អ្នកជំនាញក្នុងវិស័យអប់រំជំរុញការពង្រឹងវិធានការការពារ និងការវាយតម្លៃប្រាកដប្រជាពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ត្រូវបានប្រកាសដាក់ឲ្យដំណើរការពេញលេញឡើងវិញ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១។
កាលពីខែកញ្ញា ឆ្នាំ២០២១ សាលារៀននៅរាជធានីភ្នំពេញ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វាររាប់ខែមកហើយ។ ចំណែកសាលារៀននៅតាមបណ្តាខេត្ត ក៏ត្រូវបានដាក់ឲ្យដំណើរការផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកដំណើរការគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅគ្រប់កម្រិតទាំងសាធារណៈ និងឯកជននៅក្នុងប្រទេសទាំងស្រុងឡើងវិញ។ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ គឺនឹងធ្វើឡើងក្រោមរូបភាពនៃការបង្រៀន និងរៀនតាមបណ្តុំ១៥ ទៅ២០នាក់ និងឆ្លាស់វេន ដោយតម្រូវឲ្យអនុវត្តគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល គួបផ្សំនឹងការសិក្សាតាមបែបចម្រុះចំពោះភូមិសាស្រ្តដែលមានហានិភ័យឆ្លងជំងឺមធ្យម ឬខ្ពស់។ នេះបើយោងទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចាត់ទុកចំណាត់ការបើកសាលារៀនទាំងអស់ ជាជំហានប្រសើរមួយ ហើយលោកជំរុញឲ្យជួយជ្រោមជ្រែងដល់ការបង្ការការពារជំងឺកូវីដ១៩ ជាពិសេសនៅក្នុងវិស័យអប់រំឯកជន។
លោកថ្លែងថា៖ «ខ្ញុំរាល់ថ្ងៃ និយាយឲ្យចំទៅសាលាឯកជនមិនមានជាបទពិសោធន៍អីច្រើនដូចរាជរដ្ឋាភិបាល និងរដ្ឋអំណាចនានាដែលលោកចុះទៅអនុវត្តជាក់ស្តែង។ គ្រប់គ្រងកូវីដម៉េច អីម៉េច យើងអត់មានបទពិសោធន៍ទេ ម្ល៉េះហើយ ឲ្យតែលោកមានវិធានការម៉េចមក យើងធ្វើតាមហ្នឹង។ ហើយវិធានការហ្នឹង បើយើងមើលទៅវាល្អ។ យើងគ្រប់គ្រងកូវីដបាន មានន័យថា យើងបើកតាមផ្លូវក្នុងនាមជាតៃកុងឡាន បើកក្នុងកម្រិតល្បឿនមួយដែលយើងអាចគ្រប់គ្រងបាន»។
អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា អ្នកស្រី មិនគាំទ្រការបើកសាលារៀនពេញលេញនោះទេ ដោយអ្នកស្រីសង្កេតឃើញថា មានគ្រូបង្រៀន និងសិស្សមួយចំនួនឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួចហើយ។ អ្នកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការបើកដំណើរការគ្រឹះស្ថានសិក្សាទាំងស្រុង ស្របពេលករណីឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ១៩ នៅតែបន្តមាន។
អ្នកស្រីថ្លែងថា៖ « អ៊ីចឹងគួរតែអ្វីដែលយើងរួមបីការពារហ្នឹង បីកុំបីការពារ គួរតែយើងកុំទាន់ទៀត ព្រោះការដែលចូលរៀននៅពេលហ្នឹង គឺពេលដែលបញ្ហាកូវីដ អត់ទាន់ចាកចេញ។ ហើយយើងឃើញថា ការស្លាប់ ការកើត នៅតែមាន។ លុះត្រាថា រកតែម្នាក់គ្មាន ទើបបើកសាលារៀនទៅទទួលបានជោគជ័យ»។
សេចក្តីណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា ក្នុងករណីរកឃើញមានការឆ្លងនៅក្នុងក្រុមសិស្ស ឬថ្នាក់រៀន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវផ្អាកដំណើរការតែក្រុមសិស្ស ឬថ្នាក់រៀននោះតែប៉ុណ្ណោះ ហើយត្រូវចាត់ចែងយកអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ដោយឡែកគ្រឹះស្ថានសិក្សាទាំងមូល ឬក្រុមសិស្ស ឬថ្នាក់រៀនដទៃទៀត នៅបន្តដំណើរការធម្មតា។
កញ្ញា បូ អ៊ីគីម សិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម សន្ធរមុខ ប្រាប់វីអូអេថា កញ្ញាបានចូលរៀននៅថ្នាក់រៀនឡើងវិញកាលពីខែកញ្ញា ប៉ុន្តែកញ្ញាត្រូវរៀនជាក្រុមឆ្លាស់វេនគ្នា ដោយមួយក្រុម មានសិស្ស១៥នាក់។ យ៉ាងណាក្តី កញ្ញានៅតែបង្ហាញការព្រួយបារម្ភពីជំងឺកូវីដ១៩ បើទោះបីជាមានការតម្រូវឲ្យអនុវត្តវិធានការការពារក៏ដោយ។
យុវតីអាយុ១៧ឆ្នាំរូបនេះ បាននិយាយថា៖ «រឿងហ្នឹងដូចថា ព្រួយបារម្ភខ្លះដែរ ប៉ុន្តែនៅក្នុងថ្នាក់យើង យើងរក្សាគម្លាត បាញ់អាកុលញឹកញាប់ ពាក់ម៉ាសខ្ជាប់ខ្ជួនអញ្ចឹងទៅ ដូចថា ការភ័យហ្នឹងតែ៣០%។ ទៅសាលាទៅគេវាស់កម្តៅ វាស់អីផង អ៊ីចឹងទៅវាអត់មានហានិភ័យក្នុងការឆ្លង»។
កញ្ញា អ៊ឹង ស៊ូយ៉េង សិស្សថ្នាក់ទី១១ នៅវិទ្យាល័យព្រះយុគន្ធរ ចាត់ទុកការបើកសាលារៀនទាំងស្រុងឡើងវិញជារឿងប្រសើរមួយ ធៀបនឹងការរៀនតាមប្រព័ន្ធអនឡាញ ដោយលើកឡើងថា ការសិក្សានៅសាលារៀនផ្ទាល់ នឹងជួយជំរុញការសិក្សារបស់សិស្សឡើងវិញ ខណៈការសិក្សារបស់កញ្ញា បានធ្លាក់ចុះអំឡុងពេលរៀនតាមប្រព័ន្ធអនឡាញ។
បើទោះជាមានការរៀបចំជាវិធានការបង្ការផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា យុវតីអាយុ១៧ឆ្នាំរូបនេះបានឲ្យដឹងថា មិត្តភក្តិរួមថ្នាក់ខ្លះ នៅតែមិនទាន់មករៀននៅក្នុងថ្នាក់ ដោយសារការភ័យខ្លាចពីជំងឺកូវីដ១៩។
គួរបញ្ជាក់ថា សាលារៀននៅកម្ពុជា ត្រូវបានបិទមួយរយៈ ហើយបើកឡើងវិញ អាស្រ័យលើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជា បានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលនាំឲ្យមានការបិទសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សប្រមាណ៣លាន ២សែននាក់។
កាលពីដើមខែមិថុនា អង្គការសង្គមស៊ីវិលមួយចំនួន រួមមានអង្គការលីកាដូ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារដែលនៅក្នុងគ្រួសារក្រីក្រ ឬរៀននៅសាលារៀនដែលមានធនធានតិចតួច និងកុមារដែលរស់នៅតាមជនបទ ត្រូវបានមើលរំលង ដោយពួកគេមិនមានមធ្យោបាយសមស្រប និងគ្រប់គ្រាន់ ដើម្បីទទួលបានការអប់រំនោះទេ៕