ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារនេះ បន្ទាប់ពីកងទ័ពអាមេរិកចុងក្រោយបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមពីរទសវត្សរ៍ជាផ្លូវការនៅទីនោះ។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទថា លោកនឹងនិយាយជាពិសេសអំពីការសម្រេចចិត្តរបស់លោកនៅក្នុងការមិនពន្យារពេលវត្តមានកងទ័ពអាមេរិកនៅក្នុងទីក្រុងកាប៊ុលហួសថ្ងៃទី ៣១ ខែសីហា ដែលជាកាលបរិច្ឆេទកំណត់របស់លោក។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោក Biden និងសមាជិកដទៃទៀតនៃរដ្ឋបាលរបស់លោកបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបន្តវត្តមានកងទ័ពនៅអាហ្វហ្គានីស្ថានយូរជាងនេះ និងអំពីការវាយតម្លៃលើបញ្ហាប្រឈមនិងផលប្រយោជន៍នៃប្រតិបត្តិការជម្លៀសពលរដ្ឋអាមេរិកនិងជនស៊ីវិលអាហ្វហ្គានីស្ថានធៀបនឹងការគំរាមកំហែងសន្តិសុខដែលអាចកើតមាន។
លោក Biden បាននិយាយថា៖ «ក្រុមនាយអគ្គសេនាធិការកងទ័ពនិងមេបញ្ជាការទាំងអស់របស់យើងនៅទីនោះបានផ្តល់អនុសាសន៍ជាឯកច្ឆន្ទឲ្យបញ្ចប់បេសកកម្មដឹកជញ្ជូនរបស់យើងតាមការគ្រោងទុក។ ទស្សនៈរបស់ពួកគេគឺថា ការបញ្ចប់បេសកកម្មយោធារបស់យើងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអាយុជីវិតកងទ័ពរបស់យើងនិងធានាបាននូវការរំពឹងទុកនៃការចាកចេញរបស់ជនស៊ីវិល ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខនេះ»។
លោកបានបន្ថែមថា៖ «ក្រុមតាលីបង់បានធ្វើការប្តេជ្ញាចិត្តអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព ហើយពិភពលោកនឹងធ្វើឲ្យពួកគេប្រកាន់ខ្ជាប់តាមការប្តេជ្ញាចិត្តរបស់ខ្លួន»។
ការសម្រេចចិត្តរបស់លោក Biden នៅក្នុងការប្រកាន់តាមកាលកំណត់ដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននេះ បានរងការរិះគន់ពីគូប្រជែងនយោបាយនិងសម្ព័ន្ធមិត្តមួយចំនួន។
ការចាកចេញរបស់សហរដ្ឋអាមេរិកនេះបានកើតឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនខួប ២០ ឆ្នាំនៃការវាយប្រហារភេរកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លើសហរដ្ឋអាមេរិក ចូលមកដល់។ ការវាយប្រហារភេរវកម្មនេះបានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពទៅប្រទេសអាហ្វហ្គានីស្ថានដើម្បីកម្ចាត់ក្រុមភេរវជនអាល់កៃដា (al-Qaida) ដែលបានរៀបចំផែនការវាយប្រហារនេះ និងពួកសកម្មប្រយុទ្ធតាលីបង់ដែលផ្តល់ជម្រកឲ្យពួកគេ៕