ភាព​ប្រសើរ​ទៅ​មុខ​ក្នុង​ការ​ប្រឆាំង​នឹង​​ជំងឺ​គ្រុន​ចាញ់​នៅ​ទូ​ទាំង​ពិភពលោក​ស្ថិត​ក្នុង​ហានិភ័យ​នៅ​ពេល​ថវិកា​ឧបត្ថម្ភ​នៅ​ទ្រឹង

  • Henry Ridgwell

អ្នក​ជំងឺ​គ្រុន​ចាញ់​ម្នាក់​អង្គុយ​នៅ​ក្នុង​គ្រែ​មួយ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង Gao ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។

ដំណើរការ​ជឿន​លឿន​ទៅ​មុខ​ក៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រឆាំង​នឹង​​ជំងឺគ្រុន​ចាញ់​​ដែល​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​​ទសវត្សរ៍​ថ្មីៗ​នេះ​ កំពុង​ស្ថិត​ក្នុង​ហានិភ័យ។នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ (WHO)។​ បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ ដែល​សំឡឹង​មើល​ទៅ​លើ​ការ​ប្រឆាំង​នឹង​​ជំងឺ​គ្រុនចាញ់​ជា​សកល​​ អង្គការ​នេះ​បាន​រាយ​ការណ៍​ថា​ករណី​​ជំងឺ​គ្រុន​ចាញ់​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​​ប្រទេស​ជា​ច្រើន។

ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស​ ម៉ាដាហ្គាស្កា​ សេណេហ្គាល់​ និង​ ស៊ីមបាវ៉េ​ កំពុង​មាន​ដំណើរ​ការ​ជឿន​លឿន​ទៅ​មុខ​នៅ​ក្នុង​ការ​កាត់​បន្ថយជំងឺ​គ្រុន​ចាញ់។

ប៉ុន្តែ​ របាយការណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​ឯ​ទៀត​ ដំណើរការ​ប្រឆាំង​នឹងជំងឺគ្រុន​ចាញ់​ត្រូវ​បាន​បង្អាក់។ ករណីជំងឺគ្រុន​ចាញ់​បាន​កើន​ឡើង​ច្រើន​ជាង​ ២០​ភាគរយ​ចាប់​ពី​ឆ្នាំ​ ២០១៥​ រហូត​ដល់​ឆ្នាំ​ ២០១៦​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៨ ក្នុង​ទ្វី​បអាហ្វ្រិក​ ដែល​ក្នុង​នោះ​មាន​ទាំង​ ប្រទេស​រវ៉ាន់ដា​ នីហ្សេរីយ៉ា​ និង​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ផង​ដែរ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ថវិកា​ដើម្បី​បង្ការ​ និង​ ព្យាបាលជំងឺ​គ្រុន​ចាញ់​ស្ថិត​ក្នុង​កម្រិត​ថេរ​ត្រឹម​ ២​ ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦​ ដែល​ចំនួន​នេះ​តិច​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ថវិកា​ដែល​ជា​គោល​ដៅសម្រាប់​ឆ្នាំ​ ២០២០។ លោក​សាស្ត្រាចារ្យ​ David Conway​ ដែល​មក​ពី​សកល​វិទ្យាល័យទី​ក្រុង​ឡុងដ៍ផ្នែក​អនាម័យ​ និង​ វេជ្ជសាស្ត្រ​ប្រទេស​ត្រូ​ពិច​ (London School of Hygiene and Tropical Medicine) បាន​និយាយ​ថា៖

«ចំនួន​ថវិកា​អន្តរជាតិ​ស្ថិត​នៅ​ក្នុង​កម្រិត​ថេរ​ នេះ​ប្រហែល​មក​ពី​ បច្ចុប្បន្ន​ ចំនួន​នេះ​បាន​កើន​ដល់​ចំនួន​អតិបរមា​ដែល​សម​ហេតុផល​ហើយ។ ជា​ការ​ពិត​ណាស់​ ប្រទេស​ខ្លួន​ឯង​ផ្ទាល់គួរតែ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​បង្ក្រាបជំងឺគ្រុន​ចាញ់​នេះ។ ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទាំង​នោះ​ចេញ​មុខ​ និង​ទទួល​ស្គាល់​ថា​នេះ​ជា​តម្លៃ​ដ៏​ល្អ​មួយ»។

ជា​រួម​ ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​មាន​បន្ទុក​ធ្ងន់​ជាង​គេ​បំផុត​ពាក់​ព័ន្ធនឹង​ជំងឺគ្រុន​ចាញ់​ ដែល​មាន​ករណី​អ្នក​ស្លាប់​ដោយ​សារជំងឺគ្រុន​ចាញ់​នេះ​ប្រមាណ​ ៤សែន​ ១​ពាន់​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ដែល​ចំនួន​នេះមាន​ការ​ថយចុះ​បន្តិច​បន្តួច​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥។

បន្ថែម​ទៅ​នឹងការ​បង្កើនវិធី​បង្ការជំងឺគ្រុន​ចាញ់​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ទូលំទូលាយ​ ​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ទាន់​ទៅលើ​វិធី​សាស្ត្រ​ថ្មីៗ។​

លោក​សាស្ត្រាចារ្យ​ CONWAY​ បាន​បន្ថែម​ថា៖

«ថ្នាំ​វ៉ាក់​សាំង​បង្ការជំងឺគ្រុន​ចាញ់​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាយូរ​ណាស់​មក​ហើយ​ថា​ អាច​បង្វែរ​ស្ថានភាពជំងឺគ្រុន​ចាញ់​បាន​យ៉ាង​ប្រសើរ។​ ដូច្នេះ​ហើយ​ យើង​ត្រូវ​ការ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់​សាំងជំងឺគ្រុន​ចាញ់​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ ដែល​អាច​ការពារ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​អត្រាជំងឺគ្រុន​ចាញ់​ខ្ពស់​ ហើយ​ប្រទេស​ទាំង​នោះ​ប្រហែល​ជា​មិន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដែល​មាន​ស្រាប់​នោះ​ទេ​ ទោះ​បី​ជាទទួល​បាន​ថវិកា​ឧបត្ថម្ភ​ក៏​ដោយ»។

ថ្នាំ​វ៉ាក់​សាំង​បង្ការជំងឺគ្រុន​ចាញ់​ជា​ច្រើន​ ​កំពុងតែ​ដំណើរ​ការ​បង្កើត​ឡើង។​ អង្គការ​សុខ​ភាព​ពិភព​លោក​កំពុង​មាន​គម្រោង​ដ៏​សំខាន់​មួយ​ ដើម្បី​សាកល្បង​ថ្នាំ​វ៉ាក់​សាំង RTS,S ដែលនឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ ហ្គាណា ​ និង​ម៉ាឡាវី ។

ប៉ុន្តែ​ របាយការណ៍​ថ្មីចុង​ក្រោយ​បំផុត​របស់​ អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ថា​ ពិភព​លោក​កំពុង​ស្ថិត​នៅ​ផ្លូវ​បំបែក​មួយ។​ ប្រ​សិន​បើ​គ្មាន​ថវិកា​ដែល​ច្រើន​ជាង​មុន​ និង​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​សម្រាប់​ទប់​ទល់​នឹងជំងឺគ្រុន​ចាញ់​នោះទេ នោះ​ការ​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​អាច​នឹង​ដើរ​ថយ​ក្រោយ​វិញ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង