រដ្ឋាភិបាល​​បង្កើត​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

រូបឯកសារ៖ នៅ​ពេល​ព្រឹក​ព្រលឹម​មួយ ប្រជាពលរដ្ឋ​រង់ចាំ​នៅ​ខាងមុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​នៅរាជធានី​ភ្នំពេញ។​ (រូប​ថត​ AP)

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​  ​​ប្រកាស​ថា ​លោក​និង​ភរិយានឹង​ផ្តល់​ថវិកា​​៥​ម៉ឺន​ដុល្លារ​​​ក្នុង​មួយឆ្នាំ​ ​រយៈពេល​៥​ឆ្នាំ​ ​ចូល​មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ ព្រមទាំង​​បាន​ប្រកាស​គៀងគរ​ថវិកា​ពី​សប្បុរស​ជន​នានា​ ដើម្បី​ចូលរួម​ជាមួយ​មូលនិធិ​នេះ​ផង​ដែរ។

រាជរដ្ឋាភិបាលកម្ពុជាបាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដាក់​ឲ្យដំណើរការ​ ​«មូលនិធិ​គន្ធបុប្ផា​កម្ពុជា»​ ​ជា​ផ្លូវការ​ ​ដោយ​សម្រេចដាក់ប្រាក់វិភាគ​ទាន​ដំបូង​ដែល​ជា​ថវិកា​របស់​រដ្ឋ​ចូល​មូលនិធិ​នេះ​ចំនួន​១០​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រកាស​បន្ត​ដាក់​ថវិកា៥​លាន​ដុល្លារ​អាមេរិក​ចូល​មូលនិធិ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ​ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​របស់​មន្ទី​រពេទ្យ​គន្ធបុប្ផា។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជាផ្លូវការ​នូវ​ ​«មូលនិធិ​គន្ធបុប្ផា​កម្ពុជា»​ ​នៅព្រឹក​ថ្ងៃទី១១​ ​ខែ​មេសា ឆ្នាំ​២០១៨​នេះ​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យដំណើរ​ការ​មូលនិធិ​នេះ​ ​ក្នុង​គោលបំណងបន្តសកម្មភាព​មនុស្សធម៌រ​បស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​តាម​រយៈ​ការស្វែងរក​ថវិកា​ពី​បណ្តា​សប្បុរសជន​នានា​មក​ទ្រទ្រង់​ ​ដើម្បី​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។​ ​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​បាន​ធ្វើ​វិភាជន៍​ដល់​មន្ទីរពេទ្យ​នេះ តាមរយៈ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ​ព្រមទាំងថវិកា​ចំនួន​១លាន​ដុល្លារ​ពី​កាកបាទ​ក្រហម​កម្ពុជា​ ​ជា​រៀង​រាល់​ឆ្នាំ​ ​និង​ថា​ ​ប្រសិនបើ​លោក​នៅ​បន្ត​ដឹកនាំ​ប្រទេស​ ​នោះ​រដ្ឋាភិបាល​នឹង​ផ្តល់​១០​លាន​ដុល្លារ​ជា​រៀង​រាល់ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​៥​លាន​ដុល្លារ​សម្រាប់​មូលនិធិ​នេះ។​

លោក​បញ្ជាក់​ថា៖​

«បើ​ខ្ញុំ​នៅ​តែ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល ដែល​ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ផ្តល់​ការគាំទ្រ​ជាប់​មិនដាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​សំដៅ​ធានា​ឲ្យខាង​តែ​បាន​នូវ​ចីរភាព​ ​នៃ​កិច្ច​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​នេះ​ ​ក្នុងការ​ផ្តល់​សេវា​ព្យាបាល​ ​និង​ថែទាំ​សុខភាព​ ​តាមរយៈ​ការបន្តផ្តល់​ថវិកា​យ៉ាង​តិច​ ​១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​ និង​យ៉ាង​តិច​៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​មូលនិធិ​គន្ធបុប្ផា»។​

ក្នុង​ពិធី​នោះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​ប្រកាស​ថា​លោក​និង​ភរិយា ​នឹង​ផ្តល់​ថវិកា៥​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ​រយៈពេល​៥​ឆ្នាំ​ ​ចូល​មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ ព្រមទាំងបាន​ប្រកាស​គៀងគរ​ថវិកា​ពី​សប្បុរស​ជន​នានា​ ដើម្បី​ចូលរួម​ជាមួយ​មូលនិធិ​នេះ​ផង​ដែរ។​

ជាង​២៥​ឆ្នាំមក​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​១៩៩២​ ​ដល់​ខែមីនា​ ​ឆ្នាំ​២០១៧​ ​មាន​កុមារ​ជាង​១២​លាន​នាក់​ ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ឥតគិត​ថ្លៃ ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ​ដែល​មាន​ទីតាំង​ចំនួន​ប្រាំ​កន្លែង​នៅ​ក្នុង​ប្រទេស​ ​ដោយ​ចំណាយ​ថវិកា​អស់​ជាច្រើន​លាន​ដុល្លារ​អាមេរិក។​

លោក​វេជ្ជបណ្ឌិត​ ​ Beat Richner​ ​(បេអាត រិចឆ្នឺរ) ​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​ ​និង​១៩៧៥​ ​ដោយ​កាកបាទ​ក្រហម​ប្រទេស​ស្វ៊ីស។​ ​ក្រោយ​សម័យ​សង្គ្រាម​គឺ​នៅ​ខែ​ធ្នូ​ ឆ្នាំ​១៩៩១​ ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​កសាង​ឡើង​វិញ​ ​និង​គ្រប់គ្រង​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម។​

លោក ​រិចឆ្នឺរ​ ​បាន​បង្កើត​មូលនិធិ​មួយ​ដើម្បី​រៃ​អង្គាស​ប្រាក់​ ​តាម​រយៈការ​លេង​សែលឡូ (ហៅ​វីយូឡុង​ធំ)​នៅ​ក្រៅ​ប្រទេស​ ​ក្នុង​ការទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា។​ ​លោក​បានធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កាល​ពីខែ​មីនា​ ឆ្នាំ​២០១៧ ហើយ​មាន​ការបារម្ភ​ថា​ ​មន្ទីរពេទ្យដែល​តែង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជាដ៏​ល្បីល្បាញ​មួយ​នេះ​ អាច​នឹង​ត្រូវ​បិទទ្វារ​ដោយ​សារ​មិនមាន​ថវិកា​ដើម្បី​ទ្រទ្រង់​បន្ត។​

បច្ចុប្បន្ន​ ​ថវិកា​ដែល​ទ្រទ្រង់មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​សាខា​នេះ​ ​មួយ​ចំនួនគឺ​បានមកពី​មូលនិធិគ​ន្ធ​បុប្ផា​ស្វីស​ ​ដោយរដ្ឋាភិបាល​ស្វី​សបាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា៤​លាន​ដុល្លារ​អាមេរិក​ ​ជា​រៀង​រាល់​ឆ្នាំ​ ​និង​មួយ​ចំនួន​ទៀ​តបាន​មក​ពី​សប្បុរ​សជ​ន​ក្នុង និង​ក្រៅ​ប្រទេស​ ​រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕