មហាគណៈវិនិច្ឆ័យនៃតុលាការសហព័ន្ធមួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា បានព្យាយាមកែប្រែដោយខុសច្បាប់លើការចាញ់ការបោះឆ្នោតឆ្នាំ ២០២០ ដើម្បីលោកអាចបន្តកាន់អំណាច។
ការចោទប្រកាន់នេះធ្វើឡើងស្របពេលដែលលោកកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាច្រើន ខណៈលោក Trump ចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកសំឡេងគាំទ្រ សម្រាប់ការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ ២០២៤ ខាងមុខនេះ។
ការចោទប្រកាន់ ៤ ករណីនេះ ត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញាពិសេសនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Jack Smith បន្ទាប់ពីមហាគណៈវិនិច្ឆ័យបានស្តាប់សក្ខីកម្មអស់រយៈពេលជាច្រើនខែ ពីបុគ្គលដែលជិតស្និទ្ធនឹងលោក Trump អំពីការចងចាំរបស់ពួកគេពីវិធីសាស្ត្រដែលលោក Trump បានព្យាយាម ហើយបរាជ័យក្នុងការកែប្រែលទ្ធផលចាញ់ការបោះឆ្នោត គ្រាដែលលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោត ហើយក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ ២០២១៕