ក្រោយពីវិស័យឯកជន ដែលមានសមាគមរោងចក្រកាត់ដេរ (GMAC) សមាគមស្បែកជើងកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) បានស្នើសុំពន្យារពេលការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) រយៈពេលមួយឆ្នាំនោះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលើកឡើងថា រដ្ឋាភិបាលគាំទ្រសំណើនេះ ប៉ុន្តែជំហររបស់រដ្ឋាភិបាលកម្ពុជាមិនផ្លាស់ប្តូរនោះទេ។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចថា នឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ២០០១។ ការព្យួរនេះ នឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។ ការសម្រេចព្យួរនេះ ក្រោមហេតុផលនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការព្យួរនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០។
ខណៈវិស័យកាត់ដេររងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស ដោយសារជំងឺកូវីដ១៩ ដែលមិនទាន់បញ្ចប់នៅឡើយ នោះ វិស័យឯកជនបានស្នើឲ្យពន្យារពេលការដកប្រព័ន្ធអនុគ្រោះពន្ធរយៈពេលមួយឆ្នាំ គឺរហូតដល់ខែសីហា ឆ្នាំ២០២១វិញ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា រដ្ឋាភិបាលគាំទ្រការស្នើសុំនេះដើម្បីជាប្រយោជន៍របស់កម្មកររោងចក្រ តែលោកថា ជំហររបស់រដ្ឋាភិបាល គឺមិនផ្លាស់ប្តូរនោះទេ។ មិនផ្លាស់ប្តូរនោះ លោក ផៃ ស៊ីផានសំដៅថា ករណីរបស់លោក កឹម សុខាស្ថិតក្នុងដៃតុលាការ ដែលលោកថា មិនអាចជ្រៀតជ្រែកបាន។ លោកបន្តថា កម្ពុជាបានគោរពគោលការណ៍ប្រជាធិបតេយ្យតាំងពីដើមមក។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពនេះមិនមែនស្ថិតនៅក្នុងដំណោះស្រាយនយោបាយទេ។ខ្ញុំមិនដឹងថាមានន័យដំណោះស្រាយយ៉ាងម៉េច បើនយោបាយចំពោះលោក កឹម សុខា គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការនៅឡើយទេ។ ល្គឹកណាទាល់តែបញ្ចប់នៃដំណើរការតុលាការ ទើបនាយករដ្ឋមន្រ្តីមានបុព្វសិទ្ធិដោះស្រាយតាមរឿងនយោបាយ»។
លោក ផៃ ស៊ីផាន បន្ថែមថា៖ «យើងយកចិត្តទុកដាក់ផលប្រយោជន៍កម្មករប៉ុន្តែយើងមិនរំលាយអ្វីទៅដែលជាគោលការណ៍តាមរដ្ឋធម្មនុញ្ញ គោលការណ៍នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ យើងមិនអាចរំលាយដើម្បីការទិញដូររបស់យើងទេ។ អាហ្នឹងវាពិបាកនឹងធ្វើ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ប្រសិនបើមានការពន្យារពេលវាជាសមានចិត្តរបស់សហភាពអឺរ៉ុប។ ប៉ុន្តែលោកថា មិនអាចមានការដោះដូរដូចទំនិញនោះទេ។
«យើងមិនស្វាគមន៍អាបញ្ហាដែលយក EBA ឬមួយក៏យកកូវីដនេះ មកធ្វើជាចំណាត់ខ្មាំងចំពោះយើងទេ»។
ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនឹងប៉ះពាល់ផលិតផលស្បែកជើងនិងសម្លៀកបំពាក់មួយចំនួន។ ទំនិញសម្រាប់ធ្វើដំណើរនិងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។ ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញគិតជាទឹកប្រាក់ប្រមាណ១.១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ៥.៨០០លានដុល្លារអាមេរិក។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់យ៉ាងខ្លាំង ដោយសហគមន៍អន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ «ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់ខ្លួន និងចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយចោល និងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្ស១១៨នាក់ មិនឲ្យធ្វើនយោបាយ។
កាលពីខែកុម្ភៈឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងថា កម្ពុជាមិនដូរអធិបតេយ្យភាពជាមួយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។
លោកមានប្រសាសន៍ថា៖ «ហេតុអីមកគំរាមយើងតាមរយៈយកអានេះធ្វើតាមអញ។ មិនធ្វើតាម អញផ្តាច់អានេះ។ យកអានេះ ធ្វើតាមអញ។ មិនតាមអញ អញផ្តាច់អានេះ។ អត់ទេសុំទោស»។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី២ខែមិថុនា សមាគមរោងចក្រកាត់ដេរ សមាគមស្បែកជើងកម្ពុជានិងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) លើកឡើងថា ជំងឺកូវីដនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសាកលហើយកម្ពុជាដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនោះ ក៏មិនខុសពីប្រទេសផ្សេងៗដែរ។ ស្ថាប័នឯកជនទាំងនោះឲ្យដឹងថា រហូតមកដល់ពេលនេះ រោងចក្រចំនួន ២៥០ បានព្យួរដំណើរការ ដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស។ ការព្យួរនេះ ធ្វើឲ្យកម្មករជាង១៣ម៉ឺននាក់ បាត់បង់ការងារ ហើយចំនួននេះនឹងបន្តកើនឡើងខ្ពស់ថែមទៀត។
ពួកគេលើកឡើងថា ការដក EBA នេះនឹងប៉ះពាល់យ៉ាងសម្បើមលើវិស័យឧស្សាហកម្មកម្ពុជាបន្ថែមទៀត ហើយវាបន្តប៉ះពាល់មកលើសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ១៩។
VOA មិនអាចសុំការអត្ថាធិប្បាយពីអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គឺលោកស្រី Spaniard Carmen Moreno បាននៅឡើយទេនៅថ្ងៃពុធនេះ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC មានប្រសាសន៍ថាសមាគមមិនបានដាក់លិខិត ហើយក៏មិនបានជំរុញឲ្យរដ្ឋាភិបាលចរចានយោបាយជាមួយសហភាពអឺរ៉ុបនោះដែរ។
លោកមានប្រសាសន៍ថា៖ «យើងមិនដឹងថា រឿងនយោបាយឬក៏អត់នយោបាយទេ គ្រាន់តែវិស័យឯកជន យើងដាក់សំណូមពរក្នុងនាមវិស័យឯកជន ។ សំណូមពរក្នុងនាមវិស័យឯកជនអត់មានប៉ះពាល់ដល់រាជរដ្ឋាភិបាល ឬក៏អត់មានដាក់ Pressure(គំនាប)ដល់រាជរដ្ឋាភិបាលទៅចរចាឡើងវិញជាមួយសហគមន៍អឺរ៉ុប... អត់មានទេ»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌមានប្រសាសន៍ថា បញ្ហា EBA ជារឿងនយោបាយ ដូច្នេះវាត្រូវមានការដោះស្រាយតាមបែបនយោបាយដើម្បីបានជាផលប្រយោជន៍របស់កម្មករ។ ដំណោះស្រាយនោះ អ្នកស្រីសំដៅទៅលើការចរចាគ្នារវាងថ្នាក់ដឹកនាំខាងលើ។
អ្នកស្រីមានប្រសាសន៍ថា៖ «សម្រាប់កម្ពុជាយើងនៅតែមានឱកាសនៅក្នុងការជជែកគ្នាពាក់ព័ន្ធនឹងរឿងហ្នឹង។បើសិនណាកម្ពុជាយល់ឃើញថា រឿងហ្នឹងវាជារឿងសំខាន់ពាក់ព័ន្ធសុខទុក្ខរបស់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ ខ្ញុំគិតថា យើងគួរតែមានផែនការជាក់លាក់ក្នុងការជជែកគ្នារឿងបញ្ហាអស់ហ្នឹង។ សំខាន់ទៅលើថ្នាក់ដឹកនាំ មិនមែនសំខាន់ទៅលើពួកខ្ញុំជាសហជីពអីទេ»។
អ្នកស្រីបន្ថែមថា៖ «បើសិនថ្នាក់ដឹកនាំគាត់យល់ឃើញថា ការដែលចំណុចទាំងអស់ហ្នឹងវាជាចំណុចសំខាន់ គួរតែលើកពីបញ្ហាហ្នឹងដើម្បីទៅជជែកគ្នា ដើម្បីរកដំណោះស្រាយឲ្យពលរដ្ឋរបស់យើងទទួលបានការងារធ្វើ ទទួលបាននូវការទ្រទ្រង់នូវជីវភាពសេដ្ឋកិច្ចរបស់គាត់»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យដឹងថា បច្ចុប្បន្នមានអ្នកបញ្ជាទិញមួយចំនួនប៉ុន្តែគេបានបញ្ជាទិញនៅប្រទេសផ្សេងៗដោយសារវិបត្តិនយោយបាយនៅកម្ពុជា។ អ្នកស្រីបន្តថា នៅពេលខាងមុខនឹងមានការបញ្ជាទិញបន្ថែមទៀត ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩៕