ក្រសួងព័ត៌មានបានបង្ហាញពីការស្ទង់មតិថ្មីមួយ ដែលបានបង្ហាញថា ៧៩,៨% នៃអ្នកសារព័ត៌មានដែលផ្តល់មតិអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីពេលមុន។
ក៏ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍មួយដែលអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ ក្នុងប្រទេសកម្ពុជា ឆ្នាំ ២០២៤ នេះ អ្នកកាសែតអាជីព និងអ្នកកាសែតពលរដ្ឋមួយចំនួន ក៏ដូចជាសមាគមការពារសិទិ្ធសេរីភាពសារព័ត៌មាន បានឱ្យដឹងពីការរឹតត្បិតរបស់អាជ្ញាធរនៅពេលចុះយកព័ត៌មាននៅតាមសហគមន៍។
អ្នកសារព័ត៌មានសេរី លោក ទ្រី ថានី ថ្លែងថា អ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ដែលមានភាពរសើប ឬគម្រោងធំៗរបស់រដ្ឋាភិបាលដែលបង្កផលប៉ះពាល់លើពលរដ្ឋមូលដ្ឋាន ជាញឹកញាប់ទទួលរងការគំរាមកំហែង។
លោកថ្លែងថា៖ «បញ្ហាប្រឈមភាគច្រើន ជាពិសេសឱ្យតែអ្នកសារព័ត៌មានធ្វើលើវិស័យបរិស្ថាន ជាពិសេសរឿងក្តៅ ឬយើងហៅថា រឿងដែលរសើប ចៀសអត់ផុត គឺអាចនឹងមានការគំរាមកំហែង មិនថា តាមប្រព័ន្ធអនឡាញ ឬក៏ដោយផ្ទាល់ទេ ជាពិសេសរឿងទាក់ទងទៅនឹងការធ្វើព្រលានយន្តហោះថ្មី នៅពេលអ្នករាយការណ៍គាត់ចុះទៅ ក៏មានការតាមឃ្លាំមើល ហើយនឹងរឿងផ្សេងៗមួយចំនួនទៀត ដែលយើងគិតថា នៅពេលដែលយើងដឹងថា ក្រុមហ៊ុននិងវាប៉ះពាល់ដល់អ្នកមានអំណាច យើងចុះទៅធ្វើការរាយការណ៍អំពីបញ្ហាទាំងអស់នោះ គឺតែងតែមានការភ័យ ភ័យខ្លាច»។
ការអត្ថាធិប្បាយរបស់លោក ទ្រី ថានី ស្របគ្នានឹងការសង្កេតរបស់អ្នកសារព័ត៌មានមួយចំនួនទៀត ដែលបានចូលរួមពិធីអបអរសេរីភាពសារព័ត៌មានពិភពលោកដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក្រោមប្រធានបទ៖ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងបរិបទនៃមហន្តរាយបរិស្ថាន»។
លោក ផាន់ វាសនា អ្នកសារព័ត៌មានពលរដ្ឋ ប្រាប់វីអូអេថា ការចុះយកព័ត៌មានក្រោមបរិយាកាសសេរី ឬអត់អាស្រ័យលើប្រធានបទនៃសេចក្តីរាយការណ៍ ពោលគឺប្រសិនបើរឿងណាដែលពាក់ព័ន្ធនឹងការតស៊ូមតិ អ្នកកាសែតជារឿយៗស្ថិតក្រោមការឃ្លាំមើលរបស់អាជ្ញាធរ។
លោកថ្លែងនៅក្រៅពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៤ នេះថា៖ «បើសិនជាកម្មវិធីនោះ ក្រុមអាជ្ញាធរជាអ្នករៀបចំ វាមិនមានការរាំងស្ទះអ្វីនោះទេ ផ្ទុយទៅវិញគឺអាជ្ញាធរបានជួយសម្រួលក្នុងការយកព័ត៌មានរបស់យើង ក៏ប៉ុន្តែនៅពេលដែលមានការតវ៉ារបស់បងប្អូនកម្មករតាមរោងចក្រនានា ពេលដែលខ្ញុំចុះទៅ គឺភាគច្រើនគឺអាជ្ញាធរតែងតែសួរនាំ ជារៀងរហូត គឺភាគច្រើនសួរថា តើខ្ញុំមកពីស្ថាប័នណា ហើយមកក្នុងគោលបំណងអ្វី?»
ផ្ទុយពីការមើលឃើញរបស់អ្នកកាសែតឯករាជ្យខាងលើ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានបញ្ជាក់ឱ្យដឹងថា តាមការស្ទង់មតិមួយដែលចូលរួមពីអ្នកធ្វើការក្នុងវិស័យសារព័ត៌មាន សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានលក្ខណៈប្រសើរឡើង ខុសពីការវាយតម្លៃរបស់អង្គការមួយចំនួនដែលតាមដានស្ថានភាពសារព័ត៌មានរបស់កម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោក នេត្រ ភក្ត្រា លើកឡើងថា៖ «ចំពោះការអត្ថាធិប្បាយរបស់អង្គការផ្សេងៗ នេះគឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែខ្ញុំលើកឧទាហរណ៍លើអង្គការសារព័ត៌មាន អ្នកយកព័ត៌មានគ្មានព្រំដែនក៏មានបញ្ហាខ្លួនគាត់ក្នុងប្រទេសបារាំងដូចគ្នា។ ដូច្នេះការដែលមិនទាន់លាងខ្លួនឯងច្បាស់ស្អាតហើយមក ចោទប្រកាន់ទៅលើបណ្តាប្រទេសផ្សេងទៅតាមសំណេររបស់ខ្លួន ឬក៏ទៅតាមការវាយតម្លៃតាមអារម្មណ៍ ឬក៏តាមរបៀបវារៈ ឬក៏និន្នាការរបស់ខ្លួន ខ្ញុំយល់ថា វាមិនមែនភាពត្រឹមត្រូវទេ»។
លោកអះអាងថា អ្នកសារព័ត៌មានដែលផ្តល់នូវមតិយោបល់លើរបាយការណ៍នេះ គឺជាអ្នកដែលកំពុងតែបំពេញតួនាទីនៅប្រទេសកម្ពុជាដែលមានការយល់ដឹងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបន្ទរអំពីស្ថានភាពប្រសើរឡើងក្នុងវិស័យសារព័ត៌មានកម្ពុជា នាពេលប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនាថ្ងៃព្រហស្បតិ៍នេះ។
លោកថ្លែងថា៖ «ការស្ទង់មតិការស្រាវជ្រាវបានកត់ត្រាទុកស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថា មានភាពល្អប្រសើរដោយក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិនោះគឺមានចំនួនមនុស្ស ៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មានមានភាពល្អប្រសើរ សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ »។
លោកបញ្ជាក់ប្រាប់វីអូអេឱ្យដឹងមុនទិវាសារព័ត៌មានពិភពលោកនេះថា អ្នកសារព័ត៌មានទាំងអស់ដែលចូលរួមក្នុងការស្ទង់មតិនេះបានផ្តល់ព័ត៌មានចូលក្នុងកម្រងសំណួរដោយឯករាជ្យអនាមិក និងផ្អែកតាមឆន្ទៈ និងការយល់ឃើញដោយផ្ទាល់ខ្លួន ដោយគ្មានការត្រួតពិនិត្យឬស្ថិតក្រោមឥទ្ធិពលជនណាម្នាក់ឡើយ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលរៀបចំឡើងដោយក្រសួងព័ត៌មាន អ្នកសារព័ត៌មានទូទាំងប្រទេសដែលចូលរួមក្នុងការស្ទង់មតិចំនួន ៣៤១ នាក់ ក្នុងនោះមាន ៧៩,៨% យល់ថា «សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ»។
យ៉ាងណាមិញ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ធ្លាប់បានចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅក្នុងឆ្នាំ ២០២៣ ដែលមានន័យថា សេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
នាយកប្រតិបត្តិនៃសមាគមខេមបូចា លោក ណុប វី ថ្លែងថា អ្នកកាសែតនៅបន្តប្រឈមនឹងការគំរាមកំហែង អំពើហិង្សាលើរាងកាយ ហើយគេហទំព័ររបស់អង្គភាពព័ត៌មានមួយចំនួនក៏ត្រូវបានបិទ។ លោកបន្ថែមថា អ្នកកាសែតក៏បន្តរងការចោទប្រកាន់តាមក្រមព្រហ្មទណ្ឌដែលគួរតែត្រូវបានបញ្ឈប់។
លោកថ្លែងថា៖ «រឿងសំខាន់ជាងគេគឺរឿងទាក់ទងជាមួយនឹងការប្រើប្រាស់ក្រមព្រហ្មទណ្ឌប្តឹងផ្តល់លើអ្នកសារព័ត៌មាន យើងថា ការចាត់វិធានការផ្លូវច្បាប់ប្រឆាំងជាមួយនឹងអ្នកសារព័ត៌មាន ហើយយើងដឹងហើយសារព័ត៌មានមិនមែនជាបទឧក្រិដ្ឋទេ ដូច្នេះការប្រើប្រាស់វិធានការច្បាប់ ឬក៏ក្រមព្រហ្មទណ្ឌប្រឆាំងអ្នកសារព័ត៌មាននេះ គឺជាផលប៉ះពាល់មួយធំណាស់ទៅលើសេរីភាពសារព័ត៌មានការអនុវត្តតួនាទីប្រកបដោយសេរី ហើយនឹងដែលមានភាពឯករាជ្យគ្រប់គ្រាន់របស់អ្នកសារព័ត៌មាន»។
មេដឹកនាំសមាគមរូបនេះក៏បានសង្កេតឃើញនូវការប្រើប្រាស់តាក់តិកថ្មីៗ តាមរយៈប្រព័ន្ធបណ្តាញសង្គមមកបញ្ចេញយោបល់រិះគន់ និងវាយប្រហារអ្នកសារព័ត៌មានដែលមានរួមទាំងស្រ្តី។ លោកចង់ឃើញរដ្ឋាភិបាលដើរតួនាទីសកម្មក្នុងការផ្តល់ការការពារសុវត្ថិភាពសន្តិសុខឱ្យបានពេញលេញទៅដល់អ្នកសារព័ត៌មាន និងធានាថា មិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានចោទប្រកាន់ដោយប្រើប្រាស់ក្រមព្រហ្មទណ្ឌ ឬក៏ទទួលរងការធ្វើទុក្ខបុកម្នេញទៅតាមរូបភាពផ្សេងៗ។
ដោយឡែកនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក អ៊ិត សូធឿត ប្រាប់វីអូអេថា របាយការណ៍របស់ក្រសួងព័ត៌មានដែលបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងមុននោះ គ្រាន់តែជាការយល់ឃើញរបស់ក្រុមអ្នកសារព័ត៌មានដែលចូលរួមការស្ទង់មតិតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ស្ថានភាពសារព័ត៌មាននៅកម្ពុជានៅតែមានការរឹតត្បិត។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ស្ថានភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាហាក់ដូចជានៅតែស្ថានភាពរឹតត្បិត ហើយយើងមានបញ្ហាជាច្រើនផ្សេងទៀតដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឱ្យកាន់តែប្រសើរដូចដែលក្រសួងព័ត៌មានគាត់បានលើកក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយថា សារព័ត៌មានគឺជាកាតាលីករមួយដែលចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។
លោកបន្ថែមថា ប្រសិនបើសារព័ត៌មានពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការរាយការណ៍ទេ វាធ្វើឱ្យការចូលរួមរបស់សារព័ត៌មានក្នុងការអភិវឌ្ឍជាតិក៏មិនបានពេញលេញដែរ។
ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ទិវាសេរីភាពសារព័ត៌មានពិភពលោកដាច់ដោយឡែកមួយថា សហរដ្ឋអាមេរិកបានលើកឡើងពីសារៈសំខាន់នៃសេរីភាពព័ត៌មាន ពីព្រោះសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោកបច្ចុប្បន្នត្រូវបានធ្លាក់ចុះ និងរងសម្ពាធជាខ្លាំង។ លោកសង្ឈឹមថា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជាអាចគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គាំទ្រដល់សេរីភាពសារព័ត៌មាន និងពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជាអាចគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចគាំទ្រដល់សេរីភាពព័ត៌មាន និងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ ទោះបីជាមានការរិះគន់ និងប្រហែលជាភាពអវិជ្ជមានរបស់រដ្ឋាភិបាលក៏ដោយ ព្រោះនោះជាអ្វីដែលរដ្ឋាភិបាលទទួលខុសត្រូវ ហើយនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាក្នុងការស្តាប់ និងឮគ្រប់ភាគី»។
ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននិងលម្ហសេរីភាពក្នុងការប្រកបការងារជាអ្នកសារព័ត៌មាននៅកម្ពុជា អ្នកសារព័ត៌មានចំនួន ៧៩,៨% យល់ថា ប្រទេសកម្ពុជាមានសេរីភាពសារព័ត៌មានល្អប្រសើរ ដែលក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ៧១% ថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អ ខណៈ ៨,៨% ថា មានស្ថានភាពល្អបំផុត។ នេះបើតាមរបាយការណ៍នៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន។
ទោះជាយ៉ាងណា ក្នុងចំណោមអ្នកស្ទង់មតិទាំងអស់ មានអ្នកសារព័ត៌មានចំនួន ៣,៥% បានយល់ថា សេរីភាពសារព័ត៌មាននៅមិនទាន់ល្អ និង ១៦,៧% មិនបានផ្តល់យោបល់ទេ។
គួរបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ខេមបូចា ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ បង្ហាញថា នៅតែមានករណីគំរាមកំហែងលើអ្នកសារព័ត៌មានដែលកើតមានឡើងក្នុងឆ្នាំ ២០២៣ បើទោះបីជាចំនួននេះបានថយចុះបន្តិច ធៀបនឹងឆ្នាំ ២០២២ ក៏ដោយ។ ប៉ុន្តែការបំពានហិង្សាលើអ្នកសារព័ត៌មាននៅតែកើនឡើងដដែល។
ក្នុងរបាយការណ៍ស្តីពី «ស្ថានភាពសារព័ត៌មាននៅក្នុងកម្ពុជាឆ្នាំ ២០២៣» ខេមបូចាបានកត់ត្រាករណីបៀតបៀនចំនួន ៣២ ករណីលើអ្នកកាសែតប្រមាណ ៥៩ នាក់ ក្នុងនោះ ៦ នាក់ជាអ្នកកាសែតស្ត្រីនិងយ៉ាងហោចណាស់អ្នកកាសែត ៥ នាក់ត្រូវបានប្តឹង និងចោទប្រកាន់ ដែលបណ្តាលឱ្យមានការជាប់ពន្ធនាគារ ឬឃុំខ្លួន ហើយលទ្ធផលនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកសារព័ត៌មានដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់កម្រិតលើទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយទាំងមូលផងដែរ៕
លោក ស៊ឹម ចាន់សំណាង នៃវីអូអេ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។