«ឪពុកធម៌ផ្កាថ្ម» ឬជាភាសាអង់គ្លេសថា Godfather of Coral គឺជាផ្នែកមួយនៃបេសកកម្មស្រាវជ្រាវថ្មីមួយដើម្បីរកឲ្យឃើញពីអាថ៌កំបាំងនៃថ្មប៉ប្រះទឹក Great Barrier របស់អូស្ត្រាលី។ លោកបណ្ឌិត Charlie Veron គឺជាសមាជិកនៃក្រុមអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវរក«ផ្កាថ្មពិសេស» ដែលអាចរស់នៅបានរាប់ឆ្នាំ បើទោះជាប្រព័ន្ធថ្មប៉ប្រះទឹកធំជាងគេបំផុតនៅក្នុងពិភពលោកកំពុងតែសឹករេចរឹលទៅជាពណ៌សក៏ដោយ។
លោកបណ្ឌិត Charlie Veron គឺជាអ្នកជំនាញនាំមុខគេម្នាក់ក្នុងចំណោមអ្នកជំនាញជាច្រើនទៀតទៅលើថ្មប៉ប្រះទឹក។ លោកបានកើតនៅប្រទេសអូស្ត្រាលី ហើយត្រូវបានគេស្គាល់ថាជា«ឪពុកធម៌ផ្កាថ្ម» ដោយសារតែលោកបានរកឃើញផ្កាថ្មជាច្រើនប្រភេទ។ លោកគឺជាសមាជិកម្នាក់នៃបេសកកម្មមួយដែលមានឈ្មោះថា កេរដំណែលនៃថ្មប៉ប្រះទឹក Great Barrier ដែលបេសកកម្មនេះបាននាំអ្នកវិទ្យាសាស្ត្រចំនួន៨ក្រុមឲ្យធ្វើផែនទីនិងធ្វើតេស្តទៅលើសុខភាពថ្មប៉ប្រះទឹក Great Barrier ដែលនៅដាច់ស្រយាល។
អ្នកវិទ្យាសាស្ត្រទាំងនោះកំពុងស្រាវជ្រាវរកផ្កាថ្មមួយប្រភេទដែលគេហៅថា «ផ្កាថ្មពិសេស» ដែលអាចនៅរស់រានមានជីវិតរយៈពេលពីរឆ្នាំជាប់គ្នា បើទោះជាត្រូវឆ្លងកាត់ដំណើរការវិវត្តន៍ធំៗដែលធ្វើឲ្យផ្កាថ្មសឹករេចរឹលទៅជាពណ៌សក៏ដោយ។
លោកបណ្ឌិត Veron និយាយថា ចំនួនថ្មប៉ប្រះទឹកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង៖ «វាគួរឲ្យសង្វេគណាស់ ហើយខ្ញុំបានឃើញរឿងនេះកើតឡើងអស់រយៈពេល២០ឆ្នាំមកហើយ គិតមកដល់ពេលនេះ។ ការព្យាករណ៍ទុកដែលអ្នកវិទ្យាសាស្ត្របានធ្វើឡើងតាំងពីមួយទសវត្សរ៍មុននេះបានប្រែក្លាយទៅជាការពិតមិនអាចប្រកែកបាន។ នេះជាដំណើរដ៏សំខាន់មួយពីព្រោះយើងបានឃើញខ្លួនឯងជាក់ស្តែងហើយថាតើផ្កាថ្មទាំងនោះទទួលរងផលប៉ះពាល់អ្វីខ្លះចំពោះការសឹករេចរឹលទៅជាពណ៌សនេះ ហើយផ្កាថ្មណាខ្លះដែលអាចនៅរស់រានមានជីវិតបានពីការសឹករេចរឹលនោះ។ ដូច្នេះនៅពេលដែលយើងដឹងថា យើងអាចសម្រេចចិត្តដោយវ័យឆ្លាតអំពីផ្កាថ្មបាន នោះដំណើរបេសកកម្មនេះនឹងពិតជាមានសារៈសំខាន់ណាស់»។
កាលពីខែមេសា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាជាលើកទីមួយហើយដែលការសឹករេចរឹលទៅជាពណ៌សនេះ បានប៉ះពាល់ទៅដល់ថ្មប៉ប្រះទឹក Great Barrier ជាច្រើនឆ្នាំជាប់គ្នា ដោយបានបំផ្លិចបំផ្លាញតំបន់ដែលត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកមួយនេះអស់២ភាគ៣។
នៅពេលផ្កាថ្មសឹករេចរឹលប្រែក្លាយជាពណ៌ស វាមិនទាន់ងាប់ទេភ្លាមៗទេ ប៉ុន្តែវាចាប់ផ្តើមដាច់ពោះ ហើយក៏ងាប់។ ទោះបីជាថ្មប៉ប្រះទឹកមានភាពធន់យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្ត្រមានការបារម្ភថា ការសឹករេចរឹលទៅជាពណ៌សកាន់តែញឹកញាប់ដែលបណ្ដាលមកពីការឡើងសីតុណ្ហភាពទឹកនោះ ធ្វើឲ្យផ្កាថ្មមានការពិបាកកាន់តែខ្លាំងក្នុងការត្រឡប់ទៅរកសភាពដើមរបស់វាវិញ។ ការសឹករេចរឹលទៅជាពណ៌សនេះកើតមាននៅពេលផ្កាថ្មដែលរងការប៉ះពាល់បាត់បង់សារធាតុសំខាន់ដែលធ្វើឲ្យវាមានពណ៌។
ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំបំផុតដល់ថ្មប៉ប្រះទឹកដែលលាតសន្ធឹងក្នុងចម្ងាយ២៣០០គីឡូម៉ែត្រនៅតាមបណ្តោយឆ្នេរ Queensland ភាគខាងជើងនៃប្រទេសអូស្ត្រាលីនេះ។
ឧទ្យានក្រោមបាតសមុទ្រនៃថ្មប៉ប្រះទឹក Great Barrier មានទំហំប្រហាក់ប្រហែលផ្ទៃប្រទេសអ៊ីតាលីឬជប៉ុន ហើយវាធំរហូតដល់គេអាចមើលវាឃើញពីអវកាសបាន។ វាជាទីជម្រកនៃពពួកខ្ចៅ ខ្យង ជាង៣ពាន់ប្រភេទ និងជាជម្រកប្រភេទត្រីបាឡែននិងត្រីដុលហ្វីនជាង៣០ប្រភេទផងដែរ៕
ប្រែសម្រួលដោយ នៀម ឆេង