មេដឹកនាំពិភពលោកបានបង្ហាញការគាំទ្ររបស់ខ្លួនដល់ប្រជាពលរដ្ឋគុយបាដែលបានធ្វើបាតុកម្មប្រឆាំងតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានជំរុញឲ្យរដ្ឋាភិបាលគុយបា«ស្តាប់ការ ប្រឆាំងនិងការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋគុយបា»។ លោកបានលើកឡើងយ៉ាងដូចនេះ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទនៅទីក្រុងប្រ៊ុចសែលនៃប្រទេសប៊ែលហ្សិកក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបរួចមក។
លោកស្រី Erika Guevara-Rosas នាយកអង្គការសិទ្ធិមនុស្ស Amnesty International ប្រចាំតំបន់អាមេរិកបានហៅការប្រឆាំងរបស់ប្រជាពលរដ្ឋគុយបាកាលពីថ្ងៃអាទិត្យថាជា«ថ្ងៃប្រវត្តិសាស្ត្រមួយរបស់គុយបា» ខណៈដែលលោកស្រីបានសម្តែងក្តីបារម្ភលើរបាយការណ៍នានាស្តីពីការរាំងខ្ទប់ប្រ ព័ន្ធអ៊ីនធឺណិត ការចាប់ចងតាមទំនើងចិត្តក៏ដូចជាការប្រើកម្លាំងហួសរបស់អាជ្ញាធរដែលក្នុងនោះរួមមានការបាញ់ប្រហារលើអ្នកប្រឆាំងតវ៉ានិងមនុស្សជាច្រើនដែលនៅបាត់ខ្លួននៅឡើយ។
លោកស្រី Guevara-Rosasបានអំពាវនាវឲ្យប្រធានាធិបតីគុយបាលោក Miguel Diaz-Canelនិងរដ្ឋាភិបាលរបស់លោកដោះស្រាយនូវការទាមទាររបស់ប្រជាពលរដ្ឋគុយបាដែលកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ការខ្វះខាតស្បៀងអាហារថ្នាំសង្កូវ ការដួលរលំនៃប្រព័ន្ធសុខភាពដែលមិនបានឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាការទាមទារជាយូរលង់មកហើយទៅលើការគោរពសិទ្ធិមនុស្ស ការបញ្ចេញមតិ និងសេរីភាពនៃការជួបប្រជុំ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andrés Manuel López Obradorប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងម៉ិកស៊ីកូកាលពីថ្ងៃចន្ទថា «វាជាកាយវិការមនុស្សធម៌ដ៏ពិតប្រាកដមួយ ប្រសិនបើសហរដ្ឋអាមេរិក លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបាដែលមានអាយុកាល៥ទសវត្សរ៍កន្លងមកហើយនោះ។
លោកនិយាយបន្តទៀតថា «មិនគួរមានប្រទេសណាមួយក្នុងពិភពលោកត្រូវបានគេហ៊ុមព័ទ្ធនិងបិទច្រកនោះឡើយ។
នៅក្នុងសហរដ្ឋអាមេរិកឯណេះវិញ អភិបាលក្រុង Miami ក្នុងរដ្ឋ Florida បានអំពាវនាវឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកJoe Biden ដឹកនាំកិច្ចប្រឹងប្រែងជាអន្តរជាតិមួយដើម្បីជួយដល់ពលរដ្ឋគុយបាដែលកំពុងទទួលរងការឈឺចាប់ ក្រោមការដឹកនាំដ៏យូរអង្វែងនៃរដ្ឋាភិបាលកុម្មុយនីស្តរបស់ប្រទេសដែនកោះមួយនេះ។
ទីក្រុងMiamiជាសហគមន៍ដ៏ធំរបស់ជននិរទេសខ្លួនគុយបាដែលបានរត់គេចខ្លួនពីមាតុភូមិបន្ទាប់ពីលោក Fidel Castro បានកាន់កាប់អំណាចនៅក្នុងបដិវត្តឆ្នាំ១៩៥៩។
លោក Marco Rubio សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ Floridaបានសរសើរដល់ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋគុយបាហើយបានហៅបាតុកម្មនេះថាជា «ការតវ៉ាប្រ ឆាំងជាប្រវត្តិសាស្រ្ត ដោយសន្តិវិធីនិងមានភាពស៊ីសង្វាក់គ្នានៅក្នុងទីក្រុងឡាហាវ៉ាននិងនៅតាមបណ្តាខេត្តផ្សេងៗផងដែរ»។ នេះបើតាមការលើកឡើងនៅក្នុងលិខិតមួយច្បាប់របស់លោកផ្ញើជូនប្រធានាធិបតីអាមេរិកលោក Joe Biden នោះ។ លោកក៏បានស្នើឲ្យលោកប្រធានាធិបតី Biden ចាត់វិធានការដើម្បីជួយប្រជាពលរដ្ឋគុយបាផងដែរដែលក្នុងនោះរួមមានការកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធក្នុងការបង្ក្រាបដោយអំពើហិង្សានៅប្រទេសគុយបា ក៏ដូចជាអ្នកដែលបានហាមប្រាមដល់ពួកគេមិនឲ្យចូលមកសហរដ្ឋអាមេរិកជាដើម។
សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Bob Menendez ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអំពាវនាវឲ្យបញ្ឈប់នូវ«អំពើហិង្សានិងការបង្រ្កាប»លើប្រជាពលរដ្ឋគុយបា៕