ប៉ូលិស​អាល្លឺម៉ង់​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស​ពី​វៀតណាម

រូបឯកសារ៖ ប៉ូលិសអូទ្រីសកំពុងពិនិត្យមើលលិខិតស្នាមនិងឯកសារឆ្លងដែនរបស់អ្នកធ្វើដំណើរដែលកំពុងឆ្លងកាត់ព្រំដែនហុងគ្រីនិងអូទ្រីស នៅភាគខាងអាគ្នេយ៍នៃទីក្រុង Vienna កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។

ប៉ូលិស​សហព័ន្ធ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ខ្លួន​កំពុង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ជាមួយ​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​វៀតណាម បន្ទាប់ពី​ទីក្រុង​ប៊ែរឡាំង​បាន​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​ក្នុង​បណ្តាញ​នៃ​ការ​កេង​ប្រវ័ញ្ច​ទាក់ទិន​នឹង​ការ​ជួញដូរ​មនុស្ស។

ដោយ​ត្រូវ​បាន​សន្យា​ថា​នឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ជន​ចំណាក​ស្រុក​វៀតណាម​ត្រូវ​បាន​គេ​រត់​ពន្ធ​ដោយ​ខុស​ច្បាប់ ដែល​ជា​រឿយៗ​ឆ្លង​កាត់​តាម​ប្រទេស​ចិន ឬ​ប្រទេស​រុស្សី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carsten Moritz ប្រធាន​ផ្នែក​ជួញដូរ​មនុស្ស​នៃ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​សហព័ន្ធ​អាល្លឺម៉ង់។

ជន​ចំណាក​ស្រុក​មកពី​ប្រទេស​វៀតណាម​ដែល​ទៅ​ដល់​ទ្វីប​អឺរ៉ុប ជា​រឿយៗ​ត្រូវ​ធ្វើ​ការ​ក្រោម «លក្ខខណ្ឌ​រង​ការ​កេង​ប្រវ័ញ្ច» ដើម្បី​រក​លុយ​សង​បំណុល​ដែល​គេ​រត់​ពន្ធ​នាំ​ទៅ​អឺរ៉ុប ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​ពី ១២.០០០ ដល់ ២៤.០០០ ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ។

បណ្តាញ​រត់​ពន្ធ​មនុស្ស​ដ៏​ធំ «នៅ​ទូទាំង​ទ្វីប​អឺរ៉ុប» គឺ​ជា​បណ្ដាញ​ដែល​នៅ​ពី​ក្រោយ​ការ​រត់​ពន្ធ​មនុស្ស​ពី​ប្រទេស​វៀតណាម ដែល​អាច​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​រក «កម្រៃ​បាន​យ៉ាង​ច្រើន»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​សហព័ន្ធ​អាល្លឺម៉ង់។

ប្រតិបតិ្តការ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ដែល​ផ្ដួចផ្ដើម​ដោយ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​រត់​ពន្ធ​មនុស្ស​នេះ។ ប្រតិបត្តិការ​នេះ​មាន​ការ​ចូលរួម​ពី​ប៉ូលិស​មកពី​ប្រទេស​មួយ​ចំនួន​ដូចជា ចក្រភព​អង់គ្លេស ប្រទេស​ប៉ូឡូញ ហូឡង់ អូទ្រីស ស្វីស សាធារណរដ្ឋ​ឆែក និង​ប៊ែលហ្សិក​ជាដើម ក៏​ដូចជា​មាន​ការ​ចូលរួម​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប Europol ផងដែរ៕