រដ្ឋាភិបាល​បដិសេធ​ការ​បកស្រាយ​របស់​លោក ​សម រង្ស៊ី​ ពី​ការ​ស្នើ​បិទ​ទីផ្សារ​នៅ​អឺរ៉ុប

រូបឯកសារ៖ កម្មករ​កាត់ដេរ​នៅ​កម្ពុជា​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រមួយ នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។

លោក​ ផៃ​ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ឲ្យ​ដឹង​ថា​ ការ​បដិសេធ​​របស់​លោក​ សម រង្ស៊ី ​ជា​ទង្វើ​ខ្វះ​ការ​ទទួលខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ និង​រំខាន​ដល់​ចរន្ត​នៃ​ការ​បណ្តាក់ទុន​របស់​អ្នក​ជំនួញ​មក​កម្ពុជា។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ត​បញ្ចេញ​ប្រតិកម្ម​ដ៏​ច្របូក​ច្របល់​ដោយ​នៅតែ​ធ្វើ​ការ​វាយ​ប្រហារ​លើលោក​ សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​សុំ​ឲ្យ​សភា​អឺរ៉ុប​បិទ​ទីផ្សារ​សម្លៀក​បំពាក់​ពី​កម្ពុជា​នោះ។​

ការ​លើក​ឡើង​នេះ​ កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​លោក​ សម រង្ស៊ី​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រកាស​បដិសេធ​នៅ​លើ​ទំព័រ ​Facebook ​របស់​លោក​កាល​ពី​ម្សិលមិញ ថា លោក​គ្រាន់​តែ​ស្នើ​សុំ​បន្ថែម​លក្ខខណ្ឌ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ ក្នុងពេល​ថ្លែង​ប្រាប់សភា​អឺរ៉ុប​ក្នុង​សវនាការ​ដេញ​ដោយ​ពី​ស្ថានការណ៍​កម្ពុជា។​ ហើយ​លោកស្តី​បន្ទោស​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​កុហក​ពលរដ្ឋ ​និង​កម្មករ ​និង​មាន​ការ​បកប្រែ​ពាក្យ​សម្តី​របស់​លោក​ខុស​ទាំង​ស្រុង​ ពី​ភាសា​បារាំង​មក​ភាសា​ខ្មែរ​នោះ។​

ដោយ​ហាក់​ដូច​ជា​មិន​ទទួល​យក​ការ​បកស្រាយ​របស់​លោក សម រង្ស៊ី​ នោះ លោក​ ផៃ​ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ឲ្យ​ដឹង​ថា​ ការ​បដិសេធរបស់​លោក​ សម រង្ស៊ី ​ជា​ទង្វើ​ខ្វះ​ការ​ទទួលខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ និង​រំខាន​ដល់​ចរន្ត​នៃ​ការ​បណ្តាក់ទុន​របស់​អ្នក​ជំនួញ​មក​កម្ពុជា។​ លោក​ ផៃ​ ស៊ីផាន​ អះអាង​ថា​ ស្ថានភាព​ការងារ​ និង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ និយោជិត​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ដោយ​អង្គការ​អន្តរជាតិ​ពលកម្ម​ពិភព​លោក​ ILO​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល។​

«ការ​បដិសេធ​របស់​គាត់​ហ្នឹង​បង្ហាញ​នូវ​អ្វី​ ដែល​គាត់​មិន​ទទួល​ខុសត្រូវ​ ដែល​មិន​មាន​លក្ខណៈ​ជា​ថ្នាក់ដឹក​នាំ។​ គាត់​បដិសេធ​អ្វី​ដែល​គាត់​បាន​ធ្វើ​ ដែល​ប្រឆាំង​នឹង​អ្វី​ដែល​រាជរដ្ឋាភិបាល​ខំ​ប្រឹងប្រែង​អូស​ទាញ​អ្នក​បណ្តាក់ទុន​ដើម្បី​ផល​ប្រយោជន៍​កម្មករ​យើង»។

លោក​ ហេង​ សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បកស្រាយ​របស់​ លោក សម រង្ស៊ី​ នោះ​ទេ។ លោក​បញ្ជាក់​ថា ​ក្រសួង​ការងារ​ មាន​តួនាទី​រក្សា​លក្ខខណ្ឌ​ការងារ​ឲ្យ​ល្អ​ប្រសើរ​ដល់​ពលរដ្ឋ​ ហើយ​ថ្កោល​ទោស​ចំពោះ​បុគ្គល​ណា​ដែល​យក​ផល​ប្រយោជន៍​កម្មករ​ ធ្វើ​ជា​ចំណាត់​ខ្មាំង។

«អ្វី​ដែល​ក្រសួង​មាន​ គឺ​ធ្វើ​ម៉េច​រក្សា​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ រក្សា​លក្ខខណ្ឌ​ការងារ​ឲ្យ​ល្អ​ប្រសើរ​ដល់​ពលរដ្ឋ​ ហើយថ្កោល​ទោស​រាល់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​យក​ផល​ប្រយោជន៍​កម្មករ​ ចំណាច់​ខ្មាំង​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​ ក្រុម​ខ្លួន​ បក្ស​ខ្លួន ធ្វើ​ឲ្យ​កម្មករ​លំបាក យើង​សុំ​ថ្កោល​ទោស ហើយ​យើង​មិន​លើក​ទឹកចិត្ត​ទេ»។​

ការ​បដិសេធ​របស់​លោក​ សម រង្ស៊ី​ នៅលើ​បណ្តាញ​សង្គម​នេះ​កើត​ឡើង ក្រោយ​ពេល​ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សហជីព​កម្មករ ​និង​កម្មករ​ ដែល​ខ្លះ​បាន​អះអាង​ថា​ នឹង​ធ្វើ​បាតុកម្មរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​អឺរ៉ុប​បិទ​ទីផ្សារ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា​មែន​នោះ។​

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។

​លោក​ សម រង្ស៊ី​ ​បញ្ជាក់​ទៀត​ថា​ ការ​ទាមទារ​របស់​លោក​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​នោះ​ គឺ​ដូចគ្នា​នឹងសហជីព​ធំៗ​នៅ​កម្ពុជា​ដែរ​ ដោយ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ ដែល​ជា​អ្នក​បញ្ជា​ទិញ​ទាំង​នោះ ​គិត​គូរ​អំពី​លក្ខខណ្ឌ​ការងារ​ដ៏​លំបាក​វេទនា​របស់​កម្មករ​កម្ពុជា​ ហើយ​ដាក់​សម្ពាធ​ឲ្យថៅកែ​រោងចក្រ​កាត់ដេរ​ទាំង​នោះ ដំឡើង​ប្រាក់ខែ​ និង​កែ​លំអ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ដល់​កម្មករ។​

យ៉ាងណា​ក៏ដោយ​ លោក​ ខេន​ លូ​ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា​ GMAC បញ្ជាក់​ប្រាប់​ VOA ថា​កិច្ច​សហការ​រវាង​សហភាព​អឺរ៉ុប​ចំពោះ​វិស័យ​វាយនភណ្ឌ​នៅកម្ពុជា​ និង​ប្រទេស​ដទៃ​នោះ​ មាន​កំណត់​លក្ខខណ្ឌ​រួច​ហើយ។ តំណាង​សមាគម​រោងចក្រ​រូប​នេះ​យល់ថា ​ការ​ទាមទារ​លក្ខខណ្ឌ​បន្ថែម​របស់​លោក​ សម​ រង្ស៊ី អាច​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ជីវភាព​កម្មករ​កម្ពុជា។

«នៅក្នុង​ GSP [Generalized Scheme of Preferences]​ របស់​ EU ​គាត់​មានមាន​ដាក់​លក្ខខណ្ឌ​ហើយៗ​មិន​មែន​សម្រាប់​តែ​ស្រុកខ្មែរ​ទេ​ ដូច​បង់ក្លាដេស​ មីយ៉ាន់ម៉ា​អី​ហ្នឹង គេ​មាន​លក្ខខណ្ឌដូចគ្នា។ ចឹង​ខ្ញុំ​អត់​សូវ​យល់​ថា​លោក សម រង្ស៊ី​ ស្នើសុំ​ទៅខាង​ EUដាក់​លក្ខខណ្ឌ​យ៉ាង​ម៉េច? ​លក្ខខណ្ឌ​ពិសេស?​ អ្នក​ប៉ះពាល់​ខ្លាំង​ជាង​គេ​ គឺ​កម្មករ»។

រហូត​មក​ទល់​ពេលនេះ​ គេ​មិន​ទាន់​ឃើញ​ការ​ប្រកាស​ណា​មួយ​ដែល​ថា​ សភា​អឺរ៉ុប​បិទ​ទីផ្សារ​សម្រាប់​ការ​នាំចេញ​របស់​កម្ពុជា​ទេ។ តែ​ប្រតិកម្ម​របស់​ក្រុម​សហជីព​កម្មករ​រោងចក្រ​ គឺ​កើត​ឡើង​ក្រោយ​ ពេល​ដែល​លោក​ សម រង្ស៊ី​ ​បាន​ថ្លែង​ថា​ សភា​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​ កម្ពុជា​មិន​ធ្លាប់​មាន​ពី​មុន​ ដែល​លោក​អះ​អាង​ថា​ ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្រុម​ជំទាស់។

វិស័យ​វាយនភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ដឹង​ថា បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា។ កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់​របស់​ខ្លួន​ប្រមាណ​៤៦​ភាគរយ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ៣០​ភាគរយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា​ និង​ជប៉ុន។ ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ មាន​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ៕