កិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកនៅរមណីយដ្ឋានលំហែកាយ Sunnylands កាលពីពាក់កណ្តាលខែកុម្ភៈ គឺជាកិច្ចប្រជុំដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាកិច្ចប្រជុំកំពូលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមដោយផ្ទាល់នេះ បានបើកផ្លូវបន្ថែមទៀត ឱ្យកម្ពុជាពង្រីកនយោបាយការបរទេសរបស់ខ្លួន ពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធ្វើឱ្យមេដឹកនាំកម្ពុជាឈរស្មើមុខស្មើមាត់ជាមួយនឹងមេដឹកនាំនានាលើពិភពលោក។
កិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះបានរៀបចំឡើងពីថ្ងៃទី១៥ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវបានដឹកនាំដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។
លោក កៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិកថា កម្ពុជាមើលឃើញថាជំនួបកំពូលនេះជាឱកាសឱ្យប្រទេសដែលកំពុងអភិវឌ្ឍន៍នេះ ជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនបានឡើងមួយកម្រិតទៀត៖
«ធ្វើយ៉ាងណាឱ្យទីផ្សារសហរដ្ឋអាមេរិកនេះបើកច្រកសម្រាប់កម្ពុជា យើងក៏ដូចជាអាស៊ានដែរអាចបន្តនាំចេញនូវផលិតផល កសិផលពីប្រទេសកម្ពុជានេះ។ ដូច្នេះការគៀងគរការវិនិយោគ និងទេសចរណ៍ពីសហរដ្ឋអាមេរិកជាដើម។ ជាពិសេសទៀតយើងដឹងហើយក្នុងការស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើវិស័យជំនួយបច្ចេកទេស ក៏ដូចជាការកសាងសមត្ថភាព»។
មេដឹកនាំអាស៊ាន និងអាមេរិកបានចេញសេចក្តីប្រកាសរួមគ្នា ដែលមាន១៧ចំណុចដែលអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះដែនដីលើផ្លូវចរាចរណ៍នាវាដឹកទំនិញ និងការប្រកាសគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីៗជាច្រើន។
លោក កៅ គឹមហួន បញ្ជាក់ថា ក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើននោះគឺគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថា «ការតភ្ជាប់អាស៊ាន និងសហរដ្ឋអាមេរិក»នឹងជួយឱ្យអាស៊ានខិតកាន់តែជិតជាមួយនឹងសហរដ្ឋអាមេរិក៖
«ការតភ្ជាប់នេះជាពិសេសជាលក្ខណៈផ្តល់ឱកាសថ្មីមួយឱ្យអ្នកវិនិយោគ ពាណិជ្ជករ អ្នកដឹកនាំធុរៈកិច្ច រវាងអាស៊ាន និងសហរដ្ឋអាមេរិក អាចជួបជុំគ្នាជាប្រក្រតី ដើម្បីជំរុញសេដ្ឋកិច្ចរវាងទាំងសងខាង»។
បណ្តូរពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងតំបន់អាស៊ានមានទំហំជាង២៤០ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិកនាំចូលទំនិញ និងសេវាទៅអាស៊ាន មានតែជាង១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែតួលេខនេះនៅទាបជាងបណ្តូរពាណិជ្ជកម្មរវាងចិន និងអាស៊ាន ដែលមានរហូតដល់ជាង៤៨០ពាន់លានដុល្លារ។ នេះបើតាមតួលេខរបស់ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលគិតត្រឹមឆ្នាំ២០១៣។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបន្ថែមថា លើសពីវិស័យកសិកម្មដែលកម្ពុជាមានសក្តានុពលខ្លាំង គឺកម្ពុជាជាដៃគូពាណិជ្ជកម្មមួយល្អ ដោយសារតែការផលិតនៅកម្ពុជាមានតម្លៃថោកសម្រាប់នាំទៅសហរដ្ឋអាមេរិក៖
«ដូច្នេះផលរំពឹងទុករបស់យើងគឺវិស័យកសិកម្ម។ ផលរំពឹងទុករបស់យើងគឺជួយសហរដ្ឋអាមេរិកទៅវិញនូវភាពសន្សំសំចៃ ដោយសារផលិតផលពីកម្ពុជាដែលមានតម្លៃមួយសមរម្យ ដែលជួយឱ្យពលរដ្ឋសហរដ្ឋអាមេរិកអាចមានលទ្ធភាពក្នុងការទិញបានច្រើន»។
យ៉ាងណាក៏ដោយ វិស័យកាត់ដេរនៅតែជាប្រភេទទំនិញនាំមុខគេក្នុងចំណោមទំនិញ ដែលកម្ពុជានាំចូលមកសហរដ្ឋអាមេរិក។
កម្ពុជាគឺជាប្រទេសតូចមួយ ដែលស្ថិតក្នុងក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចនៃសហគមន៍អាស៊ាន។ ប៉ុន្តែ ការដែលប្រទេសនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមហាអំណាចចិនធ្វើឱ្យប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិកមិនអាចមើលរំលងបាន។ ជាពិសេសនៅក្នុងជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងដែលតែងតែឡើងកម្តៅជានិច្ច។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគនយោបាយក្នុងពេលកន្លងមក។
លោក ផៃ ស៊ីផាន បានបញ្ជាក់ពីជំហរដែលសហគមន៍អាស៊ានគាំទ្រលើសេចក្តីប្រកាសរួមដែលបានចេញនៅក្រោយពីជំនួបកំពូលនោះ។
«យើងវាយតម្លៃខ្ពស់នៅក្នុងហ្នឹងគឺយើងបានគាំទ្រនូវសេចក្តីប្រកាសរួមមួយ។ ប៉ុន្តែជម្រាបជូនផងដែរសេចក្តីគាំទ្ររបស់យើង យើងគឺអាស៊ានមិនទាន់បានបញ្ចេញជំហរនូវបែបបទការងារ ឬក៏ប្តេជ្ញារបៀបយ៉ាងម៉េចដែរ ពីព្រោះអាស៊ានបានប្តេជ្ញារួចទៅ ហើយថាជាពិសេសនៅក្នុងរឿងសិទ្ធិមនុស្សនៅក្នុងរឿងសេដ្ឋកិច្ចទៀតហ្នឹងគឺយើងនៅតែពង្រឹងបន្តទៅទៀត»។
លោក ផៃ ស៊ីផាន បានអះអាងជាថ្មីពីជំហរសន្តិភាពនិយមរបស់កម្ពុជា បើទោះបីជាមានការរិះគន់ថាខ្លួនលម្អៀងទៅរកចិនក៏ដោយ៖
«កម្ពុជានៅមានជំហរដដែល គឺយើងចង់ឃើញឱ្យមានការជជែកគ្នា ហើយចង់ឃើញប្រទេសចិន និងជាមួយនឹងប្រទេសអាមេរិកជជែកគ្នា ជាជាងការរៀបចំឱ្យមានការប្រឈមដោយកម្លាំង។ យើងចង់ឃើញប្រទេសចិនមានការដោះស្រាយជាមួយនឹងប្រទេសដែលពាក់ព័ន្ធនឹងបញ្ហាឈូងសមុទ្រ គឺសុំឱ្យជជែកគ្នាឱ្យបានច្រើន ជាជាងការរៀបចំឱ្យក្លាយទៅជាការប្រឈមដាក់គ្នា»។
កិច្ចប្រជុំកំពូលបានបញ្ចប់ទៅមែន ប៉ុន្តែសម្រាប់គណបក្សកាន់អំណាច មើលឃើញថា វាគឺជាសក្ខីកម្មមួយទៀតនៃការដឹកនាំរបស់ខ្លួន ដែលបាននាំឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែកៀកចូលគ្នា គឺមិនមែនឃ្លាតឆ្ងាយ ដូចអ្វីដែលគេបានលើកឡើងក្នុងពេលកន្លងមកទេ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖
«ឆ្លងកាត់ការប្រជុំកំពូលរវាងអាស៊ាន និងអាមេរិកនេះ គឺយើងឃើញថា ជំហររបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា គឺគាត់មិនមានការរើសអើងអ្វីទេ ហើយការទទួលស្វាគមន៍រាក់ទាក់មេដឹកនាំបណ្តាប្រទេសទាំង១០នៃសមាគមអាស៊ានយើងឃើញថា មានលក្ខណៈគោរពគ្នាទៅវិញទៅមកហើយស្មើភាពគ្នា»។
ទន្ទឹមនឹងនោះជាការពិតគឺការវិនិយោគដែលអាចនឹងមកដល់។ លោក សុខ ឦសានបានបន្ថែមថា៖
«ហើយយើងសង្ឃឹមថា បន្ទាប់ពីសភាពការណ៍កិច្ចប្រជុំកំពូលអាស៊ានអាមេរិកនេះនឹងសង្ឃឹមថា នឹងមានវិនិយោគិនបរទេស ជាពិសេសមកពីអាមេរិកនឹងចូលមកកម្ពុជា»។
យ៉ាងណាក៏ដោយ ការជួបប្រជុំនោះក៏បានញាំញីដោយការតវ៉ារបស់សហគមន៍ខ្មែរ ឡាវ ថៃ និងក្រុមអ្នកប្រឆាំងនឹងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកជាដើម។ សហគមន៍ខ្មែរចង់ឱ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកំណើតរបស់ខ្លួន និងសិទ្ធិនយោបាយកាន់តែធំទូលាយជាដើម។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏បានអះអាងដែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏មិនបានយកចិត្តទុកដាក់តាមការស្នើសុំរបស់សកម្មជនសិទ្ធិមនុស្សទេ៖
«ក្នុងនេះឃើញថា លោកមិនមានការយកតាមសំណូមពររបស់ក្រុមប្រឆាំងមួយចំនួនហើយក៏ដូចជាសំណូមពររបស់អង្គការមួយចំនួន ដែលចង់ឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិកដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាគឺអត់មានទេ។ លោករក្សានូវជំហរមួយគឺថា គោរពគ្នាទៅវិញទៅមកដោយស្មើភាពនិងស្មើសិទ្ធិ»។
ឯកអគ្គរដ្ឋទូតខ្មែរប្រចាំសមាគមអាស៊ាន គឺលោក នង សាកល ក៏បានបញ្ចេញប្រតិកម្មតបតនឹងលោកស្រី Nina Hachigian ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ានដែលនិយាយថា កិច្ចប្រជុំបានលើកឡើងដល់បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក នង សាកល បានបញ្ចេញប្រតិកម្មនៅក្នុងសារមួយថា៖«ជាការពិតដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានលើកបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាទូទៅដោយមិនសំដៅលើប្រទេសណាមួយទេ»។
លោកបានអះអាងថា មានអង្គការជាច្រើនកំពុងធ្វើការលើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាហើយពួកគេមានសិទ្ធិរិះគន់រដ្ឋាភិបាលទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដោយសេរី។ លោកក៏បានស្នើសុំឱ្យលោកស្រី Nina Hachigian ផ្តោតលើការងារពង្រឹងទំនាក់ទំនងដៃគូរវាងសហរដ្ឋអាមេរិកជាមួយនឹងអាស៊ានជាជាង«ជ្រៀតជ្រែកប្រកបដោយឥរិយាបទមិនសមស្របចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
បើទោះបីជាកម្ពុជាមើលឃើញពីទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មជាធំ ក្រុមអ្នកតាមដាននានាជាពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនមើលឃើញថា បញ្ហានេះមិនអាចកាត់ផ្តាច់បានពីការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ ជាពិសេសលំហរកាន់តែទូលាយសម្រាប់ប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ដូចដែលផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ គឺការបេ្តជ្ញានៃក្រុមមេដឹកនាំក្នុងការធានានូវឱកាសផ្សេងៗសម្រាប់ប្រជាជនទាំងអស់តាមរយៈ «ការពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងការប្រកាន់ខ្ជាប់នីតិរដ្ឋ លើកកម្ពស់និងការពារសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ជំរុញលើកកម្ពស់ការអត់ឱន និងអធ្យាស្រ័យ និងការពារបរិស្ថាន»៕