ប្រទេសចំនួន១៣០ បានព្រមព្រៀងគ្នាលើកំណែទម្រង់ពន្ធដារសាកលដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនពហុជាតិបង់ពន្ធដារត្រឹមត្រូវ ទោះជាពួកគេធ្វើអាជីវកម្មនៅប្រទេសណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ឬ OECD កាលពីថ្ងៃព្រហស្បតិ៍។ ក៏ប៉ុន្តែរដ្ឋខ្លះនៅក្នុងសហភាពអឺរ៉ុប បានបដិសេធពុំព្រមចុះហត្ថលេខា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
អង្គការ OECD បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនសាកល រួមមានក្រុមហ៊ុន Google, Amazon, Facebook និង Apple របស់សហរដ្ឋអាមេរិក នឹងត្រូវយកពន្ធដារយ៉ាងហោចណាស់១៥ភាគរយ នៅពេលកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្ត។
របបពន្ធដារថ្មីនឹងបន្ថែមប្រាក់ចំនួន១៥០ពាន់លានដុល្លារដល់រដ្ឋាភិបាលនានានៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ប្រហែលនៅឆ្នាំ២០២៣។
កិច្ចព្រមព្រៀងផ្លូវការកើតមានឡើង បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ ឬ G-7 កាលពីខែមុន ហើយនៅពេលនេះការចរចាធ្វើឡើងនៅក្នុងជំនួបរបស់ G-20 ជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងលូតលាស់ នៅក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា។
លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយនេះ «ធ្វើឲ្យយើងកាន់តែមានលទ្ធភាពធ្វើកិច្ចព្រមព្រៀងសាកលពេញលេញ ដើម្បីទប់ស្កាត់ការប្រកួតប្រជែងយកពន្ធដារពីក្រុមហ៊ុនសាជីវកម្ម»។
អាល្លឺម៉ង់ ដែលជាប្រទេសមួយទៀតគាំទ្រការធ្វើកំណែទម្រង់ពន្ធដារ បានសរសើរកិច្ចព្រមព្រៀងនោះថា «ជាជំហានឆ្ពោះទៅកាន់យុត្តិធម៌ពន្ធដារ» ហើយប្រទេសបារាំងនិយាយថា វាជាកិច្ចព្រមព្រៀងពន្ធដារដ៏មានសារៈសំខាន់បំផុតនៅក្នុងសតវត្សរ៍នេះ។ កិច្ចព្រមព្រៀងពន្ធដារសាកលនេះ គាំទ្រដោយប្រទេសចំនួន១៣០៕