កម្ពុជា​ប្រឹង​ទាញ​ប្រយោជន៍​ពី​របៀង​សេដ្ឋកិច្ច ​ខណៈ​ប្រទេស​ក្នុង​តំបន់​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង

ក្រុម​រដ្ឋមន្ត្រី​មក​ពី​មហាអនុតំបន់​មេគង្គ​រួម​មាន​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ដៃគូ​អភិវឌ្ឍន៍​ រួមទាំង​​វិស័យឯកជន​ ចូលរូម​នៅ​ក្នុង​វេទិការបៀងសេដ្ឋកិច្ច​មហាអនុតំបន់​មេគង្គ​លើកទី​៨ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែ​សីហា ឆ្នាំ​២០១៦ នៃ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ចាន់ សុផល ​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ ​មាន​ប្រសាសន៍​ថា​ ​ ផែនការ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​ជា​ការ​ល្អ​មួយ ​តែ​លោក​ថា ​ការ​អនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​ល្អ​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​រដ្ឋមន្ត្រី​មក​ពី​បណ្ដា​ប្រទេស​មហា​អនុតំបន់​មេគង្គ​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​មធ្យោបាយ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​អនុតំបន់​នេះ។​ មន្ត្រី​តំណាង​កម្ពុជា​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ទាញ​ប្រយោជន៍​ពី​របៀង​សេដ្ឋកិច្ច​នេះ ​តែ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ថ្លែង​ថា ​កម្ពុជា​ត្រូវ​ធ្វើ​ការងារ​ជា​ច្រើន​បន្ថែម​ទៀត។​

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាលកំពុង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​របៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ ​ជាជាង​គ្រាន់​តែ​ជា​ផ្លូវ​ឆ្លង​កាត់​សេដ្ឋកិច្ច​ ខណៈ​បណ្ដា​ប្រទេស​នៅ​ក្នុង​អនុ​តំបន់​នេះកំពុង​ជំរុញ​របៀង​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​មាន​ភាពប្រកួត​ប្រជែង។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​រដ្ឋមន្ត្រី​មក​ពីប្រទេស​មហា​អនុ​តំបន់​មេគង្គ​ដែល​រួម​មាន​កម្ពុជា​ ចិន ​ឡាវ ​មីយ៉ាន់ម៉ា(ភូមា) ​ថៃ ​និង​វៀតណាម​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​អភិវឌ្ឍ​របៀង​សេដ្ឋ​កិច្ច​មហា​អនុតំបន់​មេគង្គ​ ដោយ​មាន​ការ​ចូលរួម​ពី​ដៃ​គូ​អភិវឌ្ឍ ​និង​វិស័យ​ឯកជន។​ កិច្ច​ប្រជុំ​ដែល​មាន​ឈ្មោះ​ថា ​វេទិការបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​ទន្លេ​មេគង្គ​លើក​ទី​៨ ​បាន​ពិភាក្សា​ និង​ផ្លាស់​ប្ដូរ​យោបល់​លើ​គំនិត​ផ្ដួចផ្ដើម​ និង​បទ​អន្តរាគមន៍​ផ្សេងៗ​ក្នុង​គោល​បំណង​រក​មធ្យោបាយ​ពង្រីក​របៀង​សេដ្ឋកិច្ច​តាម​រយៈ​ការ​ពង្រឹង​ការ​ត​ភ្ជាប់ ​និង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ក្នុង​របៀងសេដ្ឋកិច្ច​មហា​អនុតំបន់​នេះ។​

ក្នុង​សន្និសីទព័ត៌មាន​ក្រោយ​ពី​វេទិកា លោក​សុខ ចិន្ដាសោភា ​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​(CDC)​ និង​ជា​រដ្ឋ​មន្ត្រី​មហា​អនុតំបន់​មេគង្គ​ប្រចាំ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​គោល​នយោបាយ​នានាដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ទាក់ទាញ ​ហើយអាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់។​

លោក​សុខ ចិន្ដាសោភា​បន្ត​ថា៖​

«ជាក់​ស្ដែង​នៅ​ឆ្នាំ​កន្លងទៅ​នេះ​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍ​ឧស្សាហ​កម្ម​កម្ពុជា​២០១៥-២០២៥។ ​ក្នុង​នោះ ​យើង​មាន​ចែង​តែ​ម្ដង​ថា ​យើង​ត្រូវ​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។​ យើង​ត្រូវ​លើក​ទឹក​ចិត្ត​វិស័យ​កសិឧស្សាហកម្ម ។ ​យើង​ត្រូវ​ខិតខំ​ជួយ​វិស័យ​ធុន​តូច ​សហគ្រាស​ធុន​តូច​ និង​មធ្យម។ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​យើង​បាន​ចង្អុល​ទៅ​ទៀត​ថា ​ការ​ខិតខំ​នោះ ​ យើង​ត្រូវ​ធ្វើ​ទៅតាម​ដង​របៀង​ភ្នំពេញ​ទៅ​បាវិត ​តាម​ដង​របៀង​ភ្នំពេញ​ទៅ​បាវិត​ប៉ោយប៉ែត ​និង​តាម​ដង​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ»។​

លោក​ចាន់ សុផល ​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ ​មាន​ប្រសាសន៍​ថា​ ​ ផែនការ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​ជា​ការ​ល្អ​មួយ ​តែ​លោក​ថា ​ការ​អនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​ល្អ​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពី​ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ច្រើន ​ហើយ​ត្រូវ​ការ​ល្បឿន ​មិនមែន​ថា ​យើង​ចេះ​តែ​ថា​ ទុក​ចាំ​សិន​ ចាំ​សហការ​គ្នា​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ ស្ថាប័ន​មួយ​យឺត​ធ្វើ​ឱ្យ​យឺត​ទាំង​អស់​គ្នា។​ អញ្ចឹងខ្ញុំ​ចង់​និយាយ​ថា ​ការ​អនុវត្ត​គោល​នយោបាយ​នោះ​ក៏​អាច​ថា​ មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ។​ ហើយ​បើ​សិន​ជាចង់​ធ្វើ​លើស​ពី​គោល​នយោបាយ​នោះ​ទៀត​គឺ​យើង​ត្រូវ ​ប្រហែល​ជា​ខំ​កាត់​បន្ថយ​ថ្លៃ​ដើម​អគ្គិសនី​បន្ថែម​ទៀត​ឱ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​មាន​នៅ​ក្នុង​គោល​នយោបាយ​នោះ»។​

បើ​តាម​លោក​សុខ ចិន្ដាសោភា ​វេទិកា​របៀង​សេដ្ឋកិច្ច​គឺ​ជា​ឱកាស​សម្រាប់កម្ពុជា​ក្នុង​ការ​ស្វែង​យល់​ពី​សកម្មភាព​ក៏​ដូច​ជា​ផែនការ​អភិវឌ្ឍន៍​របស់​ប្រទេស​នៅ​ក្នុង​តំបន់។​

គួរ​បញ្ជាក់​ថា ​របៀង​សេដ្ឋកិច្ច​ផ្ដោត​សំខាន់​លើ​សកម្មភាព​សេដ្ឋកិច្ច​ មាន​ដូច​ជា ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទីផ្សារ និង​នគរូបនីយកម្ម ​និង​ការ​ដាក់​ចេញ​នូវ​បទ​បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​បាន​កំណត់​រួច។​

មហា​អនុតំបន់​មេគង្គ​ (GMS)​ មាន​របៀង​សេដ្ឋកិច្ច​ចម្បង​ចំនួន​៣​គឺ​របៀង​សេដ្ឋកិច្ច​ជើង-ត្បូង​ រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ​និង​ប្រទេស​ចិន​ របៀង​សេដ្ឋកិច្ច​ខាង​ត្បូង​ ដែល​រត់​តាម​បណ្ដោយ​ភាគ​ខាងត្បូង​នៃ​មហា​អនុតំបន់​នេះ ​និង​ជា​របៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ និង​របៀង​សេដ្ឋកិច្ច​កើត-លិច​ ដែល​លាត​សន្ធឹង​ជាង​១៣០០​គីឡូម៉ែត្រ​ពី​កំពង់ផែ​ដាណាង ​(Da Nang) នៃ​ប្រទេស​វៀតណាម​ឆ្លងកាត់​ប្រទេស​ឡាវ ​និង​ប្រទេស​ថៃ​រហូត​ដល់​ប្រទេស​មីយ៉ាន់ម៉ា​(ភូមា)៕