ប្រទេសជាច្រើនដែលកំពុងព្យាយាមចរចាបង្កើតកិច្ចព្រមព្រៀងសាកលថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគតនោះ បានចាប់ផ្តើមបង្រួញការខ្វែងគំនិតគ្នាកាលពីថ្ងៃទី ២៩ ខែមេសាកន្លងទៅ និងប្រញាប់ប្រញាល់ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងនេះ។
ប្រទេសចំនួន ១៩៤ ដែលជាសមាជិកអង្គការសុខភាពពិភពលោក បានត្រឡប់មកកាន់ទីស្នាក់ការធំរបស់អង្គការនេះ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីធ្វើការចរចាជាចុងក្រោយមួយ ក្រោយពីប្រឹងប្រែងរយៈពេលពីរឆ្នាំ ក្នុងការបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការត្រៀមខ្លួនជាមុន និងការឆ្លើយតប បានហួសពេលកំណត់កាលពីខែមីនាកន្លងទៅ។ ប្រទេសទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំបានចាប់ផ្តើមពិនិត្យមើលមាត្រាទាំង ៣៧ នៃសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលទើបចេញផ្សាយថ្មីមួយ ដែលមានកម្រាស់ស្តើងជាងមុននិងមានប្រធានបទតឹងតែងជាច្រើនក្នុងពេលខាងមុខ។
បើទោះបីជាយ៉ាងនេះក្តី មាត្រាមួយចំនួនដែលបានដាក់ឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា នៅតែស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ខណៈសម័យប្រជុំនៅថ្ងៃនោះបានឈានទៅដល់ទីបញ្ចប់ ដោយអ្នកពិភាក្សានៅតាមក្រុមកំពុងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។
«ការពិភាក្សាបានប្រព្រឹត្តទៅតាមការរំពឹងទុក។ រដ្ឋជាសមាជិកភាគច្រើនបំផុតបានបង្ហាញថា យើងកំពុងដើរលើផ្លូវត្រូវនៅក្នុងអត្ថបទថ្មីនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វានៅមានរឿងជាច្រើនដែលត្រូវដោះស្រាយ»។ នេះបើតាមលោក Roland Driece សហប្រធាននៃការពិភាក្សាលើកិច្ចព្រមព្រៀងនេះ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
ផលប៉ះពាល់ដោយសារជំងឺកូវីដ
បំណងនៃកិច្ចពិភាក្សាគ្នានេះ ដែលមានរយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ១០ ខែឧសភាខាងមុខនេះ គឺធ្វើឱ្យទទួលបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីឱ្យរួចរាល់សម្រាប់ការអនុម័ត ដោយមហាសន្និបាតប្រចាំឆ្នាំនៃរដ្ឋជាសមាជិក របស់អង្គការសុខភាពពិភពលោក ដែលនឹងបើកធ្វើនៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។
ក្នុងខែធ្នូ ឆ្នាំ ២០២១ ផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចរងគ្រោះ ប្រព័ន្ធសុខាភិបាលជាប់គាំងគ្មានប្រសិទ្ធភាព និងធ្វើឱ្យមនុស្សរាប់លាននាក់បានស្លាប់នោះ បានជំរុញឱ្យប្រទេសជាច្រើនស្វះស្វែងរកការតាំងចិត្តនៃក្របខណ្ឌផ្លូវច្បាប់មួយ ដើម្បីបង្ការមហន្តរាយប្រហាក់ប្រហែលគ្នានេះក្នុងពេលអនាគត។
ប៉ុន្តែការខ្វែងគំនិតគ្នាដ៏ធំបានរំលេចចេញយ៉ាងឆាប់រហ័សលើការអនុវត្តយ៉ាងដូចម្តេចលើរឿងនេះ។ ការខ្វែងគំនិតគ្នាជាសំខាន់គឺការទទួលបាន [វ៉ាក់សាំង]ប្រើប្រាស់និងសមភាព។ ការចូលទៅរកប្រភពដើមនៃវីរុសដែលត្រូវរកឃើញក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ផលិតផលទប់ទល់នឹងជំងឺរាតត្បាត ដូចជាវ៉ាក់សាំងបង្ការផ្សេងៗ ដែលត្រូវបានផលិតឡើង ការចែកចាយដោយសមភាព មិនគ្រាន់តែជាការសាកល្បងប្រឆាំងនឹងជំងឺរាតត្បាត ការព្យាបាលនិងការចាក់វ៉ាក់សាំងការពារប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅលើមធ្យោបាយនៃការផលិតវ៉ាក់សាំងផងដែរ។
សេចក្តីព្រាងថ្មីនេះ ផ្តោតលើការបង្កើតនូវក្របខណ្ឌជាមូលដ្ឋាន និងជំរុញលើភាពលម្អិតដែលស្មុគ្រស្មាញឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦ ជាពិសេសពីរបៀបដែលប្រព័ន្ធចែករំលែកផលប្រយោជន៍និងការពិនិត្យវីរុសដើមរបស់អង្គការសុខភាពពិភពលោក (PABS) អាចដំណើរការបានយ៉ាងណាក្នុងការអនុវត្តជាក់ស្តែងនោះ។
ឯកភាពអាហ្រ្វិក
រួមជាមួយក្រុមអាហ្វ្រិក ក្រុមសមធម៌នៃប្លុកប្រទេសជាច្រើនកំពុងព្យាយាមដើម្បីធានាថា ប្រទេសកំពុងអភិវឌ្ឍន៍នឹងមិនត្រូវគេកាត់ផ្តាច់តាមអំពើចិត្តលើការផ្តល់វ៉ាក់សាំងបង្ការ ការធ្វើតេស្តនិងការព្យាបាលនោះឡើយ។
ក្រុមរដ្ឋមន្ត្រីសុខាភិបាលនៃសហភាពអាហ្វ្រិក បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ ដោយតាំងចិត្តដើម្បីទទួលបាននូវ «ភាពប្រាកដនិយមខាងផ្លូវច្បាប់មួយ ដល់អ្នកប្រើប្រាស់និងអ្នកផ្តល់ពីប្រព័ន្ធ PABS របស់អង្គការសុខភាពពិភពលោក។ សេចក្តីថ្លែងការណ៍នេះបាននិយាយទៀតថា «ប្រទេសក្នុងទ្វីបអាហ្រ្វិកត្រៀមខ្លួនជាស្រេច ដើម្បីបំពេញតួនាទីរបស់ខ្លួន និងប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការចរចាដែលកំពុងប្រព្រឹត្តទៅនេះ»។
ពួកគេបានអំពាវនាវឱ្យមានយន្តការផ្តល់ហិរញ្ញប្បទានជាអន្តរជាតិមួយ ជាមួយនឹងការផ្តល់ថវិកាកើនឡើងប្រកបដោយចីរភាពនិងច្បាស់លាស់ថ្មីមួយ ពីប្រទេសអភិវឌ្ឍន៍ សម្រាប់ការត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាត។ ប្រទេសឥណ្ឌូណេស៊ីជាប្រទេសដើរតួដ៏សំខាន់មួយ ក្នុងក្រុមសមធម៌នេះ។
លោក Wiku Adisasmito ប្រធានក្រុមចរចាឥណ្ឌូណេស៊ីក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវ បាននិយាយថា ផ្នែកទាំងពីរនៃប្រព័ន្ធ PABS គឺការត្រួតពិនិត្យលើវីរុសដែលត្រូវបានរកឃើញ និងការចែករំលែកនូវផលប្រយោជន៍ដូចជាវ៉ាក់សាំងបង្ការជាដើម ត្រូវតែធ្វើឡើងក្នុងលក្ខណៈស្មើភាពគ្នា។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «នេះជាចំណុចសំខាន់ ដែលមិនមែនសម្រាប់តែប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ តែក៏សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនបំផុតដែរ»។
លោកបន្ថែមទៀតថា៖ «ប្រទេសទាំងអស់មិនស្មើគ្នាទេបើនិយាយដល់សមត្ថភាព ហើយវីរុសកើតឡើងតែនៅកន្លែងចំណុចក្តៅ» ដោយលោកពន្យល់ថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការការគាំទ្រហិរញ្ញវត្ថុ ដើម្បីបង្កើនការតាមដានត្រួតពិនិត្យនៃការលេចឡើងនូវវីរុសដែលមានគ្រោះថ្នាក់ ដូចជាក្នុងសត្វនិងបរិយាកាសជាដើម។
ក្នុងករណីដែលការពិភាក្សាត្រូវបានធ្វើឡើងក្នុងភាពបន្ទាន់ណាមួយ ដូចជាកាលពីពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសុខភាពពិភពលោកបានបង្កើនការព្រមានជុំវិញការហក់ឡើងនៃជំងឺផ្តាសាយបក្សី H5N1ដោយក្តីបារម្ភថានឹងអាចមានអ្វីកើតឡើង ប្រសិនបើវាអាចឆ្លងពីមនុស្សទៅមនុស្ស»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ