រដ្ឋាភិបាល​ទទួល​ការ​សរសើរ​​ចំពោះ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម

រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

កំណែ​ទម្រង់​​ដែល​បាន​ចងក្រង​ទុក​ទាំង​នោះ​ រួម​មាន​ការ​កែទម្រង់​គោលនយោបាយ​ផែនការ​សកម្មភាព​គ្រូបង្រៀន​ ការ​កែ​ទម្រង់​របប​បង់​ពន្ធ​ និង​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​តំបន់​ទីក្រុង។

កម្មវិធី​«គំនិត​ផ្តួចផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់»​ (Reform Inventory Initiative) នៃ​មូលនិធិ​អាស៊ី​ (The Asia Foundation) បាន​រក​ឃើញ​កំណែ​ទម្រង់​សំខាន់ៗ​ក្នុង​វិស័យ​ចំនួន​បី​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​ អ្នក​តាម​ដាន​គណនេយ្យភាព​របស់​រដ្ឋាភិបាល​យល់​ថា ​ការ​កែទម្រង់​នេះ​ ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ពង្រឹង​សេវា​សាធារណៈ ដើម្បី​បម្រើ​សាធារណជន​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​ដើម​អាណត្តិ​ទី​ប្រាំ​នេះ។

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ បាន​ធ្វើ​ការ​កែទម្រង់​វិស័យ​សំខាន់ៗ​ចំនួន​បី​ដែល​មាន​ដូច​ជា​ វិស័យ​អប់រំ​ សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​ ​ដើម្បី​ជា​ប្រយោជន៍​សាធារណជន​កម្ពុជា​ទូទៅ​ និង​ជា​ការ​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស។​ នេះ​បើ​យោង​ទៅ​តាម​ការ​រក​ឃើញ​របស់​កម្មវិធី​ «គំនិត​ផ្តួចផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់‍»​ នៃ​មូលនិធិ​អាស៊ី​ ដែល​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​នេះ។

កំណែ​ទម្រង់ដែល​បាន​ចងក្រង​ទុក​ទាំង​នោះ​ រួម​មាន​ការ​កែទម្រង់​គោលនយោបាយ​ផែនការ​សកម្មភាព​គ្រូបង្រៀន​ ការ​កែ​ទម្រង់​របប​បង់​ពន្ធ​ និង​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​តំបន់​ទីក្រុង។

យោង​ទៅ​តាម​ការ​រក​ឃើញ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ចិត្ត​របស់​ក្រសួង​អប់រំ​ ក្នុង​ការ​កែទម្រង់​ការ​ប្រឡង​បាក់ឌុប​ បាន​ធ្វើ​ឲ្យ​អត្រា​អ្នក​ជាប់​ការ​ប្រឡង​នេះ​ បន្ត​កើន​ឡើង​ពី​៥៥.៩%​នៅ​ក្នុង​ឆ្នាំ​២០១៥​ ដល់​ ៦២.២%​នៅ​ឆ្នាំ​២០១៦​នេះ។

​ការ​កែ​ទម្រង់​របប​បង់​ពន្ធ​ពី​របប​ម៉ៅការ​ ដែល​ម្ចាស់​ក្រុម​ហ៊ុន​អាច​ប្រកាស​ពន្ធ​ទៅ​តាម​ការ​ប៉ាន់​ស្មាន​របស់​ពួកគេ​ មក​ជា​របប​ស្វ័យ​ប្រកាស​តាម​ប្រកាស​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​នេះ​ បាន​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​កើន​ឡើង​២០.២%​ នៅ​ក្នុង​រយៈពេល​១០​ខែ​ នៃ​ឆ្នាំ​២០១៦​ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូច​គ្នា​នេះ។​

ដោយ​ឡែក​ការ​ផ្គត់ផ្គង់​ទឹក​ ក្រុម​អ្នក​ចងក្រង​ការ​កែ​ទម្រង់​ បាន​រក​ឃើញ​ថា ៨០%​នៃ​ប្រជាជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​តំបន់​ទី​ក្រុង​ផ្សេង​ទៀត​ ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​ដែល​មាន​សុវត្ថិភាព​ អាច​លៃលក​បាន​ និង​មាន​ចីរភាព។​ បើ​ធៀប​នឹង​រយៈពេល​ប្រាំ​ឆ្នាំ​មុន​ មាន​ប្រជាជន​ក្នុង​តំបន់​ទីក្រុង​តែ​៦២%​ ប៉ុណ្ណោះ​ដែល​ទទួល​បាន​ទឹក​ប្រើ​ប្រាស់។

ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង​ទឹក​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​បាន​កំណត់​ថា​ ប្រជាជន​នៅ​ក្នុង​តំបន់​ទីក្រុង​នឹង​ទទួល​បាន​ទឹក​ប្រើប្រាស់​១០០%​ នៅ​ឆ្នាំ​២០២៥។ ការ​ផ្គត់​ផ្គង់​ទឹក​នេះ​ បាន​ទៅ​ដល់​តំបន់​ទីក្រុង​នៃ​ខេត្ត​អាទិភាព​មួយ​ចំនួន​ រួម​មាន​ខេត្ត​កំពង់ចាម​ កំពង់ធំ​ កំពត​ ពោធិ៍សាត់​ ស្វាយរៀង​ ព្រះសីហនុ​ និង​សៀមរាប។

ក្រុម​អ្នក​វិភាគ​លើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ សេដ្ឋកិច្ច​ និង​ឧស្សហកម្ម​ ធ្វើ​បទ​បង្ហាញ​អំពី​កំណែទ្រង់​ក្នុង​វិស័យ​ទាំងបី​នេះ​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ ទី១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​ (ហ៊ុល​ រស្មី/VOA)

ជោគជ័យ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​វិសាលភាព​ធំធេង​នេះ​ គឺ​បាន​មក​ពី​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ និង​ការ​បង្កើន​ប្រតិបត្តិការ​នានា។

​អ្នកស្រី​ Erika Boak​ ប្រធាន​ផ្នែក​កិច្ចការ​អប់រំ​នៃ​អង្គការ​ Unicef ​ដែល​បាន​ធ្វើ​ការ​វិភាគ​លើ​កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​ បាន​ចាត់​ទុក​ការ​កើន​ឡើង​អត្រា​នៃ​សិស្ស​ប្រឡង​ជាប់​ថា្នក់​មធ្យមសិក្សា​ថា ជា​ដំណឹង​ដ៏​ល្អ​មួយ​ ក៏ប៉ុន្តែ​អ្នក​ស្រី​បាន​មើល​ឃើញ​ពី​ចំណេះ​ដឹង​របស់​គ្រូ​នៅ​កម្រិត​បឋម​សិក្សា​ថា​ នៅ​មាន​កម្រិត​ទាប​ និង​មិន​សម​ល្មម​ដើម្បី​ធ្វើ​ជា​គូ្រ​បង្រៀន​នោះ​ទេ។

​អ្នក​ស្រី​ Erika ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ការ​កំណត់​ថា​ អ្នក​ដែល​អាច​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​បឋម​បាន គឺ​ត្រូវ​តែ​ជា​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ​រយៈពេល​១២​ឆ្នាំ​ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ធ្វើ​ជា​គ្រូ​បង្រៀន​រយៈពេល​ពីរ​ឆ្នាំ។​ អ្នកស្រី​បញ្ជាក់​ថា​ ការណ៍​នេះ​មិន​គ្រប់គ្រាន់​ ហើយ​ត្រូវ​តែ​មាន​ការ​កែទម្រង់។

«ការ​កំណត់​គុណវុឌ្ឍិ​ថ្មី​របស់​គ្រូ​បង្រៀន​នឹង​ត្រូវ​ជា​ការ​កំណត់​ថា​ គ្រូបង្រៀន​ចាំបាច់​ត្រូវ​មាន​បរិញ្ញាបត្រ​ ដែល​មាន​រយៈពេល​បួន​ឆ្នាំ​ ហើយ​បើ​អាច​ធ្វើ​បាន​ គឺ​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​ធ្វើ​ជា​គ្រូ​បង្រៀន​រយៈពេល​មួយ​ឆ្នាំ។​ តាម​ការ​ប៉ាន់ស្មាន​ទុក​ជាមុន​របស់​យើង ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ថា​ នៅ​ត្រឹម​ឆ្នាំ​២០២៥​ នឹង​មាន​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​តែ​៥ភាគរយ​ប៉ុណ្ណោះ​ ដែល​នឹង​ទទួល​បាន​គុណវុឌ្ឍិ​នេះ​ ប្រសិន​បើ​យើង​នៅ​បន្ត​ផ្អែក​លើ​ការ​កំណត់​គុណវុឌ្ឍិ​ចាស់​ដដែល​នោះ។​ ហេតុនេះ​ហើយ​ យើង​ត្រូវ​ធ្វើការ​កែទម្រង់»។​

​អ្នកស្រី​ Erika បាន​លើក​ឡើង នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​កែទម្រង់​វិស័យ​អប់រំ​ដដែល​នេះ​ថា​ នៅ​ខេត្ត​កែប​ គ្រូ​បង្រៀន៩០%​ មាន​គុណសម្បតិ្ត​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្រៀន​ ខណៈ​ដែល​ខេត្ត​មណ្ឌលគីរី​មាន​គ្រូបង្រៀន​តែ​១៤​ភាគរយ​ប៉ុណ្ណោះ​ ដែល​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ ហើយ​បើ​គិត​ជា​មធ្យម​នៃ​កម្រិត​ថ្នាក់​ជាតិ​ មាន​គ្រូ​បង្រៀន​៥៧% ប៉ុណ្ណោះ​ដែល​មាន​គុណសម្បតិ្ត​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​គ្រូបង្រៀន។

ទាក់ទិន​ទៅ​នឹង​កិច្ច​ខិតខំ​កែ​ទម្រង់​របប​បង់ពន្ធ​ លោក​ Blaise Killian ប្រធាន​តស៊ូ​មតិ​នៃ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ថ្លែង​ថា​ ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ធ្វើ​ឲ្យ​ខូច​កិច្ច​ខិតខំ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទើប​រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរ​របប​បង់​ពន្ធ​ពី​របប​ម៉ៅការ​មក​ជា​របប​ស្វ័យប្រកាស។

លោក​ Blaise Killian ពន្យល់​ថា៖

«កំណែ​ទម្រង់​នេះ​ គឺ​មាន​គោល​បំណង​មួយ​សំខាន់ គឺ​ធានា​ថា​ វិស័យ​ឯកជន​អ្នក​ជាប់​ពន្ធ​ ជា​ពិសេស​ក្រុមហ៊ុន​ដែល​ពី​មុន​មិនមែន​ប្រកាស​តាម​ការ​ពិត​ ឬ​ក៏​ប្រកាស​ពន្ធ​ ឬ​ក៏​ប្រកាស​តាម​ការ​ប៉ាន់​ស្មាន​ គឺ​តម្រូវ​ឲ្យ​ទាំង​អស់​គ្នា​ អាច​ប្រកាស​ពន្ធ​តាម​ការ​ជាក់​ស្តែង​នឹង​បង់​ពន្ធ​ចូល​រដ្ឋ​ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​សមត្ថភាព​ខ្ពស់​ជាង​មុខ​សម្រាប់​ធ្វើ​សវនកម្ម​ និង​ធានា​ថា​ ការ​ប្រកាស​របស់​គាត់​ គឺ​ស្រប​ទៅ​នឹង​ការ​ពិត​នៃ​ការ​រក​ស៊ី​របស់​គាត់»។

​រីឯ​លោក​ Itsu​ Adachi ​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា​ JICA បាន​ហៅ​ការ​ពង្រីក​បណ្តាញ​តភ្ជាប់​ទឹក​យ៉ាង​ទូលំទូលាយ​នេះ​ថា​ ជា​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល​ ហើយ​ថា​ អ្វី​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នេះ​ គឺ​មិន​មាន​ទេ​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក។

លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ដូច្នេះ​ នេះ​ជា​រឿង​តែមួយ​គត់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​វិស័យ​ទឹក​របស់​ពិភពលោក»។

ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទីពីរ​នៃ​ការ​ចងក្រង​បញ្ជី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​កែទម្រង់​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៥។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ជី ទេរិទ្ធិ នាយក​កម្មវិធី​មូលនិធិ​អាស៊ី។

​លោក​ ជី ទេរិទ្ធិ ថ្លែង​ប្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​ចង​ក្រង​កំណែ​ទម្រង់​ថ្មីៗ​ទាំង​បី​នេះ​ គឺ​បាន​មក​ពី​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​កែ​ទម្រង់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​បណ្តា​ក្រសួង​នានា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ទាំង​បី​ ហើយ​និង​ការ​ស្រាវ​ជ្រាវ​រក​ព័ត៌មាន​បន្ថែម​នៅ​តាម​គេហទំព័រ​របស់​ក្រសួង​រដ្ឋាភិបាល​នីមួយៗ​ ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​សុក្រឹតភាព​ព័ត៌មាន​ដែល​បាន​ផ្តល់​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ទាំង​នោះ។

លោក ​ជី ទេរិទ្ធិ ប្រាប់​ VOA ​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​រក​ឃើញ​កំណែទម្រង់​ទាំង​បី​នេះ​ថា​ ការ​ធ្វើ​កំណែ​ទម្រង់​គឺ​ជា​ដំណើរការ​មួយ​ ដែល​ត្រូវ​ការ​ពេល​វេលា​ច្រើន​ ហើយ​សាធារណជន​ក៏​មិន​បាន​ដឹង​អំពី​ការ​វិវត្ត​នៃ​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ដែរ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ចង​ក្រង​កំណែទម្រង់​ទាំងនេះ​ឡើង។

លោក​ ជី ទេរិទ្ធិ​ នាយក​កម្មវិធី​នៃ​មូលនិធិ​អាស៊ី​ ថ្លែង​ស្វាគមន៍​ចំពោះ​ការ​រក​ឃើញ​កំណែ​ទម្រង់​ទាំងបី​ ដែល​ធ្វើ​ឡើង​ដោយ​កម្មវិធី​«​គំនិត​ផ្តួច​ផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់​នៃ​មូល​និធិ​អាស៊ី​» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ ទី១៦​ ខែធ្នូ​ ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

«យើង​ដឹង​ថា​ កំណែ​ទម្រង់​គឺ​វា​កើត​ឡើង​ កើត​ឡើង​យូរ​ហើយ​ ហើយ​កំពុងតែ​កើត​ឡើង​ជានិច្ច​ដែរ​បាទ​ កំណែទម្រង់​ជាទូទៅ​ វា​ស៊ី​ពេល។​ បាទ​អញ្ចឹង​ យើង​គិត​ថា​ អ្វី​ដែល​ខ្វះ​ខាត​គឺ​ការ​កើត​ឡើង​នៅ​តាម​ក្រសួង​មន្ទីរ​ផ្សេងៗ​ហើយ​ ប៉ុន្តែ​ព័ត៌មាន​ដែល​ស្តី​អំពី​កំណែ​ទម្រង់​ហ្នឹង​អត់​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ទេ​ ស្អី​ដែល​ តាម​រយៈ​ការ​ស្ទាបស្ទង់​ប្រជាពលរដ្ឋ​មក​ គាត់​ គាត់​ដឹង​ព័ត៌មាន​តិច​ស្តី​អំពី​កំណែ​ទម្រង់​ទាំង​អស់​ហ្នឹង»។

ទោះ​បី​ជា​មាន​ការ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​កែទម្រង់​វិស័យ​ទាំង​បី​ អ្នក​ជំនាញ​ខាង​គណនេយ្យ​ភាព​ លើក​ឡើង​ថា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អំពី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​សាធារណជន ​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​បី​នេះ។

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ទទួល​ស្គាល់​ពី​ការ​កែទម្រង់​ក្នុង​វិស័យ​ទាំង​នេះ​ ក៏ប៉ុន្តែ​លោក​ថា​ ការ​សម្លឹង​មើល​តែ​ទៅ​លើ​សកម្មភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ​ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។​

លោក​និយាយ​ថា​ ក្រុម​អ្នក​ចងក្រង​ការ​កែទម្រង់​គួរ​ធ្វើ​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​មហាជន​ ដើម្បី​បញ្ជាក់​ថា តើ​ការ​កែទម្រង់​ទាំង​អស់​នេះ​ពិត​ជា​ផ្តល់​ប្រយោជន៍​ជា​វិជ្ជមាន ​ឬ​ក៏​នៅ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​ពីសំណាក់​មហាជន​ខ្មែរ។

​លោក​បាន​លើក​ឡើង​អំពី​វិស័យ​ពន្ធដារ​ថា​ ទោះបី​ជា​មាន​ការ​កែ​ទម្រង់​ក្នុង​វិស័យ​នេះ​ក្តី ​សាធារណជន​នៅ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បង់​ពន្ធ​ ដូច​ជា​ការ​បង់​ពន្ធ​អចលនទ្រព្យ​ជា​ដើម។

«គេ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​បង់​ពន្ធ​ ដូច​ជា​ការ​បង់​ពន្ធ អចលនទ្រព្យ​អី​ជា​ដើម​ហ្នឹង​ ឃើញ​ថា​ មាន​ការ​រអ៊ូ​រទាំ​ ពួក​គេ​ពិបាក​នឹង​រក​ការ​ឆ្លើយ​តប​នឹង​ការ​ជួយ​សម្រួល​ដល់​បច្ចេកទេស​ ឬ​ក៏​ទៅ​ដល់​នីតិវិធី​នៃ​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ​ហ្នឹង។​ អញ្ចឹង​វា​មិន​មែន​ជា​អ្វី​មួយ​ដែល​ទាន់​គេ​ហៅ​ថា​ ជា​ការ​សាទរ​ពេញ​លេញ​នៅ​ឡើយ​ទេ។ វា​ត្រូវ​តែ​មាន​ការ​កែ​លម្អ​ ហើយ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ឱកាស​ស្តាប់​នូវ​សំណូមពរ​ ស្តាប់​នូវ​តម្រូវការ​បន្ថែម​ទៀត​ពី​អ្នក​ទទួល​ផល​ហើយ​និង​អ្នក​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ហ្នឹង»។

​ការ​រក​ឃើញ​ពី​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​ទាំង​បី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ចងក្រង​កំណែ​ទម្រង់​បាន​ធ្វើការ​វាយ​តម្លៃ​លើ​កំណែទម្រង់​កម្រិត​ក្រសួង​នៅ​តាម​ក្រសួង​ចំនួន​១៧​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​ចំនួន​ក្រសួង​នេះ​បាន​កើន​ឡើង​ពី​ចំនួន​១២​នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក​ ជី ទេរិទ្ធិ​ នាយក​កម្មវិធី​មូលនិធិ​អាស៊ី​ បាន​ឲ្យ​ដឹង​បន្ត​ថា​ កាល​ពី​ឆ្នាំ​២០១៥​ ក្រុម​អ្នក​ចងក្រង​បញ្ជី​កំណែទម្រង់​បាន​កត់​ត្រា​កំណែទម្រង់​របស់​រដ្ឋាភិបាល​ចំនួន​៥​ រួមមាន​ការ​ត្រួត​ពិនិត្យ​ការ​ប្រឡង​បាក់ឌុប​ ការ​បង្កើត​នូវ​ការ​ប្រឡង​ចេញ​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ខាង​ផ្នែក​សុខភាព​ ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ប្រមូល​ថវិកាជាតិ​ ការ​ពង្រីក​វិសាលភាព​ធានា​រ៉ាប់​រង​សុខភាព​ថ្នាក់​ជាតិ​ដល់​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ និង​ការ​បង្កើត​កិច្ច​សន្យា​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គភាព​ប្រឆំាង​អំពើពុករលួយ។​

លោក​បន្ថែម​ថា​ ក្រុម​អ្នក​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់​នឹង​ពិនិត្យ​លើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ ច្បាប់​គ្រប់គ្រង​បុគ្គលិក​អ្នក​មាន​វិជ្ជាជីវៈ​ពេទ្យ និង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្នុង​ឆ្នាំ​ខាងមុខ៕