អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ស្នើ​ឱ្យមាន​បទឈប់បាញ់​នៅ​ហ្កាហ្សា ខណៈ​អ៊ីស្រាអែល​ត្រៀម​ទប់ទល់​នឹង​ការ​វាយប្រហារ

ក្មេង​ស្រី​ប៉ាឡេស្ទីន​​អង្គុយ​ក្រោម​ពូក ខណៈ​រង់​ចាំ​រត់​ភៀស​ខ្លួន​ពី​ទីក្រុង Hamad ជាមួយ​ក្រុម​គ្រួសារ​តាម​បញ្ជា​ជម្លៀស​របស់​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់ហ្កាហ្សាភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០២៤។

អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​បារាំង​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​មាន​បទឈប់បាញ់​នៅ​ហ្កាហ្សា ខណៈ​អ៊ីស្រាអែល​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​ទ្រង់ទ្រាយធំ​ដែល​អាច​កើតឡើង។

សេចក្តីថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អឺរ៉ុប​ទាំងនេះ​សរសេរ​ថា៖ «ការ​ប្រយុទ្ធ​គ្នា​ត្រូវ​តែ​បញ្ចប់​ឥឡូវ​នេះ ហើយ​ចំណាប់ខ្មាំង​ទាំងអស់​ដែល​ក្រុម​ហាម៉ាស់​នៅ​ឃុំឃាំង​ត្រូវតែ​ដោះលែង​វិញ។ ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា​ត្រូវការ​ការ​ផ្តល់​និងការ​ចែកចាយ​ជំនួយ​ជា​បន្ទាន់​ដោយ​គ្មាន​ឧបសគ្គ​រារាំង»។

សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Keir Starmer។

ប្រទេស​ទាំង​បី​ក៏​បាន​គាំទ្រ​ផងដែរ​នូវ​ផែនការ​សម្រុះសម្រួល​ចុងក្រោយ​បង្អស់​របស់​សហរដ្ឋ​អាមេរិក ប្រទេស​កាតា និង​អេហ្ស៊ីប​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ដែល​អូសបន្លាយ​ពេល​អស់ ១០ ខែ​មក​ហើយ​នេះ។

ផែនការ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះដូរ​ចំណាប់ខ្មាំង​ទាំងអស់​ដែល​ក្រុម​ហាម៉ាស់​នៅ​ឃុំឃាំង​ជាមួយ​នឹង​អ្នកទោស​ប៉ាឡេស្ទីន​ដែលនៅ​ជាប់​ក្នុង​គុក​របស់​អ៊ីស្រាអែល និង​ឱ្យ​មាន​ការ​ដក​ទ័ព​អ៊ីស្រាអែល​ចេញ​ពី​តំបន់​ហ្កាហ្សា។

ផែនការ​នេះ​ក៏​អំនាវនាវ​ផងដែរ​កុំឱ្យ​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​វាយប្រហារ​លើ​អ៊ីស្រាអែល​ដើម្បី​សងសឹក​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ពីរ​នាក់​នៅ​លីបង់​និង​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​វាយប្រហារ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​អាច​កើតឡើង​លើ​អ៊ីស្រាអែល។

លោក Austin ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​គ្រប់​បែបយ៉ាង​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​អ៊ីស្រាអែល។ លោក​បាន​កត់សម្គាល់​ថា​វត្តមាន​យោធា​អាមេរិក​កំពុង​ត្រូវបាន​ពង្រឹង​នៅ​តំបន់​មជ្ឈិមបូព៌ា៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។