យុវជន Alhassan Baba Muniru ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនកែច្នៃសំរាម Recycle Up មានបំណងចង់សម្អាតបរិស្ថានធម្មជាតិនៅប្រទេសហ្កាណា។
ប៉ុន្តែយុវជនរូបនេះក៏ចង់បង្រៀន ផ្តល់អំណាច និងគាំទ្រឱ្យយុវជនវ័យក្មេងបន្តសកម្មភាពអភិរក្សបរិស្ថាននេះដែរ ហើយថែមទាំងអាចរកថវិកាបានតាមរយៈសកម្មភាពទាំងអស់នេះទៀតផង។
នៅក្នុងកិច្ចប្រជុំកំពូលនវានុវត្តន៍ទ្វីបអាហ្រ្វិកនៅខែធ្នូ ក្នុងរដ្ឋធានី Accra នេះ យុវជនរូបនេះ នឹងជំរុញឱ្យមានការគាំទ្របន្ថែមទៀតដល់អ្នកច្នៃប្រឌិតថ្មីវ័យក្មេង ជាពិសេសយុវជនដែលធ្វើការងារដើម្បីថែរក្សាបរិស្ថាន។
យុវជនរូបនេះ បាននិយាយថា៖ «ពួកយើងមានគំនិតបែបសហគ្រិនភាព តាំងពីពួកយើងនៅរៀនថ្នាក់វិទ្យាល័យម៉្លេះ។ ចំពោះខ្ញុំ ពេលនេះខ្ញុំអាចធ្វើការងារទូទៅបាន ប៉ុន្តែសេរីភាពក្នុងការធ្វើការងារដែលខ្ញុំចង់ធ្វើ និងការទទួលខុសត្រូវលើអ្វីដែលខ្ញុំធ្វើដោយផ្ទាល់ ហើយនិងធ្វើឱ្យសង្គមជាតិកាន់តែប្រសើរឡើង គឺជាអ្វីដែលខ្ញុំរឹតតែចង់ធ្វើ»។
ការងារមួយចំនួនរបស់ក្រុមហ៊ុន Recycle Up រួមមានការប្រមូលប្លាស្ទិកតាមសាលារៀន និងលក់ទៅឲ្យអ្នកត្រូវការវា ដូចជាយុវជន Nelson Boateng ដែលក្រុមហ៊ុនរបស់លោកយកបា្លស្ទិកទាំងនោះទៅលាយជាមួយខ្សាច់ដើម្បីផលិតជាដុំឥដ្ឋ។
យុវជន Muniru និងយុវជន Boateng បានពិនិត្យមើលរោងចក្រនៅជាយរដ្ឋធានីAccra ដែលបានយកប្លាស្ទិកទៅកិនកម្ទេច រួចរំលាយ បន្ទាប់មកយកវាទៅលាយជាមួយនឹងសារធាតុផ្សេងទៀត ដើម្បីចាក់ពុម្ពចេញជាដុំឥដ្ឋ សម្រាប់ក្រាលផ្លូវ ផ្លូវលំ និងអគារនានា។
យុវជន Boateng ដែលជាអ្នកផលិតថង់ប្លាស្ទិក បាននិយាយថា ការច្នៃចេញជាដុំឥដ្ឋគឺជាវិធីដែលលោកអាចជួយធ្វើឱ្យបរិស្ថានស្អាត និងផ្តល់ការងារដល់យុវជននានា។
យុវជន Muniru និយាយថា ទោះជាប្រទេសហ្កាណាកំពុងត្រូវបានគេមើលឃើញថា មានការងើបឡើងខាងនវានុវត្តន៍បែបនេះក៏ដោយ ក៏ប្រទេសនេះត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីគាំទ្រដល់ធុរកិច្ចដែលល្អចំពោះបរិស្ថាន។
យុវជន Boateng បាននិយាយថា៖ «សម្រាប់ការធ្វើនវានុវត្តន៍ក្នុងប្រទេសហ្កាណា វាមានការលំបាកខ្លាំងណាស់ ប្រសិនបើយើងមិនមានការតាំងចិត្តខ្ពស់។ អ្នកអាចនឹងអស់សង្ឃឹមពីព្រោះ និយាយឲ្យត្រង់ទៅ ពេលខ្ញុំច្នៃថង់ប្លាស្ទិករឹង ដែលជាកិច្ចការបំពុលបរិស្ថាន ខ្ញុំរកលុយបានច្រើនណាស់។ ខ្ញុំមានលុយ ដូច្នេះគ្មានបញ្ហាអ្វីកើតឡើងទេ។ ប៉ុន្តែពេលដែលខ្ញុំផ្តើមធ្វើកិច្ចការថ្មីនេះ អ្វីៗខុសពីមុន។ ពេលដែលខ្ញុំទៅធនាគារ ធនាគារអត់យល់ពីកិច្ចការនេះឡើយ ធនាគារចង់ធ្វើកិច្ចការណាដែលមានលុយតែប៉ុណ្ណោះ។ ហើយប្រសិនបើយើងនិយាយថា យើងកំពុងធ្វើកិច្ចការអ្វីមួយដើម្បីជួយបរិស្ថាន នោះនឹងគ្មាននរណាយកចិត្តទុកដាក់លើយើងឡើយ»។
ការគាំទ្រឱ្យមានគំនិតបង្កើតមុខជំនួញខ្នាតតូចថ្មីក្នុងស្រុក ត្រូវបានគេរំពឹងថានឹងត្រូវយកទៅពិភាក្សាក្នុងសន្និសីទមួយផ្សេងទៀតនៅខែធ្នូនេះ ក្នុងរដ្ឋធានី Accra ដែលជាកិច្ចប្រជុំកំពូលបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ប្រទេសហ្កាណាលើកទី២។
អ្នកច្នៃប្រឌិតថ្មីជនជាតិហ្កាណាមួយរូបទៀត ឈ្មោះ Andrew Quao កំពុងធ្វើការដើម្បីជួយសម្រាលបន្ទុកនៅតាមមន្ទីរពេទ្យដោយប្រើប្រាស់បច្ចេកវិទ្យា ដែលអាចឱ្យឱសថសាស្រ្តធ្វើរោគវិនិច្ឆ័យ និងតាមដានជំងឺរ៉ាំរ៉ៃ និងជំងឺនានាក្នុងតំបន់ត្រូពិកបាន។
លោក Quao បាននិយាយថា វិស័យសុខាភិបាលក្នុងទ្វីបអាហ្រ្វិក តួយ៉ាងក្នុងប្រទេសហ្កាណា បានទទួលផលពីដំណោះស្រាយបែបនវានុវត្តន៍នេះ។
លោក Quao និយាយថា៖ «ខ្ញុំគិតថាវាកំពុងរីកចម្រើនក្នុងផ្លូវត្រូវហើយ ហើយក៏ស្ថិតក្នុងបរិយាកាសល្អដែរ ដោយមានការរួបរួមល្អពីបុគ្គលមានទេពកោសល្យក្នុងស្រុក មានបទពិសោធន៍ និងអ្នកជំនាញនានា។ យើងឃើញថាប្រទេសហ្កាណា គឺជាចំណុចចាប់ផ្តើមដ៏ល្អ ដូចឃើញស្រាប់។ យើងមានធនធានមនុស្សគ្រប់គ្រាន់។ អ្នកធ្លាប់បានទទួលការសិក្សានៅបរទេស ដូចជាខ្ញុំដែលបានទទួលការអប់រំនៅសហរដ្ឋអាមេរិក បានត្រឡប់មកវិញ និងនាំយកមកវិញនូវគំនិតនវានុវត្តន៍មកអនុវត្តនៅប្រទេសវិញ»។
ទាំងវិស័យសាធារណៈនិងវិស័យឯកជន កំពុងតែគាំទ្រដល់នវានុវត្តន៍ សហគ្រិនភាព នឹងរំពឹងថា នឹងមានការគាំទ្របន្ថែមទៀតពីកិច្ចប្រជុំកំពូលនវានុវត្តន៍ទ្វីបអាហ្វ្រិក និងបច្ចេកវិទ្យាហ្កាណា នាពេលខាងមុខនេះ៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី