នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានសុំដល់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យប្រាប់«ពួកឈ្លានពានរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាម»ក្នុងប្រ ទេសអ៊ុយក្រែន ដោយលោកស្រីបាននិយាយថា«គ្មានប្រទេសណាមានឥទ្ធិពលច្រើនលើរុស្ស៊ីជាងប្រទេសចិនទេ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងនៅក្រោយជំនួបមួយជាមួយលោក Qin Gang រដ្ឋមន្ត្រីការបរទេសចិននៅក្នុងក្រុងប៉េកាំង លោកស្រី Baerbock បាននិយាយថាលោកស្រីក៏បានសម្តែងកង្វល់ដែរអំពីបញ្ហាសិទ្ធិមនុស្សហើយបានព្រមានអំពីគ្រោះថ្នាក់នៃកំណើនភាពតានតឹងជាមួយកោះ តៃវ៉ាន់។
ទស្សនកិច្ចរបស់លោកស្រីក្នុងរដ្ឋធានីនៃប្រទេសចិនមានឡើងមួយសប្តាហ៍ក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានគណៈ កម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបានសុំដល់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យបំពេញមុខនាទីធំជាងមុនក្នុងការដោះស្រាយវិបត្តិនេះ។
លោកស្រី Baerbock បានមានប្រសាសន៍ថា៖ «ជាការល្អប្រសើរដែលចិនបានផ្តល់សញ្ញាអំពីការប្តេជ្ញារបស់ខ្លួនដល់ដំណោះស្រាយមួយ តែខ្ញុំត្រូវតែនិយាយដោយត្រង់ថាខ្ញុំឆ្ងល់ថាហេតុដូចម្តេចមកដល់ពេលនេះហើយគោលជំហរចិនគ្មានរួមការអំពាវនាវឱ្យក្រុមឈ្លានពានរុស្ស៊ីបញ្ឈប់សង្គ្រាមនេះ»។
ចិនបានចាត់ទុកខ្លួនឯងថាជាអ្នកសម្របសម្រួលអព្យាក្រឹតក្នុងសង្គ្រាមនេះ តែការ ប្រកែករបស់ចិនមិនព្រមថ្កោលទោសការលុកលុយរបស់រុស្ស៊ី ហើយទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីចិនលោក Xi Jinping បាននាំឱ្យពួកមហាអំណាចប្រទេសលោកខាងលិចចោទប្រកាន់ចិនថាលម្អៀងទៅខាងសម្ព័ន្ធមិត្តជាប្រពៃណីរបស់ខ្លួនគឺរុស្ស៊ី។
លោក Qin បាននិយាយនៅថ្ងៃសុក្រនេះថាចិនមានជំនឿថា«វិធីតែមួយគត់ដើម្បីដោះ ស្រាយវិបត្តិអ៊ុយក្រែនគឺផ្ចុងផ្តើមឱ្យមានសន្តិភាពនិងការចរចាគ្នា»។
លោកបានថ្លែងថា៖ «វិបត្តិអ៊ុយក្រែនបានកើនឡើងដល់កម្រិតខ្ពស់នៅថ្ងៃនេះ ហើយមានមេរៀនសំខាន់ៗគួរយកមកពិចារណាដោយភាគីទាំងអស់។ ដែនដីមិនអាចបែងចែកបានទេ ហើយសន្តិសុខក៏មិនអាចបែងចែកបានដែរ»។
លោកបានបន្ថែមថា៖ «ដោយគ្មានការទទួលស្គាល់ផលប្រយោជន៍ខាងសន្តិសុខរបស់ភាគីណាមួយ វិបត្តិនិងជម្លោះមិនអាចចៀសវាងបានឡើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនទស្សនកិច្ចរបស់លោកស្រី Baerbock លោកស្រី បានមានប្រសាសន៍ថាលោកស្រីយកចិត្តទុកដាក់ខ្លាំងក្នុងការធ្វើឱ្យមាន«តុល្យភាពត្រឹមត្រូវ»ជាមួយចិន ដែលលោកស្រីបាននិយាយថា«ចង់រៀបចំសណ្តាប់ធ្នាប់ពិភព លោកតាមបែបបទរបស់ខ្លួនផ្ទាល់»។
លោកស្រីបានថ្លែងនៅថ្ងៃសុក្រនេះថាលោកស្រីបាននិយាយប្រាប់សមភាគីចិនរបស់លោកស្រីថាអាល្លឺម៉ង់«ខ្វល់ខ្វាយថាការទាក់ទងខាងសង្គមស៊ីវិលក្នុងប្រទេសចិនបានចុះថមថយហើយសិទ្ធិមនុស្សក៏ត្រូវបានកាត់បន្ថយដែរ»៕
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់សុំឱ្យប្រទេសចិនប្រាប់រុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន
ប៉េកាំង —