ប្រទេស​អាល្លឺម៉ង់​បាន​ផ្អាក​ទិដ្ឋាការ​អាទិភាព​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ត្រៀមទទួលបាច់ផ្កាពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា នៅក្នុងឱកាសរំលឹកខួបថ្ងៃ៧មករា⁣ ដែលជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​ផ្អាក​ទិដ្ឋាការ​អាទិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​ដោយ​សមាជិក​រដ្ឋាភិបាល​កម្ពុជា ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ។

ការព្យួរ​ទិដ្ឋាការ​នេះ​គឺ​ជា​សកម្មភាព​ចុង​ក្រោយ​ធ្វើ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោយ​ប្រទេស​លោក​ខាង​លិច បន្ទាប់​ពី​តុលាការ​កំពូល​បានរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​សំខាន់​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពី​ឆ្នាំ​មុន។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​តាម​សំណើ​រដ្ឋាភិបាល​ដែល​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះជាតិ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​ការចោទប្រកាន់​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា លោកហ៊ុន សែន និង​សម្ព័ន្ធ​មិត្ត​របស់​លោក​បាន​បង្កើន​ការ​គំរាម​កំហែង​ដល់​គូបដិបក្ខ​របស់​ពួក​គេ នៅ​មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ​ហើយ​ថា​ លោកហ៊ុន សែន និងសម្ព័ន្ធ​មិត្ត​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ដោយ​មិន​ត្រឹម​ត្រូវ​ដើម្បី​កាត់​ទោស​អ្នក​រិះគន់​និង​បង្ខំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បិទ​ទ្វារ។

សហភាព​អឺរ៉ុប​បាន​និយាយ​ កាល​ពី​ខែ​ធ្នូ​ថា ​ខ្លួន​បាន​ផ្អាកការ​ផ្តល់​មូល​និធិ​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៨ នៅ​ប្រទេស​កម្ពុជា​ពីព្រោះ​សហភាព​អឺរ៉ុប​យល់​ថា ​ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ធំ​គឺ​ជា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​និង​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​ការិយាល័យ​កិច្ចការ​បរទេស​របស់​អាល្លឺម៉ង់​បាន​និយាយ​ថា​ អាល្លឺម៉ង់​បាន​ផ្អាក​ទិដ្ឋាការ​អាទិភាព​សម្រាប់​សមាជិក​រដ្ឋាភិបាល​កម្ពុជា។

ការិយាល័យ​ការបរទេស​បាន​បញ្ជាក់​អំពី​ការព្យួរ​ទិដ្ឋាការ​ ពិសេស​សម្រាប់​ការធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល​កម្ពុជា រួម​មាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​មន្រ្តី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​កម្ពុជា។ នេះ​បើ​យោង​តាម​លោក​ស្រី Susanne Beger-Blum អ្នកនាំពាក្យ​របស់​ការិយាល័យ​កិច្ចការ​សហព័ន្ធ​អាល្លឺម៉ង់។

លោកស្រី​បាន​បញ្ជាក់​ថា «ការិយាល័យ​ការបរទេស​អាល្លឺម៉ង់​ក៏បាន​លើក​ទឹកចិត្ត​សមាជិក​សហភាព​អ៊ឺរ៉ុប​ផ្សេង​ទៀត​ដាក់​វិធាន​ការ​ស្រដៀង​គ្នា​នេះ បន្ទាប់​ពីការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង» ។

មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ កឹម សុខា​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​គ្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​មុន។ លោក​បានច្រាន​ចោល​ការចោទ​ប្រកាន់នេះ ដោយ​និយាយ​ថា ជា​កលល្បិច​នយោបាយ។

សហរដ្ឋ​អាមេរិក​ក៏បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ ​ហើយ​បាន​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ជា​ការឆ្លើយ​តប​នឹង​ការបង្ក្រាប​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​ការព្យួរទិដ្ឋាការ​របស់​អាល្លឺម៉ង់​ទេ ហើយ​លោក​គិត​ថា វា​មិនមែន​ជា​រឿង​ធំ​ដុំ​ទេ។ លោក​សុខ ឥសាន​និយាយ​ថា «បើ​យើង​មិន​ទៅ​អាល្លឺម៉ង់​ក៏​យើង​មិន​ស្លាប់​ដែរ»៕