រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ផ្ទៃដីប្រមាណ១០ម៉ឺនម៉ែត្រការ៉េឬប្រមាណ១០ហិកតា ឱ្យក្លាយជាកម្មសិទ្ធិកាន់កាប់ដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម តាមរយៈការធ្វើអនុប្បយោគដីរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅក្នុងសៀវភៅរាជកិច្ចឆ្នាំទី២៤ លេខ៣៨ ទំព័រ៥១៩០ ដែលវីអូអេទទួលបាន។
ក្រុមគណបក្សជំទាស់ និងអ្នកតាមដានសង្គមកម្ពុជាយល់ឃើញថាការផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លីទៅកាន់គណបក្សនយោបាយណាមួយមិនត្រូវបានចែងនៅច្បាប់ណាមួយឡើយក្នុងប្រទេសកម្ពុជា ស្របពេលដែលរដ្ឋាភិបាលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដូច្នេះការធ្វើអនុប្បយោគដីរបស់រដ្ឋមួយនេះ មិនបានបង្ហាញពីតម្លាភាព និងភាពត្រឹមត្រូវរបស់រដ្ឋាភិបាលឡើយ។
នៅក្នុងអនុក្រឹត្យស្តីពីការធ្វើអនុប្បយោគ និងការផ្ទេរកម្មសិទ្ធិកាន់កាប់បញ្ជាក់ថាប្រមុខរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើអនុប្បយោគផ្ទៃដីជិត១០ម៉ឺនម៉ែត្រការ៉េរបស់រដ្ឋបាលខេត្តកំពង់ចាមពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរកម្មសិទ្ធិកាន់កាប់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជាម្ចាស់កម្មសិទ្ធិវិញ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចែងបន្តថាត្រូវបានលុបទំហំដីខាងលើចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ទេរជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
ទោះជាយ៉ាងណា ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វីអូអេថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគួរត្រូវបានរក្សាសម្រាប់រដ្ឋប្រើប្រាស់និងមិនគួរផ្ទេរកម្មសិទ្ធិទៅឱ្យគណបក្សនយោបាយណាមួយឡើយ។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលជារបស់រដ្ឋ ហើយត្រូវបានធ្វើអនុប្បយោគផ្តល់ឱ្យគណបក្សមួយវាជារឿងមួយមិនត្រឹមត្រូវ ពីព្រោះយើងត្រូវទុកទីតាំង ដើម្បីឱ្យរដ្ឋប្រើប្រាស់ទៅតាមតម្រូវការចាំបាច់»។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ក៏លើកឡើងស្រដៀងគ្នាថាការផ្ទេរកម្មសិទ្ធិដីទៅឱ្យគណៈកម្មាធិការបក្សកាន់អំណាចក្នុងខេត្តកំពង់ចាមគឺជារឿងដែលភ្ញាក់ផ្អើលមួយ ដោយលោកថាការកាត់ដីនេះមិនបានផ្តល់ប្រយោជន៍ណាមួយដល់សាធារណៈឡើយ។ លោកបន្ថែមថាប្រសិនបើរដ្ឋាភិបាលខ្លួនឯងដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាអាចទទួលបានដីអនុប្បយោគនោះ ដូច្នេះគណបក្សនយោបាយក៏អាចធ្វើការស្នើសុំដីពីរដ្ឋាភិបាលបានដូចគ្នា។
លោកថ្លែងថា៖ «វាជារឿងមួយដែលចម្លែកមែនទែន ព្រោះរដ្ឋាភិបាលជាអ្នកកាត់ដីទៅឱ្យគណបក្សខ្លួនឯង ព្រោះរដ្ឋាភិបាកកាន់កាប់ដោយគណបក្សកាន់អំណាចហ្នឹង គណបក្សប្រជាជនកម្ពុជា ហើយទោះបីជាបង្ហាញយ៉ាងណាមើលទៅក៏វាមិនសមរម្យដែរ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានជំរុញឱ្យរដ្ឋាភិបាលបង្ហាញពីតម្លាភាព និងមូលហេតុនៅពីក្រោយ តើថាហេតុអ្វីបានជាចាំបាច់មានការធ្វើអនុប្បយោគដីនោះទៅឱ្យគណបក្សនយោបាយ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេថាប្រសិនបើមើលពីតួនាទី និងសិទ្ធិរបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលមានសិទ្ធិចាត់ចែងក្នុងការផ្តល់ និងផ្ទេរកម្មសិទ្ធិកាន់កាប់ដី ប៉ុន្តែការផ្ទេរនោះត្រូវបង្ហាញពីតម្លាភាព ពីព្រោះដីនេះបានធ្វើអនុប្បយោគទៅឱ្យគណបក្សកាន់អំណាចរបស់ខ្លួន។
លោកថ្លែងថា៖ «នៅក្នុងកាលៈទេសៈដែលគណបក្សកាន់អំណាចមានអំណាចនៅក្នុងដៃ ខ្ញុំគិតថានឹងមានសំណួរច្រើនដែលចោទឡើងថាប្រសិនបើរដ្ឋាភិបាលមានសិទ្ធិនៅការផ្តល់ដីទៅឱ្យគណបក្សដែលគណបក្សរបស់ខ្លួន តើមានការពិភាក្សានៅក្នុងជាមួយនឹងមន្ទីរ ឬក៏ស្ថាប័នជំនាញកម្រិតប៉ុនណា»។
បើតាមលោកបណ្ឌិត មាស នី មិនមានច្បាប់ណាមួយក្នុងប្រទេសកម្ពុជាចែងថារដ្ឋាភិបាលមានសិទ្ធិក្នុងសម្រេច និងផ្ទេរការកាន់កាប់កម្មសិទ្ធិដីធ្លីទៅគណបក្សនយោបាយណាមួយ ហើយវាក៏បង្ហាញពីវិសមភាពនៃគណបក្សនយោបាយ ដោយសារតែប្រសិនបើគណបក្សនយោបាយណាមួយទទួលបានដីអនុប្បយោគនោះ គណបក្សដទៃទៀតក៏អាចនឹងមានសិទ្ធិស្នើសុំបានផងដែរ។
យ៉ាងណាមិញ លោកបណ្ឌិត មាស នី លើកឡើងទៀតថារដ្ឋាភិបាលគួរតែឆ្លើយតប និងបង្ហាញពីស្ថាប័នណាខ្លះដែលយល់ព្រមក្នុងការផ្តល់ដីអនុប្បយោគមួយនេះទៅគណបក្សកាន់អំណាច ដើម្បីបញ្ជាក់ឱ្យសាធារណជនដឹងថាការផ្តល់ដីនេះស្របទៅតាមច្បាប់ឬយ៉ាងណា។
លោកថ្លែងថា៖ «រដ្ឋាភិបាលពេលដែលប្រកាសប៉ុណ្ណេះហើយអង្ករក្លាយទៅជាបាយ ប៉ុន្តែរដ្ឋាភិបាលនៅមានសិទ្ធិមួយទៀតនៅក្នុងការស្រាយបំភ្លឺតើថាការប្រគល់ដីនេះបានមានពាក់ព័ន្ធនឹងស្ថាប័នណាខ្លះដែលជាអ្នកផ្តល់ជាកិច្ចយល់ព្រមផ្តល់ដីហ្នឹងឱ្យគណបក្សនយោបាយ ហើយអ៊ីចឹងបានសាធារណជនអាចដឹងថាការធ្វើនេះវាស្របច្បាប់ ឬមិនស្របច្បាប់»។
វីអូអេបានទាក់ទងទៅលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រដ្ឋាភិបាល បដិសេធមិនអត្ថាធិប្បាយលើករណីនេះ។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាមនិងជាអ្នកនាំពាក្យសាលាខេត្ត ប្រាប់វីអូអេនៅចន្ទនេះថាដីដែលត្រូវបានរដ្ឋាភិបាលធ្វើអនុប្បយោគកាលពីពេលថ្មីៗនេះជាដីរបស់គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដែលត្រូវបានកាន់កាប់តាំងពីឆ្នាំ១៩៩៨មក។ លោកបន្តថាដីមួយនេះត្រូវបានកាន់កាប់ដោយប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមរួចចំនួន៤ជំនាន់ទៅហើយ ប៉ុន្តែក្នុងអំឡុងពេលដែលមានក្រុមការងារចុះត្រួតពិនិត្យចុះបញ្ជីប្លង់ក្នុងឆ្នាំ២០១៧ អ្នកដែលបានកាន់កាប់ឯកសារដីនោះបានទៅសម្រាកព្យាបាលជំងឺ ដោយមិនមានផ្តល់ព័ត៌មានដល់ក្រុមការងារត្រួតពិនិត្យការចុះបញ្ជីប្លង់ឱ្យបានដឹងជាមុននោះទេ។
លោកថ្លែងថា៖ «ដល់ឆ្នាំ២០២៣ហ្នឹងក៏ គណៈកម្មាធិការគណបក្សគាត់ភ្ជាប់ជាមួយឯកសាររបស់គាត់មានអីត្រឹមត្រូវមកពិនិត្យផ្ទៀងផ្ទាត់ អ៊ីចឹងទេគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋក៏ដូចជាគណៈកម្មាធិការសុរិយោដីខេត្ត មន្ទីរជំនាញអីហ្នឹងក៏គាត់បានធ្វើការប្រជុំ ពិនិត្យទៅក៏ឃើញថាមានការភាន់ច្រឡំអ៊ីចឹងមែន អ៊ីចឹងក៏បានរៀបចំស្នើទៅរាជរដ្ឋាភិបាលដើម្បីកាត់ផ្ទេរត្រឡប់ទៅវិញ។ អ៊ីចឹងនិយាយមែនទៅ ប្រវត្តិដីនេះដើមគឺជារបស់គណបក្សប្រជាជនកម្ពុជាទេ»។
លោកបញ្ជាក់ទៀតថាមន្ទីរជំនាញរបស់ខេត្តកំពង់ចាមនឹងជូនសេចក្តីប្រកាសព័ត៌មានទៅសាធារណជនជុំវិញករណីការផ្ទេរកម្មសិទ្ធិដីនេះ៕