ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ​កំណើន​សេដ្ចកិច្ច​កម្ពុជា​នឹង​ថយចុះ

អាគារ​ធនាគារ​ពិភពលោក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ការ​រំពឹង​ទុក​នានា​ទៅ​លើ​សេដ្ឋ​កិច្ច​ពិភពលោក​ស្តីពី​«ការ​វិនិយោគ​ទន់ខ្សោយ​នៅ​ក្នុង​ពេល​​មិនប្រាកដ​ប្រជា» បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​​នៅ​តែ​បន្ត​មាន​ភាព​ខ្លាំងក្លា​ដដែល។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ធនាគារ​ពិភពលោក​ព្យាករណ៍​ថា​ នឹង​ធ្លាក់​ចុះពី​៧​ភាគរយ​នៅ​ឆ្នាំ​២០១៦​មក​ត្រឹម​៦,៩​ភាគ​រយ​នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​ ហើយ​កំណើន​នេះ​នឹង​នៅ​បន្ត​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៦,៨​ភាគ​រយ​នៅ​ឆ្នាំ​២០១៩។​ នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ពុធ​នេះ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ការ​រំពឹង​ទុក​នានា​ទៅ​លើ​សេដ្ឋ​កិច្ច​ពិភពលោក​ស្តីពី​«ការ​វិនិយោគ​ទន់ខ្សោយ​នៅ​ក្នុង​ពេលមិនប្រាកដ​ប្រជា» បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជានៅ​តែ​បន្ត​មាន​ភាព​ខ្លាំងក្លា​ដដែល បើ​ទោះបីជា​មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច​ពី​៧​ភាគ​រយ​នៅ​ឆ្នាំ​២០១៦​មក​៦,៩​ភាគ​រយ​នៅ​ឆ្នាំ​២០១៧។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដែល​មាន​សន្ទុះខ្លាំង សកម្មភាព​សាងសង់​ និង ជំនួញ​អចលន​ទ្រព្យ​ដែល​នៅ​មាន​ភាព​រស់​រវើក​ បាន​បន្ត​ជួយ​ទប់​ស្កាត់​ការ​ធា្លក់​ចុះ​នេះ​ឲ្យមាន​កម្រិត​ទាប។​

ក្នុង​ការ​ព្យាករណ៍​នេះ​ កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ត្រូវ​កែ​សម្រួល​ដើម្បី​រក្សា​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន។ បញ្ហា​ទាំង​នោះរួមមាន​ការ​ប្រឈម​ផ្នែក​សារ​ពើពន្ធ​ អតុល្យភាព​ហិរញ្ញវត្ថុ​ និង​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​នានា។ នៅ​ក្នុងការដោះ​ស្រាយ​បញ្ហា​សារ​ពើពន្ធ​ កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ប្រាក់​ចំណូល​និង​ពន្ធ។

ដើម្បី​កែ​សម្រួល​អតុល្យ​ភាព​ហិរញ្ញវត្ថុ កម្ពុជា​ត្រូវការ​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​បទ​បញ្ជា​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ ហើយ​កម្ពុជា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​ត្រួត​ពិនិត្យ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ ដែល​មិន​ពាក់​ព័ន្ធ​នឹង​វិស័យ​ធនាគារ។​

ប្រទេស​ឥណ្ឌូនេស៊ី​ ឡាវ ហ្វីលីពីន​ ម៉ាឡេស៊ី និង​ថៃ​ក៏​ត្រូវបាន​ចាត់​ចូល​ក្នុង​ប្រទេស​ដែល​ត្រូវ​តែ​ពង្រឹងសារ​ពើពន្ធ​ និង​អតុល្យភាព​ហិរញ្ញ​វត្ថុ​នេះ​ដែរ។​

ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ការ​ធ្វើ​ឲ្យ​បរិយាកាស​ធ្វើ​ជំនួញ​ល្អ​ប្រសើរ​គឺ​ជា​ចំណុច​អាទិភាព​របស់​កម្ពុជា​ ដោយសារ​តែ​ប្រទេស​នេះ​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ដ៏គួរ​ឲ្យ​កត់​សម្គាល់​នៅក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៥​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ​ និង​សូចនាករ​ដែល​បាន​បង្ហាញ​ពី​អភិបាល​កិច្ច​នានា។​

ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក​ ដែល​ត្រូវតែ​កែ​លម្អ​បរិយាកាស​ធ្វើជំនួញ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កើន​ឡើង រួមមាន​ប្រទេស​ឡាវ​ ម៉ីយ៉ាន់ម៉ា​ ប៉ាពូញូគីណេ​ ទីម័រលីស​ និង​ប្រទេស​តូចៗ​ផ្សេង​ទៀត​ស្ថិត​ក្នុង​កោះ​ប៉ាស៊ីហ្វិក។​

លោក​បណ្ឌិត​ចាប សុថារិទ្ធ​ អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ​បាន​ប្រាប់​ VOA​ ​ថា​ ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​គឺ​ប្រហាក់​ប្រហែល​នឹង​ការ​ទស្សន៍​ទាយ​របស់​រដ្ឋាភិបាល​កម្ពុជា។​ លោក​ថា​ ទោះ​ជា​កំណើន​នេះ​បាន​ថយ​ចុះ​បន្តិច​បន្តួច​ក្តី​ សេដ្ឋ​កិច្ច​កម្ពុជា​នៅ​បន្ត​មាន​សុខភាព​ល្អ​ដដែល​ ដោយសារ​តែ​វិស័យ​ទេសចរណ៍​នៅ​តែ​បន្ត​កើន​ឡើង​ ការ​នាំ​ចេញ​សម្លៀកបំពាក់ ​និង វិស័យ​សំណង់​នៅ​តែ​មាន​ស្ថិរ​ភាព។​

«ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដដែល។​ អញ្ចឹង​យើង​អាច​រក្សា​នៅ​ដដែល​ថេរ​ ពី​បីខ្ទង់​ ប្រហែល​ជា៦,៩​ភាគរយ​ទៅ​៧ភាគ​រយ​ហ្នឹង​ ជា​អត្រា​មួយ​ដែល​យើង​អត់​មាន​ការ​អី​ព្រួយ​បារម្ភ​ទេ»។​

យ៉ាង​ណាក៏ដោយ​ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​នឹង​ថយ​ចុះ​ចំនួន​តិច​តួច​ចាប់​ពីឆ្នាំ២០១៧​ដល់​ឆ្នាំ​២០១៩​ ​ ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ការ​វិនិយោគ​ក្នុង​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​គឺ​ជា​ចំណុច​អាទិភាព​សម្រាប់​កម្ពុជា។​ ប្រទេស​កម្ពុជា​ក៏​ត្រូវ​ពង្រឹងគុណភា​ព​អប់រំ ​និង​ត្រូវ​ការពារ​មិន​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ ដោយ​ហេតុថា​ បញ្ហា​បរិស្ថាន​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថិរភាព​ និង​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត។​

នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ថយ​ចុះ​តិចតួច​នោះ​ កំណើន​សេដ្ឋ​កិច្ច​សកល​លោក​ត្រូវ​បាន​ធនាគារ​ពិភព​លោក​ព្យាករណ៍​ថា​ នឹង​មិនមានការ​កើន​ឡើង​ខ្លាំង​ផង​ដែរ។ ការ​ព្យាករណ៍​របស់​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ល្បឿន​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​នឹង​កើន​ពីកំណើន២,៣​ភាគរយ​នៅ​ឆ្នាំ២០១៦​ដល់​២,៧​ភាគរយ​នៅ​ឆ្នាំ​២០១៧។​

ពាណិជ្ជ​កម្ម​ពិភព​លោក​ដែល​នៅមាន​ភាព​អាប់​អួរ ការ​វិនិយោគ​ដែល​មិន​សូវ​មាន​សន្ទុះខ្លាំង​ និង​ការ​បង្កើន​គោល​នយោបាយ​ដែល​កាន់​តែមាន​ភាព​មិន​ប្រាកដ​ប្រជា ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​មាន​ភាព​យឺតយ៉ាវនៅ​ឆ្នាំ​២០១៧​នេះ។

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​ផលិត​កម្ម​ដែល​គេ​រំពឹង​ថា​ នឹង​ងើប​ឡើង​វិញ​នៅ​សហ​រដ្ឋ​អាមេរិក​នឹង​រួម​ចំណែក​តិច​តួច​ដល់​ការកើន​ឡើងនៃ​សេដ្ឋកិច្ចសហ​រដ្ឋ​អាមេរិក​ពី​កំណើន​ជា​មធ្យម​១,៦​ ភាគ​រយ​នៅ​ឆ្នាំ​២០១៦​ទៅ​ដល់​កំណើន​ជា​មធ្យម​២,២​ភាគ​រយ​នៅ​ឆ្នាំ​ ២០១៧​ និង២០១៨។

រីឯ​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​ចិន ​ដែល​ជាអ្នក​វិនិយោគ​ និង​ផ្តល់​ជំនួយ​ដ៏​ធំរបស់​កម្ពុជា​ ត្រូវ​បានធនាគារ​ពិភពលោក​ទស្សន៍​ទាយថា​ ​ធ្លាក់​ចុះ​មក​ត្រឹម​៦,៧​ភាគ​រយ​នៅឆ្នាំ​២០១៦ ដោយ​សារ​តែការ​វិនិយោគទុនបន្ត​ធ្លាក់​ចុះ​ បើ​ទោះ​បីជា​ប្រទេស​នេះ​បន្ត​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួនមាន​តុល្យភាព​ឡើង​វិញ​ក៏ដោយ។

សម្រាប់​ឆ្នាំ​២០១៧​ ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ត្រូវ​បានធនាគារ​ពិភពលោក​ព្យាករណ៍​ថា​ នឹង​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦,៥ភាគរយ។ តួលេខ​នេះនឹង​បន្ត​ធ្លាក់​ចុះ​ដល់​៦,៣​ភាគ​រយ​នៅឆ្នាំ២០១៨​ និង​២០១៩។​ ការ​ធ្លាក់ចុះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​ចិន​បាន​ប្រឈម​នឹង​ការ​ចុះថមថយ​នៃ​តម្រូវ​ការ​ពីក្រៅ​ប្រទេស​ ហើយ​ពិសេស​ជាងនោះ​ទៅ​ទៀត​ គឺ​ការ​វិនិយោគ​ពី​វិស័យ​ឯក​ជន​គឺ​មាន​លក្ខណៈ​កាន់​តែ​យឺត​យ៉ាវ។​

លោក​បណ្ឌិត​ចាប សុថារិទ្ធ​ អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​បត្តិការ​ និង​សន្តិភាព​ ​បាន​បន្ថែម​ថា​ ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​កើន​ក្នុង​សន្ទុះ​មួយ​មិន​សូវ​ខ្លាំង​ ហើយ​កំណើន​សេដ្ឋកិច្ច​ចិន​នៅតែ​បន្ត​ធ្លាក់​ចុះ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​មិន​រង​ឥទ្ធិពល​ខ្លាំងក្លា​ពីប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះទេ​ ដោយ​សារ​កម្ពុជា​ មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាច្រើន​ទៀតជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ប្រទេស​មហា​អំណាច​ផ្សេងៗ​ទៀត។​

លោក​បន្ត​ថា​ សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ក៏​នឹង​បន្ត​មាន​លំនឹង​ ដោយសារ​ការ​បង្កើន​គម្រោង​វិនិយោគ​របស់​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា៕​