ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះ បានផ្តល់ប្រតិកម្មយ៉ាងប្រយ័ត្នប្រយែង ចំពោះរបាយការណ៍បឋមលើកទីពីររបស់សហភាពអឺរ៉ុបស្តីពីស្ថានភាពប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។ ក្រុមមន្ត្រីបានផ្តល់ការកត់សម្គាល់ខុសៗគ្នា អំពីថាតើនឹងធ្វើការឆ្លើយយ៉ាងដូចម្តេចទៅនឹងរបាយការណ៍ ដែលអាចនឹងជំរុញកម្ពុជាឲ្យបង់ពន្ធសម្រាប់នាំទំនិញទៅកាន់ទីផ្សារសភាពអឺរ៉ុប។
សហភាពអឺរ៉ុបបានទុកពេលឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា មួយខែក្នុងការឆ្លើយតបទៅនឹងរបាយការណ៍នេះ មុនពេលដែលគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងពាណិជ្ជកម្មធ្វើសេចក្តីសម្រេចចិត្តចុងក្រោយនៅខែកុម្ភៈ ឆ្នាំ២០២០ថា សហភាពអឺរ៉ុបនឹងបន្តទុកឲ្យប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ពីឋានៈអនុគ្រោះពន្ធ EBA ឬក៏ត្រូវព្យួរកម្ពុជាពីឋានៈអនុគ្រោះដដែលនេះមួយរយៈសិននោះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ មានប្រសាសន៍ប្រាប់VOA នៅថ្ងៃពុធនេះថា ភាគីកម្ពុជាបានទទួលរបាយការណ៍នោះហើយ តែលោកមិនទាន់អាចបញ្ជាក់ពីខ្លឹមសារដែលបានសរសេរក្នុងរបាយការណ៍នោះទេ ពីព្រោះខ្លួនលោកផ្ទាល់មិនទាន់ឃើញរបាយការណ៍នេះនៅឡើយ។
«មិ្សលមិញខាងភាគីកម្ពុជាយើង បានទទួលហើយ ទទួលរបាយការណ៍ ទទួលរបាយការណ៍ចុងក្រោយ នេះជារបាយការណ៍បាទ របាយការណ៍ចុងក្រោយពីសហភាពអឺរ៉ុបហើយបាទ»។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា ភាគីកម្ពុជានឹងផ្តល់ការឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនទៅលើចំណុចណាដែលខាងភាគីកម្ពុជាយល់ថាអាចធ្វើទៅបាន។
«ពេលត្រូវការឆ្លើយគឺយើងឆ្លើយចន្លោះពេលហ្នឹងហើយ ព្រោះគេទុកពេលឲ្យមួយខែ ថ្ងៃ១២ ខែ ១១ ដល់ថ្ងៃ១២ ខែ១២ ដូច្នេះបើសិនជាយើង ពិនិត្យសិក្សាទៅ យើងគួរឆ្លើយចំណុចណាមួយ ដែលយើងអាចថា យើងឆ្លើយបាន គឺយើងធ្វើក្នុងអំឡុងពេលហ្នឹងហើយបាទ»។
កាលពីថ្ងៃអង្គារទី១២ ខែវិច្ឆិកា សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍បឋមរបស់ខ្លួនលើកទីពីរស្តីពីការវាយតម្លៃស្ថានភាពកម្ពុជា ក្រោមក្របខ័ណ្ឌប្រព័ន្ធឋានៈអនុគ្រោះ EBA។ ភ្លាមៗក្រោយការបញ្ជូនរបាយការណ៍នេះទៅឲ្យភាគីរដ្ឋាភិបាលកម្ពុជា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចូលជួបពិភាក្សាជាមួយលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ដែលទើបត្រូវបានតុលាការកម្ពុជាសម្រេចឲ្យរួចផុតពីការជាប់ឃុំក្នុងផ្ទះ។
ក្នុងជំនួបជិតពីរម៉ោងរវាងលោក កឹម សុខា និងលោកស្រី Carmen Morenoនៅឯគេហដ្ឋានរបស់លោក កឹម សុខា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធនេះ មានការពិភ្សាអំពីស្ថានភាពសុខភាពរបស់ កឹម សុខា និងកិច្ចការមួយចំនួនដែលពាក់ព័ន្ធដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។ នេះបើយោងតាមលោក មុត ចន្ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា។
លោកស្រី Carmen Moreno មិនបានផ្តល់ការអធិប្បាយដល់ក្រុមអ្នកកាសែត បន្ទាប់ពីការពិភាក្សារបស់លោកស្រីជាមួយលោក កឹម សុខានោះទេ ហើយស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានត្រឹមតែចេញសេចក្តីប្រកាសសង្ខេបមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន បញ្ជាក់អំពីកិច្ចសន្ទនារវាងលោកស្រីឯកអគ្គរដ្ឋទូត និងលោកកឹម សុខាដែលតុលាការកម្ពុជាបើកសិទ្ធិឲ្យលោកចេញក្រៅផ្ទះបានកាលពីថ្ងៃទី១០ ខែវិច្ឆិកា។
នៅក្នុងសេចក្តីសង្ខេបនោះ ស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរំឭកឡើងវិញនូវសម្តីរបស់អ្នកនាំពាក្យសហភាពអឺរ៉ុបដែលថា ការសម្រាលលក្ខខណ្ឌឃុំខ្លួនលោក កឹម សុខាក្រោមហេតុផលសុខភាពរបស់លោកនោះ «ជាជំហានដំបូងមួយក្នុងទិសដៅត្រឹមត្រូវ» ប៉ុន្តែសហភាពអឺរ៉ុប «រំពឹងថាលោកកឹម សុខា នឹងត្រូវបានដោះលែងទាំងស្រុង និងសិទ្ធិនយោបាយរបស់គាត់ត្រូវតែផ្តល់ឲ្យគាត់វិញ។ ធ្វើដូច្នេះ គាត់អាចបានចូលរួមជីវិតនយោបាយពេញលេញឡើងវិញ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន យល់ថា សហភាពអឺរ៉ុបមិនអាចចាប់បង្ខំប្រទេសកម្ពុជាឲ្យធ្វើអ្វីដែលខ្លួនចង់បាននោះទេ។ លោកអះអាងថា មានតែតុលាការកម្ពុជាទេ ដែលអាចសម្រេចលើសំណុំរឿងលោកកឹម សុខាបាននោះ។
«អាហ្នឹងគឺជាដំណើរការយុត្តិធម៌»។
ស្របពេលនឹងការបញ្ជូនរបាយការណ៍បឋមស្តីពីស្ថានភាពប្រទេសកម្ពុជាក្រោមឋានៈអនុគ្រោះ EBA សហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសមួយ ដែលបានអះអាងថា សហភាពអឺរ៉ុបនៅតែមានការប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហានានាដែលជាការបារម្ភ។ សហភាពមិនបានផ្តល់សេចក្តីលម្អិតលើខ្លឹមសារនៃរបាយការណ៍របស់ខ្លួននោះទេ ដោយសារតែវាឯកសារសម្ងាត់ដែលត្រូវផ្ញើជូនរដ្ឋាភិបាលកម្ពុជា។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានប្រាប់ VOAថា បញ្ហាដែលជាកង្វល់របស់សហភាពអឺរ៉ុបនោះ គឺការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស វិបត្តិដីធ្លីដែលមិនទាន់ដោះស្រាយរួចរាល់ និងការសង្កត់សង្កិនលើក្រុមសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងជាង៨០នាក់ដែលត្រូវបានឃុំខ្លួននិងការឃាត់ខ្លួនសួរនាំក្រុមអ្នកគាំទ្រ សកម្មជន និងសមាជិកបក្សប្រឆាំងប្រមាណជាង១០០ករណីផ្សេងទៀតពីសំណាក់នគរបាលយុត្តិធម៌ និងមន្ត្រីតុលាការ។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ ជឿថា រដ្ឋាភិបាលទំនងជានឹងត្រូវឆ្លើយតបទៅនឹងបញ្ហាខាងលើនេះជាមួយសហភាពអឺរ៉ុបនៅក្នុងរយៈពេលមួយខែទៅមុខទៀតនេះ។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលសហភាពអឺរ៉ុបចង់បាននោះ គឺទីលាននយោបាយដែលគ្មានការរឹតត្បិត និងការបោះឆ្នោតមួយដែលគ្រប់គណបក្សនយោបាយទាំងអស់អាចចូលរួមបាន ក្នុងនោះគឺមានទាំងក្រុមគណបក្សជំទាស់ដែលរងការបង្រ្កាបឥតស្រាកស្រាន្តនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ដោយឡែកលោក កឹម សុខា ដែលនៅជាប់បំរាមធ្វើនយោបាយបានបន្តជួបជាមួយប្រធានបេសកកម្មការទូតនៃប្រទេសដែលគាំទ្រប្រជាធិបតេយ្យនិងផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្ស។ រហូតមកត្រឹមថ្ងៃពុធនេះ លោកបានជួបជាមួយមន្ត្រីទូតនៃប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្រ្តាលី សហភាពអឺរ៉ុប និងប្រទេសជប៉ុន៕