​១៣៥​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ​គឺ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​យើង​នេះ​បាន​ផ្តល់​បន្ថែម​ចំនួន​៥ដុល្លារ​ទៀត។ ​ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរិមា​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​គឺ​១៤០​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ​ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា ​បងប្អូន​ទាំង​អស់​គ្នា​មាន​ការ​ស្ងប់​ចិត្ត»។​

ដោយ​សារ​តែ​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ​កាត់ដេរ ​និង​ការ​ដំឡើង​ថ្លៃ​ទំនិញ​នៅទី​ផ្សារ​ ​ការ​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​គណៈ​កម្មការ​ប្រឹក្សាការងារ​ដែល​មាន​តំណាង​ពី​សហជីព​កម្មករ​ ​ក្រសួង​ការ​ងារ និង​តំណាង​និយោជក​នា​ឆ្នាំ​២០១៤ ​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​ត្រឹម​១២៨​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ការ​ដំឡើង​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​មួយ​ក្បែរ​ផ្លូវ​វ៉េង​ស្រេង ​ដែល​បណ្តាល​ឲ្យ​បាតុករ​យ៉ាង​ហោច​ណាស់​៥នាក់​ស្លាប់។​

លោក ​ខេន លូ (Ken Loo)​ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​សម្តែងការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​ ​ដោយ​លើក​ឡើង​ថា​ ​ឧស្សាហ​កម្មកាត់​ដេរ​នៅ​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ការ​បិទទ្វារ​ជា​បន្ត​បន្ទាប់​ ខណៈ​ពេល​ដែល​តម្លៃ​ដើម​មាន​ការ​កើន​ឡើង​ និង​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​នោះ។​ លោក​បាន​បន្ថែម​ថា ​សហជីព​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្លាក់​ចុះ​ និង​អនាគត​នៃ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ ​ដោយសារ​តែ​ការ​ទាមទារ​នេះ។​

លោក ​ខេន លូ​ (Ken Loo)​ ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌​មាន ​បន្ទាប់​ពី​ការ​សម្រេច​នេះ​ថា៖​ «ខ្ញុំ​ថា​ ប្រាក់​ខែ​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ វា​ប៉ះពាល់​រួច​ទៅ​ហើយ​ ​មិនចាំ​បាច់​ដល់​ទៅ​១៤០​ដុល្លារ​នោះ​ទេ។​ ម្ល៉ោះ​ហើយ​យើង​សង្ឃឹម​ថា​ បណ្តា​រោងចក្រ​របស់​យើង​ទាំង​អស់ និង​ខិតខំ​ព្យាយាម​សម្រប​ខ្លួន​ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណាយ​លើ​ប្រាក់​ខែ​នេះ»។​

តំណាង​និយោជក​រូប​នេះ​បាន​បន្ត​ថា៖​

«ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​គាត់​ព្រម​ឡើង​ថ្លៃ​ដែរ​នោះ វា​ល្អ​ហើយ ​តែ​ជា​បទ​ពិសោធន៍​ដែល​យើង​មាន​កន្លង​មក។ ​ពួកគេ​ទាំង​នោះ​នឹង​មិន​បង្កើន​ថ្លៃ​ទិញ​ឱ្យ​កើន​ខ្ពស់​តាម​កំណើន​ប្រាក់​ខែ​នោះ​ទេ។​ ដូច្នេះ​យើង​គ្មាន​ជម្រើស​អ្វីក្រៅ​តែពី​បង្កើន​ផលិត​ភាព​របស់​យើង ​និងផាត់​ចំណាយ​ថ្លៃ​ដើម​ឯ​ទៀត។ ក៏​ប៉ុន្តែ​ ​បើ​សិន​ជា​ផលិតភាព​ការងារ​របស់​យើង​មិន​មាន​កំ​ណើន​ ​ហើយ​បន្ទុក​របស់​យើង​លើ​ចំណាយ​ថ្លៃ​ដើម​ផ្សេងៗ​អត់​មាន​ការ​ថមថយ​ទៀត​នោះ ខ្ញុំ​មិន​ដឹង​ថា ​រោងចក្រ​របស់​យើង​ទ្រាំ​រស់​បាន​យ៉ាង​ដូច​ម្តេច​នោះ​ទេ»។​

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​បាន​អះអាង​ថា​ យ៉ាង​ហោច​ណាស់​មាន​រោងចក្រ​កាត់​ដេរ​ចំនួន១៥​បាន​ផ្អាក​ការងារ​កម្មករ​ ​ដោយ​សារ​តែ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។​ ក៏​ប៉ុន្តែ​បើ​យោង​តាម​សន្ទស្សន៍​នៃ​ការ​នាំ​ចេញ​ផលិតផល​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​នាំ​ចេញ​ប្រមាណ​១.៣៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៥​នេះ រីឯ​ការ​នាំ​ចេញ​សរុប​នា​ឆ្នាំ​២០១៤​មាន​ប្រមាណ​៥.៣៤៣​លាន​ដុល្លារ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​អាត់ ធន ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ ​ឬ​ហៅ​កាត់​ថា ​C-CAWDU​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នា​ទីស្តី​ការ​ក្រសួង​ការងារ​ថា​ ការ​បោះ​ឆ្នោត​សម្រេច​យក​១៣៥​ដុល្លារ និង​ការ​សម្រេច​យក​១៤០ដុល្លារ ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នោះ​ គឺ​មិនមាន​យុត្តិធម៌​សម្រាប់​កម្មករ​កាត់ដេរ​នោះ​ទេ​ ​ដោយសារ​ក្នុង​ចំណោម​សមាជិក​គណៈកម្មការ​ការងារ​នោះ​សហជីព​មាន​អ្នក​តំណាង​ត្រឹម​តែ​៧រូប​ប៉ុណ្ណោះ រីឯ​រោងចក្រ​កាត់ដេរ​មាន​អ្នក​តំណាង​ដល់​ទៅ​១៤រូប។ លើស​ពី​នេះ​ទៀត ​ប្រាក់​ឈ្នួល​១៤០​ដុល្លារ​នេះ​មិន​គ្រប់​គ្រន់​សម្រាប់កម្មករ​កាត់​ទេ​នោះ​ទេ​ បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ផ្សេងៗ​ ​ដូច​ថ្លៃ​ជួល​ផ្ទះ និង​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​ជា​ដើម។​

«ការ​សម្រេច​ថ្ងៃ​នេះ​តាម​យោបល់​របស់​ខ្ញុំ​គឺ​យើង​អត់​ពេញចិត្ត​ ​ហើយ​យើង​សម្រេច​រក្សា​១៦០​ដ​ដែល​ ​ដូចជា​យើង​បាន​ឃើញ​ហើយ​ តែ​ទោះ​បីយ៉ាង​ណា​ក៏​ដោយ។ ​យើង​ដឹង​ថា ​នៅ​ក្នុង​ក្រុម​ការ​ងារ​គឺ​វាមិន​មាន​យុត្តិធម៌ ចង់​និយាយ​ថា​ នៅ​ក្នុង​ភាគី​កិច្ច​សន្ធនា​សង្គម​គឺ​ត្រូវ​ឲ្យ​មាន​ភាគី​ស្មើ​គ្នា​ ហើយ​ភាគី​នីមួយៗ​គឺ​ត្រូវ​ឲ្យ​មាន​ភាព​ឯករាជ្យ​រៀង​ខ្លួន។​ ប៉ុន្តែ​យើង​មើល​លទ្ធ​ផល​ ​សូម្បី​ភាគី​កម្មករ​ និយោជិក​ ដែល​មាន​៧នាក់​គឺ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន​ឯង​តែ​២​ទេ។​ ដូច្នេះ​គឺ​វា​អត់​មាន​ភាព​យុត្តិធម៌​សម្រាប់​កម្មករ​នោះ​ទេ»។​

លោក​បាន​បន្ថែម​ថា ​សហជីពនឹង​ធ្វើការ​ពិភាក្សា​ទាក់​ទិន​នឹង​តម្លៃឈ្នួល​ថ្មី​នេះ​ ​ហើយ​អាច​នឹង​មាន​ការ​ធ្វើ​បាតុកម្ម ​បន្ទាប់​ពីបុណ្យ​ភ្ជុំបិណ្ឌ​ ​ប្រសិន​បើ​តំណាង​កម្មករ​ភាគ​ច្រើន​មិន​យល់​ស្រប​នោះ។​

ដោយ​ឡែក​ ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ ដែល​មាន​ការិយាល័យ​នា​ទីក្រុង​បាងកក​ បាន​ចេញ​ផ្សាយ​នូវ​សេចក្ដី​ថ្លែង​ការណ៍​អបអរសាទរការ​ប្រកាស​ប្រាក់​ឈ្នួល​អប្បបរិមា​១៤០ដុល្លារ​នេះ។​ ក៏​ប៉ុន្តែ​ ILO​ បាន​ស្នើ​ឲ្យ​មាន​ការ​សហការ​បន្ត​ទៀត​រវាង​ភាគី​ដែល​ពាក់​ព័ន្ធ​ចំពោះ​ការ​គិត​គូរ​ដល់​ការ​រស់នៅ​សម​ស្រប​ និង​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​កាត់ដេរ​កម្ពុជា​ នា​ឆ្នាំ​ខាង​មុខ​ទៀត​ ដើម្បីឲ្យស្រប​ទៅ​តាម​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ និងស្រប​តាម​កា​រសិក្សា​នានា។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​បាន​សរសេរ​ថា៖​

«ការិយាល័យ​នៃ​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​គ្រប់​ភាគី​ ​ដែល​ឈាន​ដល់​ការ​សម្រេច​ត្រី​ភាគី​នេះ ហើយ​ក៏​ទទួល​ស្គាល់​ពី​ការ​វិវឌ្ឍ​ជា​ដុំកំភួន​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ ការវិនិច្ឆ័យ​ និង​ ការ​សម្រច​ចិត្ត​ដោយ​មាន​ការ​ពិភា​ក្សា​ ពិគ្រោះ​យោបល់​ត្រីភាគី​ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ ដែល​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរិមា​ចំនួន​១៤០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​នា​ដើម​ខែ​មករា​ឆ្នាំ​២០១៦​ខាង​មុខ៕