អាល្លឺម៉ង់​គ្រោង​ដក​គ្រឿង​បម្លាស់​របស់​ក្រុមហ៊ុន​គមនាគមន៍​ចិន​ ពី​ប្រព័ន្ធ 5G

រូបឯកសារ៖ ស្លាកសញ្ញាបច្ចេកវិទ្យាផ្សព្វផ្សាយឥតខ្សែ 5G ពីក្រុមហ៊ុនចិន Huawei នៅឯពិព័រណ៍មួយក្នុងទីក្រុងប៉េកាំង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ម្នាក់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ​ចាប់ពី​ឆ្នាំ​២០២៦​តទៅ​ ប្រទេស​អាល្លឺម៉ង់​នឹង​ចាប់ផ្តើម​ដកគ្រឿង​បម្លាស់​សំខាន់ៗ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​គមនាគមន៍​ចិន​ Huawei ​និង​ZTE​ ពី​បណ្តាញ​5G​ដ៏​សំខាន់​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង​ អ្នកស្រី Nancy Faeser ​ថ្លែង​ថា​អាល្លឺម៉ង់​ចង់​ដកចោល​គ្រឿង​បម្លាស់​របស់ខ្លួន​ចេញពី​បណ្តាញ​ 5G ​ដ៏​សំខាន់​របស់​ខ្លួន​ នៅមុន​ចុង​ឆ្នាំ២០២៦។ បន្ទាប់មក ​គ្រឿង​បម្លាស់​របស់​ក្រុមហ៊ុន ​Huawei ​និង​ ZTE​ នឹង​ត្រូវ​ហាមប្រាម​ទាំងស្រុង។ លើសពីនេះ​ទៀត​ «ប្រព័ន្ធ​ចាត់ចែង​សំខាន់​ចាំបាច់‍» ផលិត​ដោយ​ក្រុមហ៊ុន​ទាំងពីរ​នោះ ​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ​ 5G ​និង​បណ្តាញ​ដឹកជញ្ជូន ​នឹង​ត្រូវតែ​យកចេញ​ឱ្យ​អស់ ​មុនចុង​ឆ្នាំ​២០២៩។

ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​និយាយ​ថា​សេចក្តី​សម្រេច​នេះ ​បាន​ធ្វើឡើង​ក្រោយពី​មាន​ការពិភាក្សា​កាលពី​ពេលថ្មីៗ​ ជាមួយ​ក្រុមហ៊ុន​ប្រើប្រាស់​បណ្តាញ 5G​ របស់​ប្រទេស​អាល្លឺម៉ង់​ គឺ​ក្រុមហ៊ុន Deutsche Telekom, Vodafone និង​Telefonica។ ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​ថា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទាំង៣ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅពេល​ខាងមុខ។

គ្រោះថ្នាក់​បច្ចុប្បន្ន​ គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍ ​ដែលរឹងមាំ​ជាពិសេស ​នៅពេល​ដែល​មាន​ការប្រឈម​នឹង​គ្រោះថ្នាក់​ពី​ការបំផ្លិច​បំផ្លាញ ​និង​ចារកម្ម។

នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប ដូចជា​ចក្រភព​អង់គ្លេស ​និង ​ស៊ុយអែត​ ​ដាក់បំរាម​ ឬ ​កំណត់​លើ​ឧបករណ៍​របស់​ក្រុមហ៊ុន​នៅក្នុង​បណ្តាញ​ទូរគមនាគមន៍​របស់​ពួកគេ ​ដោយ​លើកឡើង​អំពី​ការព្រួយ​បារម្មណ៍​ថា​រដ្ឋាភិបាល​ក្រុងប៉េកាំង ​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ធ្វើ​អំពើ​ចារកម្ម​អនឡាញ ​ឬ​មួយ​ក៏​បន្ទុចបង្អាក់​ប្រព័ន្ធ​គមនាគមន៍​សំខាន់ៗ។ ក្រុមហ៊ុន​ Huawei​ បាន​ច្រានចោល​ការចោទ​ប្រកាន់​ទាំងនោះ៕