ប៉ុន្មានឆ្នាំបន្ទាប់ពីមានការណែនាំពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនអំពីការនាំអង្ករលក់នៅក្រៅប្រទេសនោះ ក្រុមនាំចេញអង្កររបស់ប្រទេសកម្ពុជាបានកំណត់គោលដៅថា នឹងនាំចេញអង្ករឲ្យបានមួយលានតោននៅដំណាច់ឆ្នាំ២០១៥។ ប៉ុន្តែម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងពាណិជ្ជករនិយាយថា ពួកគេទំនងជាមិនអាចសម្រេចបានតាមគោលដៅនេះទេ។
អំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករតែជាង ៣១២.០០០តោនតែប៉ុណ្ណោះ។ វាមានការកើនឡើងច្រើនពី២០៣.០០០តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតួលេខនេះនៅឆ្ងាយពីផែនការមួយលានតោននេះ។
ក្រុមអ្នកជំនាញបានបន្ទោសថា មកពីខ្វះទុនដើម្បីទិញស្រូវតម្កល់ទុកមុនកិនជាអង្ករសម្រាប់នាំចេញ។
លោកហ៊ាន វ៉ានហាន អគ្គនាយកនៃក្រសួងកសិកម្ម បានថ្លែងថា អង្ករប្រហែល៦៧ភាគរយត្រូវបាននាំចេញទៅទ្វីបអឺរ៉ុប ដែលក្នុងនោះ១១ភាគរយនាំចេញទៅតំបន់អាស៊ី និង២៧ភាគរយទៀតនាំចេញទៅគោលដៅផ្សេងៗទៀត។ លោកបានមានប្រសាសន៍ថា អង្ករមួយផ្នែកតូចត្រូវបាននាំចេញទៅប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ កម្ពុជាបាននាំអង្ករចេញ៧៤.០០០តោនអង្ករទៅកាន់ប្រទេសចិនដែលជាការនាំចេញធំបំផុតទៅ កាន់ប្រទេសតែមួយ ហើយប្រទេសបារាំងទិញអង្ករនាំចេញពីកម្ពុជា ៤០.០០០តោន បន្ទាប់មកប្រទេសប៉ូឡូញ ប្រទេសម៉ាឡេស៊ី ប្រទេសហូឡង់ សាធារណរដ្ឋឆែក ប្រទេសអង់គ្លេស និងប្រទេសក្រិក។
លោកហ៊ាន វ៉ានហានបាននិយាយថា គោលដៅនាំចេញអង្ករចេញមួយលានតោនមុនបំណាច់ឆ្នាំនេះជិតសម្រេចបានតាមផែនការ។
លោកបាននិយាយថា៖ «ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាព្យាយាមក្នុងរយៈពេលប្រាំខែចុងក្រោយនេះ ប្រហែលជាយើងអាចសម្រេចបាន»។
ប្រទេសកម្ពុជាអាចផលិតស្រូវបាន៥លានតោនជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលភាគច្រើនត្រូវការសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឬត្រូវបានឈ្មួញកណ្តាលទិញ ឬនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាមហើយត្រូវកែច្នៃនិងលក់នៅក្នុងប្រទេសទាំងនោះ។ លោកបាននិយាយថា កសិករចង់លក់អង្កររបស់ពួកគេភ្លាមៗ។
«ពួកគេមិនចង់ទុកស្រូវរបស់គេទេ។ ពួកគេត្រូវការប្រាក់ជាបន្ទាន់»។
សែឡា ឡែន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហាក់សែ ដែលជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករ បានឱ្យដឹងថា ពួកគេបានចំណាយប្រាក់ជាច្រើនទៅលើគ្រឿងចក្រធុនធ្ងន់ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិសម្រាប់ការនាំអង្ករចេញ ប៉ុន្តែគាត់មិនអាចប្រកួតប្រជែងជាមួយអ្នកបញ្ជាទិញមកពីប្រទេសវៀតណាមដែលបានទិញស្រូវពីកសិករដោយឲ្យតម្លៃខ្ពស់នោះទេ។ ក្រុមហ៊ុនរបស់លោកបាននាំអង្ករចេញតែ៧២តោនប៉ុណ្ណោះក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ ក្រុមហ៊ុនផ្សេងទៀតក៏និយាយដូចគ្នាដែរ។
លោកឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម បានយល់ស្រប ដោយបាននិយាយថា ជាញឹកញាប់ កសិករលក់ស្រូវរបស់ពួកគេទៅឲ្យឈ្មួញកណ្តាល ដែលស្រូវត្រូវបានប្រទេសជិតខាងកែច្នៃ ហើយលក់យកចំណេញ៕