ក្រុមហ៊ុន ​GFX ​ពន្យារ​ពេល​​អតិថិ​ជន មក​​ទទួលប្រាក់​សំណង​៣០% ខណៈ​លោក ហ៊ុន សែន ឲ្យ​សម្រុះ​សម្រួល​ជម្លោះ មុន​​ប្តឹង​ទៅ​តុលា​ការ

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​​វិមាន​សន្តិភាព​​នៅ​ភ្នំពេញ​កាល​ពី​ថ្ងស​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១។

នៅ​ក្នុង​សំណុំ​រឿង​បាត់​បង់​ប្រាក់​របស់​អតិថិ​ជន​ដែល​បាន​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុនGFX លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​បន្ត​សម្រុះ​សម្រួល​គ្នា ហើយ​បើ​មិន​ជា​សះ​ទេ គួរ​ប្តឹង​ទៅ​តុលាការ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ GoldFX ឬGFX Investment បាន​ប្រកាស​ពន្យារ​ពេល​នៃ​ការ​មក​ទទួល​ប្រាក់​សំណង​របស់​អតិថិ​ជន​ចំនួន​៣០%​ម្តង​ទៀត រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១។

អ្នក​វិនិយោគ​ដែល​បាន​បាត់​បង់​ប្រាក់​បាន​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ អស់​រយៈ​ពេល​ប្រមាណ​៦​ខែ​មក​ហើយ។ ការ​ដោះ​ស្រាយ​ជម្លោះ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បាន​សម្រេច​ផ្តល់​សំណង​៣០%​ដល់​អតិថិ​ជន​ដែល​បាន​ដាក់​ប្រាក់​វិនិយោគ ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​មិន​ព្រម​ទទួល​យក។ នេះ​បើ​តាមសម្តី​របស់​ជន​រង​គ្រោះ។

កាល​ពី​ថ្ងៃ​ពុធ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បានឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ដែល​បាន​សុំ​អន្តរា​គម​ន៍​ពី​រូប​លោក ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​GFX ដែល​គ្រប់​គ្រង​ដោយ​សែ​ស្រឡាយ​កូន​មន្រ្តី​ជាន់​ខ្ពស់។

លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «ដោយ​សារ​បង​ប្អូន​បាន​ចូល​មក​និយាយ​ប្រាប់​ខ្ញុំ​ច្រើន​ដង​ហើយ​ដែល​ល្មម​ដល់​ពេល​ខ្ញុំ​ត្រូវ​ឆ្លើយ​តប​ដោយ​ខ្លី​ថា​សូម​បង​ប្អូន​បន្ត​សម្រុះ​សម្រួល​គ្នា​ព្រោះ​បង​ប្អូន​ស្ម័គ្រចិត្ត​រក​ស៊ី​ជាមួយ​គ្នា។ ក្នុង​ករណី​រក​ការ​ស្រុះ​ស្រួល​មិន​បាន សុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ»។

បន្ទាប់​ពី​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី ក្រុមហ៊ុន​GFX​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​លើក​ឡើង​ថា​ក្រុម​ហ៊ុន​ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត​ស្រប​ច្បាប់ និង​ជា​ភ្នាក់​ងារ​ឈ្នួញ​ជើងសារ​ឧបករណ៍​និស្សន្ទ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់​ពី​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា។ ក្រុមហ៊ុន​បាន​កំណត់​កាល​បរិច្ឆេទ​បិទ​បញ្ចប់​ធ្វើ​ដំណោះ​ស្រាយ​សាច់​ប្រាក់​ដល់​អតិថិ​ជន​ទាំង​អស់ ត្រឹម​ថ្ងៃ​ទី​២៦ ខែ តុលា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​ការ​ពន្យារ​ពេល​ម្តង​រួច​មក​ហើយ។

ក្រុមហ៊ុន​បញ្ជាក់​ថា៖ «ការ​បិទ​បញ្ចប់​ដំណោះ​ស្រាយ​សាច់​ប្រាក់​នេះ ដើម្បី​បន្ត​ជំរុញ​ឲ្យ​បាន​ឆាប់​រហ័ស​បន្ថែម​ទៀត​ក្នុង​នីតិវិធី​នៃ​បណ្តឹង​ដែល​មាន​ស្រាប់​តាម​ច្បាប់ក្នុង​គោល​បំណង​ទាម​ទារ​ប្រាក់​ដែល​បាន​បាត់​បង់​មក​វិញ និង​ចាប់​ជន​បង្ក​ជា​ជន​បរទេស បក្ខ​ពួក​ជន​បរទេស​ដទៃ​ទៀត​មក​ផ្តន្ទា​ទោស​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»។

ក្រុមហ៊ុន​បញ្ជាក់​ថា​អតិថិជន និង​ក្រុមហ៊ុន​ជា​ជន​រង​គ្រោះ​ដូច​គ្នា។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន GFX investment កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១។ (Facebook)

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២១ ​ក្រុម​ហ៊ុន​Gold FX Investment ​បាន​សម្រេច​ផ្អាក​ដំណើរ​ការ ដោយ​សំអាង​មូល​ហេតុ​ដោយ​សារ​គណៈ​គ្រប់​គ្រង​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ហ៊ុន​បាន​កិប​កេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុម​ហ៊ុន​និង​ប្រាក់​របស់​អតិថិជន​យ៉ាង​ច្រើន។

អតិថិជន​ដែល​បាត់​បង់​ប្រាក់​បាន​បង្កើត​ក្រុម​ហ្វេស​ប៊ុក​មួយ ដោយ​មាន​ឈ្មោះ​ថា​«សំឡេង​ជន​រង​គ្រោះ​ដោយ​សារ​ក្រុមហ៊ុន​ GFX Investment»។ បើ​តាម​ហ្វេស​ប៊ុក​នោះ ពួក​គេ​លើក​ឡើង​ថា​អតិថិជន​ជាង​១​ពាន់​នាក់​បាន​រង​គ្រោះ ដែល​ទឹក​ប្រាក់​សរុប​មាន​ប្រមាណ​ជា​ង២០​លាន​ដុល្លារ​អាមេរិក។

លោក ធូ ពន្លឺ អាយុ​២១​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់ បាន​អះអាង​ថា​លោក​បាន​ដាក់​ប្រាក់​វិនិយោគ​ប្រមាណ​៦០០​ដុល្លារ​អាមេរិក​ជាមួយ​ក្រុមហ៊ុន ក្រោយ​មាន​ការ​ណែនាំ​ពី​មិត្ត​ភក្តិ និង​ការ​ជឿ​ទុក​ចិត្ត​លើ​ក្រុមហ៊ុន​នេះ​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ។ លោក​យល់​ថា​ការ​វិនិយោគ​នេះ នឹង​ទទួល​បាន​ផល​ចំណេញ ទើប​លោក​សម្រេច​ចិត្ត​ដាក់​ប្រាក់​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ចំនួន​៥០០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ហើយ​បន្ទាប់​មក​បាន​មួយ​ខែ លោក​បន្ត​ដាក់​ប្រាក់​វិនិយោគ​បន្ថែម​ចំនួន​១០០​ដុល្លា​រទៀត។ សរុប​មក​ក្នុង​មួយ​ឆ្នាំ​នៃ​ប្រាក់​វិនិយោគ​នេះ លោក​ចំណេញ​បាន​១០​%នៃ​ប្រាក់​សរុប។

លោក ពន្លឺ ដែល​ជានិស្សិតឆ្នាំ​ទី​៣នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថាលោក​កំពុង​រង់​ចាំ​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ដោយ​រំពឹង​ថានឹងទទួល​បាន​ប្រាក់​ដើម​៦០០​ដុល្លា​រនោះ​មក​វិញ។ លោក​បន្ត​ថា​លោក​មិន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រោះ​លោក​យល់​ថា​អាច​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ទទួល​បាន​នូវ​សំណង​មក​វិញ ហើយ​មិន​ចង់​ឲ្យ​ភាគី​ទាំង​សង​ខាង​បាត់​បង់​កត្តិយស។

លោក​និយាយ​ថា៖ «កាល​ណា​យើង​ចូល​ក្នុង​ប្រព័ន្ធ​តុលាការ​វា​រៀង​ចំណាយ​ពេល​យូរ យើង​មិន​អាច​និយាយ​ថា​យើង​មិន​ទុក​ចិត្ត ឬ​យើង​ទុកចិត្ត​កម្រិត​ណា។ ប៉ុន្តែ​យើង​គិត​ថា​វា​ចំណាយ​ពេល​យូរ​បន្តិច។ អញ្ចឹង​យើង​ព្យាយាម​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​អាច​ទទួល​បាន​ជា​ការ​ទូទាត់​ត្រឡប់​មក​វិញ​លឿន»។

អតិថិជន​រង​គ្រោះ​ម្នាក់​ទៀត លោក ជា គីម​ហៀង​ អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​មួយ បាន​បាត់​បង់​ប្រាក់​វិនិយោគ​សរុប​ចំនួន​៨​ពាន់​ដុល្លារ​អាមេរិក។ លោក​ប្រាប់​វីអូអេ​ថា​បច្ចុប្បន្ន​លោក​នៅ​តែ​បន្ត​រង់ចាំ​ដំណោះស្រាយ​តាម​នីតិវីធី​បន្ត​បន្ទាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជា​មួយ​ក្រុម​ហ៊ុន និង​ខាង​និយ័តករ​មូលបត្រ​កម្ពុជា ដោយ​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​តុលាការ។

លោក​ថ្លែង​ថា៖ «យើង​អត់​ទាន់​មិន​គិត​ពី​យន្តការ​(តុលាការ)​មួយ​ហ្នឹង​ទេ​យើង​នៅ​ទន្ទឹង​រង់​ចាំ​អំពី​ដំណោះ​ស្រាយ​ថ្មី ការ​ផ្លាស់​ប្តូរ​គោល​ជំហរ​ថ្មី​របស់​ក្រុមហ៊ុន​ក៏​ដូចជា​ក្រសួង​ដែល​ពាក់​ព័ន្ធ​គាត់​លូក​ដៃ​មក​ជួយ​សិនព្រោះ​មក​ទល់​ពេល​នេះ​ក្រសួង​មិន​ទាន់​បាន​ឲ្យ​ភាគី​ក្រុម​ហ៊ុន​និង​ភាគី​ជន​រងគ្រោះ​ឲ្យ​ទៅ​ជួប​គ្នា​ម្តង​ឡើយ»។

លោកបន្ថែមថា​លោក​មិន​ពេញ​ចិត្ត​នឹង​សំណង​៣០%​ដែល​ក្រុមហ៊ុន​សម្រេច​ផ្តល់​ឲ្យ​នោះ​ទេ ដោយ​លោក​ស្នើ​សុំ​ឲ្យសង​មក​វិញ​ចាប់​ពី​៨០%ឡើង​ទៅ​នៃ​ប្រាក់​៨​ពាន់​ដុល្លារ​ដែល​បាត់​បង់។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​ខ្ញុំ​រំពឹង​ទីមួយ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​គាត់​ដុត​ដៃ​ដុត​ជើង​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​បាន​ឆាប់ៗ​ទៅ​ដែល​ជន​រងគ្រោះ​ទាំង​អស់​ចាំ​ទទួល​ដំណឹង​ពី​ស្ថាប័ន​ដែល​ជា​អាជ្ញា​កណ្តាល​អាណា​ព្យាបាល​របស់​ក្រុម​ហ៊ុន​ចេញ​មុខ​មក​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ​ទៅ។ ....ការ​កំណត់​សង​៣០​%​ដល់​ជន​រង​គ្រោះ​ជា​ឯកតោភាគី​អញ្ចឹង​វា​មិន​មែន​ជា​ដំណោះ​ស្រាយដែល​សម​ស្រប និង​ឯកភាព​ទាំង​សង​ខាង​ទេ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​និយ័ត​ករ​មូល​បត្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​និយ័ត​ករ​«ត្រូវ​បន្ត​ស៊ើប​អង្កេត​លើ​ប្រតិបត្តិ​ការ​សង្ស័យ និង​ពាក្យ​បណ្តឹង​របស់​អតិថិជន​ក្រុមហ៊ុន» បើ​ទោះអតិថិជន​មិន​ទាន់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក៏​ដោយ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ស៊ូ សុជាតិ អគ្គ​នាយក​នៃ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា​បាន​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ប៊ុន គីរី​រិទ្ធ ដែល​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ប្រធាន​ក្រុម​ហ៊ុន​GFX ជា​នាយក​ក្រុម​ហ៊ុនGFX អម​ជាមួយ​អ្នកស្រី កែ សួនសុភី ជា​នាយក​ក្រុម​ហ៊ុន​ដែរ។

ចំណែក​លោក ឈាង គ្រីស្តុហ្វ តំណាង​ក្រុមហ៊ុន​ម្នាក់​ដែរ ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេ​ឲ្យ​មក​ជួប​នៅ​ការិយា​ល័យ​របស់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ប្រសិន​បើ​ចង់​ដឹង​អំពី​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ខាង​វីអូអេ​គេ​ចង់​បាន​ព័ត៌មាន​អាច​មក​អាច​អញ្ជើញ​មក​ក្រុមហ៊ុន​យើង​មាន​គណៈកម្មការ​មួយ​អាច​ឆ្លើយ​ជា​មួយ​វីអូអេ​បាន»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​បាន​ជំរុញ​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​នេះ ប្រកប​ដោ​យភាព​យុត្តិធម៌ និង​អាច​ទទួល​យក​ពី​គ្រប់​ភាគី ដើម្បី​ធានា​បរិយាកាស​ល្អ​ក្នុង​វិស័យ​ទីផ្សារ​មូលបត្រ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​វិវាទ​ដែល​កំពុង​មាន​នេះ គឺ​ជា​ចំណុចឧទាហរណ៍​មួយ​សំខាន់​មែន​ទែន​នៅ​ក្នុង​ការ​បញ្ជាក់អំពី​ជំនឿ​ទុក​ចិត្ត​របស់​ទីផ្សារ​មូល​បត្រ​របស់​កម្ពុជា​ហ្នឹង​ឲ្យ​រឹង​មាំ។ អញ្ចឹង​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជាពិសេស​គណៈ​កម្មការ​មូលបត្រ​កម្ពុជា ហើយ​និង​ស្ថាប័ន​ដទៃ​ទៀត​ដែល​មានការ​ពាក់​ព័ន្ធ​គួរ​តែ​ជំរុញ​យន្ត​ការនៃការ​ដោះ​ស្រាយ​ហ្នឹង​ឲ្យ​ល្អ ឲ្យ​មាន​យុត្តិធម៌ជា​គោល ហើយ​ផ្តល់តម្លាភាព​គណនេយ្យ​ភាព​ចំពោះ​ភាគី​ទាំងពីរ​ហ្នឹង»។

លោក​បន្ថែម​ថា​ក្នុង​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ជំរុ​ញ​ច្រើន​ទៅ​លើការ​វិនិយោគ​ពី​សាធារណជន​ទៅ​លើ​ទី​ផ្សារ​មូល​បត្រ ដូច្នេះ​ការ​ដោះ​ស្រាយ​ដោយ​យុត្តិធម៌​លើ​ករណី​នេះ នឹង​ផ្តល់​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន៕