រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃច័ន្ទនេះបញ្ជាក់ថា អាជីវកម្មផ្សេងៗដែលប្រកាសឲ្យផ្អាកដោយសារជំងឺកូវីដ១៩ ត្រូវបន្តបិទដដែលដើម្បីទប់ស្កាត់ការកើតមានករណីឆ្លងជាថ្មី ខណៈសាលារៀននៅទូទាំងប្រទេសក៏មិនទាន់មានការអនុញ្ញាតឲ្យបើកឡើងវិញនៅឡើយ។
ក្នុងសន្និសីទស្តីពីជំងឺកូវីដ១៩នៅទីស្តីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា ប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន និងទប់ស្កាត់កុំឲ្យមានករណីឆ្លងថ្មី បើទោះបីជាកម្ពុជាមិនមានករណីឆ្លងថ្មីក្នុងរយៈពេល៣សប្តាហ៍ជាប់គ្នាក្តី។ លោកបន្តថា អាជីវកម្មជាច្រើនប្រភេទដូចជាខារ៉ាអូខេនិងកន្លែងផ្សេងៗជាច្រើនទៀតដែលត្រូវបានផ្អាក ត្រូវបន្តផ្អាក ដោយមិនទាន់មានការកំណត់ពេលជាក់លាក់។
«ត្រូវបន្តចូលរួមទៀត ឲ្យច្បាស់ថាយើងល្អ ត្រួតត្រាបានត្រឹមត្រូវ អាហ្នឹងបានយើងប្រាកដប្រជា។ ហើយដែលសំខាន់ទៅទៀតគឺថា នៅពេលណាដែលយើងមិនមានវ៉ាក់សាំង យើងមិនគួរសាកល្បងឲ្យមានហានិភ័យមួយសារទៀតទេ។ តែហានិភ័យមួយសារទៀត យើងជួបបញ្ហាលំបាកកាន់តែច្រើន»។
រដ្ឋមន្រ្តីសុខាភិបាលរូបនេះបន្ថែមថា សម្រាប់សាលារៀនគឺសម្រេចលើក្រសួងអប់រំ ថានឹងត្រូវបើកឡើងវិញនៅពេលណា។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រហូតមកដល់ពេលនេះ ក្រសួងអប់រំមិនទាន់សម្រេចថា នឹងត្រូវឲ្យសាលារៀនបើកបង្រៀនវិញនៅពេលណានៅឡើយទេ។ លោកបន្តថា ក្រសួងកំពុងបន្តពិភាក្សាជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេច។
ក្នុងសន្និសីទកាលពីថ្ងៃទី១៦ ខែមីនា ក្រសួងអប់រំបានប្រកាសឲ្យគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ ទាំងរដ្ឋនិងឯកជនចាប់ផ្តើមឈប់សម្រាកវិសមកាលតូច ដោយមិនកំណត់ពេលចូលវិញ។ កាលពីថ្ងៃទី៨ខែមេសា ក្រសួងក៏បានសម្រេចពន្យារពេលប្រឡងថ្នាក់ទី៩និងទី១២។
ក្នុងសន្និសីទនោះដែរថា តំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan ថ្លែងថា ការបើកកន្លែងអាជីវកម្មដែលមានមនុស្សចេញចូលច្រើន ជាពិសេសខារ៉ាអូខេ អាចប្រឈមហានិភ័យនៃការឆ្លងខ្ពស់។
«យើងបានរកឃើញថា ការចម្លងកម្រិតខ្ពស់ច្រើនតែកើតឡើងនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលមិនសូវល្អ កន្លែងដែលមានមនុស្សច្រើន កន្លែងដែលមានការច្រៀង និងការនិយាយច្រើន និងកន្លែងដែលមានវិធានការបង្ការមិនល្អ»។
ចាប់តាំងពីកម្ពុជាកើតមានករណីឆ្លងជំងឺកូវីដ១៩មក រដ្ឋាភិបាលបានប្រកាសបិទការជួបជុំទ្រង់ទ្រាយធំ ដូចជាការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន និងកាស៊ីណូ និងផ្អាកការបង្រៀនតាមសាលារៀនជាដើម។ ក្រោយការប្រកាសផ្អាកកន្លែងទាំងនោះ គេឃើញនៅតាមដងផ្លូវមានភាពស្ងប់ស្ងាត់ ហើយកន្លែងអាជីវកម្មជាច្រើនបានបិទទ្វារជាបន្តបន្ទាប់។
ទាំងរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក នៅតែជំរុញឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នដោយរក្សាគម្លាតនិងអនាម័យ ចៀសវាងការឆ្លងជំងឺកូវីដ១៩ជាពិសេសការឆ្លងក្នុងសហគមន៍។
ក្រោយប្រជាពលរដ្ឋចាប់ផ្តើមចេញក្រៅធ្វើដំណើរនិងបើកអាជីវកម្មឡើងវិញ នៅពេលដែលរដ្ឋាភិបាលនៅប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់នោះ អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូបានលើកជាសំណួរថា ប្រសិនបើរដ្ឋាភិបាលបន្តផ្អាកការរកស៊ី តើរដ្ឋាភិបាលមានការជួយពួកគេរបៀបណា?
«បើត្រូវបិទនោះវាយូរ លើសពីពីរបីសប្តាហ៍ទៅមុខទៀត នោះអ្វីដែលយើងធ្លាប់បានឮ ធ្លាប់បានជជែកគ្នារឿងរដ្ឋាភិបាលមានកញ្ចប់ថវិកាពិសេសដើម្បីស្រោចស្រង់ស្ថាប័ន ដូចជាក្រុមហ៊ុនមានផលប៉ះពាល់ហ្នឹង ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យទាំងអស់ហ្នឹង គឺត្រូវទទួលការឧបត្ថម្ភសម្រាប់ការរស់នៅរបស់ពួកគាត់»។
គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១២២នាក់។ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២នាក់។ បើតាមមន្រ្តីសុខាភិបាល ចាប់តាំងពីខែមករាមករហូតមកដល់ថ្ងៃច័ន្ទនេះ សំណាកដែលត្រូវបានធ្វើតេស្តមានសរុបចំនួន១២.៣៧០ ហើយក្នុងនោះមានមនុស្សចំនួន១០.៩៣៦នាក់។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សំណាកដែលធ្វើតេស្តមានចំនួន៨០០ ហើយភាគច្រើនជាសំណាករបស់អ្នកដែលមានជំងឺសួត និងជំងឺផ្តាសាយ។ លោកបន្តថា ចំនួនសំណាកនេះថយចុះជិត១ពាន់ បើធៀបនឹងការធ្វើតេស្តសប្តាហ៍មុន ដែលមានចំនួនជាង១.៧០០។
«អ្នកឈឺជាអស់ហើយ! យើងគ្មានករណីថ្មីទេ។ ដូច្នេះយើងតេស្តតែអ្នកករណីសង្ស័យ អ្នកដែលមានរលាកសួតសម្រាកពេទ្យ អ្នកដែលប៉ះពាល់មួយចំនួនតូចដែលនៅសេសសល់ ហើយអ្នកដែលនៅតាមដានជំងឺរបស់គាត់ ហើយនឹងប្រព័ន្ធតាមដានរបស់យើង មានប្រព័ន្ធតាមដានជំងឺផ្លូវដង្ហើម និងជំងឺផ្តាសាយ បើគាត់នៅពេទ្យក៏យើងតម្រូវឲ្យយកដែរ»។
បើតាមលោក លី សូវ៉ាន់ អ្នកជាសះស្បើយចំនួន១២០នាក់នៅបន្តស្នាក់នៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគេរយៈ ពេល១៤ថ្ងៃ ហើយពួកគេម្នាក់ៗ នឹងត្រូវធ្វើតេស្តម្តងទៀតនៅថ្ងៃទី១៣នៃរយៈពេលនៅដាច់ដោយឡែក។
លោកបន្ថែមថា សម្រាប់អ្នកដែលកំពុងព្យាបាល២នាក់ទៀតគឺជាជនជាតិខ្មែរ ដែលម្នាក់ជាស្រ្តី អាយុ៣៦ឆ្នាំនិងម្នាក់ទៀតជាបុរស អាយុ៧៥ឆ្នាំ។ លោកថាអ្នកជំងឺទាំងពីរមានជំងឺផ្សេងៗច្រើន ទើបបណ្តាលឲ្យពួកគេកម្រជាសះស្បើយ៕