ប្រតិកម្មជាសកលទៅនឹងការប្រកាសរបស់កូរ៉េខាងជើង ដែលថា ខ្លួនបានបាញ់គ្រាប់កាំជ្រួចផ្លោងចម្ងាយឆ្ងាយមួយ ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ហើយប្រតិកម្មនេះក៏បានបង្កើតឲ្យមានការខឹងសម្បារជាសកលពីសំណាក់អន្តរជាតិផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី (John Kerry) បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោស«ការរំលោភយ៉ាងច្បាស់ក្រឡែតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ដែលទាក់ទងនឹងការប្រើប្រាស់«បច្ចេកវិទ្យាកាំជ្រួចផ្លោង»។
លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានមានប្រសាសន៍ថា «ការបាញ់របស់កូរ៉េខាងជើង ដោយប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចផ្លោងនេះ គឺជា ទង្វើបង្ករឿង និងធ្វើឲ្យមានអស្ថិរភាពមួយផ្សេងទៀត» ហើយក៏ជាការរំលោភយ៉ាងជាក់ស្តែងលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកស្រី Rice ថ្លែងថា កម្មវិធីអាវុធរបស់កូរ៉េខាងជើង «គឺជាការគំរាមដ៏ធ្ងន់ធ្ងរដល់សន្តិសុខអាមេរិក រួមទាំងសន្តិសុខរបស់ប្រទេសជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិកមួយចំនួនដែរ»។
សមាជិកសភាអាមេរិក លោក Ed Royce ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភា មានប្រសាសន៍ថា «ការបំពានចុងក្រោយនេះ គូសបញ្ជាក់ពីសារៈសំខាន់នៃការដែលត្រូវអនុម័ត សេចក្តីស្នើច្បាប់របស់លោក ដើម្បីពង្រឹងទណ្ឌកម្ម ដែលតម្រង់ទៅលើរបបដ៏ឃោរឃៅនេះ»។
ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីជប៉ុន រដ្ឋមន្ត្រីការបរទេសអង់គ្លេស និងប្រទេសបារាំង សុទ្ធតែបានថ្កោលទោសការបាញ់កាំជ្រួចចុងក្រោយរបស់កូរ៉េខាងជើងនេះដែរ៕