អ្នក​ភូមិ​ចាស់ៗ​យល់​ថា ​ការ​បរិច្ចាគ​ក្តារ​មឈូស​តាម​សំណូមពរ​របស់គាត់​គឺ​ជា​ការ​ចង់​បាន​សម្រាប់​ជីវិត​ចុង​ក្រោយ

លោកយាយ សៀង ឃឿន អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលអំណោយក្តារមឈូស កាលពីថ្ងៃទី៤ ខែមករា ហើយបានដាក់វានៅខាងក្នុងផ្ទះ។ លោកយាយ មានប្រសាសន៍ថា៖ «អត់មានលុយខ្ញុំក្រ ខ្ញុំថា បើខ្ញុំម៉េចៗ ក៏ក្តារជញ្ជាំងខ្ញុំនេះ រនាបឫស្សីនេះ ឲ្យអ្នកស្រុកគេគាស់មក ប៉ុណ្ណោះឯង។ បានអានេះ ក៏ខ្ញុំអរ ខ្ញុំអត់មានអារម្មណ៍ថាម៉េច ខ្ញុំមានអារម្មណ៍ត្រេកអរ»។ (ស៊ុន ណារិន/VOA)

ការ​បរិច្ចាគ​ក្តារ​មឈូស​​បាន​រងការ​រិះគន់ខ្លាំង​តាម​បណ្តាញ​សង្គមហ្វេប៊ុក​ថា ​ជា​សកម្មភាព​មិនទំនង​​និង​ជាការ​ប្រមាថ ​ ក៏ប៉ុន្តែ​អ្នក​ភូមិ​ចាស់ៗក្រីក្រ​បង្ហាញ​ក្តី​រីករាយ ​ហើយ​ថា មឈូស​នេះ​គឺ​ជា​ផ្ទះ​ដែល់​គាត់​ពេញ​ចិត្ត​ទៅ​អនាគតជាតិ។

លោក​យាយ​ សៀង ឃឿន​ អាយុ​៧៣​ឆ្នាំ ​កាល​ពី​សប្តាហ៍​មុន ​បាន​ទទួល​អំណោច​ជា​កា្តរ​មឈូស​មួយ។ ​លោក​យាយ​មាន​ប្រសាសន៍​ថា ​លោក​យាយ​បាន​ស្នើ​សុំ​ក្តារ​មឈូស​នេះ​ដើម្បី​ទុក​សម្រាប់​ពេល​មរណភាព​ ដោយសារ​ជីវភាព​ខ្វះខាត។​

លោក​យាយ ឃឿន​មិន​អាច​ដើរ​បាន​ឆ្ងាយ ​ឬ​មិនអាច​ឈរ​បាន​យូរ​ទេ ​ដោយ​សារ​លោក​យាយ​មាន​ជំងឺ​ពុក​ឆ្អឹង​ខ្នង។ ​លោក​យាយ​បាន​រៀប​រាប់​ថា​ ដោយ​សារ​ជីវភាព​ខ្វះខាត ​ហើយ​មិន​មាន​កូន​រស់​នៅ​ជាមួយ ​លោក​យាយ​បាន​សុំ​ក្តារ​មឈូស​មួយ​ពី​ចៅ​អធិការ​វត្ត​ក្បែរ​ផ្ទះ​ ដើម្បីទុក​ពេល​លោក​យាយ​ទទួល​មរណភាព។​

លោក​យាយ​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«ខ្ញុំ​លើក​ដៃ​សុំ​លោក។ ​សុំនេះ​មិន​មែន​ទើប​តែ​សុំ​ទេ។​ សុំ​យូរ​ណាស់​ហើយ។​ ដល់​ពេល​ខ្ញុំ​ចាប់​ផ្តើម​ឈឺ​ខ្លាំង​ ​ក៏​លោកសុំ​ឲ្យគេ​ដឹកមក​ឲ្យ​ ​ហើយ​ក៏​បាន​ចាស់​ជរា ​ប៉ុន្មាន​នាក់​ទេ​ ក្នុង​ភូមិ​នេះ»។​

លោក​យាយ​បាន​បញ្ជាក់​បន្ថែម​ថា៖

«អត់​មាន​លុយ​ខ្ញុំ​ក្រ ​ខ្ញុំ​ថា ​បើ​ខ្ញុំ​ម៉េចៗ ​ក៏​ក្តារ​ជញ្ជាំង​ខ្ញុំ​នេះ ​រនាប​ឫស្សី​នេះ ​ឲ្យ​អ្នក​ស្រុក​គេ​គាស់​មក​ ប៉ុណ្ណោះ​ឯង។ ​បាន​អា​នេះ ​ក៏​ខ្ញុំ​អរ។ ​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា​ម៉េច។​ ខ្ញុំ​មាន​អារម្មណ៍​ត្រេក​អរ»។

លោកយាយ សៀង ឃឿន និងចៅស្រី អង្គុយខាងមុខផ្ទះតូចមួយ ស្ថិតនៅក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។ លោកយាយមានប្រសាសន៍ថា ពេលខ្លះ ចៅមកគេងមើលថែលោកយាយនៅពេលយប់។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ផ្ទះ​ឈើ​តូច​មួយ ​ប្រក់ស័ង្កសី ​ក្នុង​ភូមិថ្មី ​ឃុំ​សាមគ្គី ​ស្រុក​ប្រាសាទ​បល្ល័ង្ក ​ដែល​មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់ធំ ​លោក​យាយ​ សៀង ឃឿន​បាន​ទុក​មឈូស​នោះ​នៅ​ខាង​ក្នុង​ផ្ទះ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លោក​យាយ​សម្រាន្ត​នោះទេ។

បើ​ទោះ​ទុកក្តារ​មឈូស​នៅ​ខាង​ក្នុង​ផ្ទះ ​ក្បែរ​កន្លែង​លោក​យាយ​សម្រាន្ត​ក៏​ដោយ ​លោក​យាយ​មាន​ប្រសាសន៍​ថា ​មិន​មាន​អារម្មណ៍​តក់ស្លុត ​ឬ​ភ័យ​ខ្លាច​អ្វី​នោះ​ទេ។​

លោក​យាយ​ ឃឿន ​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​អត់​មាន​ថា​ អារម្មណ៍​ខ្លាច​អី ​ខ្លាច​អី​ទេ​ កូន​អើយ ​ក្មួយអើយ។ ​ខ្ញុំ​អត់​មាន​អារម្មណ៍​(តក់ស្លុត)។​ ខ្ញុំ​នឹក​ឃើញ​ចាស់​ ប៉ុណ្ណេះ​ហើយ​ វា​មិន​ទៅ​ក្រោយ​វិញ​ទេ។​ វា​ដឹង​តែ​ទៅ​មុខ​ហើយ។​ បើ​ថា​ ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ម៉េចៗ ​ខ្ញុំ​គ្មាន​អារម្មណ៍​ទេ»។​

លោក​យាយ​មាន​ប្រសាសន៍​ថា​ លោក​យាយ​មាន​កូន​ពីរ​នាក់ ​តែ​ពួក​គេ​មិន​រស់​ក្នុង​ផ្ទះ​ជាមួយ​លោក​យាយ​នោះ​ទេ​គឺ​កូនម្នាក់​រស់​នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​ និង​ម្នាក់​ទៀត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​

នៅ​ផ្ទះ​លោកយាយ​ឃឿន​មិន​មាន​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ។​ នៅ​ពេល​យប់​ឡើង ​លោក​យាយ​អុជ​ទាន​ដើម្បី​បំភ្លឺ​ផ្ទះ។ ​ពេល​ខ្លះ​ លោក​យាយ​មាន​ចៅ​មក​គេង​ជាមួយ។ ​ពេល​ខ្លះ​ទៀត ​សម្រាន្ត​ម្នាក់​ឯង​ និងពេល​ខ្លះ​ទៀត​ លោក​យាយ​ទៅ​សម្រាន្ត​នៅ​វត្ត​អណ្តូង​ឥដ្ឋ ​ក្បែរផ្ទះ។ ​លោក​យាយ​ត្រូវ​បាន​ផ្គត់ផ្គង់​អាហារ​ដោយ​ចាស់ៗ​ដែល​ចម្អិន​អាហារ​នៅ​វត្ត​ក្បែរ​នោះ។​ លោក​យាយ​មាន​ប្រសាសន៍​ថា ​កូន​របស់​លោក​យាយ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ក៏​បាន​ផ្ញើ​ប្រាក់​មួយ​ចំនួន​សម្រាប់​ទិញ​ថ្នាំ​សង្កូវ​ផង​ដែរ។​

លោកយាយ សៀង ឃឿន និងកន្លែងលោកយាយសម្រាន្ត។ លោកយាយពេលខ្លះទៅសម្រាន្តនៅវត្ត ក្បែរផ្ទះរបស់លោកយាយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មករា ​នៅ​វត្ត​អណ្តូង​ឥដ្ឋ​វិនយ​ធរោ​ ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មី ​ក្រុម​ហ៊ុន​ទឹក​សុទ្ធ​វីតាល់​បាន​ចែក​អំណោយ ​មាន​ជា​គ្រឿង​ឧបភោគ ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ ទៅ​ដល់​អ្នក​ភូមិ​ចាស់ៗ​ជាង​២០០​នាក់​នៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក។ ​ក្នុង​នោះ ​ចាស់ៗ​ចំនួន​៤០​នាក់​ក៏​បាន​ទទួល​ក្តារ​មឈូស​ផង​ដែរ។​

រូបភាព​នៃ​ពិធី​ទទួល​ក្តារ​មឈូស​ដែល​ត្រូវ​បាន​តំរៀប​ជា​ជួរ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​រិះគន់​ថា ​នេះ​ជា​«ការ​ប្រមាថ​ជីវិត​មនុស្ស»។​

អ្នក​ភូមិ​ម្នាក់​ទៀត​ លោក ​ឡេង ថេង ​អាយុ​៦៩​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​កាល​ពី​ចុង​ឆ្នាំ​មុន ​លោក​បាន​ឈឺ​ធ្ងន់ ​ហើយ​ស្មាន​តែ​មិន​រស់​ទេ។​ លោក​បន្ត​ថា​ ភរិយា​របស់​លោក​បាន​យល់​សប្តិ​ឃើញ​លោក​ទទួល​បាន​ផ្ទះ​ថ្មី​ ដែល​លោក​ចាត់​ទុក​ថា​ ជា​ក្តារ​មឈូស​នេះ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ត្រេក​អរ​មែន​ទែន​បាន​លោក​ឲ្យ​មក ​ព្រោះ​គ្មាន​កូន​ចៅ​ណា​ធ្វើ​ឲ្យ​បាន​ទេ។​ ប្រសិន​បើ​ខ្ញុំ​អស់​ព្រះជន្ម ​មាន​តែ​ជញ្ជាំង​ក្តារ ​ឬ​ក្តារ​ក្រាល​ហ្នឹង​យក​ទៅ​ធ្វើ​មឈូស។​ សុំ​ទាន​លោក​ បានលោក​ឲ្យ​មក។ ​អរ​ពេញ​ចិត្ត​តែ​ម្តង។​ សប្បាយ​ចិត្ត​រក​ពុទ្ធោ​ហើយ! ​ដាក់​នៅ​ផ្ទះ ​ទៅ​អង្អែល​ផង ​បាន​ថា​ ផ្ទះ​អញ​ស្អាត​ណាស់។​ តាំង​ពី​មិន​ទាន់​បាន​ម្ល៉េះ​ ប្រពន្ធ​ យាយ​ខ្ញុំ​យល់​សប្តិ​ថា ​តា​នេះ​បាន​ផ្ទះ​ស្អាត​ខ្លាំង​ណាស់។​ គេ​ធ្វើ​ផ្ទះ​ឲ្យ​ស្អាត​មែន​ទែន។​ ដល់​ពេល​ខ្ញុំ​អស់​ជីវិត​ មាន​ផ្ទះ​នោះ​ហើយ​ស្អាត​របស់​ខ្ញុំ។​ ខ្ញុំ​យក​ទៅ។ ​មាន​ស្អី​យក​ទៅ​ជាមួយ?​ ខ្ញុំ​យល់​អីចឹង ​បាន​ជា​ខ្ញុំ​អរ»។​

លោក ឡេង ថេង អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី បានទទួលអំណោយជាក្តារមឈូសកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ លោកមានប្រសាសន៍ថា កាលពីចុងឆ្នាំមុន លោកបានឈឺធ្ងន់ និងស្មានតែទទួលមរណភាពទៅហើយ តែលោកបានជាសះស្បើយឡើងវិញ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ​លោក​មាន​កូន​៦នាក់ ​ហើយ​ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​ផ្តល់​ក្តារ​មឈូស​នេះ។ ​លោក​បន្ត​ថា ​បើ​មាន​ការ​បរិច្ចាគ​ទៀត​ លោក​ចង់​ស្នើ​សុំ​ក្តារ​មឈូស​មួយ​ទៀត​សម្រាប់​ភរិយា​របស់​លោក។​

លោក​មាន​ប្រសាសន៍​ថា៖​

«អត់​ទេ​ គ្មាន​អី​ខ្លាច​ទេ​ខ្ញុំ។ ​នេះ​បើសិនព្រះអង្គ​មាន​ទៀត​ ខ្ញុំ​ស្នើ​មួយ​ទៀត​ សម្រាប់​យាយ​បាត់​ហើយ។​ មាន​ទៀត​សុំ​ទាន​មួយ​ទៀត។ ​គ្មាន​អី​តត់​ស្លុត។​ ​តែ​ខ្ញុំ​នោះ​សប្បាយ​ចិត្ត​រក​ពុទ្ធោ​បាន​ក្តារ​មឈូស។​ ធ្វើ​ម៉េច​បាន​តក់​ស្លុត ​បើ​ខ្ញុំ​ខ្វះ​ខាត​យ៉ាង​នេះ​នុះ»។​

នៅ​ក្នុង​បរិវេណ​វត្ត​ដដែល​នេះ​ លោក​យាយ​ស លួត ​អាយុ​៧៧​ឆ្នាំ ​និង​លោក​តា​ម៉ាត់ ញ៉ូង ​អាយុ​៨៨​ឆ្នាំ ​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ​បាន​ទទួល​ក្តារ​មឈូស​ម្នាក់​មួយ។ ​ពួកគេ​មាន​កូន​៦​នាក់ ​ប៉ុន្តែ​កូន​៥​នាក់​បាន​រស់​នៅ​បែកផ្ទះ​ទៅ​ហើយ។ ​ពួកគេ​លើក​ឡើង​ថា ​នៅ​សល់​កូន​ម្នាក់រស់​នៅ​ជាមួយ។​ ប៉ុន្តែ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ។

ទាក់ទង​នឹង​ការ​ផ្តល់​កា្តរ​មឈូស ​លោក​យាយ​ ស លួត ​មាន​ប្រសាសន៍​ថា៖​ «ត្រេកអរ​នឹង​គេ​ឲ្យ​ មិន​ពិបាក​ខ្ញុំ​មានលុយ​កាក់​ទៅ​ទិញ ​ក្តារ​គេ​យក​មក​សម្រាប់​ខ្លួន​ឯង។ ​ថ្លៃ​ណាស់​ ​គ្រាន់​តែ​ជួល​គេ​៤០​ម៉ឺន​រៀល​បាន​គេ​វាយ​ផ្គុំ​ឲ្យ។​ ទៅ​រក​លុយ​ណា​បាន​៤០​ម៉ឺន​រៀល។​ ទុក​មុន​ឲ្យ​ស្រេច។​ ​កុំ​ឲ្យពិបាក​ដល់​កូន​ចៅ។​ ពេល​ខ្ញុំ​មរណ​ទៅ ​ហៅ​ភ្ញៀវ​បងប្អូន​ទៅ​ជួយ ​ក្តារ​ខ្ញុំ​មាន​ស្រេច​ អត់​មាន​ពិបាក​ជួល​គេ​វាយ​ផ្គុំ​ទេ។​ តែ​ផ្គុំ​៤០​ម៉ឺនរៀល​បានៗ»។​

លោក​យាយ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ចាស់ៗ​ត្រូវ​ការ​កូន​ចៅ​ត្រៀម​ទុក​បីបួន​ឆ្នាំ​មុន​ក៏​មាន​ បី​បួន​ប្រាំ​ខែ​មុន​ក៏​មាន។​ អត់​មាន​ពិបាក​ទៅ​ភ្លាម​ វាយ​ភ្លាម​ទេ។​ សុទ្ធ​តែ​កូន​ចៅ​ត្រៀម​ទុក​ស្រេច។ ​អាយុ​ជីវិត​សព្វ​ថ្ងៃ​អត់​មើល​ឃើញដូច​តាំង​លក់​ខោ​អាវ​ទេ។​ ​អត់​មាន​ទេ ​មិន​ដឹង​ព្រឹក ​មិន​ដឹង​ពេល​ល្ងាច​ទេ។​ រាង​ប៉ុន​នេះ​ហើយ​ អត់​មាន​រឹង​មាំ​ប៉ុន្មាន​ទេ»។​

លោកយាយ ស លួត អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី។ លោកយាយបានទទួលក្តារមឈូស កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​យាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជំនាន់​មុនៗ​ លោក​យាយ​ក៏​បាន​ត្រៀម​ជា​ក្តារ​មឈូស​សម្រាប់​ឪពុក​ម្តាយ​របស់​លោក​យាយ​ផង​ដែរ។​

លោក​តា ម៉ាត់ ញ៉ូង ​មាន​ប្រសាសន៍​ថា ​លោក​តា​ធ្លាប់​មាន​ក្តារ​មឈូស​មួយ​ដែល​កូន​ធ្វើ​ទុក​ឲ្យ ​កាល​ពី​ជាង​២​ឆ្នាំ​មុន​ តែ​កូន​បាន​រើ​ក្តារ​នោះ​ចេញ​វិញ​ ដោយ​សារ​គេ​និយាយ​ថា ​ឈើ​ហ្នឹង​មាន​ព្រាយ​កាន់។ ​លោក​បន្ត​ថា ​កូន​ចៅ​ក៏​បាន​ធ្វើ​ចេតិយ​មួយ​នៅ​វត្ត ​កាល​ពី​ឆ្នាំ​២០០៤​ ​សម្រាប់​ទុក​ដាក់​ធាតុ​របស់​លោក​តា​ផង​ដែរ។​

លោកតា ម៉ាត់ ញ៉ូង អាយុ៨៨ឆ្នាំ ត្រូវជាស្វាមីរបស់លោកយាយ ស លួត។ លោកតាបានទទួលក្តារមឈូស កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨(ស៊ុន ណារិន/VOA)

លោក​តា​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ សុខភាព ​បើ​គិត​ទៅ ​ពីម្សិល​មក​ថ្ងៃ​នេះ ​ផ្លាស់​ប្តូរ​ជា​និច្ច។​ ជួន​ណា​ក៏​ឲ្យ​ហូប​បាយ​បាន។ ​ជួន​ណា​ក៏​ឲ្យ​ដេក​បាន។​ ជួន​ណា​អត់​ដេក​បាន​ដែរ។​ ជីវិត​ដែល​តាំង​មក​មិន​ទៀង​មិន​ប្រាកដ ​ទោះ​បី​ធ្វើ​ក្តារ​មកដល់​ហើយ មិន​ភ័យ​ថា ធ្វើ​នោះ​ឲ្យ​ឆាប់​ស្លាប់ ឬ​ក៏​យ៉ាង​ណា ធ្វើ​នោះ​ក៏​តម្កល់ ដូច​ជា​ខ្ញុំ​ធ្វើ​ចេតិយ​អញ្ចុះ​ឯង។ ប៉ុន​វា​អរគុណ​នឹង​ម្យ៉ាង ទី​មួយ​គឺ​យប់​ថ្ងៃ​វា​អត់​ដឹង បើ​កាល​ណា​កូន​គេ​បែក​ឆ្ងាយ បើ​បាន​អា​ក្តារ​ហ្នឹង វា​ស្រួល​ណាស់​ពេក​ហើយ»។

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត ​លោកយាយ ​ឃួន លួន ​អាយុ​៧៤​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​យាយ​មាន​កូន​ម្នាក់​ ​តែ​រស់​នៅ​បែក​ផ្ទះ​ពី​លោក​យាយ។​ លោក​យាយ​បន្ត​ថា ​សព្វ​ថ្ងៃ​នេះ ​មក​រស់​នៅ​ក្នុង​វត្ត ​ដោយសារ​មិន​មាន​អ្នក​មើល​ថែ។​ លោក​យាយ​បាន​សុំក្តារ​មឈូស​មួយ​ ទុក​សម្រាប់​លោក​យាយ​ទទួល​មរណភាព។​

លោក​យាយ​មាន​ប្រសាសន៍​ថា៖​

«ប៉ុន្តែ​ខ្ញុំ​វា​ក្រ ​ចេះ​តែ​សុំ​ទាន​លោក​ទៅ! ​មាន​កម្លាំង​អី!​ សង្ឃឹម​កូន​ ក៏​គេ​បែក​របរ​ទៅ​ហើយ។ ​ខ្ញុំ​មិន​ដឹង​រក​កោះ​រក​ត្រើយ​អី​ឃើញ ​ក៏​សុំ​ព្រះ​អង្គ​មួយ»។​

លោកយាយ ឃួន លួន អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី ដែលទទួលបានក្តារមឈូស កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

វត្ត​អណ្តូង​ឥដ្ឋ​វិនយ​ធរោ​ ដែល​ជា​កន្លែង​ចែក​ក្តារ​មឈូស ​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​បាន​ជាង​១០​ខែ​ប៉ុណ្ណោះ ​ហើយ​បាន​ក្លាយ​ជា​វត្ត​អារាម​មួយ​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ថ្មី។ ​ដូច្នេះ​ហើយ​ទើប​ព្រះ​ចៅ​អធិការ​វត្ត​បាន​ស្វះ​ស្វែង​រក​ជំនួយ ​ដើម្បី​ជួយ​កសាង​វត្ត ​ក៏ដូច​ជា​ជួយ​ចាស់ៗ​នៅ​ក្នុង​តំបន់​នេះ។ ​វត្ត​នេះ​មាន​ព្រះ​សង្ឃ​ចំនួន​១២​អង្គ​ ហើយ​ភាគ​ច្រើន​ជា​ព្រះ​សង្ឃ​នៅ​មាន​វ័យ​ក្មេង​នៅ​ឡើយ។​

ព្រះ​អង្គ ​យុន ប៊ុនយ៉ុម ​ព្រះ​ចៅអធិការ​វត្ត​អណ្តូង​ឥដ្ឋ ​មាន​សង្ឃ​ដីកា​ថា​ អំណោយ​ក្តារ​មឈូស​នេះ​ជា​ការ​ស្នើ​សុំ​របស់​ចាស់ៗ​នៅ​ក្នុង​ឃុំ ​ហើយ​ជា​ការ​ផ្តល់​ដោយ​ឯកជន​ មិន​មែន​ដោយ​ក្រុមហ៊ុន​វីតាល់​នោះ​ទេ។ ​ប៉ុន្តែ​ក្រុមហ៊ុន​វីតាល់​បាន​ចូលរួម​ក្នុង​ការចែក​ជា​ទេយ្យ​ទាន​ដល់​ចាស់ៗ​នៅ​ក្នុង​ឃុំ។​

ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា ​តាម​ពិត​ទៅ ​ក្តារ​មឈូស​ទាំង​នេះ​ត្រូវ​ចែក​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​ដោយសារ​ម្ចាស់​ទាន​មិន​មាន​ពេល ​ដូច្នេះ​ហើយ​ទើប​តំរៀប​ធ្វើ​ជា​ពិធី​ចែក។​

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖​

«ពី​ដើម​ដាក់​ក្រោម​សាលា​ឆាន់​នេះ​ទាំង​អស់។​ ប៉ុន្តែ​លោក​ជំទាវ​(លោក​ស្រី ជឹង សុគន្ធាវី ​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​វីតាល់)​ គាត់​ថា ​គាត់​អញ្ជើញ​មក​ ​ហើយ​គាត់​អត់​មាន​ពេល​ដើរ​តាម​ផ្ទះ​ទេ។​ គាត់​សុំ​ចែក​នៅ​វត្ត​ទាំង​អស់។​ ព្រះ​អង្គ​ជួយ​ចាត់ចែង​រៀបចំ​ទៅ!​ ​អាត្មា​ក៏​ដាក់​ទៅ​ហ្នឹង ​ទៅ​ជាមួយ​ក្រុម​ការងារ​គាត់​ហ្នឹង ​ហើយ​មាន​៦​នាក់​ដែល​ចែក​តាម​ផ្ទះ»។​

ព្រះសង្ឃកំពុងសិក្សាធម៌ នៅក្នុងវត្តអណ្តូងឥដ្ឋ ស្ថិតក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នៅក្នុងវត្តមួយនេះ មានព្រះសង្ឃចំនួន១២អង្គ ហើយភាគច្រើន ជាព្រះសង្ឃក្មេងៗ។ (ស៊ុន ណារិន/VOA)

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា ​ដោយ​សារ​ការ​ចែក​ក្តារ​មឈូស​នេះ​មាន​ភ្ជាប់​នឹង​ក្រុមហ៊ុន​វីតាល់​ដែលម្ចាស់​ជា​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ គឺ​លោក​ស្រី ​ហ៊ុន ម៉ាណា ​ទើប​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់។​ ព្រះអង្គ​បាន​បញ្ជាក់​ថា៖​

«តាម​ពិត​ វា​អត់​មានន័យ​អាក្រក់​ទេ។​ អ្នក​ដែល​យល់​ហើយ​ភ្ជាប់​រឿង​នយោបាយ​ខ្លះ។​ ​ដោយ​សារ​អី ​រឿង​វីតាល់​នេះ​រឿង​នយោបាយ»។ ​

ព្រះ​អង្គ​បាន​បញ្ជាក់​បន្ថែម​ថា ​យុវជន​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក ​ហ៊ុន សែន ​គឺ​លោក ​ហ៊ុន ម៉ានី​ គ្រាន់​តែ​ជា​ក្រុម​ស្ម័គ្រ​ចិត្ត​ចុះ​ជួយ​ចែក​អំណោយ​តែ​ប៉ុណ្ណោះ។​

ព្រះអង្គ​បាន​ពន្យល់​បន្ថែម​ថា៖​

«យើង​ដឹង​ស្រាប់​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ តែ​ចាស់​ជរា​ទ្រុឌ​ទ្រោម​ហើយ ​គេ​តែង​ធ្វើ​ក្តារ​មឈូសទុក​ហើយ ​ឬក៏​ធ្វើ​ចេតិយ​ទុក​ហើយ។ ​ទំនៀម​នេះ​ វា​មិន​មែន​មាន​ថ្ងៃ​នេះ​ទេ។​ វា​មាន​រាប់​រយ​ឆ្នាំ​ពី​ណា​ពី​ណី​មក​ហើយ។​ បង​ឯង​សាក​ពិនិត្យ​ ដើរ​តាម​ផ្ទះ ​តាម​សម្បែង​មើល ​សុទ្ធ​តែ​ធ្វើ​ចេតិយ ​សុទ្ធ​តែ​ក្តារ​មឈូស​ក្រោម​ផ្ទះ​រួច​អស់​ទៅ​ហើយ។​ វា​អត់​មាន​អី​ដែល​ត្រូវ​ចម្លែក​រឿង​ហ្នឹង​ទេ។ ​អ្នក​ដែល​មើល​ពី​ខាង​ក្រៅ​ យើង​យល់​ទៅ​ ប្រហែលជា​ការ​ប្រមាថ​ជីវិត ​ប៉ុន្តែ​តាម​ពិត​ទៅ ​មិន​មាន​ជា​ការ​ប្រមាថ​ទេ។​ អា​នេះ ​គេ​គ្រាន់​ថា ​យើង​ជូន​គាត់ ​គាត់​ត្រៀម​សម្រាប់​ជីវិត​របស់​គាត់។ ​គេ​ហៅ​ថា​ ផ្ទះ​ថ្មី។ ​គេ​ហៅ​ផ្ទះ​អនិច្ចា​សម្រាប់​ជីវិត​គាត់»។​

កុដិស្នាក់អាស្រ័យរបស់ព្រះសង្ឃ នៅវត្តអណ្តូងឥដ្ឋ ស្ថិតក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ (ស៊ុន ណារិន/VOA)

ព្រះអង្គ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ទទួល​ក្តារ​មឈូស​នេះ ​ព្រះ​អង្គ​បាន​និមន្ត​ចុះ​ទៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ ​ហើយ​សួរ​កូនចៅ​របស់​ពួក​គេ​ថា​ ​ពេញ​ចិត្ត​ឲ្យឪពុក​ម្តាយ​ទទួល​ក្តារ​មឈូស​ឬ​ទេ? ព្រះអង្គ​មាន​សង្ឃដីកា​ថា​ ពលរដ្ឋ​ចំនួន​៣​គ្រួសារ​បាន​លើក​ឡើង​ថា ​ពួកគេ​មាន​លទ្ធភាព​ធ្វើ​ក្តារ​មឈូស​ដោយ​ខ្លួន​ឯង ​នៅ​ពេល​ឪពុក​ម្តាយ​របស់​គេ​ទទួល​មរណភាព។​

បើ​តាម​ព្រះ​អង្គ ​យុន ប៊ុនយ៉ុម ​ក្តារ​មឈូស​មួយ​មាន​តម្លៃ​ប្រហែល​៥០​ម៉ឺន​រៀល។​ ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា ​សប្បុរស​ជន​បាន​ធ្វើ​ក្តារ​មឈូស​នេះ​ប្រមាណ​ជា​២​ពាន់​ក្តារ​មឈូស​រួច​មក​ហើយ ​ដើម្បី​ចែក​ជូន​ចាស់ៗ​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ​វីតាល់​បាន​នៅ​ឡើយ​ទេ។​

លោក សេង សុមុនី ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និងកិច្ចការ​សាសនា​ មាន​ប្រសាសន៍​ថា ​មិន​គួរ​មាន​ការ​ផ្តល់​ក្តារ​មឈូស​ឲ្យ​បុគ្គល​មុន​ស្លាប់ ​ហើយ​ថត​រូប​បង្ហោះ​ព្រោង​ព្រាត​នោះ​ទេ។ ​លោក​បញ្ជាក់​ថា ​សប្បុរស​ជន​អាច​ប្រគល់​ក្តារ​មឈូស​ទៅ​ឲ្យ​វត្ត​អារាម​ទុក​ដាក់ ​ហើយ​ពេល​អ្នក​ភូមិ​ណាមួយ​ស្លាប់ ​មិន​មាន​លទ្ធភាព​ធ្វើ​ក្តារ​មឈូស ​ព្រះសង្ឃ​អាច​ផ្តល់​ទៅ​ដល់​ក្រុម​គ្រួសារ​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​គាត់​ចាស់ៗ ​គាត់​សុំ​អីចឹង ​'យាយ​អើយ ​តា​អើយ ​ខ្ញុំ​ផ្ញើ​នៅ​ព្រះ​អង្គ វត្ត​នេះ....។ ​លោក​យាយ ​ លោក​តា ចាស់ៗ​ភូមិ​ហ្នឹង ​លោក​យាយ​ណា​អញ្ជើញទៅ​មុន ​គុណ​ម្ចាស់​ប្រទាន។ ​អស់​ប្រាប់​ខ្ញុំ​ករុណា​ទៀត។ ខ្ញុំ​ធ្វើ​យក​ទៅ​ទុក​ទៀត'។ ​អា​នេះ​វា​ជាលក្ខណៈ​បាន​បុណ្យ​កុសល​ល្អ​ហើយ»។​

ព្រះ​ពុទ្ធសាសនា​ជា​សាសនា​រដ្ឋ​របស់​ប្រទេស​កម្ពុជា ​ដែល​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ប្រណិប័តតាម។ ​នៅ​ពេល​មាន​មនុស្ស​ស្លាប់ ​ក្រុម​គ្រួសារ​តែង​តែ​ធ្វើ​ការ​រំលាយ​សព។

ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​ក្តារ​មឈូស​នោះ​មក​ឃុំ​ចំនួន​ពីរគឺ​ឃុំ​សាមគ្គី​ និង​ឃុំក្រយា ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក។ ​ក្នុង​នោះ​ចាស់ៗ​មក​ពី​ភូមិ​ថ្មី​មាន​ចំនួន​១៦​នាក់ ​ដែល​បាន​ទទួល​ក្តារ​មឈូស។ ​អ្នក​ភូមិ​បានលើក​ឡើង​ថា ​នៅ​វត្ត​ដែល​ទើប​បង្កើត​នេះ​មិន​មាន​ឈាបនដ្ឋាន​សម្រាប់​បូជា​សព​នោះ​ទេ។​ ដូច្នេះ​នៅ​ពេល​នរណា​ម្នាក់​ទទួល​មរណភាព ​សព​របស់​ពួកគេ​ត្រូវ​យក​ទៅ​បូជា​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ ខាង​ក្រោយ​វត្ត ​ដែលអ្នកភូមិហៅ​ថា​«ព្រៃ​ខ្មោច»៕